មន្ត្រី​វប្បធម៌​ថា​ការ​បំផ្ទុះ​ថ្ម​​ភ្នំ​​នៅ​កំពត​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាសាទ

ដោយ អ៊ុក សាវបូរី
2012-07-26
​វិទ្យុ​អាស៊ីសេរី

រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ស្លាក​កំណត់​តំបន់​អភិរក្ស​ទេសចរណ៍​ធម្មជាតិ​មួយ​កន្លែង​ដែល​មាន​ប្រាសាទ​ចំណាស់​មួយ​នៅ​លើ​ខ្នង​ភ្នំ​ខ្យង ស្ថិត​ក្នុង​ភូមិ​ព្រៃកឹក ឃុំ​ប្រាសាទ​ភ្នំខ្យង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។

បច្ចុប្បន្ន​រមណីយដ្ឋាន​នេះ​ត្រូវ​ពលរដ្ឋ​រស់​នៅ​ក្បែរ​នោះ​កកាយ​យក​ដី​ភ្នំ​ដែល​ដុះ​ជា​ថ្ម​កញ្ចក់​លក់​ចិញ្ចឹម​ជីវិត។ ការ​កាយ​ភ្នំ​នោះ​ត្រូវ​ពលរដ្ឋ​ច្រើន​គ្រួសារ​ទៀត​ក្នុង​ឃុំ បាន​ផ្ដិត​មេដៃ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក ខេត្ត និង​រដ្ឋាភិបាល​ទប់​ស្កាត់​សកម្មភាព​នោះ។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​កំពត លោក គង់ ផល្លា បាន​បដិសេធ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​កក្កដា ថា ពលរដ្ឋ​បំផ្ទុះ​ថ្ម​កញ្ចក់​ក្នុង​រមណីយដ្ឋាន​អភិរក្ស​ប្រាសាទ​ភ្នំ​ខ្យង​យក​ទៅ​លក់​រាល់​ថ្ងៃ មិន​ប៉ះ​ពាល់​ដល់​តំបន់​បុព្វបុរស​បាន​សង់​ប្រាសាទ​លើ​ភ្នំ​ខ្យង​ទេ។

លោក គង់ ផល្លា បន្ត​ថា តំបន់​ដែល​ពលរដ្ឋ​បាន​បំផ្ទុះ​ភ្នំ​យក​ថ្ម​កញ្ចក់​លក់​នោះ នៅ​ឯ​ភ្នំ​សង្កែ ឆ្ងាយ​ពី​ទីតាំង​អភិរក្ស​ប្រសាទ។ ប៉ុន្តែ​កន្លែង​បំផ្ទុះ​ថ្ម​ភ្នំ​នោះ ពិត​ជា​នៅ​ក្នុង​រមណីយដ្ឋាន​របស់​ប្រាសាទ​ភ្នំ​ខ្យង​មែន៖ «លើក​មុន​ខ្ញុំ​អត់​ទាន់​បាន​ចុះ​ពិនិត្យ។ ឥឡូវ​ខ្ញុំ​បាន​ចុះ​ដល់​ទីតាំង​រួច​ហើយ ខ្ញុំ​បាន​រាយការណ៍​ទៅ​ខេត្ត​រួច​ហើយ ពីព្រោះ​ខ្ញុំ​ចុច ជីភីអេស (GPS) ខ្ញុំ​មក គឺ​ខ្ញុំ​ការពារ​បាន​តែ ១,៥០០​ម៉ែត្រ​ទេ។ នេះ​វា​ឋិត​ក្រៅ​ដែន​របស់​ខ្ញុំ​ហើយ គឺ​វា​ឆ្ងាយ​ជាង ១,៥០០​ម៉ែត្រ​ពី​អ័ក្ស​ប្រាសាទ»

ការ​បដិសេធ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មន្ត្រី​មន្ទីរ​វប្បធម៌ បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទី​តាំង​បំផ្ទុះ​ថ្ម​នោះ នៅ​ក្នុង​ភូមិ​ព្រៃកឹក ឃុំ​ប្រាសាទភ្នំខ្យង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា លោក គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​អះអាង​ថា ពលរដ្ឋ​ដែល​កំពុង​កាយ​ភ្នំ​យក​ថ្ម​លក់ គឺ​ស្ថិត​ក្នុង​តំបន់​លេខ​២ ដែល​រដ្ឋាភិបាល​បាន​កំណត់​ជា​តំបន់​អភិរក្ស​សំរាប់​អ្នក​ទេសចរណ៍ ​ហើយ​ការ​បំផ្ទុះ​ភ្នំ​យក​ថ្ម​នេះ អាច​ប៉ះ​ពាល់​ដល់​ការ​បាក់​ស្រុត​ប្រាសាទ​ដែល​រដ្ឋាភិបាល​បាន​អភិរក្ស។

អភិបាល​ស្រុក​កំពង់ត្រាច លោក អ៊ុម សីណាត ថ្លែង​ថា ទោះ​បី​កន្លែង​បំផ្ទុះ​ភ្នំ​យក​ថ្ម​របស់​ពលរដ្ឋ​នោះ មិន​នៅ​ក្នុង​ភ្នំ​សង់​ប្រាសាទ ប៉ុន្តែ​វា​នៅ​ក្នុង​រមណីយដ្ឋាន​ដែល​រដ្ឋាភិបាល​អភិរក្ស​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ។ ទោះ​បី​បច្ចុប្បន្ន​ពលរដ្ឋ​កំពុង​ប្រកប​របរ​នេះ​មាន​តិច​គ្រួសារ ប៉ុន្តែ​នៅ​ថ្ងៃ​ក្រោយ​សកម្មភាព​ជួញដូរ​អាច​រីក​ទ្រង់ទ្រាយ​ធំ វា​អាច​នឹង​បង្ក​បញ្ហា​កកាយ​ភ្នំ​យក​រ៉ែ​ថ្ម​កញ្ចក់​នោះ​កើន​ឡើង នាំ​ឲ្យ​បាក់​ភ្នំ ឬ​អាច​មាន​មនុស្ស​ស្លាប់​ដោយ​ថ្ម​ភ្នំ​បាក់​លើ​ជាដើម។

លោក អ៊ុម សីណាត៖ «ព្រោះ​ខ្ញុំ​សហការ​ជាមួយ​ជំនាញ ខ្ញុំ​ថា​នឹង​បិទ​មិន​ឲ្យ​ពួក​គាត់​បន្ត​ធ្វើ​ត​ទៅ​ទៀត ព្រោះ​ថា​ទី​១ វា​អាច​នឹង​ប៉ះពាល់ គ្រោះថ្នាក់​អាយុ​ជីវិត​គាត់​អ៊ីចឹង។ ទី​២ កន្លែង​អស់​នេះ​វា​មិន​គួរ​ថា យើង​ទៅ​ធ្វើ​អី បង្ក​ឲ្យ​វា​មាន​បញ្ហា​ទេ យើង​អភិរក្ស​ទុក​នៅ​ក្នុង​តំបន់»

ជំទប់​ទី​២ ឃុំ​ប្រាសាទ​ភ្នំខ្យង លោក មាស សារ៉េត អះអាង​ថា សកម្មភាព​បាញ់​បំបែក​ភ្នំ​សង្កែ​យក​ថ្ម​កញ្ចក់​លក់ នៅ​តែ​មាន​សកម្មភាព​ដដែល។ ការ​ដឹក​ជញ្ជូន​ថ្ម​តាម​រថយន្ត​យក​ទៅ​លក់​បាន​កើន​ឡើង។

ពលរដ្ឋ​ជាង ១០​គ្រួសារ​ រស់​នៅ​ភូមិ​ព្រៃកឹក ឃុំ​ប្រាសាទភ្នំខ្យង ស្រុក​កំពង់ត្រាច ខេត្ត​កំពត នៅ​តែ​បន្ត​ជីក​រូង​ដី​ភ្នំ​សង្កែ​ក្បែរ​ភ្នំ​ប្រាសាទ​ភ្នំខ្យង កើប​យក​ថ្ម​ពណ៌​ស​ថ្លា​ដូច​កញ្ចក់ លក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ។ ពួក​គេ​អះអាង​ថា មុខ​របរ​បំផ្ទុះ​ភ្នំ​យក​ថ្ម​លក់​នេះ ជា​របរ​បន្ទាប់​បន្សំ បន្ទាប់​ពី​មេឃ​មិន​បាន​ធ្លាក់​ភ្លៀង​សំរាប់​បង្កបង្កើន​ផល​ស្រូវ។ ​ពួក​គាត់​អះអាង​ថា នឹង​បញ្ឈប់​ការ​បាញ់​ភ្នំ​យក​ថ្ម​កញ្ចក់​លក់​នៅ​ពេល​ដែល​ទឹក​ភ្លៀង​ធ្លាក់​មក​ល្មម​អាច​ធ្វើ​ស្រែ​បាន។ ពួក​គាត់​ក៏​បាន​ឲ្យ​ដឹង​ថា តម្លៃ​ជួញ​ថ្ម​នេះ​ក្នុង​មួយ​បាវ​ស៊ីម៉ងត៍ តម្លៃ​បាន​តែ ២​ពាន់​រៀល​ទេ។ ក្នុង​១​ថ្ងៃ​ពួក​គាត់​ប្រមូល​បាន​ក្នុង​ម្នាក់ តែ ២ ទៅ ៣​បាវ​សំរាប់​លក់។

មេ​ឃុំ​ប្រាសាទ​ភ្នំខ្យង លោក ហ៊ុន តេង ថ្លែង​កន្លង​មក​ថា ពី​មុន​ពលរដ្ឋ​មិន​បាន​ដឹង​ថា ក្រោម​ភ្នំ​សង្កែ​មាន​រ៉ែ​ថ្ម​ដែល​មាន​តម្លៃ​នោះ​ទេ ទើប​តែ​ក្រុម​កាយ​ដី​ភ្នំ​យក​ទៅ​ចាក់​ធ្វើ​ផ្លូវ​អភិវឌ្ឍន៍​ក្នុង​ឃុំ កាយ​យក​អាចម៍​ដី​ភ្នំ​សង្កែ ប្រទះ​ដី​ខាង​ក្រោម​មាន​ថ្ម​កញ្ចក់​ជា​រ៉ែ​ថ្ម​មាន​តម្លៃ។
លោក​បន្ត​ថា សកម្មភាព​កាយ​លក់​ថ្ម​ភ្នំ​នេះ មន្ត្រី​គ្រប់​ស្ថាប័ន​ចុះ​ហាម​កាយ​ថ្ម​ភ្នំ​លក់​នោះ ប៉ុន្តែ​ដោយ​ឃើញ​សកម្មភាព​លក់​ដូរ​ថ្ម​តិចតួច ក៏​មិន​បាន​ហាមឃាត់​ដាច់​ខាត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles