ថ្ងៃ ព្រហស្បតិ៍ 26 កក្កដា 2012
ដោយ គីន ហត្ថារ៉ូ
RFI
នៅខណៈដែលរដ្ឋាភិបាល បានបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ជាទីតាំងចុងក្រោយរបស់ខ្មែរក្រហមនៅអន្លង់វែងឲ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ផ្ទះរបស់អនុលេខាទីពីរបក្សកុម្មុយនីស្តកម្ពុជាតាម៉ុកត្រូវបានអាជ្ញាធរជួលអោយទៅគឹ្រះស្ថានអប់រំឯកជន។ ហើយគ្រឹះស្ថាននេះគ្រោងនឹងដំណើរការនៅក្នុងឆ្នាំសិក្សា២០១២-២០១៣ខាងមុខនោះ។
ផ្ទះអនុលេខាទីពីរបក្សកុម្មុយនីស្តកម្ពុជាភូមិនិរតីដែលគេស្គាល់ថាលោកឈិត ជឿន ហៅតាម៉ុកដែលស្ថិតនៅក្នុងក្រុងដូនកែវប្រមាណជា៦០០ម៉ែត្រពីទីរួមខេត្តកាកែវត្រូវបានអាជ្ញាធរសម្រេចជួលដើម្បីប្រែក្លាយទៅជាគ្រឹះស្ថានអប់រំឯកជន សំរាប់បណ្តុះបណ្តាលដល់និស្សិត សិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត។
ផ្ទះដែលមានកំពស់៣ជាន់និងមានបន្ទប់តូចៗចំនួន៩ដែលត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ ១៩៧៦-១៩ ៧៧ ហើយបានទុកចោល ក្រោយពីប៉ូលិសឈប់យកធ្វើជាកន្លែងសិក្សាជំនាញនោះនឹងត្រូវវាយចោលខ្លះៗ ដើម្បីជួសជុលនិងកែច្នៃធ្វើជាបន្ទប់សម្រាប់សិស្សរៀន របស់សាខាសាកលវិទ្យាល័យបៀលប្រាយ។
បើតាមការអះអាងរបស់មន្ត្រីផ្នែករដ្ឋបាលនៃសាកលវិទ្យាល័យបៀលប្រាយខេត្តតាកែវបានអោយដឹងថា សាខាសាកលវិទ្យាល័យបៀលប្រាយដែលមានទីតាំងនៅផ្ទះតាម៉ុកកំពុងតែជួសជុល នឹងអាចដំណើរការនៅសិក្សានៅឆ្នាំសិក្សា២០១២-២០១៣ ខាងមុខនេះ។
ទន្ទឹមនឹងការជួលផ្ទះរបស់អតីតៈអនុលេខាទីពីរនោះត្រូវបានឆាង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា អាជ្ញធរគួរតែពិចារណាទាក់ទិនទៅនឹងទីតាំងប្រវត្តិសាស្រ្តនោះ ថាតើគួរត្រូវប្រើប្រាស់កន្លែងនោះរបៀបណា។ ហើយអ្នកដែលកែរច្នៃនោះក៍បានដឹងអំពីប្រវិត្តនៃកន្លែងនោះដែរ។ លោកថាវាជាការល្អប្រសិនបើរៀបចំកែរច្នៃទៅជាសាលាហើយរក្សាទម្រងចាស់។ គឺមានន័យថាសិក្សាពិត នៅកន្លែងពិត តែវាអាចប៉ះពាល់ប្រសិនបើបាត់បង់នូវរូបភាពដើម។
ទាក់ទិនទៅនឹងទីតាំងអតីតមេដឹកនាំខ្មែរក្រហមនោះកាលពីខែសីហា ឆ្នាំ២០១១ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មកាអន្តរក្រសួងដើម្បីគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ជាទីតាំងចុងក្រោយរបស់ខ្មែរក្រហមនៅអន្លង់វែងឲ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត។
តាម៉ុក បានចូលជាសមាជិកក្រុមកុម្មុយនីស្តនៅឆ្នាំ ១៩៦៣ ហើយនៅ១៩៧៨ គាត់ត្រូវបានតែងតាំងជាអនុលេខាទីពីរបក្សកុម្មុយនីស្តកម្ពុជា។ បន្ទាប់ពីការដួលរលំរបស់កម្ពុជាប្រជាធិបតេយ្យ តាម៉ុក មិនដែលស្នើសុំការលើកលែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលនោះទេ ។ គាត់ត្រូវបានចាប់ខ្លួន ដោយកងទ័ពរាជរដ្ធាភិបាលនៅក្បែរព្រំដែនថៃ នៅខែមីនា ឆ្នាំ១៩៩៩ ហើយដាក់ក្នុងមន្ទីរឃុំឃាំងតុលាការយោធា។
គាត់បានស្លាប់ដោយសារជំងឺនៅថ្ងៃទី ២១ខែកក្កដា ឆ្នាំ ២០០៦នៅរាជធានីភ្នំពេញ ហើយសពរបស់គាត់បាននាំយកទៅផ្ទះនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាអតីតតំបន់កងទ័ពខ្មែរក្រហមចុងក្រោយ៕

រូបភាពពីតំបូងជួលទីតាំងផ្ទះតាម៉ុកនេះទៅអោយសាលាបៀលប្រាយ តើអនាគតទៅគេអាចលក់ផ្ទះតាម៉ុក
នេះអោយទៅសាលាបៀលប្រាយដែរឬទេ ?តើមាននិស្សិតប៉ុន្មាននាក់ដែលចង់ទៅរៀននៅទីតាំងផ្ទះ
ខ្មោចតាម៉ុកមេឃាតករប្រល័យពូជសាសន៍នេះ?
bad guy generating money even something like this