ថ្ងៃទី 28 កក្កដា 2012
ដោយ: សីហា
CEN
ភ្នំពេញ: តារាសម្ដែងវ័យ២១ឆ្នាំ ថន លក្ខិណា ពេលនេះកូតរបស់នាងកំពុងតែឡើង ព្រោះក្រៅជាពិធីការិនីក្នុងកម្មវិធី “សុខគា លក្ខិណា ប៊ីអាយជី “, ថតចម្រៀងខារ៉ាអូខេ, ពិធីការិនីពិធីខួបកំណើត… ឥឡូវនាងត្រូវអ្នកដឹកនាំរឿងហៅទៅថតធ្វើជាតួឯកស្រីក្នុងរឿង” អាបពាក់មួកសុវត្ថិភាព”។
“អាបពាក់មួកសុវត្ថិភាព” គឺជាស្នាដៃរបស់ផលិតកម្ម LD ភាពយន្ដ ដែលទើបចាប់ផ្ដើមថតបានប្រមាណជាង ១០ ភាគរយប៉ុណ្ណោះ។ បើតាមទស្សនាវដ្ដីក្នុងស្រុក ថន លក្ខិណា សម្ដែងជាតួស្រីអាប រួមជាមួយតួប្រុសលោក ជា សុវណ្ណនរាណ៍។
នេះគឺជាលើកទីមួយហើយដែល ថន លក្ខិណា បានសម្ដែងជាតួឯកស្រី ហើយតារាសម្ដែងរូបនេះបាននិយាយដោយអំនួតថា នាងមិនសម្ដែងជាតួរងកំប៉ិកកំប៉ុកឡើយ។
ទោះបីបានសម្ដែងជាតួឯកលើកដំបូង ហើយតម្រូវឲ្យនាងសម្ដែងជាតួអាបក្ដី ក៏លក្ខិណា ថាមិនមានការអាក់អន់ស្រពន់ចិត្តអ្វីឡើយ ដោយនាងបាននិយាយថា វាជារឿងបែបកំប្លែង ឯការតុបតែងមុខនាងជាអាប គឺមើលទៅមិនជាអាក្រក់អ្វីដែរ។
គួរបញ្ជាក់ថា កញ្ញា ថន លក្ខិណា ចូលប្រឡូកក្នុងវិស័យសិល្បៈកាលពីឆ្នាំ២០០៦ តាមរយៈការប្រឡងតារាបង្ហាញម៉ូដនៅមជ្ឈមណ្ឌល BS បន្ទាប់មកក៏បានហក់ចូល កាន់តំណែងជាពិធីការិនីនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ នាចុងឆ្នាំ២០០៦ (កម្មវិធីស្ត្រីមេផ្ទះ) ប៉ុស្តិ៍លេខ៩ ក្នុងឆ្នាំ២០០៨ (កម្មវិធីផ្សាយផ្ទាល់តន្ត្រីថ្ងៃអាទិត្យ) និងចុងក្រោយគេគឺប៉ុស្តិ៍ស៊ីធីអិន កាលពីចុងឆ្នាំ២០០៩ ក្នុងកម្មវិធី ”សុខគា លក្ខិណា ប៊ីអាយជី” រហូតសព្វថ្ងៃ៕ S


តារាបរបេ មាត់ធំ