ដោយ វិជ័យ អានន្ទ
2012-07-29
វិទ្យុអាស៊ីសេរី
ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារដែលទើបសាងសង់ថ្មីនៅភូមិកំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ត្រូវអាជ្ញាធររុះរើ។ អាជ្ញាធរចោទពលរដ្ឋទើបសង់ផ្ទះថ្មីទាំងនោះថា មកសាងសង់ថ្មីជាការបំភាន់ភ្នែកក្រុមនិស្សិតដែលចុះវាស់វែងដីធ្លី ដើម្បីវាស់ឲ្យ។
ការលើកឡើងរបស់អាជ្ញាធរនេះ ត្រូវប្រជាពលរដ្ឋបដិសេធថា ក្បាលដីនេះជាដីរបស់ពួកគាត់ពីមុនដែលអាជ្ញាធរបានរឹបអូសយកដោយបំពាននាពេលកន្លងមក។
ប្រជាពលរដ្ឋម្នាក់លោក មេង ហ៊ង អះអាងនៅថ្ងៃទី២៨ កក្កដា ថា ប្រជាពលរដ្ឋជាច្រើនគ្រួសារមិនបានមករំលោភយកដីរបស់រដ្ឋ ឬដីក្រុមហ៊ុនទេ។ តែប្រជាពលរដ្ឋត្រឡប់មកទាមទារដីពួកគាត់វិញ ដែលអាជ្ញាធរបានប្រើកងកម្លាំងសមត្ថកិច្ចបណ្ដេញពួកគាត់ចេញដោយខុសច្បាប់ កាលពីឆ្នាំ២០០៧។ លោកមានប្រសាសន៍បន្តថា ក្បាលដីដែលពលរដ្ឋមកតាំងលំនៅនេះថ្មីនេះ គឺដើម្បីទាមទារយកដីនោះមកវិញ ព្រោះនាពេលកន្លងមក ក្បាលដីនេះត្រូវអាជ្ញាធរប្រើកងកម្លាំងសមត្ថកិច្ចបំភិតបំភ័យពួកគាត់ និងបានចាប់ខ្លួនមនុស្សមួយចំនួនដែលហ៊ានតវ៉ាដីធ្លីយកទៅដាក់គុកថែមទៀត។ ដូច្នេះពេលនេះ លោកចាំបាច់ត្រូវទាមទារវិញទាន់ពេលក្រុមនិស្សិតចុះវាស់វែងដីធ្លីកំពុងបំពេញបេសកកម្ម។ បើពួកគាត់មិនទាមទារនាពេលនេះទេពួកគាត់គ្មានពេលឡើយ។
លោក មេង ហ៊ង៖ «គេថាដីហ្នឹងគេទុកសម្រាប់បម្រុងរដ្ឋ អ៊ីចឹងពួកខ្ញុំលែងហ៊ានធ្វើ ចេញមកតែម្ដង ព្រោះមានជាគំរូគេចាប់អស់ពីរនាក់អង្កាល់នោះ ក្រោយមកបានចេញអ៊ីចឹងប្រជាពលរដ្ឋទាំងអស់គ្នាម្នាក់ៗខ្លាចរអាតែម្ដង នឹងសំងំយករួចខ្លួនខ្ញុំទៅបានមួយខែគ្រាន់តែសម្ដេចប្រកាសភ្លាមពួកខ្ញុំក៏នាំគ្នាទៅទាំងគ្នា នឹកស្មានបានមកវិញក៏នាំគ្នាទៅធ្វើទាំងអស់គ្នាវិញ»។
ទោះយ៉ាងណាពួកគាត់ត្រូវអស់សង្ឃឹមហើយ ព្រោះក្រុមនិស្សិតមិនបានវាស់វែងដីនោះជូនពួកគាត់ឡើយ។ ម្យ៉ាងទៀតផ្ទះថ្មីទើបសាងសង់នោះ ត្រូវអាជ្ញាធរបញ្ជាឲ្យរុះរើនៅថ្ងៃទី២៨ កក្កដា នេះ។
ពលរដ្ឋម្នាក់ទៀត លោក ទី តេង លើកឡើងថា គាត់សប្បាយចិត្តបន្ទាប់ពីឮលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យក្រុមនិស្សិតចុះវាស់វែងដីធ្លី ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ។ លោកគិតថា បើតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រីបានលើកឡើងទាំងបីចំណុចដែលមានដីសម្បទានសេដ្ឋកិច្ច ដីព្រៃសម្បទាន និងដីរដ្ឋដែលពលរដ្ឋបានកាន់កាប់ដោយខុសច្បាប់ ពលរដ្ឋនៅភូមិកំផាន់គួរទទួលបានការវាស់វែង និងផ្ដល់ប័ណ្ណកម្មសិទ្ធិជូន។ ផ្ទុយទៅវិញ ពួកគាត់ត្រូវក្រុមនិស្សិតទាំងនោះមិនវាស់វែង ហើយអាជ្ញាធរបញ្ជាឲ្យរុះរើផ្ទះទើបសង់ថ្មីនោះទៅវិញ។
ប្រតិកម្មតបទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ អភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សូផាត បដិសេធថា ប្រជាពលរដ្ឋដែលទើបមកបោះទីតាំងថ្មីនោះ មិនមែនប្រជាពលរដ្ឋធ្លាប់កាន់កាប់ដីនោះទេ តាមពិតពួកគាត់យល់ច្រឡំនឹងការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក ហើយចេះតែនាំគ្នាមកបោះទីតាំងធ្វើជម្រកនៅ ដើម្បីឲ្យក្រុមនិស្សិតចុះវាស់វែងឲ្យពួកគាត់។ តែលោកបញ្ជាក់ថា បើប្រជាពលរដ្ឋទាំងនោះអត់មានដីពិតប្រាកដមែនសុំឲ្យពលរដ្ឋទាំងនោះធ្វើសំណើមកអាជ្ញាធរខេត្ត អាជ្ញាធរនឹងចែកដីជូន ព្រោះអាជ្ញាធរមានដីសង្គមកិច្ចសម្រាប់ទុកចែកឲ្យពលរដ្ឋគ្មានដីធ្លីទាំងនោះ។
លោក ឡូយ សូផាត៖ «គាត់ខ្វះដីគាត់ធ្វើសំណើតាមរយៈភូមិឃុំមក គេបញ្ជាក់មកដីខេត្តមិនទាន់ខ្វះឯណា ដីលំនៅឋានក៏មិនខ្វះចែកគាត់ ដីបម្រុងរាប់ពាន់ហិកតារទៀត នរណាខ្វះដីពិតប្រាកដ មានក្នុងខេត្តមិនខ្វះដីទេ ស្រុកមួយមិនមានមនុស្សនៅផង»។
ប្រជាពលរដ្ឋទាំងនោះអះអាងថា ដីដែលពួកគាត់មកបោះទីតាំងធ្វើជម្រកដើម្បីសុំឲ្យវាស់វែងឲ្យនេះ តាមពិតជាដីដែលពួកគាត់បានកាន់កាប់តាំងពីឆ្នាំ២០០៥ មកតែនៅឆ្នាំ២០០៧ ពួកគាត់ត្រូវអាជ្ញាធរបណ្ដេញពួកគាត់។
បន្ថែមលើនេះពលរដ្ឋមួយចំនួនដែលរឹងទទឹង ហ៊ានតវ៉ានឹងអាជ្ញាធរត្រូវអាជ្ញាធរចាប់ដាក់គុកអស់ជាច្រើនឆ្នាំ ដោយសារខ្លាចនឹងអំណាចអាជ្ញាធរ ពួកគាត់ក៏មិនហ៊ានតវ៉ានៅស្ងៀម លុះឆ្នាំ២០១២ ពលរដ្ឋសេចក្ដីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានក្រុមនិស្សិតចុះវាស់វែងដីធ្លី ទើបពួកគាត់នាំគ្នាត្រឡប់មកសង់ផ្ទះដើម្បីបង្ហាញក្រុមនិស្សិតឲ្យដឹងថា ពួកគាត់ក៏មានចំណែកក្បាលដីចំណុចកីឡូ ២៤ ភូមិកំផាន់ សង្កាត់សាមគ្គីនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។