មជ្ឈមណ្ឌលឯកសារកម្ពុជាទើបទទួលបានរូបថតអតីតអ្នកទោសទួលស្លែង១២០០សន្លឹកថ្មីទៀតដែលស្ត្រីម្នាក់បានរក្សាទុកតាំងពីឆ្នាំ១៩៩២ ហើយទើបប្រគល់អោយលោកឆាំង យុប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងពេលថ្មីៗនេះ។ លោកឆាំង យុបានអត្ថាធិប្បាយថា រូបថតទាំងនេះដែលលោកនឹងប្រគល់អោយសារមន្ទីរទួលស្លែងនឹងជួយផ្តល់ព័ត៌មានដល់ពលរដ្ឋដែលមានបងប្អូនបាត់ខ្លួនក្នុងរបបខ្មែរក្រហម។
ថ្ងៃ សុក្រ 10 សីហា 2012
ដោយ លាង ដឺលុច
RFA
ស្ត្រីម្នាក់ដែលគេមិនបានបង្ហាញអត្តសញ្ញាណបាននាំយករូបថតអតីតអ្នកទោសនៅមន្ទីរស ២១ ឬគុកទួលស្លែងចំនួន១២០០សន្លឹកទៅអោយមជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីពេលថ្មីៗនេះ។ រូបថតដ៏ច្រើននេះនឹងជួយពលរដ្ឋអោយរកឃើញញាតិសណ្តានរបស់ពួកគេដែលបានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានអត្ថាធិប្បាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងAFPថា ការរកឃើញរូបថតទាំង១២០០សន្លឹកនេះ ពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំង។លោកឆាំង យុបន្តថា ខុសពីរូបថតដែលមានបិតនៅសារៈទួលស្លែងសព្វថ្ងៃ រូបថតថ្មីទាំងនេះមានសរសេរព័ត៌មានមួយចំនួននៅលើខ្នងរូបថតរួមមាន ឈ្មោះ និងពេលវេលានៃការចាប់ខ្លួន។
មជ្ឈមណ្ឌលឯកសារកម្ពុជានឹងផ្សព្វផ្សាយរូបថតទាំងនេះនៅលើគេហទំព័ររបស់ខ្លួន មុននឹងផ្តល់ទៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។ បើតាមការអះអាងរបស់លោកឆាំង យុ ស្ត្រីដែលបានសម្រេចចិត្តប្រគល់រូបថតទាំងនេះមកអោយមជ្ឈមណ្ឌលឯកសារកម្ពុជារបស់លោកនោះ បានមានរូបថតទាំងនេះតាំងពីឆ្នាំ១៩៩២មកម្លេះ។ ពោលគឺនៅពេលនោះ គឺនៅពេលដែលកម្ពុជាកំពុងត្រៀមរៀបចំការបោះឆ្នោតលើកដំបូងដោយមានការចូលរួមពីក្រុមខ្មែរក្រហមដែរនោះ លោកស្រីដែលជាមន្ត្រីរាជការមួយរូបនៅក្នុងក្រសួងមួយ បានលាក់ទុករូបថតទាំងនេះដោយសារលោកស្រីបារម្ភខ្លាចថា រដ្ឋាភិបាលនឹងអាចបំផ្លាញរូបថតទាំងនោះចោល ក្រោមហេតុផលនៃការផ្សះផ្សារជាតិ។
ប៉ុន្តែ លោកស្រីទើបសម្រេចចិត្តចុងក្រោយនេះថាប្រគល់រូបថតទាំងនេះមកអោយមជ្ឈណ្ឌលឯកសារកម្ពុជានេះ គឺបន្ទាប់ពីលោកស្រីបានទទួលព័ត៌មានមួយកាលសប្តាហ៍មុនស្តីការរកឃើញរណ្តៅសាកសពថ្មីនៅក្នុងខេត្តសៀមរាប។
មន្ទីរស ២១ ឬគុកទួលស្លែងគឺកន្លែងធ្វើទារុណកម្មអ្នកទោសមុននឹងបញ្ជូនយកទៅសម្លាប់នៅជើងឯក។ មានមនុស្សយ៉ាងហោចណាស់១២០០០នាក់ដែលភាគច្រើនជាបញ្ញវ័ន្តត្រូវបានឃុំឃាំងនិងសួរចម្លើយនៅទីនេះ។ ហើយចុងក្រោយនោះ មានមនុស្សតែ៥ ទៅ៦នាក់ប៉ុណ្ណោះដែលរួចផុតពីការសម្លាប់នៅ ក្នុងគុកទួលស្លែងនេះ៕
———————————————




