ភ្នំពេញ: លោក ឈឹម សៀកឡេង ប្រធានស្តីទីគណបក្សនរោត្តមរណឫទ្ធិ និងលោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្ស នរោត្តម រណឫទ្ធិ បានធ្វើលិខិតដាច់ដោយឡែកពីគ្នា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ ដើម្បីលាឈប់ពីតំណែង ព្រមទាំងប្រកាសឈប់ធ្វើនយោបាយ ចាប់ពីពេលនេះតទៅ។
ថ្ងៃទី 11 សីហា 2012
ដោយ: សុខ ភក្តី
CEN
ក្នុងលិខិត ជម្រាបជូនគណៈកម្មាធិការនាយក គណបក្ស នរោត្តម រណឫទ្ធិ ដែលប្រើប្រាស់ស្លាកសញ្ញាគណបក្ស នរោត្តម រណឫទ្ធិ ដោយមានចុះហត្ថលេខា នៅពីក្រោមផងនោះ លោក ឈឹម សៀកឡេង បានប្រកាសថា “ដោយយោងព្រះលិខិតសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ ដែលព្រះអង្គប្រកាសឈប់ធ្វើនយោបាយ ខ្ញុំ ឈឹម សៀកឡេង ប្រធានស្តីទីគណបក្ស នរោត្តម រណឫទ្ធិ ដែលបានដង្ហែសម្តេចក្រុមព្រះ អស់រយៈពេលជាង ២៨ ឆ្នាំមកហើយនោះ សូមជម្រាបជូន សហជីវិន សហជីវិនី សមាជិក សមាជិកា គណៈកម្មាធិការនាយក នៃគណបក្ស នរោត្តម រណឫទ្ធិ ថា ខ្ញុំលាឈប់ពីប្រធានស្តីទី និងពីសមាជិក គណបក្ស នរោត្តម រណឫទ្ធិ និងឈប់ធ្វើនយោបាយ ព្រមទាំងមិនទទួលខុសត្រូវរាល់កិច្ចការ និងសេចក្តីសម្រេចផ្សេងៗរបស់គណបក្ស នរោត្តម រណឫទ្ធិ ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ។
ដោយឡែកក្នុងលិខិតមួយទៀត ជូនលោក ឈឹម សៀកឡេង ប្រធានស្តីទីគណបក្ស នរោត្តម រណឫទ្ធិ ដែលប្រើប្រាស់ស្លាកសញ្ញាគណបក្ស នរោត្តម រណឫទ្ធិ លោក ប៉ែន សង្ហា បានសរសេរ ក្នុងកម្មវត្ថុ សំណើសុំលាឈប់ពីតួនាទី អ្នកនាំពាក្យ សមាជិកគណៈកម្មាធិការនាយក និងសមាជិកគណបក្ស នរោត្តម រណឫទ្ធិ។
ក្នុងលិខិត ដែលយោងតាមព្រះលិខិតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ ដែលព្រះអង្គប្រកាសឈប់ធ្វើនយោបាយ ត្រូវបានលោក ប៉ែនសង្ហា លើកឡើងថា “ខ្ញុំសូមលាឈប់ពីតួនាទីជាអ្នកនាំពាក្យ សមាជិកគណៈកម្មាធិការនាយក និងពីសមាជិកគណបក្ស នរោត្តម រណឫទ្ធិ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ តទៅ”។
លើលិខិតនោះ លោក ឈឹម សៀកឡេង បានចារផ្ទាល់ដៃ ឯកភាពតាមសណើរ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២៕