ប្រជាពលរដ្ឋ១៨៣គ្រួសារត្រូវក្រុមហ៊ុន ទូច ហៀវ បញ្ជាកម្មករប្រើរណាយន្តអាររំលំផ្ទះ និងបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាននៅឯភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ដោយ មណ្ឌល កែវ
2012-08-11
វិទ្យុអាស៊ីសេរី

៩-សីហា-២០១២៖ កម្លាំងកម្មករក្រុមហ៊ុន ទូច ហ៊ីវ កំពុងអារផ្ដាច់សសរផ្ទះអ្នកភូមិ និងរុញរំលំ។
RFA/Mondul Keo
អាជ្ញាធរភូមិ-ឃុំ បានឲ្យដឹងថា សកម្មភាពបណ្ដេញចេញ និងអាររំលំផ្ទះប្រជាពលរដ្ឋនេះ ពុំមានផ្ដល់ដំណឹងឲ្យប្រជាពលរដ្ឋដឹងជាមុននោះទេ។
សំឡេងពលរដ្ឋ៖ «វាធ្វើនេះវាធ្វើលើអាពត១០ដងទៀត ពេលបោះឆ្នោត ខ្ញុំនឹងលេងហើយ បើជាប់គុកក៏ជាប់ទៅ។ ព្រោះអីធ្វើនេះវាដូចជាហួសពេក»។
ផ្ទះជាច្រើនខ្នងត្រូវបានកម្លាំងកម្មករក្រុមហ៊ុន ទូច ហ៊ីវ អាររំលំ និងផ្ទះខ្លះទៀតត្រូវបានកម្លាំងកម្មកររុះរើទាំងកម្រោល តាមបញ្ជារបស់ប្រធានក្រុមហ៊ុនអភិវឌ្ឍដំណាំឧស្សាហកម្ម គឺលោក ទូច ហ៊ីវ។
ស្ត្រីអ្នកភូមិឈ្មោះ ឡុង លាភ ជាប្រជាពលរដ្ឋភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គាត់បានឲ្យដឹងនៅរសៀលថ្ងៃទី១០ សីហា ថា គាត់បានមករស់នៅ និងបង្កបង្កើនផលនៅតំបន់នេះ តាំងពីឆ្នាំ១៩៩៩ ដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំ ត្រឹមត្រូវ។ ស្រាប់តែកាលពីព្រឹកថ្ងៃទី៩ សីហា ក្រុមហ៊ុន ទូច ហ៊ីវ បានប្រើកម្លាំងកម្មករមកបណ្ដេញពួកគាត់ឲ្យរុះរើផ្ទះចេញជាបន្ទាន់។
គាត់បន្តថា គាត់មិនទាន់ទាំងបានត្រៀមខ្លួនរួចរាល់ផង ស្រាប់តែក្រុមកម្មករបានប្រើរណាយន្តមកអារផ្ដាច់សសរផ្ទះគាត់ រួចរុញរំលំចោលតែម្ដង៖ «វាមកបំពានលើសិទ្ធិយើងតែម្ដង អត់មានមកសួរអីយើងម៉ាម៉ាត់។ វាគំរាមយើង យើងគ្រាន់តែសុំឲ្យចាំយើងរុះរើ វាអត់ព្រម វាអាររំលំផ្ទះយើងតែម្ដង បាក់បែកផ្ទះខ្ញុំអស់រលីង សូម្បីតែមាន់យើងក៏វាចាប់ស៊ីអស់។ ចង់ឲ្យផ្សាយឲ្យរដ្ឋាភិបាលដឹងផងជួយអ្នកភូមិជ្រៃក្រឹមផង»។
ស្ត្រីអ្នកភូមិម្នាក់ទៀតឈ្មោះ ជួប ខុម បានឲ្យដឹងបន្ថែមថា ផ្ទះគាត់ ផ្ទះកូន និងផ្ទះអ្នកជិតខាងគាត់ សរុបជិត១០ខ្នងត្រូវបានកម្លាំងកម្មករក្រុមហ៊ុន ទូច ហៀវ អារផ្ដាច់សសរ និងរុញរំលំដោយពុំអនុញ្ញាតឲ្យរុះរើតាមដំណើរនោះទេ៖ «គេមិននិយាយអីទេ គេប្រើរណាអ៉ោងកាត់រំលំចោលតែម្ដង។ គ្រាន់តែសុំចាំកូនមករុះក៏គេមិនព្រមដែរ»។
ប្រភពពីអាជ្ញាធរភូមិ-ឃុំ បានឲ្យដឹងថា មានផ្ទះអ្នកភូមិចំនួន១៨៣ខ្នង ត្រូវបានក្រុមហ៊ុនរុះរើ និងអាររំលំជាស្ថាពរ កាលពីថ្ងៃទី៩ សីហា។
តាមការជួបសម្ភាសផ្ទាល់ជាមួយវិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី១០ សីហា អាជ្ញាធរភូមិ និងឃុំ បានឲ្យដឹងថា អាជ្ញាធរភូមិ-ឃុំ ពុំបានដឹងជាមុនពីការចុះរុះរើនេះទេ។ ការចុះមករុះរើផ្ទះសម្បែងអ្នកភូមិជ្រៃក្រឹម មានការចូលរួមពីអាជ្ញាធរស្រុក និងខេត្តផងដែរ។ អាជ្ញាធរភូមិ-ឃុំ ក៏បានឲ្យដឹងដែរថា សកម្មភាពរុះរើ និងអាររំលំផ្ទះអ្នកភូមិ គឺធ្វើឡើងដោយកម្លាំងកម្មកររបស់ក្រុមហ៊ុន ទូច ហ៊ីវ ផ្ទាល់។ ឯកម្លាំងអាជ្ញាធរស្រុក និងខេត្ត គ្រាន់តែតាមការពារក្រែងកើតមានអំពើហិង្សាប៉ុណ្ណោះ។
សមាជិកក្រុមប្រឹក្សាឃុំម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ទាំងហួសចិត្តថា មិនគួរក្រុមហ៊ុនប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋទាំងកំរោលយ៉ាងនេះទេ។ លោកថា មានប្រជាពលរដ្ឋខ្លះបានមករស់នៅជាង១០ឆ្នាំហើយ នៅភូមិជ្រៃក្រឹម នេះ។ លោកថា ការពុំទាន់បែងចែកព្រំប្រទល់ច្បាស់លាស់ ជាកត្តាបង្កឲ្យកើតមានការបណ្ដេញដោយហិង្សានេះ៖ «វាមិនដឹងថា ព្រំប្រទល់ជ្រៃក្រឹម នោះប៉ុណ្ណា។ ក្រុមហ៊ុន ទូច ហៀវ នោះប៉ុណ្ណា។ ដល់អ៊ីចឹង អ្នកដែលទៅរស់នៅ គេគិតថានៅក្នុងទឹកដីភូមិជ្រៃក្រឹម។ ឯអ្នកមកអនុវត្ត គេយកលេសថាជាដីក្រុមហ៊ុន។ មកពីថ្នាក់ជាតិមិនទាន់បែងចែកព្រំប្រទល់ច្បាស់លាស់ ប្រកាសឲ្យភូមិ-ឃុំ ដឹង»។
ក្នុងការបណ្ដេញប្រជាពលរដ្ឋដោយហិង្សានេះ ក្រៅពីទូរទស្សន៍បាយ័ន ពុំមានអ្នកសារព័ត៌មានណាត្រូវបានទទួលការអនុញ្ញាតឲ្យចូលយកព័ត៌មាន និងថតរូបភាពនោះទេ។ បុគ្គលិកផ្នែកអង្កេតអង្គការលីកាដូ ប្រចាំខេត្តពោធិ៍សាត់ ក៏ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនមួយរយៈខ្លី និងតម្រូវឲ្យលុបរូបភាពដែលថតបាននោះចោលដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
វាពិតជាសាហាវបែបហ្នឹងហើយ ព្រោះមេវាភាគច្រើនជាមេឃាតកសម័យប៉ុលពត ។
ពេលណាទើបវារលាយពួកអាទុរយស ។
ថោកទាបណាស់ អាថោកទាប ពេលបោះឆ្នោតនេះគួតែដូរចេញទៅ ពួកអាមនុស្សថោកទាបអស់នេះ
សម័យតេអាជោហ៊ុន សែន អភិវឌ្ឍចឺងណារបង្អូន
ហេតុអ្វីបានជាមិនមានការជូនដំណឹងដល់គាត់ជាមុនសិនមុននឹងធ្វើទង្វើមិនសមគូរសំរាប់ពួកគាត់ដែលជាប្រជាពលរដ្ឋស្លូតត្រង់! តើបញ្ហាអស់ទាំងនេះពេលណាទើបឈប់មាននៅក្នុងប្រទេសកម្ពុជា? ហេតុអ្វីបានជាមិនមានការជួយអន្ដរាគមន៏ពីមន្រ្ដីមានសម្ថកិច្ច?ច្បាប់នៅក្នុងស្រុកខ្មែរបច្ចុប្បន្នកាន់តាយ៉ាប់ទៅៗហើយ ! តើបញ្ហាដែលកើតមានរាល់ថ្ងៃនេះបណ្ដលលមកពីអ្វី??????????????????????
ពូកអ្នកដឹកនាំខ្មែរ ច្រែនតែបណ្តោយអោយឈ្មួញ ក្រុមហ៊ុន ធ្វើបាបរាស្រ្តក្រីក្រជារឿយៗៗៗ
យ៉ាប់ណាស់សម័យតេជោសែន !!! សំបូរតែអ្នកអួតអាង វាយឬក ខែងរែង ស៊ីចូ លើកជើង ។។
អាជ័យថ្លាក់ទឹក ហៃអើ ហៃអើ ៗៗៗៗ ។។។ យូរៗៗ ទៅ ធ្លាក់ទឹកទាំងអស់គ្នា
តាមពិតពួកនេះ គឺជាពូជខ្មែរក្រហម
this is really shit!
if you wanna blame on government then blame the one who vote for them. so that may be your self to blame.
សម័យថ្មីឡូយណាស់ផ្ទះធ្វើមិនបាច់ប្រើសរសរទេ
ស្តាយគំនិតដែលស្រឡាញ់ដែលឬអត់?រាងដែរឬទេ?