បណ្ដាញសហគមន៍ព្រៃឡង់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ រាប់រយនាក់គ្រោងធ្វើដំណើរចូលព្រៃឡង់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ដើម្បីល្បាត និងរុករកបទល្មើសព្រៃឈើ ក្នុងគោលដៅការពារធនធានធម្មជាតិ។
ដោយ ខែ សុណង
2012-08-11
វិទ្យុអាស៊ីសេរី

ក្រុមអ្នកភូមិដែលមកតវ៉ាដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ ស្ថិតក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១។
RFA/Kim Peou
អ្នកសម្របសម្រួលគម្រោងពង្រឹងអំណាចសហគមន៍ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក ឈឹម សាវុធ ដែលនឹងឃ្លាំមើលបញ្ហានេះ មានប្រសាសន៍នៅថ្ងៃទី១១ សីហា ថា តាមសេចក្ដីរាយការណ៍ពីពលរដ្ឋថា បច្ចុប្បន្ននេះក្នុងព្រៃឡង់ នៅចំណុចឃុំដងកាំបិត មានការកាប់ព្រៃស្រោងរាប់រយហិកតារ ដើម្បីរានយកដីធ្វើចម្ការ ហើយជនល្មើស គឺជាមន្ត្រីប្រដាប់អាវុធក្នុងខេត្តនេះ។
លោកថា ក្រៅពីការកាប់រានយកដី ក៏មានបទល្មើសកាប់ឈើកំពុងកើតឡើងដ៏ធ្ងន់ធ្ងរក្នុងមួយថ្ងៃៗ នៅចំណុចច្រកតោ ដែលមានទាំងគោយន្ត រទេះគោ មិនតិចជាង៣០គ្រឿង រួមទាំងមានរណាយន្តអារឈើលាន់ឮរំពងពេញព្រៃ។
លោក ឈឹម សាវុធ៖ «ទាក់ទងនឹងក្រសួងកសិកម្ម ហើយនិងព្រះរាជអាជ្ញា ដើម្បីផ្ដល់ព័ត៌មានឲ្យគាត់មកប្រមូល ហើយនឹងធ្វើកំណត់ហេតុ បើសិនជាវាមានភស្តុតាងជាក់ស្ដែង និងបានស្គាល់ទាំងជនល្មើសផ្ទាល់ ដែលប្រជាពលរដ្ឋសហគមន៍ទាំងអស់ហ្នឹង រួមទាំងវត្ថុតាងទាំងអស់ហ្នឹង។ គាត់នឹងប្ដឹងទៅព្រះរាជអាជ្ញា ប្ដឹងទៅក្រសួងមន្ទីរ ដែលចោទប្រកាន់ពីបទល្មើសព្រៃឈើ។ ជាគំនិតរបស់គាត់ ទោះជាគាត់គិតថា បើសិនជាពាក់ព័ន្ធខ្លះពីមន្ត្រីជំនាញនៅហ្នឹង ក៏មានមន្ត្រីមួយចំនួនទៀត ដែលនៅភ្នំពេញ ឬក៏ព្រះរាជអាជ្ញាអី ក៏គាត់យើងគិតថា ជាមនុស្សមួយដែលគាត់ស្រលាញ់ប្រទេសជាតិដែរ។ របាយការណ៍ រួមនិងភស្តុតាងទាំងអស់ ដែលមាន ដែលយើងអាចប្រមូលបាន និងបញ្ជូនតាមរយៈខាងខ្ញុំចូលទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីហ្មង»។
សហគមន៍ព្រៃឈើបានអះអាងថា បច្ចុប្បន្នមានដើមច្បោះរាប់រយដើម ដែលក្រុមជនល្មើសកាប់ផ្ដួលរលំនៅក្នុងព្រៃឡង់ ហើយគេមិនទាន់បានដឹកចេញអស់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។