ភ្លាមៗនៅក្រោយការលាលែងពីប្រធានគណបក្ស និងឈប់ធ្វើនយោបាយជាថ្មីម្ដងទៀតរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មន្ត្រីមួយចំនួនដែលស្និទ្ធនឹងសម្ដេចក្រុមព្រះ ក៏បានប្រកាសលាលែងតាមព្រះអង្គដែរ។
ដោយ សុ ជីវី
2012-08-11
វិទ្យុអាស៊ីសេរី
ចំណែកអគ្គលេខាធិការគណបក្សនេះបានប្រកាសថា គេគ្រោងនឹងធ្វើសមាជប្ដូរឈ្មោះគណបក្ស នរោត្តម រណឫទ្ធិ ដោយត្រឡប់ទៅប្រើឈ្មោះគណបក្សជាតិនិយម ឡើងវិញ។
ប្រធានស្ដីទីគណបក្ស នរោត្តម រណឫទ្ធិ លោក ឈឹម សៀកឡេង និងមន្ត្រីអ្នកនាំពាក្យ លោក ប៉ែន សង្ហា ប្រកាសលាឈប់ពីគណបក្សនេះ និងឈប់ធ្វើនយោបាយតទៅទៀត។
ការប្រកាសលាឈប់នេះ បានធ្វើឡើងតាមរយៈលិខិតពីរផ្សេងពីគ្នា ដែលមានចុះកាលបរិច្ឆេទថ្ងៃទី១១ ខែសីហា។
លិខិតលាលែងដែលចុះហត្ថលេខាដោយប្រធានស្ដីទីគណបក្ស នរោត្តម រណឫទ្ធិ លោក ឈឹម សៀកឡេង បានបញ្ជាក់ថា លោកបានដង្ហែតាមសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ អស់រយៈពេលជាង២៨ឆ្នាំមកហើយ។ នៅពេលឃើញសម្ដេចក្រុមព្រះលាលែងពីគណបក្ស ទើបលោកសម្រេចលាឈប់។
លោក ឈឹម សៀកឡេង មានប្រសាសន៍បន្ថែមថា ម្យ៉ាងដោយសារពុំមានវត្តមានសម្ដេចក្រុមព្រះ ម្យ៉ាងដោយសារលោកមានវ័យកាន់តែចាស់ ដែលត្រូវការសម្រាក៖ «ខ្ញុំដង្ហែសម្ដេចក្រុមព្រះមកបាន ឥឡូវបើលោកឈប់ហើយ ខ្ញុំចង់សម្រាកថែរក្សាសុខភាពខ្ញុំនៅផ្ទះ»។
លិខិតមួយដែលមានព្រះហស្តលេខារបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃសុក្រ ទី១០ សីហា ពីប្រទេសបារាំង មានខ្លឹមសារខ្លីថា ព្រះអង្គឈប់ធ្វើនយោបាយ និងសេចក្ដីសម្រេចផ្សេងៗរបស់គណបក្សនេះតទៅទៀតហើយ។ នៅក្នុងលិខិតនោះពុំមានការពន្យល់ច្បាស់លាស់ពីហេតុផលនៃការលាឈប់ពីនយោបាយរបស់ព្រះអង្គ ក្រៅអំពីថា ព្រះអង្គនឹងចាប់ផ្ដើមបំពេញកិច្ចការមនុស្សធម៌ សង្គមកិច្ច ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ការប្រកាសឈប់ប្រឡូកនយោបាយរបស់សម្ដេចក្រុមព្រះនោះ គឺមិនមែនជាលើកទី១ទេ។ ការប្រកាសលាលែងនេះ នៅបន្ទាប់ពីមានជម្លោះផ្ទៃក្នុង រវាង នរោត្តម រណឫទ្ធិ និងលោក សៅ រ៉ានី អគ្គលេខាធិការគណបក្ស នរោត្តម រណឫទ្ធិ ដែលរហូតមានការប្ដឹងផ្ដល់ទៅសាលាដំបូងរាជធានីភ្នំពេញ ពីសំណាក់លោក សៅ រ៉ានី ថែមទៀតផង។
អគ្គលេខាធិការគណបក្ស នរោត្តម រណឫទ្ធិ លោក សៅ រ៉ានី មានប្រសាសន៍ថា គណបក្សរបស់លោកនឹងជួបប្រជុំសមាជិកសមាជិកា នៅថ្ងៃចន្ទ សប្ដាហ៍ក្រោយ។ លោក សៅ រ៉ានី បន្តថា លោកនឹងបញ្ឈប់ពាក្យបណ្ដឹងរបស់លោកនៅតុលាការ និងរៀបចំសមាជប្ដូរឈ្មោះគណបក្សទៅប្រើឈ្មោះគណបក្សជាតិនិយមឡើងវិញ៖ «គណបក្សមិនប្រើព្រះនាមសម្ដេចក្រុមព្រះតទៅទៀតទេ ដោយសារលោកលាឈប់ពីឆាកនយោបាយហើយ។ លោកទៅបម្រើជាសង្គមកិច្ចនៅក្នុងព្រះបរមរាជវាំង។ ហើយគណបក្សនឹងធ្វើសមាជមួយប្ដូរទៅជាគណបក្សជាតិនិយមវិញ»។
លោក សៅ រ៉ានី បញ្ជាក់ថា បន្ទាប់ពីសមាជប្ដូរឈ្មោះ គណបក្សនេះក៏គ្រោងនឹងចាប់ផ្ដើមការចរចាជាថ្មីទៀត ជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច សម្រាប់គម្រោងច្របាច់ចូលគ្នារវាងគណបក្សទាំងពីរ។ លោក សៅ រ៉ានី បញ្ជាក់ថា បើទោះជាសម្ដេចក្រុមព្រះបានលាឈប់ធ្វើនយោបាយក៏ដោយ ក៏លោកនៅតែប្រកាន់ជំហរថា អាចនឹងយាងព្រះអង្គអោយចូលក្នុងឆាកនយោបាយនៅពេលណាមួយនៅក្រោយពេលដែលគណបក្សទាំងពីរ គឺហ៊្វុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ បានច្របាច់បញ្ចូលគ្នារួចរាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អាហ្នឹងហើយដែលគេហៅអ្នកដើរតាមគេ ទីបំផុតអត់មានអីគួរអោយជាតិដឹងគុណសោះ សំរាកនៅផ្ទះជួយរកអុសអោយម៉ែវាផង ចាស់ហើយ អាត្មាអញអត់អាចរកស្រីញីបានទៀតទេ។