ក្នុងគោលបំណងបង្កើនការយល់ដឹងពីដំណើរការអនុវត្តន៍គម្រោងអភិបាលកិច្ចល្អថ្នាក់ក្រោមជាតិ របស់រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋ អង្គការទ្រទ្រង់កសិករជនបទ ឬហៅកាត់ថា «អង្គការ សូហ្វ» (SORF) ប្រារព្ធធ្វើវេទិកាពិគ្រោះយោបល់រវាងអ្នកផ្ដល់សេវា និងអ្នកទទួលសេវាថ្នាក់មូលដ្ឋានមួយ នៅវត្តនាគកួច ស្ថិតនៅក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ដោយ មណ្ឌល កែវ
2012-08-12
វិទ្យុអាស៊ីសេរី

១១-សីហា-២០១២៖ ប្រជាពលរដ្ឋជិត ១០០ នាក់ ចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងអ្នកផ្ដល់សេវា និងអ្នកទទួលសេវា។
RFA/Mondul Keo
បញ្ហាដីធ្លី និងការបាត់បង់ដីព្រៃសហគមន៍ គឺជាក្ដីកង្វល់ចម្បងរបស់អ្នកភូមិជិត ១០០ នាក់ ដែលមកជួបគ្នាជាមួយអាជ្ញាធរភូមិឃុំ ស្រុក និងអាជ្ញាធរជំនាញក្នុងខេត្ត ក្នុងវេទិកាមួយ ដែលរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ «អង្គការ សូហ្វ» (SORF=Support Organization for Rural Farmers) បានក្រោមប្រធានបទវេទិកាពិគ្រោះយោបល់ រវាងអ្នកផ្ដល់សេវា និងអ្នកទទួលសេវាថ្នាក់មូលដ្ឋាន។
បុរសអ្នកភូមិឈ្មោះ សួន ថន ជាតំណាងប្រជាពលរដ្ឋភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គាត់បានសំដែងពីក្ដីកង្វល់របស់គាត់ចំពោះបញ្ហា ការទន្ទ្រានកាន់កាប់ដីធ្លីពីសំណាក់អ្នកមានប្រាក់ និងអ្នកមានអំណាចក្នុងមូលដ្ឋានរបស់គាត់។ លោក សួន ថន បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលជាអ្នកភូមិក្រីក្រគោរពច្បាប់មិនហ៊ានកាប់រានព្រៃ ដើម្បីវាតយកដីធ្វើស្រែចម្ការទេ តែផ្ទុយទៅវិញអាជ្ញាធរដែនដី ដើម្បីលាភសក្ការ បែរជាបណ្ដោយឲ្យអ្នកមានប្រាក់ និងមានអំណាចកាប់រានព្រៃយកដីធ្វើកម្មសិទ្ធិដោយមិនរវល់ក្នុងការទប់ស្កាត់នោះឡើយ។
លោក សួន ថន ៖ «រាស្ត្រស្លូតត្រង់ខ្លាចច្បាប់ បានត្រឹមតែមើលមុខគ្នា ហើយស្ដាប់គេនិយាយគួរឲ្យចុកចាប់ណាស់! តើវាសនាម្ចាស់ឆ្នោតហ្នឹងទៅជាយ៉ាងណា? សូមអង្គពិភាក្សាទាំងមូលជួយបំភ្លឺ និងជួយដោះស្រាយឲ្យប្រជាពលរដ្ឋក្រីក្រអត់មានដីបានទទួល។ មិនសុំច្រើនទេ បើតាមសំដីសម្ដេចនាយក គឺមួយគ្រួសារ ៥ ហិកតារចុះ បើឥឡូវរកតែកន្លះហិកតារមិនបានផង»។
ឆ្លើយតបចំពោះសំនួរនេះ អ្នកស្រី ឌុច មុំ អភិបាលរងស្រុកក្រគរ ដែលជាតំណាងអាជ្ញាធរស្រុក បានរុញបញ្ហានេះ ទម្លាក់មកឲ្យអាជ្ញាធរឃុំជាអ្នកទទួលខុសត្រូវ ក្នុងការស្វែងរកដំណោះស្រាយ។ ដោយអ្នកស្រីព្រមានថា អាជ្ញាធរនឹងបាត់បង់ជំនឿការគាំទ្រពីប្រជាពលរដ្ឋ ប្រសិនបើបញ្ហានេះជាការពិត។
អ្នកស្រី ឌុច មុំ៖ «អាជ្ញាធរឃុំត្រូវពិនិត្យបញ្ហានេះប្រយ័ត្នគេទម្លាក់ចោលខ្មាសគេ។ ត្រូវយកបញ្ហានេះទៅពិភាក្សារកដំណោះស្រាយឲ្យបាន»។
វេទិកាពិគ្រោះយោបល់រវាងអ្នកផ្ដល់សេវា និងអ្នកទទួលសេវាថ្នាក់មូលដ្ឋាននេះ ក៏មានបំណងផ្ដល់ឱកាសដល់ឲ្យអ្នកផ្ដល់សេវា គឺអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអ្នកទទួលសេវា គឺប្រជាពលរដ្ឋមានឱកាសពិភាក្សាគ្នា ដើម្បីបន្ថែមការយល់ដឹងពីអត្ថប្រយោជន៍ ពីបញ្ហាបរិស្ថាន ដីធ្លី ព្រៃសហគមន៍ និងសិទ្ធិក្នុងការប្រើប្រាស់។ ពិសេស គឺធ្វើឲ្យមានការខិតជិតគ្នារវាងអ្នកផ្ដល់ និងអ្នកទទួលសេវា ក្នុងការជំរុញឲ្យផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ទទួលបានប្រសិទ្ធភាព ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
លោក គុជ វ៉េង ជាប្រធានសហគមន៍ព្រៃឈើឃុំក្បាលត្រាច។ លោកបានឲ្យដឹងថា កង្វះការសិក្សាពីផលប៉ះពាល់ក្នុងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចចំពោះក្រុមហ៊ុន ភាពីម៉ិច គឺជាក្ដីកង្វល់ដ៏ចម្បងសម្រាប់អ្នកភូមិក្រឡាញ់ ឃុំក្បាលត្រាច។ លោកថា ដីភូមិ ដីស្រែ និងដីចម្ការរបស់អ្នកភូមិ ត្រូវបានក្រុមហ៊ុន ភាពីម៉ិច ឈូសឆាយរំលោភយកដោយគ្មានការជួយអន្តរាគមន៍ពីអាជ្ញាធរដែនដី។ រីឯដីព្រៃសហគមន៍ ដែលអ្នកភូមិធ្លាប់អាស្រ័យផល ក៏ត្រូវបានអាជ្ញាធរប្រគល់ក្រុមហ៊ុនដែរ។លោកអំពាវនាវឲ្យក្រុមនិស្សិត ដែលចុះមកវាស់វែងដីជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជួយពិនិត្យបញ្ហានេះ ដើម្បីជួយផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋក្រីក្រផង។
លោក គុជ វ៉េង៖ «ក្រុមហ៊ុន ភាពីម៉ិច ឲ្យតែចាប់ផ្ដើមឡើង គឺឈូសសំដៅរកចម្ការអ្នកភូមិចោលក្នុងបំណងបំបាត់តាង។ ដល់ក្រុមការងារមកវាស់វែង គឺអត់បានវាស់ចំណុចនេះទេ។ នេះជាគ្រោះថ្នាក់ធំណាស់ សម្រាប់អ្នកភូមិក្រីក្រ»។
យ៉ាងនេះក្ដី អភិបាលរងស្រុកក្រគរ ដែលជាតំណាងអាជ្ញាធរស្រុកអ្នកស្រី ឌុច មុំ ពន្យល់ចំពោះបញ្ហានេះថា គោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ដីសម្បទានសេដ្ឋកិច្ច គឺត្រូវកាត់ចេញនូវផលប៉ះពាល់ទាំងឡាយ ដែលបានកើតឡើង។ អ្នកស្រីព្រមានថា ការអនុវត្តផ្ទុយពីគោលការណ៍នេះ គឺជាការប្រឆាំងនឹងសេចក្ដីណែនាំរបស់ប្រមុខរដ្ឋាភិបាល និងជាការប្រឆាំងនឹងច្បាប់។
អ្នកស្រី ឌុច មុំ៖ «សូមមេត្តាកត់ចំណុចនេះ ហើយយកទៅពិភាក្សាក្នុងថ្នាក់ឃុំ។ឆ្លៀតពេលនេះ ខ្ញុំក៏សូមជម្រាបត្រួសៗ ថា គោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ដីសម្បទានសេដ្ឋកិច្ច គឺអនុវត្តរូបមន្តស្បែកខ្លា។ គឺកាត់ចេញនូវការប៉ះពាល់ដីរបស់ប្រជាពលរដ្ឋ»។
ទាក់ទិនចំពោះសំណួរនានា របស់អ្នកភូមិ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ សុខា មានប្រសាសន៍ថា តាមការស្រាវជ្រាវបង្ហាញថា ប្រជាពលរដ្ឋភាគច្រើន បានកាប់រានព្រៃ ដែលជាដីគម្របព្រៃឈើរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ហេតុនេះហើយ ទើបអាជ្ញាធរខេត្តមិនអាចជួយដោះស្រាយជូនតាមការទាមទាររបស់ប្រជាពលរដ្ឋបាន។
លោក ខូយ សុខា៖ «បានទៅដល់កន្លែងមួយចំនួនហើយ យើងឃើញថា ប្រជាពលរដ្ឋបានកាប់បំផ្លាញឈើយ៉ាងអនាធិបតេយ្យគួរឲ្យស្ដាយណាស់។ មិនមែនដីខ្មែរយើងអត់ដីនៅឯណា តែយើងត្រូវមានកន្លែងដែលត្រូវរៀបចំ។ បើយើងកាប់រាតត្បាតស្រេចចិត្តនោះ រលាយអស់ព្រៃឈើហើយ»។
អង្គការក្រៅរដ្ឋាភិបាលនានា ក្នុងខេត្តពោធិ៍សាត់ បានយល់ស្របគ្នាថា អំពើពុករលួយ ដែលចាក់ឫសយ៉ាងជ្រៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន បានបិទបាំង និងបង្វែរគោលការណ៍អភិបាលកិច្ចល្អ ថ្នាក់ក្រោមជាតិ ឲ្យនៅក្នុងកម្រិតគួរឲ្យព្រួយបារម្ភ។ អង្គការទាំងនោះ ក៏យល់ស្របគ្នាថា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានដឹងបានឮពីផលប៉ះពាល់ក្នុងបញ្ហាដីសម្បទានសេដ្ឋកិច្ចរវាងក្រុមហ៊ុន ភាពីម៉ិច ជាមួយប្រជាពលរដ្ឋដែរ តែមិនហ៊ានសម្រេចអារកាត់ផលប៉ះពាល់ដោយសារកត្តា ២ យ៉ាង គឺកត្តាផលប្រយោជន៍ និងការខ្លាចឥទ្ធិពល អគ្គនាយិកាក្រុមហ៊ុន ភាពីម៉ិច អ្នកស្រី ជឹង សុភាព ដែលជាអនុប្រធានកាកបាទក្រហមកម្ពុជា និងជាមនុស្សជំនិត និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល។
ទោះជាយ៉ាងនេះក្ដី នាយិកាអង្គការទ្រទ្រង់កសិករជនបទ ឬហៅថាអង្គការ សូហ្វ អ្នកស្រី ជា ជ័យសុវណ្ណា មានប្រសាសន៍ថា អ្នកស្រីនឹងចងក្រងបណ្ដាក្ដីកង្វល់របស់អ្នកភូមិផ្ញើជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីទុកជាមូលដ្ឋានក្នុងការអនុវត្តគម្រោងអភិបាលកិច្ចល្អថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។