ទោះបីជាប្រមុខរដ្ឋាភិបាលបានប្រកាសថាស្នាមមេដៃគ្មានឥទ្ធិពលទៅលើស្ថាប័នតុលាការក៏ដោយ ក៏សមាគមអ្នកប្រជាធិបតេយ្យនៅតែបន្តប្រមូលស្នាមមេដៃពីអ្នកគាំទ្រលោក ម៉ម សូណង់ដូ ដើម្បីធ្វើញត្តិសុំឲ្យតុលាការដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញ។ អ្នកដឹកនាំចលនាប្រមូលស្នាមមេដៃនេះបានអះអាងថា មានស្នាមមេដៃជិត១០ម៉ឺននាក់ហើយដែលគេប្រមូលបាន។ ដោយឡែក ប្រតិភូគណបក្សសម រង្ស៊ី គ្រោងចូលសួរសុខទុក្ខលោកម៉ម សូណង់ដូ ក្នុងពន្ធនាគារនៅសប្តាហ៍ក្រោយ។
ថ្ងៃ អាទិត្យ 12 សីហា 2012
ដោយ ប៉ែន បូណា
RFI
ទោះបីជាតុលាការបដិសេធមិនឲ្យលោកម៉ម សូណង់ដូ នៅក្រៅឃុំបណ្តោះអាសន្នតាមសំណើរបស់មេធាវីការពារក្តី និងបើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ស្នាមមេដៃគ្មានឥទ្ធិពលទៅលើប្រព័ន្ធតុលាការក៏ដោយ ក៏សមាគមអ្នកប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ហាក់នៅតែរំពឹងលើស្នាមមេដៃនេះតែមួយគត់។ ការប្រមូលស្នាមមេដៃពីអ្នកគាំទ្រលោកម៉ម សូណង់ដូ នៅតែបន្តធ្វើនៅក្នុងខេត្តជាច្រើន។
រហូតមកទល់ពេលនេះ មានស្នាមមេដៃជិត១០ម៉ឺននាក់ហើយដែលគេប្រមូលបាន នេះបើយោងតាមការអះអាងរបស់លោក ជា បំរុង អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា ក្រុមការងាររបស់លោកបានធ្វើសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាដូចជា ខេត្តព្រៃវែង កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ចាម និងក្រចេះ ជាដើម។ ស្នាមមេដៃទាំងនោះនឹងត្រូវគេយកទៅធ្វើញត្តិដើម្បីសុំទៅតុលាការឲ្យដោះលែងលោកម៉ម សូណង់ដូ។
លោក ម៉ម សូណង់ដូ ប្រធានសមាគនអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំ FM 105 MHz ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី១៥កក្កដា តាមដីកាបង្គាប់របស់តុលាការសាលាដំបូងខេត្តក្រចេះពីបទប៉ុនប៉ងបង្កើតតំបន់អបគមន៍ និងញុះញង់ប្រជាពលរដ្ឋឲ្យកាន់អាវុធប្រឆាំងអាជ្ញាធរសាធារណៈ នៅក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ លោក ត្រូវបានតុលាការរាជធានីភ្នំពេញឃុំខ្លួនក្នុងពន្ធនាគារព្រៃសដើម្បីរង់ចាំការកាត់ទោស។
ការចាប់ខ្លួនលោកម៉ម សូណង់ដូ បានទទួលរងការរិះគន់ពីគណបក្សបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិមួយចំនួនថា ជាការបំពានធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្ស និងជាពិសេសនេះជាការប៉ុនប៉ងរបស់រដ្ឋាភិបាលក្នុងការបិទវិទ្យុសំបុកឃ្មុំដែលជាសំឡេងប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធថា រដ្ឋាភិបាលនឹងមិនបិទវិទ្យុនេះទេ ពីព្រោះនេះជាកំហុសផ្ទាល់ខ្លួនរបស់លោក ម៉ម សូណង់ដូ តែប៉ុណ្ណោះ។ តុលាការក្រុងភ្នំពេញក៏បានបដិសេធមិនឲ្យលោកម៉ម សូណង់ដូ បាននៅក្រៅឃុំបណ្តោះអាសន្នតាមសំណើរបស់មេធាវីការពារក្តីនោះដែរ។
ខណៈនៃការរង់ចាំស្នាមមេដៃ គណៈប្រតិភូមួយក្រុមរបស់គណបក្សសម រង្ស៊ី ដឹកនាំដោយលោកស្រី មួរ សុខហួរ គ្រោងនឹងចូលសួរសុខទុក្ខលោក ម៉ម សូណង់ដូ នៅក្នុងពន្ធនាគារនៅថ្ងៃទី១៧សីហាសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមលិខិតមួយច្បាប់ដែលគណបក្សសម រង្ស៊ីដាក់ជូនប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញនៅក្នុងសប្តាហ៍នេះ៕
————————————————