ភ្នំពេញ: រយៈពេលជិត ៧ ខែឆ្នាំនេះ មានករណីជំងឺគ្រុនឈាម ចំនួន ១៩.៨៨៦ នាក់ ក្នុងនោះស្លាប់ ៧១ នាក់។ តួលេខនេះ មានការកើនទ្បើងរហូតដល់ ២១៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១១។
ថ្ងៃទី 12 សីហា 2012
ដោយ: សារៈ
CEN
លោកវេជ្ជបណ្ឌិត ច ម៉េងចួ នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានឲ្យដឹងថា ក្នុងរយៈពេល ២៩ សប្តាហ៍ ឆ្នាំ២០១១ មានករណីឈឺ ដោយជំងឺគ្រុនចាញ់ ចំនួន ៦.២៩៨ នាក់ និងស្លាប់ ៣១ នាក់។ ករណីឈឺ ដោយជំងឺគ្រុនឈាម បានកើន ២១៩ ភាគរយ នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ២០១២នេះ បើធៀបទៅនឹង ២៦ សប្តាហ៍ឆ្នាំ២០១១។
លោកវេជ្ជបណ្ឌិត បានបន្តថា ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ពោលគឺចាប់ពីសប្តាហ៍ ទី២៦ ករណីឈឺជំងឺគ្រុនឈាម បានថយចុះពី ២.៣៦៥ មកនៅ ១.៨០៨ នាក់ នៅសប្តាហ៍ទី២៩នេះ។
លោកប្រធានមជ្ឈមណ្ឌលរូបនោះបានបន្តថា ប៉ុន្តែឪពុកម្តាយឬអាណាព្យាបាល ត្រូវតែបន្តមានការប្រុងប្រយ័ត្នចំពោះជំងឺនេះ ព្រោះតាមបទពិសោធន៍កន្លងមក លុះត្រា តែដល់សប្តាហ៍ ទី៣០ ទើប មានការថយចុះមែនទែន។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ បានឲ្យដឹងទៀតថា ចាប់ពី២៨សប្តាហ៍ ដល់សប្តាហ៍ទី២៩នេះដែរ ខេត្តដែលមានអត្រានៃជំងឺគ្រុនឈាមខ្ពស់ជាងគេ គឺខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ សៀមរាប កំពង់ស្ពឺ កណ្តាល កំពង់ធំនឹងព្រៃវែង។ រីឯខេត្ត ដែលមិនមានការផ្ទុះរាតត្បាតជំងឺគ្រុនឈាម គឺខេត្តក្រចេះ ពោធិ៍សាត់ មណ្ឌលគីរី ស្ទឹងត្រែង រតនគីរី និងខេត្តកែប៕