ក្រោយពី ឈន ចរិយា បានវិលត្រឡប់ មកពី ញូវហ្សេឡែនវិញ ក៏មាន ព័ត៌មានថា គូស្នេហ៍របស់ នាងដែលបាន ត្រឹមជួបមុខគ្នា តាមទូរស័ព្ទ និងតាម អ៊ីនធឺរណេត នោះ បានកើត ចិត្តប្រចណ្ឌ ចំពោះនាង ដោយសង្ស័យថា នាងមាន ទាក់ទង ជាមួយ បុរស នៅញូវហ្សេ ឡែន ។ បុរសម្នាក់ វ័យជាង ៣០ ឆ្នាំ រស់នៅសហរដ្ឋ អាមេរិក ដែល ឈន ចរិយា ទើបតែបាន ស្គាល់ ប្រមាណជិត មួយឆ្នាំ ប៉ុណ្ណោះ ហើយក៏មិន ដែលបាន ជួបមុខគ្នា ដោយផ្ទាល់ គឺបានត្រឹម ជួបនិយាយ តាមទូរស័ព្ទ និង អ៊ីនធឺរណេត បានបង្ហាញពី អារម្មណ៍ ប្រចណ្ឌមក លើនាង ខ្លាចនាងមាន ទាក់ទងបុរស នៅញូវហ្សេឡែន ពេលនាង ទៅច្រៀងនៅ ទីនោះ កាលពីបុណ្យ ចូលឆ្នាំខ្មែរ កន្លងទៅ ។
Written by ភ្នំពេញដេលីញូវ
Sunday, 12 August 2012
ឈន ចរិយា បានឱ្យដឹង តាមទូរស័ព្ទ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១២ កន្លងទៅថា មុនពេលនាង ចេញទៅ ច្រៀងនៅ ញូវហ្សេឡែន មានព័ត៌មាន លេចឮថា នាងស្កាត់ទៅរក ជួបគូស្នេហ៍ របស់នាង តាមពិត គឺយើង មិនបាន ជួបគ្នាទេ ព្រោះគាត់ ជាប់ រវល់ការងារ នៅឯ សហរដ្ឋអាមេរិក ទើបគ្មានឱកាស បានជួបទេ ។ ដោយសារ មិនបានជួបគ្នា គាត់ក៏បានកើត ចិត្តប្រចណ្ឌ និង ចេះតែបង្កើត ការសង្ស័យ ចំពោះនាង បារម្ភខ្លាច នាងមាន ទាក់ទងអ្នក ផ្សេងនៅ ញូវហ្សេឡែន ។ នាងមិនបាន ប្រកាន់ឡើយ ដោយយល់ថា មកពីគាត់ ស្រឡាញ់ខ្លាំង ទើបគាត់ប្រចណ្ឌ តែនាងក៏បាន ពន្យល់ប្រាប់គាត់ រួចហើយ តាមទូរស័ព្ទ កុំឱ្យមាន ការភាន់ច្រឡំ និង យល់ខុស ចំពោះនាងទៀត ព្រោះធម្មតា ការរាប់អាន គឺនាងមាន ជាមួយមនុស្ស ទូទៅ រីឯ រឿងស្នេហា គឺមានលក្ខខណ្ឌ ច្បាស់លាស់ មិនមែនឃើញ ស្រឡាញ់ៗ នោះដែរ ។
នាងបាន បញ្ជាក់ថា បុរសជាគូស្នេហ៍ នាងម្នាក់នោះ រួមទាំងក្រុមគ្រួសារ គេពេញចិត្តនាង ជាខ្លាំង និង បានប្រាប់ថា សុំពេល មួយឆ្នាំទៀត ទើបគិតគូរ រឿងចូល រោងការ ដូច្នេះមិនទាន់ ចាត់ទុកថា អាចក្លាយជា គូអនាគត ឬ អត់ នៅឡើយទេ ? ចំពោះ នាងវិញ គិតថា ទាល់តែ ក្រាបក្បាល ដល់កន្ទេលរួច ទើបអាច កំណត់ថា ជាគូអនាគត យ៉ាងពិត ប្រាកដ ដូច្នេះនាងមិន ខ្វល់ឡើយ បើជាគូ នឹងបានជួប តែបើមិនមែន ជាគូទោះ ចាំដប់ឆ្នាំ ក៏នៅតែ មិនជួបដែរ ។ នាងចង់បន្ត ស្វែងយល់ចិត្តគ្នា ឱ្យបានយូរ បន្តិច ទៀតសិន ។
ឈន ចរិយា បានប្រតិកម្ម តបនឹងពាក្យ ចចាមអារ៉ាម ដែលលេចឮ នាពេល កន្លងមកថា នាងស្រឡាញ់ រកតែ អ្នកមាន ពិសេសអ្នក នៅក្រៅ ប្រទេស ដោយនាងបាន លើកឡើងថា មាសប្រាក់ ទ្រព្យធន ជារបស់ក្រៅ ខ្លួនទេ គេអាច រកវាបាន ពេល ក្រោយ ដូច្នេះអ្វីដែល សំខាន់ចាំបាច់ មិនអាច ខ្វះបានធ្វើឱ្យ មានសុភមង្គល យូរអង្វែងគឺចិត្ត ស្រឡាញ់ដ៏ពិតៗ ព្រោះបើ និយាយទៅ ភូមិគ្រឹះ រថយន្ត អ្នកណាក៏ចង់ បានដែរ តែបើបានមក មិនមាន ក្តីសុខ ខ្វះសុភមង្គល ក៏វាគ្មាន ប្រយោជន៍ដែរ ។ បើគេ មានមែន តែចិត្តមិនបាន ចិត្តមិនល្អ មិន ស្មោះសរនោះ គឺពិតជាជួបបញ្ហា ដោះស្រាយ មិនចេញ ហើយ ។ រំឭកដល់ការ ចេញទៅច្រៀងនៅ ប្រទេស ញូវហ្សេឡែន កាលពី ពេលចូលឆ្នាំខ្មែរ កន្លងទៅ គឺនាងបាន ទៅរយៈពេល ប្រាំពីរសប្តាហ៍ គឺបានដើរ ច្រៀងតាម រដ្ឋនានា និង បានទទួល ការគាំទ្របង្គួរ ប៉ុន្តែ មិនបាន ប្រាក់ធីប ច្រើនទេ ព្រោះកន្លែងដែល នាងបានទៅ ច្រៀងមានត្រឹមម្ភៃ ទៅសាមសិបតុ និង ការដើរទៅ តាមផ្ទះ ក៏មិនសូវ បានទៅ ព្រោះបងប្អូន នៅទីនោះ គាត់ជាប់ រវល់នឹងកិច្ច ការងារ រៀងខ្លួន ព្រោះតែនាង បានចេញទៅ ញូវហ្សេឡែន កាលពីខែ មេសា ទើប គម្រោងការ ត្រៀម ចេញទៅ ប្រទេសបារាំង នាខែកញ្ញា ឆ្នាំ ២០១២ ខាងមុខ របស់នាង ត្រូវខកខាន ដោយសារគេ ត្រូវការលិខិត ឆ្លងដែន នាងយកទៅ រត់ការ រយៈពេល ពីរទៅ បីខែ ជាមុន តែដោយលិខិត ឆ្លងដែន របស់នាង ជាប់នៅ ញូវហ្សេឡែន ទើបមិនបាន ទៅ តាមការ គ្រោងទុក ។
ការចេញច្រៀង នៅបរទេស របស់នាង មិនមែនជា លើកទី ១ ទេ ពោល គឺនាងធ្លាប់ទៅ ច្រៀងនៅក្រៅ ប្រទេស នាពេលកន្លងមក មានដូចជាប្រទេស បារាំងកាលពី ឆ្នាំ ២០០៧ ប្រទេសអូស្ត្រាលី ឆ្នាំ ២០០៨ និង ខែមេសា ឆ្នាំ ២០១២ កន្លងទៅ ថ្មីៗនៅ ញូវហ្សេឡែន ។
ឈន ចរិយា ជាអ្នកចម្រៀងម្នាក់ ដែលចេះច្រៀង បទចម្រៀងចម្រុះ គឺមានទាំង បទចម្រៀង ពីដើមៗ ក្នុងអំឡុង ទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ ផង និង ចេះច្រៀងបទ ចម្រៀងថ្មីៗ សម័យបច្ចុប្បន្ននេះ បានយ៉ាងពីរោះផង ។ សព្វថ្ងៃ នាងជា អ្នក ចម្រៀង ស្រីម្នាក់ ច្រៀង ជាប្រចាំនៅ ភោជនីយដ្ឋាន ទីក្រុងមាស ៕
