មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ព្រួយ​បារម្ភ​ចំពោះ​ការ​បំពាន​លើ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​កម្ពុជា

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ថ្ងៃ​នេះ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បំពាន​នីតិវិធី នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​រំលោភ​កុមារ និង​អ្នក​បាញ់​ប្រហារ​ក្រុម​កម្មករ​នៅ​ក្រៅ​ឃុំ ចំណែក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ត្រូវ​ជាប់​ឃុំ។

ច័ន្ទ 13 សីហា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

លោក ម៉ម សូណង់ដូ អ្នកការពារសិទ្ធិមនុស្សពេលនេះកំពុងជាប់ឃុំ នៅពន្ធនាគារ ខណៈដែលជនរំលោភសិទ្ធិមនុស្សនៅក្រៅឃុំ

លោក ម៉ម សូណង់ដូ អ្នកការពារសិទ្ធិមនុស្សពេលនេះកំពុងជាប់ឃុំ នៅពន្ធនាគារ ខណៈដែលជនរំលោភសិទ្ធិមនុស្សនៅក្រៅឃុំ

តាម​រយៈ​វិចារណកថា​ព័ត៌មាន មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​ឡើង​ថា ជន​ជាប់​ចោទ នៃ​អំពើ​ពេស្យាចារ​កុមារ​លោក សេវ៉ាស្ទៀន រ៉ូឡ ដែល​បាន​រំលោភ​លើ​កុមារ​ចំនួន​៥នាក់​នៅ​ខេត្ត​សៀមរាប កំពុង​មាន​សេរីភាព​នៅ​ឡើយ បើ​ទោះ​បី​ជា​មាន​របាយ​ការណ៍​ថា​លោក​រំលោភ​លើ​លក្ខខណ្ឌ​កាតព្វកិច្ច នៃ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ក្តី។

បើ​តាម​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក រ៉ូឡ ត្រូវ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ដោយ​សាលា​ដំបូង​ខេត្ត​សៀមរាប បើ​ទោះ​បី​ជា​លោក​ត្រូវ​បាន​ផ្តន្ទា​ទោស​ដោយ​ការ​ចោទ​ប្រកាន់​ស្រដៀង​គ្នា​នេះ​នៅ​ប្រទេស​ហូឡង់​កាល​ពី​ឆ្នាំ​២០០៣​ក៏​ដោយ។ ហើយ​ពេល​នេះ លោក រ៉ូឡ ត្រូវ​បាន​រាយ​ការណ៍​ថា កំពុង​តែ​រស់​នៅ​ជាមួយ​ក្មេង​ប្រុស​បី​នាក់​ដែល​បាន​ចោទ​ប្រកាន់​លោក​ថា រំលោភ​បំពាន ដែល​វា​បង្ក​ឲ្យ​មាន​ការ​បារម្ភ​ថា លោក​ រ៉ូឡ កំពុង​អូស​ទាញ​កុមារ​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទាំង​នោះ​ក្នុង​គោល​បំណង​បញ្ចុះ​បញ្ចូល​ឲ្យ​ដក​ពាក្យ​បណ្តឹង​ដែល​ចោទ​ប្រកាន់​លើ​រូប​លោក។

ក្រៅ​ពី​នេះ ក៏​នៅ​មាន​ករណី​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​នៅ​ខេត្ត​ស្វាយ​រៀង ដែល​ត្រូវ​ចោទ​ប្រកាន់ និង​សារភាព​ថា បាន​បាញ់​កម្មការិនី​ចំនួន​បី​នាក់​នៅ​រោងចក្រ​កៅវ៉េ​កាល​ពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ តែ​នៅ​ពេល​នេះ លោក​នៅ​តែ​ជា​ជន​ដែល​មាន​សេរីភាព​នៅ​ឡើយ។

តែ​ផ្ទុយ​ទៅ​វិញ ករណី​លោក ម៉ម សូណង់ដូ ប្រធាន​ស្ថានីយវិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ បែរ​ជា​ត្រូវ​តុលាការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​មាន​រយៈ​ពេល​យូរ ហើយ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវ និង​មាន​ហេតុ​ផល​ផ្នែក​នយោបាយ។

ចំពោះ​ករណី​នេះ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​និយាយ​ថា «តុលាការ​មាន​កាតព្វកិច្ច​ដើម្បី​ធានា​ថា ច្បាប់​ត្រូវ​បាន​អនុវត្ត​ដោយ​ស្មើ​ភាព និង​យុត្តិធម៌។ ឆន្ទានុសិទ្ធិ​ដើម្បី​សម្រេច​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​កំពុង​ត្រូវ​បាន​បំពាន​យ៉ាង​ជាក់​ច្បាស់​ណាស់ ដោយ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ឧបករណ៍​នយោបាយ​ប្រឆាំង​នឹង​បុគ្គល​ដែល​ហ៊ាន​និយាយ​ប្រឆាំង​នឹង​អាជ្ញាធរ ខណៈ​ពេល​ដែល​បុគ្គល​ជន​ជាប់​ចោទ នៃ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព»។

លោក អ៊ូ វីរៈ បាន​បន្ត​ថា វា «ជា​ការ​ខុស​ធ្ងន់​ណាស់ ប្រសិន​បើ​មនុស្ស​ដូច​ជា​លោក រ៉ូឡ ឬ​លោក ឈូក បណ្ឌិត មាន​សេរីភាព ខណៈ​ពេល​ដែល​បុគ្គល​ដូច​ជា​លោក ម៉ម សូណង់ដូ ត្រូវ​បាន​បដិសេធ​ពាក្យ​ស្នើ​សុំ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន»៕

What Next?

Recent Articles

3 Responses to "មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ព្រួយ​បារម្ភ​ចំពោះ​ការ​បំពាន​លើ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​កម្ពុជា"

  1. PUk ah khmeng pler says:

    មើលអ្នកស្អាកស្អំមធ្វើរិកគេចាប់ហើយនៅធ្វើសប្បាយទៀត អូ…….គេគឹជា Boss ចឹងបានគ្មានអ្នករិសគុណអីសះ

  2. ta prum says:

    CCHR, (vIRAK) should have known procedures-requirements well
    cos, HE used to live USA,

    of course, they already had staffs to take care inmates needs.

  3. ក្មេងវត្ត says:

    អ្នកច្បាប់នៅស្រុកខ្មែរគឺសុទ្ធតែបានឌីប្លូមមកពីហាណូយ ពួកបណ្ឌិតៗក៍អញ្ចឺងដែរ ដូច្នេះហើយបានជាការកាត់ក្ដីនៅស្រុកខ្មែរចម្លែកពីស្រុកគេដ៍ទៃក្នុងលោក ខុសក្លាយជាត្រូវ ត្រូវក្លាយជាខុស បើគ្នាគេចង់បាញ់សម្លាប់អ្នកណាក៍គ្មានទោសអ្វីដែរ រីឯអ្នកដែលមិនគាំទ្រគេគ្មានកំ
    ហុសអីក៍គេចាប់ដាក់គុកដែរ គេស្ដាប់បញ្ជាមកតែពីហាណូយទេ។