មន្ត្រី​ប្រឆាំង​អំពើ​ពុករលួយ​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​រៀបចំ​ដី​សម្បទាន

មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ និង​ក្រុម​មន្ត្រី​អធិការកិច្ច​ក្រសួង​មហាផ្ទៃ រួម​ទាំង​មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត កំពុង​ស៊ើប​អង្កេត​ផ្ទៀង​ផ្ទាត់​លើ​ការងារ​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​ទៅ​ឲ្យ​អតីត​យុទ្ធជន និង​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។

ដោយ សួន សុផលមុន្នី
2012-08-13
​វិទ្យុ​អាស៊ីសេរី

រូប​សំណាក​តា​ដំបង​គ្រញូង​នៅ​ក្នុង​ទីរួម​ខែត្រ​បាត់ដំបង។

រូប​សំណាក​តា​ដំបង​គ្រញូង​នៅ​ក្នុង​ទីរួម​ខែត្រ​បាត់ដំបង។
RFA Photo/Sophalmony

នៅ​ខេត្ត​បាត់ដំបង ការ​ស៊ើប​អង្កេត​នេះ កំពុង​​​ធ្វើ​ទៅ​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចំណាយ​ថវិកា​ សម្រាប់​គម្រោង​រៀបចំ​ដីសម្បទាន​សង្គមកិច្ច​ទៅ​ឲ្យ​អតីត​គ្រួសារ​យុទ្ធជន ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ប្រទេស​កម្ពុជា។

សកម្មភាព​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាប់​ឃាត់​ខ្លួន​មន្ត្រី ៤​រូប របស់​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​ ដែល​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កិបកេង​ថវិកា​របស់​រដ្ឋ​ដែល​ត្រូវ​បាន​ផ្ដល់​សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លូវ​ថ្នល់ លំនៅឋាន សាលារៀន​ អណ្ដូង​ទឹក​នៅ​ក្នុង​គម្រោង​រៀបចំ​ដីសម្បទាន​សង្គមកិច្ច​របស់​រដ្ឋាភិបាល។

ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បង្ហាញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​មន្ត្រី ៤​រូប របស់​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់ កាល​ពី​ពេល​ថ្មីៗ​នេះ​​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ចំណាយ​ថវិកា​លើ​គម្រោង​រៀបចំ​ដីសម្បទាន​សង្គមកិច្ច​នៅ​ឃុំ​បឹង​ប្រាំ។

ក្រុម​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្រុម​មន្ត្រី​អធិការកិច្ច​ក្រសួង​មហាផ្ទៃ​ កំពុង​​ធ្វើ​កិច្ចការ​នេះ​ដើម្បី​ផ្ទៀង​ផ្ទាត់​មើល​សមិទ្ធផល​មួយ​ចំនួន​ដែល​បាន​អភិវឌ្ឍន៍​នៅ​ឃុំ​បឹង​ប្រាំ​ តើ​អាច​សម​ស្រប​តប​ទៅ​នឹង​ខ្ទង់​ចំណាយ​ថវិកា​ដែរ​ឬ​អត់។

មន្ទីរ​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ ខេត្ត​បាត់ដំបង ​បាន​បដិសេធ​ថា ពុំ​បាន​ដឹង​ពី​ក្រុម​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ឃុំ​បឹង​ប្រាំ នេះ​ទេ ប៉ុន្តែ​លោក ងួន រតនៈ ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​មាន​ប្រសាសន៍​ថា ​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្លូវ​ថ្នល់ លំនៅឋាន​គ្រួសារ​យុទ្ធជន​នៅ​ឃុំ​បឹង​ប្រាំ មាន​កិច្ចសន្យា​ត្រឹមត្រូវ ​ហើយ​គម្រោង​សម្រាប់​ឆ្នាំ​២០១១ បាន​បញ្ចប់។ ប៉ុន្តែ​លោក​បាន​បដិសេធ​ពី​ចំនួន​ថវិកា​ក្នុង​ការ​ចំណាយ​ទៅ​គម្រោង​អភិវឌ្ឍន៍​នៅ​ឃុំ​បឹង​ប្រាំ។

លោក ងួន រតនៈ៖ «គម្រោង​គេ​មាន​ធ្វើ​ផ្ទះ ធ្វើ​ផ្លូវ​ក្នុង​ឆ្នាំ​២០១១ យើង​មាន​ផ្លូវ​ក្រួស​ក្រហម មាន​ផ្លូវ​លំ មាន​ផ្ទះ​ឈើ ៨០​ខ្នង ផ្លូវ​ក្រួស​ក្រហម ១០​គីឡូ ហើយ​ផ្លូវ​លំ ៥​គីឡូ ផ្លូវ​ក្នុង​ភូមិ ហើយ​ឈូស​ឆាយ​ កាប់​ព្រៃ​ មាន​តួលេខ​ មាន​កិច្ច​សន្យា​គេ គម្រោង​យើង​បាន​អនុវត្ត​ចប់​ ហើយ​យើង​បាន​ធ្វើ​តាម​ផែនការ ធ្វើ​តាម​គម្រោង​ដែល​ក្រសួង​បាន​ដាក់​ចុះ​មក​មាន​ផ្ទះ មាន​ផ្លូវ​មាន​អី យើង​បាន​ធ្វើ​អស់​ហើយ មាន​ស្រះ​ទឹក លូ​អី​មាន​កំផ្លេ​អស់​ហើយ»

នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ កាល​ថ្ងៃ​ទី​៣ ខែ​មិថុនា​ ឆ្នាំ​២០១២ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ជួប​ប្រជុំ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ប្រចាំ​ខេត្ត​បាត់ដំបង​ដើម្បី​ប្រកាស​ទ្រព្យសម្បត្តិ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ ប្រភព​បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​គ្រប់​ឃុំ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ ដូចជា​ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ស្ពឺ និង​​ខេត្ត​បាត់ដំបង ដើម្បី​តាម​ដាន​ពិនិត្យ​មើល​លើ​ភាព​មិន​ប្រក្រតី ក្នុង​ការ​ចំណាយ​ថវិកា​សម្រាប់​គម្រោង​សម្បទាន​សង្គមកិច្ច​ទៅ​ឲ្យ​អតីត​យុទ្ធជន និង​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ជា​គោលនយោបាយ​របស់​រដ្ឋាភិបាល។

មេ​ឃុំ​បឹង​ប្រាំ​ លោក ឈា នី បាន​ថ្លែង​ថា ក្រុម​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ក៏​បាន​ទាក់ទង​ ទៅ​អាជ្ញាធរ​ឃុំ​បឹង​ប្រាំ ​ដើម្បី​ពិនិត្យ​បញ្ហា​មួយ​ចំនួន​នៅ​ទី​នោះ។ លោក​បន្ត​ថា កាល​ពី​ថ្ងៃ​សៅរ៍ ទី​១១ ខែ​សីហា ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក ស ខេង បាន​ចុះទៅ​ស្រុក​គាស់ក្រឡ ដែល​ជា​តំបន់​មួយ​កើត​មាន​ជម្លោះ​ដីធ្លី​ច្រើន​ឆ្នាំ។ ទន្ទឹមគ្នា​នោះ​ លោក ស ខេង ក៏​បាន​ចាត់​មន្ត្រី​សំខាន់​មួយ​ចំនួន​ចុះ​ទៅ​ពិនិត្យ​ការ​រាំង​ស្ទះ​លើ​គម្រោង​ដីសម្បទាន​សង្គមកិច្ច នៅ​ឃុំ​បឹង​ប្រាំ។

លោក ឈា នី៖ «រឿង​នេះ​ប្រហែល​ជា​អាច​ធ្លុះធ្លាយ ព្រោះ​ម្សិលមិញ ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី ​ ស ខេង លោក​ឲ្យ​ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការ​ហ្នឹង​មក​សម្រប​សម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ល្ងាច​មិញ។ មាន​កិច្ច​បើក​ប្រជុំ​មួយ​ជាមួយ​ប្អូន​និស្សិត ដែល​មាន​ការ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ ជាមួយ​តំណាង​ភូមិ​ហ្នឹង​ ជួប​គ្នា​ជាមួយ​ឯកឧត្ដម សក់ សេដ្ឋា»

ទាក់ទិន​បេសកកម្ម​របស់​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​កំពុង​ចុះ​ត្រួត​ពិនិត្យ​មើល​លើ​គម្រោង​អភិវឌ្ឍន៍​នានា​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ខេត្ត​បាត់ដំបង​នេះ លោក ប្រាជ្ញ ច័ន្ទ ជា​អភិបាល​ខេត្ត​បាត់ដំបង​ បាន​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​បែប​ណា​ទេ ​ដោយ​លោក​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ​ពុំ​បាន​ដឹង​រឿង។ យ៉ាង​នេះ​ក្តី​ប្រភព​បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ក្រុម​អធិការកិច្ច​ក្រសួង​មហាផ្ទៃ​ បាន​ផ្ដោត​ការងារ​ជា​សំខាន់​ទៅ​លើ​គម្រោង​រៀបចំ​ដីសម្បទាន​សង្គមកិច្ច ​នៅ​ឃុំ​បឹង​ប្រាំ។

រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ ២០២ ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១១។ អនុក្រឹត្យ​នោះ​រដ្ឋាភិបាល​​បាន​សម្រេច​យក​ផ្ទៃ​ដី​ទំហំ ៣.៦៣៨​ហិកតារ ដើម្បី​ចែក​ទៅ​ឲ្យ​អតីត​គ្រួសារ​កងទ័ព ២៥០​គ្រួសារ និង​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ១.៧៣៦​គ្រួសារ។

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​បឹង​ប្រាំ ជា​ឃុំ​ទើប​បង្កើត​ថ្មី ទទួល​បាន​តែ​ដី​លំនៅឋាន​ ក្នុង​១​គ្រួសារ​ មាន​ទំហំ ៤០​ម៉ែត្រ គុណ​នឹង ៤០​ម៉ែត្រ​ ប៉ុន្តែ​ដី​ស្រែ​ចម្ការ​នៅ​ពុំ​ទាន់​ទទួល​បាន​តាម​គោល​នយោបាយ​បែងចែក​ដីសម្បទាន​សង្គមកិច្ច​របស់​រដ្ឋាភិបាល​ទេ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ​ធ្លាប់​បាន​លើក​ឡើង​ថា ​បើ​សិន​ជា​ការ​រៀប​ចំ​ដីសម្បទាន​សង្គមកិច្ច​របស់​ រដ្ឋាភិបាល​ នៅ​ឃុំ​បឹង​ប្រាំ ត្រូវ​បរាជ័យ​មែន​នោះ បញ្ហា​នេះ​នឹង​នាំ​ឲ្យ​ប៉ះពាល់​គោលនយោបាយ​ផ្ដល់​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋាភិបាល​ ហើយ​ករណី​នេះ​អាច​សាយ​ភាយ​ទៅ​តំបន់​ផ្សេង​ទៀត។

ទាក់ទិន​វត្តមាន​របស់​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​និង​ក្រុម​មន្ត្រី​អធិការកិច្ច​ក្រសួង​មហាផ្ទៃ ដែល​កំពុង​បំពេញ​បេសកកម្ម ​ពិនិត្យ​ភាព​មិន​ប្រក្រតី​ដែល​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ អំពើ​ពុករលួយ​ក្នុង​គម្រោង​នោះ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ស្វាគមន៍​ដោយ​ប្រុងប្រយ័ត្ន ហើយ​អត្ថាធិប្បាយ​ថា ពួកគេ​ចង់​ឃើញ​លទ្ធផល​ផ្លែផ្កា​នៃ​ការ​អនុវត្ត​ច្បាប់​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព។

ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម​ និង​សំណង់​ថ្មីៗ​នេះ ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាប់​មន្ត្រី​របស់​ខ្លួន៤​រូប។ ក្រសួង​បង្កើត​គណៈកម្មការ​មួយ​ចុះ​ពិនិត្យ​ស្ថានភាព​ លទ្ធផល​សម្រេច​ជាក់​ស្ដែង​នៃ​គម្រោង។ ក្រសួង​បាន​ព្យួរ​ការងារ​របស់​លោក ផូរ វុឌ្ឍី ប្រធាន​នាយកដ្ឋាន​ផែនការ​សេដ្ឋកិច្ច​ និង​ហិរញ្ញ​កិច្ច​របស់​ក្រសួង ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ​ឆ្នាំ​២០១២ ដើម្បី​ឲ្យ​គណៈកម្មការ​សវនកម្ម​របស់​ក្រសួង​ធ្វើ​អធិការកិច្ច​ដោយ​ចំហ ​និង​មាន​កិច្ច​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី។

ជា​លទ្ធផល​មកដល់​ពេល​នេះ ​មន្ត្រី​របស់​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់ ៤​រូប ​ដែល​ជាប់​សង្ស័យ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បញ្ជូន​ទៅ​តុលាការ​ដើម្បី​បន្ត​ការ​ស្រាវជ្រាវ​ និង​ សម្រេច​តាម​នីតិវិធី​នៃ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មន្ត្រី​ប្រឆាំង​អំពើ​ពុករលួយ​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​រៀបចំ​ដី​សម្បទាន"

  1. Make Iteasy says:

    តើនៅស្រុកខ្មែរ មានមន្ត្រីណាមួយមិនពុករលួយនោះ ការរកអ្នកពុករលួយចាំអី បូបាច់ច្រើន ទៅវាស់ដី វាយតំលែគរោង វាគ្មានប្រយោជន៏ទេ
    មើលមន្ត្រីមានលុយច្រើន ប្រាក់បៀវត្សគាត់ប៉ុន្មាន បើមានខុសរឿង អាហ្នឹងហើយ ហៅថាពុករលួយ សុំឲ្យច្បាប់ស្រុកខ្មែរ កុំយកលេស ប្រពន្ឋឆ្លាត ចេះរកស៊ី មកបិទបាំង

    បែបនេះ បោកបានតែកូនក្មេងមតេយ្យទេ