ផ្ទុះ​គ្រាប់​មីន​នៅ​ចម្ការ បណ្តា​ឲ្យ​របួស​ធ្ងន់​ស្រាល​៤នាក់

ក្រចេះ: ​អ្នក​ចម្ការ​៤​នាក់​រង​របួស​ធ្ងន់ ​និង​ស្រាល ត្រូវ​បាន​សាច់​ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ បន្ទាប់​ពី​គ្រាប់​មីន១​គ្រាប់​បាន​ផ្ទុះ លាន់​កក្រើក​ចេញ​ពី​ភ្នក់​ភ្លើង​មួយ​កន្លែង​ត្រង់​ចំណុច​វាល ចម្ការ​ដំឡូង​មី កាល​ពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១២ សីហា ២០១២ ស្ថិត​ក្នុង​ភូមិ​កាបី ឃុំ​២ធ្នូ ​ស្រុក​ស្នួល ខេត្ត​ក្រចេះ។

Monday, 13 August 2012
លៀង សារិទ្ធ
ភ្នំពេញ ប៉ុស្តិ៍


លោក ង៉ា សោ​យ៉ុន នាយ​រង​ផ្នែក​នគរបាល​ស្រុក​ស្នូល បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​នេះ ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួស​ធ្ងន់ និង​ម្នាក់​រង​របួស​ស្រាល​ ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពុង​ចាម។ លោក​បាន​បញ្ជាក់​ថា ៖« យើង​មិន​ដឹង​ថា គ្រាប់​នោះ ជា​ប្រភេទ​គ្រាប់​អីទេ​ គេ​ទុក​វា​ក្នុងប្រហោង​ឈើ​ងាប់ ជន​រង​គ្រោះ​បាន​ប្រមូល​យក​មក​ដុត​ក៏​ផ្ទុះ បណ្តាល​ឲ្យ​រង​របួស​បែប​នេះ»។

លោក​បាន​បន្ត​ថា អ្នក​រង​របួស​ទាំង​៤​នាក់ មាន​ វន់ វ៉ាន់​ណិត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ស្រី សុភ័ក្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ កន ដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ឈ្មោះ ​រី ​ភេទ​ប្រុស អាយុ​ប្រហែល​៤២​ឆ្នាំ រស់​នៅ​ស្រុក​ត្បូង​ឃ្មុំ ជា​អ្នករង​របួស​ស្រាល។

តាម​ការ​បំភ្លឺ​របស់ លោក នាង វន់​ អាយុ​៤២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្លែង ឃុំ​ជីគរ​ ស្រុក​ត្បូង​ឃ្មុំ ​ត្រូវជា​ឪពុក ជន​រង​គ្រោះ​ឈ្មោះ វន់ វ៉ាន់​ណិត បាន​ឲ្យ​ដឹង​ថា រូប​គាត់​បាន​ចេញ​ពី​ស្រុក​កំណើត​មក​ធ្វើ​ចម្ការ​នៅ​ស្រុក​ស្នួល​នេះ រយៈ​ពេល​ជាង​៤​​ឆ្នាំ​មក​ហើយ ​ ។

លោក​បន្ត​ថា​នៅរសៀល​ថ្ងៃ​កើត​ហេតុ កូន​ប្រុស​គាត់​រួម​និង​មនុស្ស​៣​នាក់​ទៀត បាន​នាំ​គ្នា​ជម្រះ​ស្មៅ​ចម្ការ ហើយ​ប្រមូល​យក​មក​ដុត​នៅ​ត្រង់​គល់​ឈើ​ស្រឡៅ ដោយ​មិន​ដឹង​ថា នៅ​គល់​ឈើ​នោះ​មាន​គ្រាប់​ដែល​គេ​កប់​ក្នុងដី ពេល​ត្រូវ​កម្តៅ​ភ្លើង​ក៏ផ្ទុះ លាន់​ឮ​កក្រើក ជាហេតុ​ធ្វើ​ឱ្យ​មាន​រង របួស​ធ្ងន់​-ស្រាល​បែប​នេះ ។

What Next?

Recent Articles