ភ្នំពេញៈ តារាចម្រៀងប្រចាំក្រុមតោមាសលោក រតនៈ ពិសិដ្ឋ និងមិត្តរួមអាជីព៤នាក់ទៀត ត្រូវចេញដំណើរទៅសម្តែងនៅប្រទេសជប៉ុនកាលពីរាត្រីថ្ងៃទី៧ ខែសីហា វេលាម៉ោង១១យប់ ហើយនៅម៉ោងប្រមាណជាង៩យប់ គេបានឃើញតារាសម្តែងសម្បុរស្រអែមស្រស់សោភានាង សាន សុម៉ាលី បានបណ្តើរតារាចម្រៀង រតនៈ ពិសិដ្ឋ ដែលមុននេះល្បីថាមានចំណងស្នេហ៍នឹងគ្នា តែពីរនាក់ដល់ព្រលានយន្តហោះមុនគេ។ ភ្លាមនោះ សាន សុម៉ាលី បានជម្រះបញ្ជីជាមួយនឹង រតនៈ ពិសិដ្ឋ តែម្តង ដោយនាងបានប្រកាសប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅមុខមហាជនដ៏ច្រើនកុះករនៅមុខច្រកចូលថា នាង និង រតនៈ ពិសិដ្ឋ គ្មានស្អីៗនឹងគ្នាទេ។
Tuesday, 14 August 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ក្រោយការវិលចូលសិល្បៈវិញតារាសម្តែងឆ្នាសឆ្នើមជាប់ងារជីដូន កាកី នាង សាន សុម៉ាលី បានរំលេចចេញនូវភាពស៊ីវិល័យស្រស់ស្អាតមិនចាញ់កាលពីប៉ុន្មាន ឆ្នាំមុនឡើយ ហើយជារឿយៗតែងមានសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយថា តារារូបនេះបានបែកបាក់គូស្នេហ៍ទើបនាងសម្លឹងឃើញអាជីពសិល្បៈជា ថ្មី។ តែទោះជាយ៉ាងណា តារារូបនេះនៅតែអះអាងថា ក្នុងអំឡុងពេលស្ងៀមស្ងាត់របស់នាង មិនមានន័យថា នាងលាឈប់ពីសិល្បៈឡើយ ពោលគឺនាងគ្រាន់តែរយាលពេល និងចង់សម្រាកបន្តិចប៉ុណ្ណោះ។
ក្រោយបង្ហាញខ្លួនជាថ្មី បណ្តាលឲ្យពាក្យចេចចូចជុំវិញរឿងរ៉ាវស្នេហាបានលេចឡើងម្តងទៀត នៅពេលដែលទស្សនិកជនគ្រប់មជ្ឈដ្ឋានបានមើលឃើញយ៉ាងច្បាស់ពីភាព ផ្អែមល្ហែមស្អិតល្មួតរវាងនាង និងតារាចម្រៀងក្នុងក្រុមតោមាសលោក រតនៈ ពិសិដ្ឋ ។ ពាក្យចចាមអារ៉ាមបានលេចឡើងថា នាងបានសាងស្នេហ៍ជាមួយនឹង រតនៈ ពិសិដ្ឋ តែជាញឹកញយតារារូបនេះបានបដិសេធ។ ដោយសារតែមន្ទិលរបស់មហាជននៅតែដិតដាមស្នាមស្នេហ៍មួយនេះ ដូច្នេះហើយបានជាតារាសម្តែងល្បីបង្គួរនាង សាន សុម៉ាលី បានជម្រះបញ្ជីឲ្យដឹងសខ្មៅនៅមុខមហាជននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញពេលជូនដំណើរឡើងយន្តហោះទៅសម្តែងនៅប្រទេសជប៉ុន ដោយនាងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្តែងៗថា រវាងនាង និងរតនៈ ពិសិដ្ឋ ថ្វីដ្បិតតែផ្អែមល្ហែមនឹងគ្នាមែន តែមិនមែនក្នុងន័យស្នេហានោះឡើយ ពោលគឺអ្នកទាំងពីរគ្រាន់តែរាប់អានគ្នាជាមិត្តភក្តិដ៏ជិត ស្និទ្ធតែប៉ុណ្ណោះ។
នៅចំពោះមុខមហាជនដ៏ច្រើនកុះករដែលចោមរោមមើលនោះ សាន សុម៉ាលី បាននិយាយថា៖«ជាការពិតណាស់ កន្លងមកខ្ញុំ និងលោក រតនៈ ពិសិដ្ឋ តែងមានវត្តមានជាមួយគ្នា ទៅណាមកណាតែងហៅគ្នាទៅ អ៊ីចឹងហើយបានជាមានពាក្យគេថា ខ្ញុំទាំងពីរហ្នឹង ស្រឡាញ់គ្នា ជាគូស្នេហ៍នឹងគ្នា តែតាមពិតអ្នកដឹងបានដឹងថា ពួកយើងទាំងពីរជាអ្វីនឹងគ្នា»។
នាងបានជម្នះបញ្ជីជាមួយនឹង រតនៈ ពិសិដ្ឋ នៅមុខមហាជននោះថា៖ «ថ្ងៃនេះ ខ្ញុំមកជូនដំណើរគាត់ ព្រោះខ្ញុំ និងគាត់ជាមិត្តភក្តិគ្នា គឺមិនមែនជាគូស្នេហ៍ដូចគេថា នោះឡើយ»។
ស្របគ្នានោះ រតនៈ ពិសិដ្ឋ ក៏បានងក់ក្បាល ហើយឆ្លើយថា៖«មែនហើយបង! ពួកគេតែងនិយាយថា ពួកខ្ញុំទាំងពីរជាគូស្នេហ៍នឹងគ្នា តែការពិតមិនមែនអ៊ីចឹងទេ ពួកខ្ញុំស្រឡាញ់គ្នាក្នុងនាមមិត្តភាពមិនមែនស្នេហាទេ»។
នៅពេលដែលបដិសេធម្តងហើយម្តងទៀតបែបនេះ សាន សុម៉ាលី ក៏បានឲ្យដឹងពីជម្រៅស្នេហ៍របស់នាងថា នាងនៅពេលនេះ ស្ថិតនៅជានារីខ្លួនមួយ មិនមានជាប់សម្ព័ន្ធបេះដូងជាមួយនឹងបុរសណាម្នាក់ឡើយ ដោយនាងបានឲ្យដឹងថា នាងចង់រស់នៅក្នុងសភាពបែបនេះ ហើយរឿងគូស្រករយ៉ាងណាចាំមើលពេលវេលាខាងមុខទៀតចុះ។
នាងបានបញ្ជាក់ថា៖«នៅពេលនេះ ខ្ញុំមិនទាន់ចង់គិតពីបញ្ហាស្នេហានៅឡើយទេ ខ្ញុំចង់រស់នៅម្នាក់ឯងសិន ហើយបើពេលបន្តិចទៀតយ៉ាងណានោះ ខ្ញុំនឹងប្រាប់បន្តទៀត»។
ការអះអាងរបស់សាន សុម៉ាលី ថា នាងគ្មានទំនាក់ទំនងស្នេហាជាមួយនឹង រតនៈ ពិសិដ្ឋ ទំនងជាត្រូវ តែបើអះអាងថា នាងគ្មានគូស្នេហ៍នៅពេលនេះ ហាក់ដូចជាមិនគួរឲ្យទុកចិត្តប៉ុន្មានឡើយ ព្រោះក្រោយពេលជូនដំណើរ រតនៈ ពិសិដ្ឋ ឡើងយន្តហោះរួចនោះ ស្រាប់តែគេឃើញ សាន សុម៉ាលី បានអង្គុយលេងញាំអាហារ និងពិសាភេសជ្ជៈនៅកង់ទីនឯព្រលានយន្តហោះ យ៉ាងស្និទ្ធស្នាលជាមួយនឹងបុរសវ័យក្មេងម្នាក់ដែលគេសង្ស័យថាបុរសរូបនោះជាគូស្នេហ៍ថ្មីរបស់នាង ប៉ុន្តែទោះជាយ៉ាងណានាងមិនទាន់និយាយពីរឿងនេះឡើយ។
គួរបញ្ជាក់ថា អតីតកាលរបស់តារាសម្តែងសម្បុរស្រអែម សាន សុម៉ាលី ហៅ ស្រីខ្លឹង ធ្លាប់ហែលឆ្លងជាក្មេងទូលនំកំប៉ិកកំប៉ុកអង្ករកំប៉ុងលក់នៅតាម ដងផ្លូវនៅក្នុងខេត្តបាត់ដំបង ហើយនាងបានសម្រេចចិត្តបោះបង់ចោលការសិក្សានៅត្រឹមថ្នាក់ទី៩ និងបានមកស្វែងរកអនាគតនៅភ្នំពេញទីបំផុតក៏បានក្លាយជាតារា៕