គ្រឿង​សមុទ្រ​អាំង កំពុង​ពេញនិយម​ពី​សំណាក់​យុវវ័យ​នៅ​ទីក្រុង​ភ្នំពេញ​

ភ្នំពេញ: ​នៅតាម​បណ្តោយ​ផ្លូវ ៥១ (ប៉ាស្ទ័រ) ត្រង់​ផ្តុំ​ក្រោយ​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ខាងមុខ​សាលាបឋមសិក្សា​ដូនពេញ​មាន​របរ​លក់​គ្រឿង​សមុទ្រ​អាំង ដែល​កំពុង​ពេញនិយម​ពី​សំណាក់​អ្នក​ញ៉ាំ​ជា​ច្រើ​នាក់ ជាពិសេស​សម្រាប់​យុវវ័យ ។ របរ​មួយ​នេះ​ទើបតែ​កកើត​មាន​ថ្មីៗ​នេះ​ទេ ប៉ុន្តែ​បាន​ប្រមូល​ស្រូបយក​អ្នកទិញ​មក​ផ្តុំគ្នា​ញ៉ាំ​អាហារ​សមុទ្រ​អាំង​ទាំងនោះ បាន​យ៉ាងច្រើន​កុះករ សឹងតែ​មិន​កន្លែង​អង្គុយ​ញ៉ាំ​ទៀតផង ។

ថ្ងៃទី 14 សីហា 2012
ដោយ: វឿន សាវុធ
CEN



​យុវជន​ម្នាក់​កំពុង​ឈរ​អាំង​គ្រឿង​សមុទ្រ​យ៉ាង​ញាប់ដៃ​ឆ្មេ​រ រី​បុរស​ម្នាក់ទៀត​កំពុង​ឈរ​ថ្លឹង​មឹក និង​បង្គា​ទាំង​ប្រញាប់ប្រញាល់ ហើយ​អ្នក​គិតលុយ​ក៏​គិតលុយ​ពី​អ្នកទិញ​សឹងតែ​មិនទាន់​ដែរ ។ ព្រោះ​អ្នក​ញ៉ាំ​មក​ច្រើនណាស់ ធ្វើ​ឲ្យ​អ្នកលក់​មានទឹក​មុខរីក​រាយ​សប្បាយចិត្ត នឹង​អាជីព​របស់ខ្លួន​ក្រៃលែង ។ វា​មានការ​ហត់នឿយ​បន្តិច​មែន តែ​បានផ្តល់​ប្រាក់កម្រៃ​គួរសម​ម្យ៉ាងដែរ​ចំពោះ​អ្នកលក់​ទាំងនោះ ។

​ស្ត្រី​ម្នាក់​ជា​អ្នកលក់​គ្រឿង​សមុទ្រ​អាំង​នៅជាប់​របង​សាលាបឋមសិក្សា​ដូនពេញ ក្នុង​វ័យ​២២ ឆ្នាំ ជា​អ្នក​ខេត្តកំពុងឆ្នាំង ឈ្មោះ ហ៊ីង ស្រី​ម៉ុ​ច បាន​ប្រក​បរបរ​នេះ ៥​ខែ កន្លងមកហើយ ដែល​ក្នុង​មួយថ្ងៃ​អាច​រកប្រាក់​ចំណូល​បាន​២​លាន​រៀល​ចំពោះ​ថ្ងៃ​លក់ដាច់​ខ្លាំង ដោយឡែក​ថ្ងៃ​លក់​ពុំ​សូវ​ដាច់​បាន​៨០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ព្រមទាំង​បាន​ប្រាក់ចំណេញ​សរុប​៣០​ភាគ​ក្នុង​មួយថ្ងៃ ហើយ​ចំណាយ​វត្ថុធាតុដើម​ត្រឹមតែ ១៣០​គីឡូក្រាម និង​បូក​រួមទាំង​អយ​ស្ទ័​រ​៥០០​គ្រាប់​ប៉ុណ្ណោះ ។ ប្រភព​គ្រឿង​សមុទ្រ​ទាំងនេះ បាន​នាំយកមក​ផ្ទាល់​ស្រស់ៗ​ពី​កំពត កំពង់សោម និង​កោះកុង ជា​រៀងរាល់ថ្ងៃ ។

គ្រឿង​សមុទ្រ​អាំង កំពុង​ពេញនិយម​ពី​សំណាក់​យុវវ័យ​នៅ​ទីក្រុង​ភ្នំពេញ​

​អ្នកស្រី ហ៊ីង ស្រី​ម៉ុ​ច បាន​និយាយ​ឲ្យ​ដឹងថា “ ខ្ញុំ​មាន​លក់​គ្រឿង​សមុទ្រ​អាំង​ទាំងអស់​៧​មុខ ៖ ត្រី​សាម​បាក់​អប់​ខ្ញី​ម្រិចស បង្គា​អាំង មឹក​អាំង ក្តាម​អប់​ម្រិច​ខ្ចី ងាវ​អប់​អំបិលម្ទេស អយ​ស្ទ័​រ និង​បបែល ហើយ​ខ្ញុំ​លក់​វា​ចេញ​គិត​ជា​ខាំ គីឡូក្រាម និង​រាប់​គ្រប់ ហើយក៏​គិត​ជា​កំណាត់​ដែរ ” ។​

​គ្រឿង​សមុទ្រ​ទាំងនេះ ដោយ​ទិញ​ចូលមក​ស្រស់ៗ​គិត​ជា​គីឡូក្រាម សម្រាប់​ត្រី​សាម​បាក់​១​គីឡូ​តម្លៃ​ចាប់ពី​១៨.០០០ ដល់​២០.០០០​រៀល ( ៣០​គីឡូក្រាម ) មឹក​១​គីឡូ ១៤.០០០ ដល់​២៨.០០០​រៀល ( ៣០​គីឡូក្រាម ) បង្គារ​១​គីឡូ​២៤.០០០ ដល់​២៦.០០០ រៀល ( ១៥​គីឡូក្រាម ) ក្តាម​១​គីឡូ​៣៥.០០០ ( ១៥​គីឡូក្រាម ) ងាវ​១​គីឡូ​៧.០០០ ដល់​៨.០០០ ( ២០​គីឡូ ) និង​បបែល​សាច់​១​គីឡូ​១៥.០០០​រៀល ( ២០​គីឡូក្រាម ) រីឯ​អយ​ស្ទ័​រ​គិត​ជា​គ្រាប់​តម្លៃ​១​គ្រប់ គឺ​៨០០​រៀល ។​

​ចំណែកឯ​ការលក់​ចេញ​ឆ្អិន​ស្រាប់ មាន​គិត​ជា​ខាំ ( ១០០​ក្រាម ) ដោយ​១​ខាំ​៣.៥០០​រៀល ( បង្គា និង​មឹក ) គីឡូក្រាម ( ក្តាម “ ៤​ម៉ឺន​រៀល ” និង​ងាវ “ ១​ម៉ឺន​៤​ពាន់​រៀល ” ) រាប់​គ្រប់ ( អយ​ស្ទ័​រ “ ១.៤០០​រៀល ” ) និង​១​កំណាត់​ត្រី ( ត្រី​សាម​បាក់ “ ៨.០០០​រៀល ” ) ដោយឡែក បបែល​គិត​ជា​ឯក​តា គឺ​១​តម្លៃ​៥.០០០​រៀល ។

​អ្នកស្រី ហ៊ីង ស្រី​ម៉ុ​ច បន្តថា “ គ្រឿង​សមុទ្រ​អាំង​ដែល​លក់ដាច់ និង​ពេញនិយម​ញ៉ាំ​ជាងគេ​នោះ គឺ ត្រី​សាម​បាក់​អប់​ខ្ញី​ម្រិចស មឹក​អាំង និង​ងាវ​អប់​អំបិលម្ទេស ” ។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា “ គ្រឿង​សមុទ្រ​អាំង​ទាំង​នោះដែរ គឺ​វា​មាន​រសជាតិ​ឆ្ងាញ់ និង​ប្លែក​មាត់ ព្រមទាំង​មាន​ទឹកជ្រលក់​ពីរ​ប្រភេទ សម្រាប់​ជំនួយ​បន្ថែម គឺ ទឹកត្រី​កោះកុង និង​អំបិលម្រេច​ក្រូចឆ្មារ ” ។

​ម្យ៉ាងទៀត​ក៏មាន​បន្លែ​អម​ជាមួយ​ដែរ គឺ​ត្រសក់ ជី​វែង ឬ​ជី​រណា និង​ការ៉ុត ព្រោះ​វា​ទាំងនេះ​ជួយ​ទប់ស្កាត់​ភាព​ឆ្អាប និង​ភាព​ទ្រលន់​ផង ។ បើ​បន្លែ​សម្រាប់​ញ៉ាំ​ជាមួយ​អយ​ស្ត័​រ​មាន ខ្ទឹមស ក្រហម​បំពង និង​ត្រួយ​សា​បួ ( ក​ន្ធុំ​ថេត ) ហើយ​ក៏មាន​ទឹកត្រី​កោះកុង​ចូលរួមចំណែក​ដែរ​រឹតតែ​ឆ្ងាញ់​មួយកម្រិត​ទៀត ។

​អ្នក​ស្ត្រី ហ៊ីង ស្រី​ម៉ុ​ច បាន​បង្ហើប​ប្រាប់​ពី​របៀប​ចម្អិន​គ្រឿង​សមុទ្រ​អាំង​ខ្លះៗ ឲ្យ​ដឹងថា “ ចំពោះ​ត្រី​សាម​បាក់​អប់​ខ្ញី​ម្រិចស គឺ​យើង​យក​ត្រី​មក​លាង​ទឹក​ឲ្យ​បាន​ស្អាត រួច​យក​ក្រដាស​អាលុយមីញ៉ូម​មួយ​សន្លឹក​ល្មម មក​ត្រប់​ពីក្រោម​ត្រី បន្ទាប់មក​ចាប់ផ្តើម​ដាក់​ខ្ញី​ដែល​បាន​ហាន់​ជា​ចំណិត​តូចៗ និង​ដាក់​ម្រេចស រួយ​ឲ្យ​សព្វ​ពីលើ និង​ចំហៀង​ត្រី ក្រោយមក​ទើប ដាក់​អំបិល ស្ករ និង​ប៊ីចេង ជាការ​ស្រេច ” ។

“ រីឯ​ងាវ​អប់​អំបិលម្ទេស​ឯណេះ​វិញ ដោយ​យក​ងាវ​មក​ខ្ចប់​ជាមួយ​ក្រដាស​អាលុយមីញ៉ូម​ដែរ បន្ទាប់មក​ដាក់​គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច រំដេង និង​អំបិលម្ទេស ក្រោយមក​មូរ​ឲ្យ​ជិត​ទើប​យកទៅ​អាំង​ប្រមាណ​៥​នាទី​ជាការ​ស្រេច ណាមួយ​អា​ចក​ម្ម៉​ង់​រសជាតិ​បាន​ទៀត ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ភ្ញៀ​ង​ផងដែរ ” ។ នេះ​ជាស​ម្តី​របស់​ប្រភព​ខាងលើ​បាន​រៀបរាប់​យ៉ាង​ដូច្នេះ ។

​ចំណែក​អ្នក​ញ៉ាំ​គ្រឿង​សមុទ្រ​អាំង មាន​យុវវ័យ សិស្ស​និស្សិត បុគ្គលិក​ក្រុមហ៊ុន និង​ជន​ទូទៅ ដែល​មក​ញ៉ាំ​ជា​លក្ខណៈ​មិត្ត​ភ​ក្ត និង​ក្រុម​គ្រូ​សារ ។

​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយរូប ឈ្មោះ ស្រី​ម៉ុ​ច ដែលមាន​វ័យ​២៥​ឆ្នាំ កំពុង​អង្គុយ​ញ៉ាំ​បង្គា​អាំង មឹក​អាំង ជាមួយ​មិត្ត​ភ​ក្ត​របស់ខ្លួន​យ៉ាង​ញាប់​មាត់ ព្រមទាំង​មាន​ទឹកមុខ​ញញឹមញញែម ហើយ​បាន​និយាយ​មកកាន់​អ្នកសារព័ត៌មាន CEN យើង ថា “ នេះ​ជា​លើកទីមួយ​របស់ខ្ញុំ​ហើយ ដែល​បានមក​ញ៉ាំ​គ្រឿង​សមុទ្រ​អាំង​នៅទីនេះ ព្រោះ​ល្បី​ថា​មាន​គ្រឿង​អាំង​សមុទ្រ​ឆ្ងាញ់ ហើយ​ចង់ដឹង​រសជាតិ​ថា​វា​ឆ្ងាញ់​យ៉ាងណាដែរ ” ។​

​កញ្ញា ស្រី​ម៉ុ​ច ថា​បន្ត “ វា​មាន​រសជាតិ​ឆ្ងាញ់​មែន ហើយ​ខ្ញុំ​ចូលចិត្ត​ញ៉ាំ​មឹក​អាំង​ជាមួយ​ទឹកត្រី​កោះកុង​ណាស់​ម្យ៉ាងទៀត​មានតម្លៃ​សមរម្យ ” ។​

​រីឯ កញ្ញា គឹម​ឡេង ជា​សិស្ស​វិទ្យាល័យ​ស៊ីសុវត្ថិ​ម្នាក់ រៀន​ថ្នាក់​ទី​១១ វ័យ​១៦​ឆ្នាំ បាន​និយាយ​ឲ្យ​ដឹងថា “ ខ្ញុំ​ញ៉ាំ​គ្រឿង​សមុទ្រ​អាំង​នេះ សឹងតែ​៤​ដង​ក្នុង​មួយអាទិត្យ ព្រោះ​វា​មាន​ក្លិន​ឈ្ងុ​ញ នៅពេល​អាំង ណាមួយ​នៅជាប់​ពីក្រោយ​សាលា​ផង ទើប​ខ្ញុំ​មានឱកាស​បាន​ញ៉ាំ​ច្រើនដង​ដូច្នេះ ” ។

​ចំណែកឯ​មតិ​អ្នក​ញ៉ាំ​មួយចំនួនទៀត បាន​និយាយថា “ វា​ពិត​ជាមាន​រសជាតិ​ឆ្ងាញ់ ឯ​តម្លៃ​ក៏​សមរម្យ​ល្មម ប្លែក​មាត់ ជាពិសេស​នៅ​ជិត​ផ្ទះ​ទៀតផង មិនចាំបាច់​ចំណា​ច​ពេល ឬ​លុយ​ជិះឡាន​ទៅ​ញ៉ាំ​នៅឯ​សមុទ្រ​ឡើយ បាន​ញ៉ាំ​ដូចគ្នា ” ។​

​ការដាក់​លក់​គ្រឿង​សមុទ្រ​អាំង​មាន​ជា​រៀងរាល់ថ្ងៃ គឺ​នៅ​ថ្ងៃ​ធម្មតា ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​១០​យប់ ហើយ​ចំណែក​ថ្ងៃ​ឈប់សម្រាក ចាប់ពី​ម៉ោង​៤​ល្ងាច ដល់​ម៉ោង​១០​យប់ ។ លើសពីនេះ​ផងដែរ ក៏មាន​សេវា​ដឹកជញ្ជូន​ដល់ផ្ទះ ដោយ​ឥត​គិត​ថ្ងៃ ដោយ​ចំណាយ​ចាប់ពី​២០​ដុល្លារ​ឡើងទៅ ជា​ពី​សេស​ទទួលបាន​កាត​បញ្ចុះ​តម្លៃ​១០​ភាគ ទៀតផង ៕​

What Next?

Recent Articles