សិប្បកម្មស្លយកសំណពីអាគុយចាស់ៗមួយកន្លែង ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីមិនពេញចិត្តឲ្យដាក់ទីតាំងផលិតនៅក្នុងភូមិរបស់ពួកគាត់ គឺភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ដោយ មណ្ឌល កែវ
2012-08-19
វិទ្យុអាស៊ីសេរី

១៥-សីហា-២០១២៖ កម្ទេចសំបកអាគុយដែលគេគរទុកនៅក្នុងសិប្បកម្មស្លយកសំណពីអាគុយចាស់ៗ នាភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
RFA/Mondulkeo
ប្រតិកម្មនេះកើតឡើងបន្ទាប់ពីផ្សែងភាយចេញពីឡដែលគេដុតស្លនោះ បានធ្វើឲ្យអ្នកភូមិជាច្រើននាក់មានអាការៈមិនស្រួលក្នុងខ្លួន ដែលពួកគាត់សន្និដ្ឋានថា អាចពុលដោយសារជាតិផ្សែងភាយចេញពីឡនោះ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រះកែវ ជាច្រើននាក់មានអាការៈថប់ដង្ហើម ក្អួតចង្អោរ ញ័រដៃជើង ឈឺក្បាល វិលមុខ។ អាការៈទាំងនេះបានកើតមានបន្ទាប់ពីសិប្បកម្មស្លយកសំណពីអាគុយចាស់ៗមួយបានបំភាយផ្សែងចេញមកក្រៅ។
លោកយាយ ង៉ែត គៀង អាយុ ៧៥ឆ្នាំ ជាប្រជាពលរដ្ឋភូមិស្រះកែវ ហើយដែលមានលំនៅឋាននៅជិតសិប្បកម្មស្លយកសំណពីអាគុយចាស់។ លោកយាយបានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ សីហា ថា បន្ទាប់ពីគាត់ហិតក្លិនផ្សែងដែលភាយចេញពីឡផលិតសំណនេះ គាត់មានអាការៈណែនទ្រូង និងថប់ដង្ហើម។ ដំបូងគាត់ស្មានថា កូនចៅគាត់ដុតសំរាមដែលមានជាតិប្លាស្ទិក តែក្រោយមកទើបគាត់ដឹងថា គឺជាតិផ្សែងដែលភាយចេញពីឡផលិតសំណដែលមានទីតាំងនៅជិតលំនៅឋានគាត់។
លោកយាយ ង៉ែត គៀ៖ «គ្រាន់តែងើបក៏ងើបមិនចង់រួចផង។ ក្លិននោះក្រពុលណាស់ ខ្ញុំចង់ក្អួតបន្តិច ស្ដោះទឹកមាត់មិនចេញបន្តិច ណែនអស់ហើយដើមទ្រូងពាល់មិនបានទេ។ ខ្ញុំស្មានតែកូនវាដុតកៅស៊ូ តែដល់សួរវា វាថាអត់ទេ បន្តិចក្រោយមកក្លិននេះរឹតតែឆួលខ្លាំងឡើង ខ្ញុំទ្រាំលែងបានក៏បានឲ្យកូនដឹកយកទៅពេទ្យ…»។
មេភូមិស្រះកែវ លោក អ៊ុក ញ៉ុន បានឲ្យដឹងថា ឡនេះទើបតែបង្កើតកាលពីពេលថ្មីៗនេះ ហើយគាត់មិនបានស្គាល់ឈ្មោះម្ចាស់ឡនេះទេ។ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ ថៅកែដែលជាម្ចាស់សិប្បកម្មនេះដឹកធុងអាគុយចាស់ៗ ដែលគេប៉ាន់ស្មានទៅប្រមាណ ២០តោន មកស្តុកទុកក្នុងទីតាំងសិប្បកម្មផលិតសំណនេះ ហើយនៅថ្ងៃទី១៥ ខែសីហា ម្ចាស់ឡនេះបានចាប់ផ្ដើមដំណើរការជាលើកដំបូង ដោយប្រើធ្យូងថ្មដុតបញ្ឆេះឡមួយ ហើយផ្សែងបានភាយចេញពីឡនោះបោកបក់មកលើអ្នកភូមិ បណ្ដាលឲ្យប្រជាពលរដ្ឋប្រមាណ ៤០នាក់ បានពុលជាតិផ្សែងនោះ។
លោក អ៊ុក ញ៉ុន៖ «ប្រជាពលរដ្ឋដែលគាត់ចំពីមុខខ្យល់ គាត់នៅអត់បាន ត្រូវជម្លៀសចេញពីផ្ទះទៅរកកន្លែងសុវត្ថិភាព។ អ្នកភូមិរងផលប៉ះពាល់បន្តិចបន្តួចប្រមាណ ៤០នាក់ អ្នកធ្ងន់ ៥នាក់ ត្រូវបានដឹកយកទៅពេទ្យ និងខ្លះទៀតដឹកទៅផ្ទះបងប្អូនដែលនៅឆ្ងាយពីទីកើតហេតុ…»។
យ៉ាងនេះក្ដី មេភូមិស្រះកែវ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលមានអាការៈមិនស្រួលដោយសារតែពុលផ្សែងភាយចេញពីឡស្លសំណនេះ ត្រូវបានបញ្ជូនទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ នៅឯស្រុកបរិបូរណ៍ ដោយមិនមានប្រជាពលរដ្ឋណាម្នាក់មានគ្រោះថ្នាក់ដល់ជីវិតឡើយ។
ឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបានបង្ហាញថា ម្ចាស់សិប្បកម្មស្លយកសំណពីអាគុយចាស់ៗនេះ មានច្បាប់អនុញ្ញាតពីអាជ្ញាធរខេត្ត និងមានវិញ្ញាបនបត្រអនុញ្ញាតដំណើរការសិប្បកម្មចុះបញ្ជីពីមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តផងដែរ។
លោក អ៊ុក រស់ ប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៧ ខែសីហា ថា ឡនេះមានច្បាប់ត្រឹមត្រូវ ប៉ុន្តែដោយសារការដុតស្លមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បណ្ដាលឲ្យធ្លាយបំពង់ចំហាយចេញផ្សែង ទើបបណ្ដាលឲ្យមានបញ្ហាបែបនេះ។
លោក អ៊ុក រស់ បានបញ្ជាក់ទៀតថា ក្រោយពីទទួលព័ត៌មាននេះ លោកបានបញ្ជាឲ្យម្ចាស់ឡផ្អាកដំណើរការ ហើយមន្ទីរនឹងអនុញ្ញាតឲ្យដំណើរការវិញនៅពេលដែលមន្ត្រីជំនាញចុះទៅពិនិត្យមើលឃើញថា ឡនេះសាងសង់ត្រឹមត្រូវ និងគ្រប់លក្ខណៈបច្ចេកទេសហើយនោះ៖ «គាត់ទើបតែដំណើរការសាកល្បងជាលើកដំបូង តែត្រូវប៉ះចំពេលខ្យល់កួច ធ្វើឲ្យធ្លាយផ្សែងចេញមកក្រៅ ហើយឥឡូវគាត់បានផ្អាកហើយ ព្រោះគាត់យល់ថា បើកដំណើរការដំបូងមានបញ្ហាដូច្នេះ គាត់ប្រហែលអាចបិទជាស្ថាពរ…» ។
ប្រជាពលរដ្ឋនៅក្នុងតំបន់នេះបានសម្ដែងការព្រួយបារម្ភចំពោះបញ្ហាសុខភាពរបស់ពួកគាត់ដែលបណ្ដាលមកពីសារធាតុផ្សេងៗ និងផ្សែងដែលភាយចេញពីឡ និងបានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជួយចាត់វិធានការទប់ស្កាត់កុំឲ្យមានឡស្លយកសំណពីអាគុយចាស់ៗនេះនៅក្បែរភូមិរបស់គាត់តទៅទៀត។
យ៉ាងណាក៏ដោយ ម្ចាស់សិប្បកម្មស្លយកសំណពីអាគុយចាស់ៗ គឺលោក តាយ ឈឿង អះអាងថា ការស្លយកសំណពីអាគុយចាស់ៗនេះ ពុំបណ្ដាលឲ្យមានគ្រោះថ្នាក់អ្វីទេ។ លោកថា ការភ្លាំងភ្លាត់បណ្ដាលឲ្យផ្សែងភាយចេញពីឡទៅប៉ះពាល់ដល់ប្រជាពលរដ្ឋនេះ គឺបណ្ដាលមកពីថ្ងៃដែលលោកចាប់ផ្ដើមដំណើរការស្លជាលើកដំបូងនេះមានខ្យល់ព្យុះបោកបក់ខ្លាំង សន្ទះបិទឡត្រូវរបើក ទើបធ្វើឲ្យផ្សែងភាយចេញ។
លោកថា កំហុសនេះមិនអាចកើតមានទៀតទេ បន្ទាប់ពីមានបទពិសោធន៍ម្ដងនេះរួចមក៖ «ខ្ញុំបានពន្យល់គាត់ពីល្ងាចរួចហើយ។ ក្រោយពីខ្យល់កួចហើយ ខ្ញុំបន្តធ្វើដោយពុំមានបញ្ហាអ្វីកើតឡើងទៀតទេ។ បញ្ហាគឺបណ្ដាលមកពីពេលបង្កាត់ភ្លើងមានខ្យល់កួចធ្វើឲ្យកើតមានរឿងដូច្នេះទៅ…»។
ប៉ុន្តែអតីតប្រធានដេប៉ាតឺបង់គីមីនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអតីតសាស្ត្រាចារ្យគីមីវិទ្យា លោក ឡុង ឡាយ ចាត់ទុកថា ការអះអាងមិនគ្រប់ជ្រុងជ្រោយតាមវិធាននៃការពារការសាយភាយសារធាតុគីមីនោះទេ។ លោកពន្យល់ចំពោះផលវិបាកនៃការស្លយកសំណពីអាគុយចាស់ៗនោះថា អាចមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ប្រសិនបើការស្លនេះមិនបានផ្អែកលើវិធាននៃបច្ចេកទេសត្រឹមត្រូវទេនោះ។ លោកថា សំណអុកស៊ីត គឺជាសារធាតុគីមីម្យ៉ាងដែលបង្កគ្រោះថ្នាក់យូរអង្វែងដល់អ្នកដែលរងផលប៉ះពាល់ដោយសារធាតុនេះ។
លោក ឡុង ឡាយ៖ «វាអាចប៉ះពាល់ តែយើងមិនច្បាស់លាស់ តែវាអាចភាយចេញនូវសារធាតុគីមីដែលជាធាតុផ្សំនៃសំណហ្នឹងហើរក្នុងបរិយាកាស ហើយបើយើងដកដង្ហើម ឬប៉ះពាល់នឹងសារធាតុនេះ យើងច្បាស់ជារងផលប៉ះពាល់ជាមិនខាន។ ជាតិសំណអុកស៊ីត វាបង្កបញ្ហាដល់សុខភាពរយៈពេលយូរអង្វែង វាមិនកើតឡើងភ្លាមៗឲ្យយើងដឹងនោះទេ…»។
យ៉ាងណាក៏ដោយ មេឃុំមេលំ លោក កេត សុឃា មានប្រសាសន៍ថា សិប្បកម្មស្លយកសំណពីអាគុយចាស់ៗនេះ មកដាក់ទីតាំងដោយពុំមានការអនុញ្ញាតពីអាជ្ញាធរភូមិ ឃុំទេ ។ លោកសំណូមពរឲ្យអាជ្ញាធរជំនាញបិទទីតាំងសិប្បកម្មនេះដើម្បីបញ្ចប់ក្ដីកង្វល់របស់អ្នកភូមិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
It is an environmentally unsafe process.
ប៉ះពាល់សុខភាព និង បរិដ្ឋានខ្លាំងណាស់!!
សូមមេត្តាអាជ្ញាធរដែនដីរូតរះទៅធ្វើរដ្ឋបាលឲ្បបានឆាប់ផង កុំស្ពឹកស្រពន់ពេក។