ប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារ នៅតែកើតមានបញ្ហាបាត់ដំណឹងកូន ដែលចេញទៅធ្វើការនៅបរទេស តាមការរើសរបស់ក្រុមហ៊ុននានា។
ដោយ កែវ និមល
2012-08-19
វិទ្យុអាស៊ីសេរី

ពលការិនីឈ្មោះ ជា នៅ ដែលទៅធ្វើការតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន យូមែន ផាវវើ (Human Power) ហើយបាត់ដំណឹង។
Provided photo
ការបាត់ដំណឹងកូនទៅធ្វើការនៅបរទេសនេះ ដោយសារក្រុមហ៊ុនដែលជ្រើសរើសពលករ មិនសូវខ្នះខ្នែងជួយស៊ើបដំណឹងឲ្យគ្រួសារ នៅពេលគ្រួសារទាក់ទងរកព័ត៌មានកូនរបស់ខ្លួន ទាល់តែគ្រួសារពលករទាក់ទងអង្គការសិទ្ធិមនុស្ស ទើបក្រុមហ៊ុនមានការប្រឹងប្រែងរកឲ្យ។
ម្ដាយពលការិនីមួយរូប ឈ្មោះ ជ័រ ស៊ើន អាយុ ៤៤ឆ្នាំ នៅថ្ងៃទី ១៧ ខែសីហា បានមកសុំឲ្យអង្គការការពារសិទ្ធិមនុស្សឈ្មោះ អាដហុក នៅខេត្តព្រះវិហារ ជួយស៊ើបរកដំណឹងកូនស្រីរបស់គាត់ ដែលបានចេញទៅធ្វើការតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី ដើម្បីបានដឹងសុខទុក្ខផង ពីព្រោះគាត់មិនដែលបានទទួលដំណឹងពីកូនស្រីគាត់ ២ ឆ្នាំមកហើយ។
អ្នកស្រី ជ័រ ស៊ើន រស់នៅភូមិតាសែងជើង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានរៀបរាប់ឲ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះ ជា នៅ អាយុ ១៩ឆ្នាំ បានស្ម័គ្រចិត្តទៅធ្វើការតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុនជ្រើសរើសពលករមួយឈ្មោះ យូមែន ផាវវើ (Human Power)។ ប៉ុន្តែ អស់រយៈពេល ២ ឆ្នាំ មកហើយ អ្នកស្រីមិនដែលបានទទួលដំណឹងអំពីសុខទុក្ខកូនស្រីគាត់ឡើយ។
អ្នកស្រី ជ័រ ស៊ើន៖ «ខ្ញុំអង្គុយបារម្ភព្រោះមិនដឹង។ ក្រែងស្លាប់ក្រែងអី មិនដឹងអីផង។ បើខ្ញុំនៅឆ្ងាយ ខ្ញុំមិនដឹងអីណា។ ខ្ញុំថា បើរស់ក៏ឲ្យដឹង បើស្លាប់ក៏ឲ្យដឹងផង។ តាំងពីទៅ ២ ឆ្នាំ មកហើយ។ មិនដែលដឹងអីសោះ។ សួរអ្នកទៅជាមួយមួយសាគ្នាវានោះ គេថា អត់ដឹងទេ ពីព្រោះអត់នៅជាមួយគ្នាផង»។
អ្នកស្រី ជ័រ ស៊ើន បានឲ្យដឹងទៀតថា ដោយសារព្រួយបារម្ភពីសុខទុក្ខកូនស្រីនោះ អ្នកស្រីបានទៅទាក់ទងសួរដំណឹងកូនស្រី ពីក្រុមហ៊ុនដែរ កាលពីខែមិថុនា ឆ្នាំ ២០១២។ ប៉ុន្តែ មិនបានទទួលដំណឹងកូនស្រីពីក្រុមហ៊ុននោះឡើយ រហូតមកទល់បច្ចុប្បន្ននេះ។
អ្នកស្រី ជ័រ ស៊ើន៖ «ខ្ញុំទៅ (ក្រុមហ៊ុន) គេឲ្យធ្វើសំបុត្រ។ ឲ្យផ្ដិតមេដៃ ដាក់ឈ្មោះ ម៉ែ ឳ ឈ្មោះភូមិ ឃុំ ស្រុក ខេត្ត។ ផ្តិតមេដៃគេថា ផ្ញើលិខិតនោះឲ្យកូននៅប្រទេសក្រៅ។ ធ្វើលិខិតនោះហើយ ខ្ញុំសួរគេថា ប៉ុន្មានថ្ងៃ បានខ្ញុំទទួលដំណឹងពីកូន? គេថា ២ អាទិត្យទៀតបានដឹងហើយ។ តែនៅតែមិនដឹង។ ដល់តេសួរទៅទៀត គេថា ១ អាទិត្យទៀត។ តែនៅតែមិនដឹង។ ដល់ក្រោយមកថា ២ អាទិត្យទៀត។ ខ្ញុំចេះតែចាំៗ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន យូមែន ផាវវើ ដើម្បីសាកសួរអំពីការដោះស្រាយចំពោះបំណងរបស់ក្រុមគ្រួសារ សុំឲ្យជួយរកដំណឹងកូនស្រីរបស់ខ្លួន ដែលចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីនោះបានឡើយ។ ប៉ុន្តែ ប្រភពអង្គការ អាដហុក បានឲ្យដឹងថា ក្រុមហ៊ុនបានសន្យាថា នឹងខិតខំដោះស្រាយបញ្ហានេះ។
លោក ឡោ ចាន់ តំណាងអង្គការការពារសិទ្ធិមនុស្ស អាដហុក នៅខេត្តព្រះវិហារ មានប្រសាសន៍ថា ក្រោយពេលទទួលពាក្យសុំឲ្យជួយអន្តរាគមន៍ របស់គ្រួសារពលការិនី ដែលបាត់ដំណឹងនេះ អង្គការ អាដហុក នឹងទាក់ទងជាមួយក្រុមហ៊ុន និងស្ថាប័ននានា ឲ្យជួយស្វែងរកដំណឹង ពលការិនី ដែលបាត់ដំណឹងនេះ។
លោក ឡោ ចាន់៖ «សុំស្នើទៅក្រសួងឲ្យជួយអន្តរាគមន៍ ដើម្បីនាំកូនស្រីគាត់ត្រឡប់មកស្រុកខ្មែរ ដើម្បីបានជួបជុំជាមួយគ្រួសារគាត់វិញ»។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានឲ្យដឹងថា គេអាចរកដំណឹងពីពលការិនី ដែលទៅធ្វើការនៅបរទេសបាន បើសិនជាគេដឹងអំពីអត្តលេខក្រុមហ៊ុនរបស់ពលការិនី និងថ្ងៃចេញដំណើរពីប្រទេសកម្ពុជាទៅបរទេស។ ពីព្រោះរាល់ការដឹកជញ្ជូនពលករ និងពលការិនី ទៅធ្វើការនៅបរទេស ក្រុមហ៊ុននានា តែងតែយកឈ្មោះ និងអត្តលេខ ទៅចុះបញ្ជីនៅក្រសួងការងារ ក្រសួងការបរទេស និងសមាគមគ្រប់គ្រងពលករ។
កាលពីថ្ងៃទី ១៣ សីហាកន្លងមក មានម្ដាយពលការិនីមួយរូប បានមកសុំឲ្យអង្គការការពារសិទ្ធិមនុស្សឈ្មោះ អាដហុក នៅខេត្តព្រះវិហារ ជួយស៊ើបរកដំណឹងកូន ដែលចេញទៅធ្វើការនៅម៉ាឡេស៊ីជិត ២ ឆ្នាំ ហើយមិនដែលដឹងសុខទុក្ខសោះ។ ពលការិនីនោះ ទៅធ្វើការនៅបរទេសតាមរយៈក្រុមហ៊ុន ហ្វីលីម៉រ (Philimore)។ ក្រោយការផ្សាយព័ត៌មានអំពីការបាត់ដំណឹងកូននេះ ចំនួន ៣ ថ្ងៃក្រោយមក ក្រុមហ៊ុនបានជួយឲ្យម្ដាយ និងកូនបានជួបទាក់ទងសន្ទនាគ្នា ដឹងសុខទុក្ខឡើងវិញ តាមទូរស័ព្ទ ដែលធ្វើឲ្យគ្រួសារសប្បាយរីករាយជាខ្លាំង។
ប្រភពអង្គការ អាដហុក នៅខេត្តព្រះវិហារ បានឲ្យដឹងថា គិតចាប់តាំងពីខែមករា មកទល់ខែកក្កដា ឆ្នាំ២០១២ នេះ មានប្រជាពលរដ្ឋមកប្ដឹងអំពីការបាត់ដំណឹងកូនទៅធ្វើការនៅបរទេស និងការជួញដូរនានា ចំនួន ១៣ ករណីហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។