គ្រូ​បង្រៀន​២​ពេល​នៅ​ឧត្ដរមានជ័យ​ចោទ​មន្ត្រី​អប់រំ​ថា​កាត់​យក​ប្រាក់​ខែ

ក្រុម​គ្រូ​បង្រៀន​ពីរ​ពេល និង​បង្រៀន​គួប (១​ពេល​ចំនួន​​២​ថ្នាក់​តែ​កម្រិត​ផ្សេង​គ្នា) នៅ​តាម​សាលា​ជនបទ​​មួយ​ចំនួន​នៃ​ស្រុក​អន្លង់វែង បាន​អះ​អាង​​ថា មន្ត្រី​​​ការិយាល័យ​អប់រំ​យុវជន និង​កីឡា បាន​កាត់​ប្រាក់​ខែ​ពួកគេ​ជា​ច្រើន​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ ធ្វើ​ឱ្យ​ពួកគេ​មាន​ការ​មិន​សប្បាយ​ចិត្ត។

ដោយ ហង្ស សាវយុត
2012-08-20
​វិទ្យុ​អាស៊ីសេរី

ក្រុម​គ្រូ​បង្រៀន​​ទាំង​នោះ​បាន​ឱ្យ​ដឹង​ថា ពួកគេ​ប្រមាណ ៣០​នាក់ ត្រូវ​បាន​​មន្ត្រី​ការិយាល័យ​អប់រំ​ កាត់​ប្រាក់​ខែ​កាល​ពី​ពេល​ថ្មីៗ។

គ្រូ​បង្រៀន​ម្នាក់​នៅ​សាលា​បឋម​សិក្សា​​ភូមិ​រំចេក នៃ​ឃុំ​អន្លង់​វែង។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​សីហា ថា ប្រាក់ខែ​របស់​គាត់​ដែល​មួយ​ឆ្នាំ​បើក​ម្ដង​ចំនួន​​ជិត ២​លាន​រៀល ត្រូវ​មន្ត្រី​​​​ការិយាល័យ​​អប់រំ​ស្រុក​អន្លង់វែង បាន​កាត់​យក​ប្រាក់ខែ​របស់​គាត់​ចំនួន ២៤​ម៉ឺន​រៀល។ ដោយសារ​ការ​កាត់​ប្រាក់​ខែ​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់​ដូច្នេះ លោក​មិន​ទាន់​សំរេច​ចិត្ត​ទៅ​ទទួល​យក​ប្រាក់ខែ​នោះ​នៅ​ឡើយ។

គ្រូ​បង្រៀន​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «គ្រូ​ពីរ​ពេល​ហ្នឹង គាត់​បង្រៀន​ព្រឹក ១​ពេល ហើយ​បង្រៀន​ល្ងាច ១​ពេល អ៊ីចឹង​អា​លុយ​​ដែល​បង្រៀន ២​ពេល​ហ្នឹង ១​ឆ្នាំ​បាន​គេ​បើក​​ម្តង។ ១ឆ្នាំ​គេ​គិត ១០​ខែ​ តែ​គេ​បើក​ឱ្យ​តែ ៩​ខែ​ទេ ឯ​១​ខែ​គេ​សុំ​កាត់​​ចំនួន ២៤​ម៉ឺន​​រៀល។ គ្រូបង្រៀន​គួប​នោះ​ កាត់​១​ខែ​ដូច​គ្នា ២៤​ម៉ឺន​ដូចគ្នា។ នៅ​តែ​ប្រាក់​ខែ​របស់​ខ្ញុំ​១ គឺ​ខ្ញុំ​អត់​ទាន់​ទៅ​បើក​ទេ ព្រោះ​លុយ​ជិត ២​លាន គេ​ឱ្យ​តែ ១​លាន​៥០​ម៉ឺន​​រៀល ខ្ញុំ​អត់​ទៅ​បើក។ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក គេ​កាត់​ហ្នឹង​ដើម្បី​យក​លុយ​កាត់​ហ្នឹង​​ទៅ​ជូន​ផ្នែក​មន្ទីរ​ខេត្ត​ហ្នឹង​មួយ​ផ្នែក ហើយ​និង​ជូន​បុគ្គលិក​ការិយាល័យ​មួយ​ផ្នែក​ ហើយ​និង​មួយ​ផ្នែក​ទៀត​ជូន​ដល់​នាយក​សាលា។ គេ​ប្រាប់​តែ​ប៉ុណ្ណឹង»

ទោះ​យ៉ាង​ណា​​វិទ្យុ​អាស៊ី​សេរី មិន​អាច​​ទាក់ទង​​លោក ញ៉ាន ស៊ន ដែល​ជា​ប្រធាន​ការិយាល័យ​អប់រំ​ ស្រុក​អន្លង់វែង ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។

ចំណែក​មន្ត្រី​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​ឧត្តរមានជ័យ បាន​​ប្រតិកម្ម​ចំពោះ​ការ​កាត់​ប្រាក់​ខែ​គ្រូ​បង្រៀន​​​នៅ​ស្រុក​អន្លង់វែង​នោះ​ ថា​គឺ​ជា​អំពើ​ខុស​ច្បាប់។

លោក អ៊ឹង បូរ៉ាត់ ជា​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ឡើយ​ជុំវិញ​​ការ​កាត់​ប្រាក់ខែ​គ្រូបង្រៀន​នោះ។ ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​​ដដែល​បាន​បញ្ជាក់​ថា មន្ទីរ​អប់រំ​មិន​ដែល​មាន​គោលការណ៍​ឱ្យ​កាត់​ប្រាក់ខែ​​គ្រូ​បង្រៀន​ដើម្បី​យក​ប្រាក់​ទាំង​នោះ​មក​ឱ្យ​​មន្ទីរ​​ទេ៖ «ការិយាល័យ​អប់រំ ឱ្យ​អ្នក​ណា​ខ្ញុំ​អត់​​ដឹង​ទេ។ ទាល់​តែ​ខ្ញុំ​ទៅ​​វិញ ចាំ​ខ្ញុំ​ស្រាវ​ជ្រាវ»

បើ​ទោះ​​បី​ជា​មន្ត្រី​មន្ទីរ​អប់រំ បាន​បដិសេធ​ចោល​ថា មិន​មាន​ការ​កាត់​ប្រាក់​ខែ​គ្រូ​បង្រៀន​​​ក៏​ដោយ ក្រុម​គ្រូ​បង្រៀន​មួយ​ចំនួន​បាន​អះ​អាង​ថា ប្រាក់​ខែ​របស់​ពួក​គេ​ពិត​ជា​ការិយាល័យ​អប់រំ​ស្រុក​កាត់​យក​​កាល​ពី​ពេល​ថ្មីៗ។

គ្រូ​បង្រៀន​ម្នាក់​នៅ​សាលា​បឋម​សិក្សា​តាដេវ នៃ​ឃុំ​ត្រពាំងតាវ បាន​អះ​អាង​ថា ប្រាក់​ថ្លៃ​បង្រៀន​ របស់​គាត់​​រយៈ​ពេល ១​ឆ្នាំ ចំនួន​​ជាង ៤​លាន និង ២៩​ម៉ឺន​រៀល ក៏​ប៉ុន្តែ​ការិយាល័យ​អប់រំ​ស្រុក​អន្លង់​វែង បាន​កាត់​យក​​ប្រហែល ៤០​ម៉ឺន​រៀល។ គ្រូ​បង្រៀន​ដដែល​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​​ការិយាល័យ​អប់រំ​កាត់​ប្រាក់​ខែ​របស់​លោក​​​នោះ​ គឺ​លោក​មាន​ចិត្ត​ខឹង​ដែរ ក៏​ប៉ុន្តែ​លោក​មិន​ហ៊ាន​​តវ៉ា​អ្វី​ឡើយ។

ក្រុម​គ្រូ​បង្រៀន​មួយ​ចំនួន​ដែល​ត្រូវ​គេ​កាត់​ប្រាក់​ខែ​បាន​ចាត់​ទុក​​ថា នេះ​គឺ​ជា​អំពើ​ពុក​រលួយ​មួយ​ ដែល​មន្ត្រី​នៃ​ការិយាល័យ​អប់រំ ដែល​បាន​កេងប្រវ័ញ្ច​លើ​ញើស​ឈាម​របស់​គ្រូ​បង្រៀន​នៅ​តាម​ទី​ជនបទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles