ពលរដ្ឋ​នៅ​ពោធិ៍សាត់​ចោទ​អាជ្ញាធរ​ថា​យក​ដី​ខ្លួន​ធ្វើ​ជា​ដី​ព្រៃ​សហគមន៍

ការ​ចុះ​ទៅ​វាស់វែង​ដី​ព្រៃ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ជា​ដី​ព្រៃ​សហគមន៍​ប្រចាំ​ឃុំ​ស្នាអន្សា របស់​អាជ្ញាធរ​ដែនដី ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​នេះ​ចោទ​ថា អាជ្ញាធរ​មិន​ហ៊ាន​កាត់​យក​ដី​ពី​ព្រៃ​សម្បទាន​របស់​ក្រុមហ៊ុន​ភាពីម៉ិច នោះ​ទេ។

ដោយ មណ្ឌល កែវ
2012-08-20
​វិទ្យុ​អាស៊ីសេរី

អ្នក​ភូមិ​អន្សក្ដាម ជួប​ជុំ​គ្នា​នៅ​ទី​ដី​ដែល​អាជ្ញាធរ​សម្រេច​រឹប​យក​ធ្វើ​ព្រៃ​សហគមន៍ នា​ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០១២។

អ្នក​ភូមិ​អន្សក្ដាម ជួប​ជុំ​គ្នា​នៅ​ទី​ដី​ដែល​អាជ្ញាធរ​សម្រេច​រឹប​យក​ធ្វើ​ព្រៃ​សហគមន៍ នា​ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០១២។
RFA/Mondulkeo

ផ្ទុយ​ទៅ​វិញ ប្រជាពលរដ្ឋ ៣៥​គ្រួសារ​នៅ​ភូមិ​អន្សក្ដាម ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ប្រតិកម្ម​តវ៉ា និង​ចោទ​ប្រកាន់​អាជ្ញាធរ​ដែន​ដី​ថា បាន​មក​វាស់វែង​ប៉ះពាល់​លើ​ដី​ស្រែ និង​ចំការ​វិល​ជុំ​របស់​ពួក​គាត់។

បុរស​អ្នក​ភូមិ​ឈ្មោះ សោម សារាវុត អាយុ ៣៨​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​អន្សក្ដាម។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សីហា ថា ដីស្រែ និង​ដី​ចំការ​វិល​ជុំ​របស់​គាត់​សរុប​ប្រមាណ ២១​ហិកតារ ដែល​ជា​ដី​ភូមិ​ចាស់​របស់​ក្រុម​គ្រួសារ​គាត់។ គាត់​បន្ត​ថា ក្រុម​គ្រួសារ​គាត់​បាន​មក​រស់​នៅ និង​បង្កបង្កើនផល​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៨៣ មក ស្រាប់​តែ​ឥឡូវ​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​មក​ដក​បង្គោល​របង​ស្រែ​គាត់​ចោល ហើយ​ប្រាប់​ថា ដី​នេះ​អាជ្ញាធរ​យក​ធ្វើ​ជា​ដី​ព្រៃ​សហគមន៍​វិញ។

គាត់​ថា សកម្មភាព​នេះ​គឺ​ជា​ការ​រំលោភ​បំពាន​លើ​ការ​ណែនាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ដែល​បាន​ណែនាំ​ឲ្យ​កាត់​ចេញ​នូវ​ផល​ប៉ះពាល់​ចំពោះ​ដី​របស់​ប្រជាពលរដ្ឋ៖ «ចំការ​នេះ​គឺ​ជា​ភូមិ​ចាស់​តាំង​ពី​ដូន​តា​មក តែ​ឥឡូវ​គេ​ថា ខ្ញុំ​ធ្វើ​លើ​ដី​សហគមន៍​គេ។ អាជ្ញាធរ​ស្រុក ឃុំ គេ​មក​រើ​របង​ខ្ញុំ​ចោល​អស់​ហើយ គេ​ប្រាប់​ថា យក​ទៅ​ធ្វើ​ព្រៃ​សហគមន៍។ អ្នក​ភូមិ​ខ្ញុំ​មិន​ដែល​ឮ​ថា មាន​សហគមន៍​សោះ…»

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ហុវ ចាន់ អាយុ ៤៥​ឆ្នាំ បាន​ឲ្យ​ដឹង​បន្ថែម​ថា ដី​ស្រែ​គាត់​ក៏​ត្រូវ​អាជ្ញាធរ​ភូមិ ឃុំ និង​ស្រុក​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​មក​ដក​បង្គោល​ព្រំ​ចោល​ដែរ ព្រម​ទាំង​បាន​គំរាម​គាត់​ថា បើ​គាត់​ហ៊ាន​ដាំ​បង្គោល​របង​វិញ គាត់​នឹង​ប្រឈម​នឹង​ការ​កោះ​ហៅ​របស់​តុលាការ។

ស្ត្រី ហុវ ចាន់៖ «ម៉ោង ១០​ព្រឹក​មក​ដក​របង​ស្រែ។ ខ្ញុំ​អង្វរ​ថា អស់​លោក​អើយ​ខ្ញុំ​ជំពាក់​បំណុល​គេ​ច្រើន​ណាស់! គេ​មិន​ព្រម​ទេ។ ម៉ោង ២​រសៀល​គេ​ទៅ​ដក​របង​ចំការ​ខ្ញុំ​ទៀត ហើយ​ស្រូវ​ខ្ញុំ​ផើម​អស់​ហើយ ក្របី​គោ​ចូល​ស៊ី​ម្សិលមិញ​អស់​ជិត​មួយ​ចំហៀង​ហើយ។ ខ្ញុំ​ថា ខ្ញុំ​សុំ​ធ្វើ​របង​វិញ គេ​ថា បើ​ហ៊ាន​ធ្វើ​គេ​ចាប់​ដាក់​គុក…»

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ភូមិ​អន្សក្ដាម មេ​ឃុំ​ស្នាអន្សា គឺ​លោក មោគ កោ មាន​ប្រសាសន៍​ថា មិន​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ អាជ្ញាធរ​នឹង​កាត់​ចេញ​ដី​ស្រែ​ដែល​ប្រជាពលរដ្ឋ​កំពុង​បង្កបង្កើនផល។ តែ​ចំពោះ​ដី​ដែល​ប្រជាពលរដ្ឋ​ថា ជា​ចំការ​វិល​ជុំ​នោះ គឺ​មិន​អាច​ប្រគល់​ជូន​ប្រជាពលរដ្ឋ​បាន​ទេ ព្រោះ​ដី​នោះ​គឺ​ជា​ដី​ព្រៃ​របស់​រដ្ឋ។

លោក មោគ កោ៖​ «យើង​ត្រូវ​ឆ្វៀល​ដី​ស្រែ​ជូន​ទៅ​គាត់ លុះ​ត្រា​តែ​គាត់​អាស្រ័យផល​មុន​ការ​ចុះ​វាស់វែង​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ។ តែ​នេះ​គាត់​ទើប​តែ​រុករាន​បង្កបង្កើន​ផល​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​វាស់​វែង​ប្រគល់​ឲ្យ​អាជ្ញាធរ​ឃុំ ដើម្បី​ធ្វើ​ព្រៃ​សហគមន៍។ ដល់​អ៊ីចឹង​បើ​យើង​ឲ្យ​គាត់​តាម​ការ​ទាមទារ គឺ​អស់​ហើយ​ដី ៣០០​ហិកតារ ដែល​ក្រុមហ៊ុន​ប្រគល់​មក​ឲ្យ​នោះ…»

ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០១១ បាន​ចេញ​សេចក្ដី​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែន​ដី​កាត់​ដី​ព្រៃ ៦.៧១៣​ហិកតារ ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រាជ​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ភាពីម៉ិច មក​ឲ្យ​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ជា​ដី​ព្រៃ​សហគមន៍។ ក្នុង​នោះ​ឃុំ​ស្នាអន្សា ទទួល​បាន ៣០០​ហិកតារ។

ថ្មីៗ​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ប្រើ​រូបមន្ត​ស្បែក​ខ្លា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផល​ប៉ះពាល់​នេះ។ ប៉ុន្តែ​អំពើ​ពុករលួយ​គួបផ្សំ​នឹង​កង្វះ​ឆន្ទៈ​នៃ​មន្ត្រី​ទទួល​បន្ទុក​ស្វែង​រក​ដំណោះស្រាយ ធ្វើ​ឲ្យ​បញ្ហា​ទំនាស់​ដីធ្លី​នៅ​តែ​កើត​មាន​មិន​ចេះ​ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "ពលរដ្ឋ​នៅ​ពោធិ៍សាត់​ចោទ​អាជ្ញាធរ​ថា​យក​ដី​ខ្លួន​ធ្វើ​ជា​ដី​ព្រៃ​សហគមន៍"

  1. ១. ហេតុអ្វីអស់លោក ជាអ្នកនយោបាយប្រឆាំង សង្គមស៊ីវិល អ្នកការពារសិទ្ធមនុស្ស អ្នកប្រជាធិបតេយ្យ សហជីពកម្មករ ខ្លាចអំណាចផ្តាច់ការរបសជនមួយក្តាប់តូច?
    ២. លោកមហាត្មេះគន្ធី បានមានប្រសាសន័ថា ការតស៊ូដើម្បីសិទ្ធសេរីភាព ប្រជាធិបតេយ្យ មិនមែនជាកំហុសអស់លោកទេ! អស់លោកត្រូវតែមានសេចក្តីក្លាហានប្រយុទ្ធ ប្រឆាំងគ្រួសាផ្តាច់ការមួយក្រុមតូចនេះ ដើម្បីទាមទារផលប្រយោជន័ដើម្បីប្រជារាស្រ្តខ្មែរឡើងវិញ។
    យើងមិនត្រូវអោយពួកគេ ដណ្តើមដី ធ្លី ផ្ទះសម្បែងរបស់យើងទៀតទេ!
    យើងមិនត្រូវអោយគេបំបាត់សិទ្ធសេរីភាពរបស់យើងទៀតទេ!
    យើងមិនត្រូវអោយគេជិះជាន់កម្មកររបស់យើងទៀតទេ!
    យើងមិនត្រូវអោយគេបំផ្លាញធនធានធម្មជាតិរបស់ជនជាតិខ្មែរទេ!
    យើងមិនត្រូវអោយគេកេងប្រវ័ញ្ចញើសឈាមមន្រ្តីរាជការ បូលីស ទាហាន ដែលមានឋានៈតូចទាបទៀតទេ!
    យើងត្រូវសង្គ្រោះសេដ្ឋកិច្ចរបស់យើងពីសេដ្ឋកិច្ចគ្រួសារទៅជាយើងកិច្ចរបស់យីងទាំងអស់គ្នា!
    យើងត្រូវតែសង្គ្រោះប្រទេសរបស់យើងចេញពីគ្រួសារមួយក្តាប់តូចដែលយើងយកដៃមួយចំហៀងបាំងមេឃ និងគិតតែផលប្រយើងបក្ខពួករបស់ពួកវា។

    ៣. ដើម្បីបុព្វហេតុខាងលើទាំងនេះ យើងត្រូវតែតស៊ូតាមលោកមហាត្មេះគន្ធី គឺយើងនាំគ្នារាប់ពាន់នាក់ ដើរចូលគុកទាំងអស់គ្នា !!!! ពេលនោះយើងអាចផ្តួលរលំគ្រួសារផ្តាច់ការនេះបានហើយ!!