សមិទ្ធ​ផល​ប្រព័ន្ធ​ធារា​សាស្ត្រ​ដ៏​មហិមា​ស្ថាបនា​ពី​ការ​ចំណាយ​ជីវិត​មនុស្ស

បន្ទាយមានជ័យៈ វាល​ស្រែ​ពណ៌ខៀវ​ខ្ចី ក្នុង​ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ជះ​ពន្លឺ​ព្រាកៗ តាម​កម្លាំង​ខ្យល់​បោក​បក់ នៅ​ពេល​ថ្ងៃ​ត្រង់។ នៅ​ក្នុង​ខែ​វិច្ឆិកា ដី​ដ៏​មាន​ជីវ​ជាតិ​តំបន់​នេះ នឹង​ក្លាយ​ជា​វាល​ស្រែ​ពណ៌មាស​ដ៏​ធំ​ល្វឹង​ល្វើយ។

Monday, 20 August 2012
ម៉ៃ ទិត្យថារ៉ា និង Bridget Di Certo
ភ្នំពេញ ប៉ុស្តិ៍

បឹងត្រពាំង​ថ្ម​ដ៏​ធំល្វឹង​ល្វើយ​នេះ​​ ត្រូវ​បាន​ស្ថាប​នា​​​ដោយ​​ពលរដ្ឋខ្មែរក្នុង​សម័យ​ខ្មែរ​ក្រហម​។ រូបថត ហេង ជីវ័ន

បឹងត្រពាំង​ថ្ម​ដ៏​ធំល្វឹង​ល្វើយ​នេះ​​ ត្រូវ​បាន​ស្ថាប​នា​​​ដោយ​​ពលរដ្ឋខ្មែរក្នុង​សម័យ​ខ្មែរ​ក្រហម​។ រូបថត ហេង ជីវ័ន

ប៉ុន្តែ ការ​ផលិត​ស្រូវ​ក្នុង​តំបន់​នៃ​ប្រទេស​កម្ពុជា​នេះ មិន​សុទ្ធ​តែ​ទទួល​ផល​ជា​ទី​គាប់​ចិត្ត​និង​ជោគ​ជ័យ​ឡើយ។ កង្វះ​ប្រព័ន្ធ​ធារា​សាស្រ្ត បាន​បណ្តាល​ឲ្យ​ប្រជាជន​ពឹង​ផ្អែក​លើ​ទឹក​ភ្លៀង​នា​រដូវ​វស្សា​ដែល​ជា រដូវ​ពិបាក​នឹង​ព្យាករ។

ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា ការ​កសាង​ទំនប់​ត្រពាំង​ថ្ម និង​ប្រព័ន្ធ​ប្រឡាយ​ដ៏​ធំ​នេះ បាន​ផ្លាស់​ប្តូរ​ការ​ធ្វើ​កសិកម្ម​នៅ​ក្នុង​តំបន់​នេះ​ដែល​អាច​ផ្គត់​ផ្គង់​ទឹក​មួយ​ឆ្នាំ​ពេញ​បរិបូរណ៍។

ការ​កសាង​ទំនប់​ទំហំ ជាង​១០​គីឡូ​ម៉ែត្រ​ការ៉េ​នេះ អាច​នឹង​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ប្រសិន​គេ​ធ្វើ​ការ​សាង​សង់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ ពី​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ការ​ចំណាយ​សម្រាប់​ទំនប់​នេះ មិន​មែន​ជា​សាច់​ប្រាក់​សុទ្ធ​ឬ​ក៏​ប្រាក់​ដុល្លារ​ទេ តែ​គឺ​ការ​ចំណាយ​អាយុ​ជីវិត​មនុស្ស។​ខណៈ​ដែល​កំពុង​រៀប​ចំ​ដាក់​មង នៅ​មាត់​ទំនប់ លោក ហេង ម៉េង អាយុ ៣៤ឆ្នាំ បាន​ថ្លែង​ថា ៖ «អាជ្ញាធរ​តែង​តែ​រៀប​ចំ​ពិធី​ជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស ក្នុង​ពេល​រៀប​ចំ​បុណ្យ​អុំទូក ដើម្បី​គោរព​ដល់​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​អំឡុង​ពេល កេណ្ឌ​មនុស្ស​ទាំង​បង្ខំ​មក​លើក​ទំនប់​នោះ»។

ខ្មែរ​ក្រហម​បាន​ចាប់​ផ្តើម​ផែន​ការ​កសិកម្ម​មួយ សម្រាប់​សហករណ៍​ទូទាំង​ប្រទេស ត្រូវ​ផលិត​ស្រូវ​ឲ្យ​បាន ៣ តោន ក្នុងមួយ​ហិកតា ហើយ​មាន​គំនិត​បង្កើត​ប្រព័ន្ធ​ធារា​សាស្រ្ត ដើម្បី​គាំទ្រ​ដល់​ផែន​ការ​ផលិត​នេះ។

ដោយ​យោង​លើ​ទំហំ​ដ៏​មហិមា​របស់​ទំនប់ ធៀប​នឹង​ទាសករ​រាប់​ម៉ឺន​នាក់ ដែល​ធ្វើ​ការ​ទាំង​បាក់​កម្លាំង និង​ហូប​ចុក​មិន​គ្រប់​គ្រាន់​និង​ប្រើ​ឧបករណ៍​ហត្ថកម្ម ដើម្បី​សាង​សង់​ទំនប់​ដ៏​ល្វឹងល្វើយ​នោះ លោក ហេង ​ម៉េង បាន​និយាយ​ថា៖ «ឪពុក​ម្តាយ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម មាន​មនុស្ស​ជា​ច្រើន​ដែល​មក​ធ្វើ​ការ​សាង​សង់​ទំនប់​នេះ។ គាត់​ថា ​ហ្វូង​មនុស្ស​មើល​ទៅ​ដូច​ស្រមោច ដែល​មក​លើក​ទំនប់​នៅ​ទី​នេះ»។ លោក​បាន​បន្ថែម​ថា៖ «​នេះជា​ទី​កន្លែង​ដ៏សោក​សៅមួយ ប៉ុន្តែ ឥឡូវវា​ជា​រមណីយ​ដ្ឋាន​ទេសចរណ៍​ទាក់​ទាញ​ដ៏ធំ»។

នៅ​ក្បែរ​នោះ ក្រុម​យុវ​ជន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​អែប​មាត់​ទឹក និង​នៅ​ភោជនីយដ្ឋាន​មាន​លក្ខណៈ​ទេស​ចរណ៍។

អ្នកស្រី អ៊ូ ផាវ អាយុ ៥៧ ឆ្នាំ ធ្លាប់​ធ្វើ​ជា​កង​ចល័ត​ដែល​បាន​មក​លើក​ទំនប់​នេះ ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម ឥឡូវ​នេះ គាត់​បាន​មក​ធ្វើ​ការ​ក្នុង​ហាង​លក់​ម្ហូប​អាហារ​មួយ​នៅ​មាត់​អាង​ទឹក​ត្រពាំង​ថ្ម​នេះ។

ខណៈ លក់​មាន់​អាំង​ក្នុង​តម្លៃ ៥ដុល្លារ​ទៅ​ឲ្យ​ក្រុម​យុវជន អ្នក​ស្រី អ៊ូ ផាវ បាន​សើច ហើយ​ស្រដី​ថា៖ «យើង​ខិត​ខំ​ធ្វើ​ការ ប៉ុន្តែ​យើង​គ្មាន​ម្ហូប​អាហារ​គ្រប់​គ្រាន់​សម្រាប់​ហូប​ទេ វា​មិន​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ។ ​ខ្ញុំ​អាច​ហូប​អ្វី​ក៏​បាន តាម​ដែល​ខ្ញុំ​ចង់​ហូប»។

បន្ទាប់​ពី​របប​នេះ​បាន​ដួល​រលំ ហើយ​វៀតណាម បាន​ធ្វើ​ការ​បណ្តេញ​កម្មាភិបាល​ខ្មែរ​ក្រហម​ពី​តំបន់​អ្នក​ស្រី ផាវ បាន​ថ្លែង​ថា​អ្នក​នេសាទ​ក្នុង​តំបន់​នេះ​ធ្លាប់​អូស​បាន​បំណែក ឆ្អឹង​សាក​សព។

អ្នក​ស្រី​បញ្ជាក់​ថា៖ «ពួកគេ​រក​មិន​បាន​ត្រី​ទេ តែ​បាន​ឆ្អឹង​សព មាន​លលាដ៍​ក្បាល ទៅ​វិញ»។

អ្ន​ក​ស្រី​ចាំ​ថា ប្រធាន​ទំនប់​គឺ​ជា​ប្រុស​ឈ្មោះ​ថា តា វាល់។

យោង​តាម​ឯក​សារ​របស់​ព្រះ​រាជអាជ្ញា​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម ​តា វាល់ ត្រូវ​បាន​ធ្វើ​វិសុទ្ធ​កម្ម​នៅ​ពាក់​កណ្តាល​ឆ្នាំ ១៩៧៧ ដោយ​កង​កម្លាំង​ភូមិ​ភាគ​និរតី។ បន្ទាប់​មក កង​ចល័ត​ផ្នែក ដែល តាវាល់ គ្រប់​គ្រង​នោះ ត្រូវ​បាន​បែង​ចែក​ជា​កង​ចល័ត​ស្រុក​សម្រាប់​មនុស្ស ពេញ​វ័យ និង​កម្លាំង​យុវ​ជន។

ទោះ​ជា​យ៉ាង​ណា អ្នក​ស្រី ខាន់ សំអាត អាយុ ៥០ ឆ្នាំ បាន​ថ្លែង​ថា មាន​ឈ្មោះ​អ្នក​ដឹក​នាំ​ផ្សេង​ទៀត ដែលក្នុង​ចិត្ត អ្នកស្រី​នៅ​តែ​ភ័យ​ខ្លាច ពេល​នឹក​ទៅ​ដល់​កាល​ពី​ធ្វើ​ការ​នៅ​ទំនប់​នេះ​ពី​ក្មេង។

លោកស្រី សំអាត បាន​បន្ថែម​ថា៖ «​ក្នុង​អំឡុង​របប​នោះ ទោះ​ខ្ញុំ​ឈឺក៏​ដោយ បើ​ខ្ញុំ​ឮឈ្មោះ អ៊ិម ចឹម ខ្ញុំ​នឹង​ត្រូវ​តែ​ជា​ជំងឺ​វិញ​ភ្លាម ហើយ​ខិត​ខំ​ធ្វើ​ការ!»។

អ្នក​ស្រី​ចងចាំ​ថា មនុស្ស​ជា​ច្រើន​នាក់ ត្រូវ​បាន​សម្លាប់​នៅ​អំឡូង​ពេល​លើក​ទំនប់​មួយ​នោះ ហើយ​មនុស្ស​មួយ​ចំនួន​បាន​បាត់​ខ្លួន នៅ​ពេល​ពួកគេ​ធ្វើ​អ្វី​មួយ​ខុស ជា​ពិសេស ប្រសិន​បើ​ពួកគេ​ជា​អ្នក​មក​ពី​ទីក្រុង​ភ្នំពេញ។

ខណៈ​អង្គុយ​ជួស​មង​ក្នុង​ផ្ទះ អ្នក​ស្រី សំអាត បាន​បន្ត​ថា​៖ «ឥឡូវ​នេះ ខ្ញុំ​លែង​ខ្លាច​ឈ្មោះ អ៊ិម ចឹម ទៀត​ហើយ ប៉ុន្តែ ខ្ញុំ​ខឹង នៅ​ពេល​ខ្ញុំ​ឮឈ្មោះ​នេះ ព្រោះ​ក្នុង​អំឡុង​សម័យ​នោះ យើង​ខិត​ខំ​ធ្វើ​ការ ហើយ​គ្មាន​អាហារ​ហូប​ចុក​បាន​ឆ្អែត​ម្តង​ទេ»។

អ្នកស្រី អ៊ិម ចឹម និង​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង​នៅ​ទំបន់​ត្រពាំង​ថ្ម ជា​ផ្នែក​នៃ​សំណុំ​រឿង ០០៤ ដ៏​ចម្រូង​ចម្រាស នៅ​ឯ​សាលា​ក្តី​ខ្មែរ​ក្រហម។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា សំណុំ​រឿង​នេះ​នឹង​«មិន​ត្រូវ​បាន​អនុញ្ញាត​»ឲ្យ​បន្ត​ទេ ព្រោះ​វា​ពាក់​ព័ន្ធ​នឹង​អ្វី ដែល​លោក​អះ​អាង​ថា ជា​ក្រុម​កម្មា​ភិបាល​ខ្មែរ​ក្រហម​«ថ្នាក់​កណ្តាល»។

លោក លីវ ឌៀន អាយុ ៥៥ ឆ្នាំ បានថ្លែង​ថា លោក​សង្ឃឹម​ថា រឿង​ក្តី​នឹង​ត្រូវ​ជំនុំ​ជម្រះ ដើម្បីឲ្យ​ប្រជាជន​ដឹង​ថា តើ​មាន​អ្វី​កើត​ឡើង​នៅ​តំបន់​នោះ។

ដោះ​ច្រវាក់មងចេញ​បណ្តើរ ដើម្បី​ជួស​ជុល​នៅ​ក្បែរ​អ្ន​ក​ស្រី សំអាត លោកបាន​បន្ទរ​ថា៖ «អ្នក​ខ្លះ​គេ​មិន​ដឹង​ពី​ប្រវតិ្តសាស្រ្ត​នៃ​ទំនប់​នេះ​ទេ ហើយ​គេ​គិត​ថា​វា​មិន​ខុសពី​សមុទ្រ​ទេ។ គេ​មិន​ជឿ​ថា ទំនប់​នេះ​ធ្វើ​ឡើ​ងដោ​យ​ដៃ​អ្នក​ស្រុក​ខ្មែរ​ទេ»។

រំឭក​ពី​ការ​លើក​ដាក់​ដីពី២ ទៅ ៣ ម៉ែត្រ​គូប​រាល់​ថ្ងៃ និង​ទទួល​បាន​អង្ករ​តែ ២ កំប៉ុង លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «នាពេល​ថ្មីៗ​នេះ បើ​ទោះ​ជា​ទំនប់​នេះ បាន​ក្លាយ​ជា​រមណីយ​ដ្ឋាន​ទេសចរណ៍ និង​ជា​ប្រភព​ទឹក​ធំ​បំផុត​ក្តី ខ្ញុំ​មិន​អរគុណ​ចំពោះ​របប​ខ្មែរ​ក្រហម​ទេ ពីព្រោះ​ខ្ញុំ​បាន​ខិត​ខំ​ធ្វើ​ការ​នៅ​កន្លែង​នេះ»។

ក្នុង​ឆ្នាំ ២០០៤ គម្រោង​ស្តារ​ទំនប់​ឧបត្ថម្ភ​ដោយ​ជប៉ុន សហការ​ជាមួយ​នឹង​ក្រសួង​ធន​ធាន​ទឹក បាន​ប្រែ​ក្លាយ​ប្រសិទ្ធ​ភាព​នៃ​ទំនប់ និង​ប្រឡាយ​ជុំវិញ ហើយ​តំបន់​នេះ​ឥឡូវ​នេះ​បាន​ក្លាយ​ទៅ​ជា​តំបន់​អភិរក្ស៕ TK

What Next?

Recent Articles