តុលាការ​សាលាឧទ្ធរណ៍ បើក​សវនាការ​លើ​ករណី​លោក ម៉ឹក ដា​រ៉ា​

ភ្នំពេញ: តុលាការ​សាលាឧទ្ធរណ៍ បាន​បើក​សវនាការ​លើ​ករណី​របស់លោក ម៉ឹក ដា​រ៉ា អតីត​ឧត្តម​សេនីយ៍ឯក និង​ជា​អតីត​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១២​។ លោក ម៉ឹក ដា​រ៉ា ត្រូវបាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ ផ្តន្ទាទោស ដាក់ពន្ធនាគារ​មួយជីវិត ជាមួយ​នឹង​បក្ខពួក ដែល​ស្និទ្ធ​​នឹង​លោក​ ២​នាក់​ផ្សេង​ទៀត​ ក្នុងសំណុំរឿងពុករលួយ និងជួញដូរគ្រឿងញៀន។​

ថ្ងៃទី 20 សីហា 2012
ដោយ: រតនា
CEN

លោក ម៉ឹក ដា​រ៉ា អតីត​ឧត្តម​សេនីយ៍ឯក និង​ជា​អតីត​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន (រូបថត : ស៊ីវ ចាន់ណា)

លោក ម៉ឹក ដា​រ៉ា អតីត​ឧត្តម​សេនីយ៍ឯក និង​ជា​អតីត​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន
(រូបថត : ស៊ីវ ចាន់ណា)

​ក្នុង​សវនាការ​នៅ​តុលាការ​សាលាឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​មិញ លោក ម៉ឹក ដា​រ៉ា និង​លោក ជា​ឡេង បាន​បង្ហាញខ្លួន ក្នុង​អង្គ​សវនាការ និង​បាន​បដិសេធ​ចំពោះ​រាល់​ការចោទប្រកាន់​។ សវនាការ​នៅ​ព្រឹក​មិញ ធ្វើឡើង​ដោយ​មាន​លោក​ចៅក្រម ចាយ ចាន់​ដា​វ៉ាន់ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ង៉ែត សារ៉ាត់ ជា​តំណាង​មហាអយ្យការ​។​

​ក្នុង​សវនាការ​ចៅក្រម បានប្រកាសថា លោក ម៉ឹក​ដា​រ៉ា លោក​ជា​ឡេង និង​លោក ម៉ន ឌឿ​ន ជា​អ្នក​ផ្តើម​ផ្សំគំនិត និង​ប្រព្រឹត្ត​ទទួល​សំណូក​ដោយ​ចេតនា​យក​មុខនាទី និង​កន្លែងធ្វើការ នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន របស់​ប៉ូលិស​ក្រសួងមហាផ្ទៃ ធ្វើជា​កន្លែង​រកស៊ី​គ្រឿងញៀន​ខុសច្បាប់​។​

​សវនាការ​នៅ​សាលាឧទ្ធរណ៍ លើ​ករណី​លោក​ម៉ឹក​ដា​រ៉ា នឹង​ធ្វើ​ឡើង​បន្ត​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែ​សីហា ឆ្នាំ​២០១២​។​

តុលាការ​សាលាឧទ្ធរណ៍ បើក​សវនាការ​លើ​ករណី​លោក ម៉ឹក ដា​រ៉ា​
លោក ម៉ឹក ដា​រ៉ា អតីត​ឧត្តម​សេនីយ៍ឯក និង​ជា​អតីត​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ពេលដើរចេញពីសវនាការសាលាឧទ្ធរណ៍

​សូម​រម្លឹកថា ក្រោយ​ពី​បើកសវនាការ​ជាច្រើន​ថ្ងៃ តុលាការ​ខេត្ត​បន្ទាយមានជ័យ បានសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​លោក ម៉ឹក ដា​រ៉ា អតីត​ឧត្តមសេនីយ៍ឯក និង​ជា​អតីត​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​ជា​អតីត​អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដាក់ពន្ធនាគារ​មួយជីវិត និង​រឹបអូស​ដីធ្លី ព្រមទាំង​រឹបអូស​ប្រាក់​ជាច្រើន​ទៀត​។ សាលក្រម​នោះ ត្រូវបាន​ប្រកាស​កាលពី​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១២​។ ចំណែក​លោក ជា ឡេង ដែល​ជា​មន្ត្រី​ប៉ូលិស​ក្រោម​ឱវាទ​របស់​លោក ម៉ឹក ដា​រ៉ា ក៏​ត្រូវបាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​អស់​មួយ​ជីវិត​។ រីឯ​ប៉ូលិស​ម្នាក់​ទៀត ឈ្មោះ ម៉ន ឌឿ​ន ដែល​កំពុង​គេចខ្លួន ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២៥ ឆ្នាំ​។​

​លោក​ចៅក្រម​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ កាលណោះ ក៏បាន​សម្រេច​ផាកពិន័យ​លោក​ម៉ឹក​ដា​រ៉ា និង​កូនចៅ​២​នាក់​នោះ ជា​ប្រាក់​គុណ​នឹង​៤​។ ពោល​គឺ​តុលាការ​សម្រេច ដកហូត​ដី​មួយកន្លែង នៅ​ក្រុង​សួង ខេត្ត​កំពង់ចាម របស់លោក ម៉ឹក ដា​រ៉ា ព្រមទាំង​ដកហូត​ប្រាក់​ក្នុង​ធនាគារ​កាណាឌីយ៉ា​របស់​លោក​ម៉ឹក​ដា​រ៉ា ជាង ៨ ម៉ឺន​ដុល្លារ និង​ដកហូត​លុយ​ជួសជុលផ្ទះ​ជាង ១០ ម៉ឺន​ដុល្លារ​របស់​លោក ម៉ឹក​ដា​រ៉ា នៅ​បឹង​កក់ ក្នុង​ទីក្រុង​ភ្នំពេញ​។ ចំណេ​កលោក ជា​ឡេង ក៏ត្រូវ​តុលាការ​សម្រេច​ដក​ហូត​ដី​មួយកន្លែង នៅ​ចោមចៅ និង​ផ្ទះមួយ​ល្វែង នៅ​ភ្នំពេញ ព្រមទាំង​លុយ​ជាង ១០ ម៉ឺន​ដុល្លារ​ផ្សេងទៀត​។ រីឯ​ឈ្មោះ ម៉ន ឌឿ​ន តុលាការ​បាន​សម្រេច​ដ​ក​ហូត​លុយ​ជាង ១០ ម៉ឺន​ដុល្លារ​។​

​ការផ្តន្ទាទោស​លោក ម៉ឹក ដា​រ៉ា និង​កូនចៅ​របស់​លោក​២​នាក់​នោះ ត្រូវបាន​តុលាការ​សំអាង​លើ​មាត្រា ៣៤ នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម ច្បាប់​ត្រួតពិនិត្យ​គ្រឿងញៀន ព្រមទាំង​មាត្រា ៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ និង​នីតិវិធី​ក្រម​ព្រហ្មទណ្ឌ​សម័យ​អ៊ុនតាក់​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១១ តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​បើកសវនាការ​កាត់ទោស​លោក ម៉ឹក ដា​រ៉ា និង​លោក ជា​ឡេង ព្រមទាំង​លោក ម៉ន ឌឿ​ន ( ដែល​សព្វថ្ងៃ​បាន​រត់គេច ) ក្នុង​សំណុំរឿង​ពុករលួយ តាមរយៈ​ការបង្ក្រាប​គ្រឿងញៀន​។ សវនាការ​លើ​រឿងក្តី​នោះ មាន​រយៈពេល ១២ ថ្ងៃ ដោយ​តុលាការ បាន​បិទ​បញ្ចប់​ការសួរដេញដោល កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១១​។​

​អតីត​ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង លោក​ឧត្តមសេនីយ៍ឯក ម៉ឹក ដា​រ៉ា អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​កូនចៅ លោក​ជា​ឡេង ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១១ ជាប់​ពាក់ព័ន្ធ​ករណី​អំពើពុករលួយ​ស៊ីសំណូក និង​បទ​ជួញដូរ​គ្រឿងញៀន ដែល​មាន​ការចាត់តាំង​៕​

What Next?

Recent Articles

3 Responses to "តុលាការ​សាលាឧទ្ធរណ៍ បើក​សវនាការ​លើ​ករណី​លោក ម៉ឹក ដា​រ៉ា​"

  1. visal says:

    អត់ប្រយោជន៏មែន ដក់ហូតប្រាក់ប៉ុណ្ណឹង ស្មានថាវាអស់ទ្រព្យដែលពួកវាប្រព្រឹត្តមែនទេ ហើយអាការដក់ហូតវិញនោះ​ គឺប្រហែលជាយកទ្រព្យចែកគ្នា ឬយកទៅភ្គាប់ចៅហ្វាយ ផងក៏មិនដឹង ព្រោះលឺតែដកហូត តែអត់បានបញ្ជាក់ ថាយកទៅណាផងពេញគប់ហើយតែប៉ុណ្ណេះ គ្រប់ទឹកតុលាការ ហើយចៅហ្វាយដែលបញ្ជាបើកភ្លើងខៀវអោយចាប់ នោះហើយ។ ហាហាហាហា កុំបា្រប់ថាអត់បានផលវើយ

  2. ខ្មែរបុរាណ says:

    តើមានទង្វើណាមួយដែលរាជរដ្ឋាភិបាលជៀសផុតពីការរិះគន់របស់ក្រុមប្រឆាំងដែរទេ?

  3. Jk says:

    ពិត​ជាឡូយ​មែន!!!!!!! អ្នកទោសស្លៀកពាក់ឯកសណ្ឋានស៊ីវិល។​ លោកតុលាកាពិតជា​អច្ឆរិយមែន

    (មានសិទ្ធអំណាច កាត់ក្តីអោយអ្នកក្រចាញ់ៗៗៗៗៗៗៗៗៗៗ ហើយដេកគុកស្អុយកក្រុក ឯអ្នកមានលុយកាត់អោយចាញ់ទាំងញញឹម ហើយដេកគុកផ្កាយប្រាំ……………..។

    ពួកអាងាប់…