ភ្នំពេញ: លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា បានសរសេរលិខិតជម្រាបជូនលោកនាយកក្រុមហ៊ុន តៃយ៉ាង អ៊ីនធើប្រាយ ក្នុងកម្មវត្ថុ ស្តីពីការទទួលយកកម្មករ កម្មការិនី ឲ្យបានចូលបម្រើការងារក្នុងរោងចក្រឡើងវិញ។
ថ្ងៃទី 21 សីហា 2012
ដោយ: សុខ ភក្តី
CEN
ក្នុងលិខិតចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ លោករដ្ឋមន្ត្រី អ៊ិត សំហេង បានលើកឡើងថា “ខ្ញុំសូមជម្រាបជូនលោកនាយកក្រុមហ៊ុនរោងចក្រ តៃ យ៉ាង អ៊ីនធើប្រាយ ជ្រាបថា បាតុកម្មរបស់កម្មករ ដែលបានកើតឡើងនៅរោងចក្ររបស់លោក ស្ថិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ បានអូសបន្លាយមានរយៈពេលជាងពីរខែមកហើយ។ មកដល់ពេលនេះ យើងឃើញថា កម្មករជាច្រើនបានចូលបម្រើការងារក្នុងរោងចក្រវិញហើយ នៅសល់កម្មករ កម្មការិនី ចំនួន ៣៧ នាក់ បន្តធ្វើកូដកម្មនៅមុខរោងចក្របន្តទៀត និងមានចំនួន ប្រមាណ ២០០ នាក់មិនទាន់វិលមកវិញ”។
លិខិតដដែល បានលើកឡើងថា “នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២ កន្លងមកនេះ កម្មករទាំងនោះបានមកប្រមូលផ្តុំគ្នានៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាម្តងទៀត ដោយមានបំណងស្នើឲ្យក្រសួងជួយស្នើសុំការសម្រួលឲ្យរោងចក្រ ទទួលពួកគាត់ចូលធ្វើការវិញ។ ដើម្បីរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ហើយបញ្ចប់នូវភាពរ៉ាំរ៉ៃ នៃការធ្វើកូដកម្ម បាតុកម្មនេះតទៅទៀត ខ្ញុំសូមស្នើឲ្យលោកនាយកក្រុមហ៊ុន តៃយ៉ាង អ៊ីនធើប្រាយ ទទួលយកកម្មកររបស់លោក ឲ្យបានចូលធ្វើការវិញគ្រប់ៗគ្នា”។
លោករដ្ឋមន្ត្រី អ៊ិត សំហេង ក៏បង្ហាញក្តីសង្ឃឹមជឿជាក់ថា ក្រុមហ៊ុន តៃយ៉ាង នឹងយោគយល់នូវបញ្ហាដែលកើតមានរវាងកម្មករ និងរោងចក្រកន្លងមក។
លិខិតរបស់លោករដ្ឋមន្ត្រី អ៊ិត សំហេង ខាងលើនេះ ត្រូវបានសហជីពកម្មកររបស់លោក រ៉ុង ឈុន ផ្សព្វផ្សាយដល់អ្នកកាសែត នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២។ សហជីពរបស់លោក រ៉ុង ឈុន បានដឹកនាំកម្មករ នៅរោងចក្រ តៃយ៉ាង ធ្វើការតវ៉ា និងដាក់ញត្តិទៅកាន់ស្ថានទូតអាមេរិក ក្នុងរយៈពេលកន្លងមក៕ S