កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ និងកម្មកររោងចក្រកាត់ស្បែកជើង បូករួមបញ្ចូលគ្នាប្រមាណ៧.០០០នាក់ ចេញធ្វើកូដកម្មជាច្រើនថ្ងៃ បន្ទាប់ពីពួកគេមិនត្រូវថៅកែដោះស្រាយបញ្ហាដែលពួកគេកំពុងប្រឈម។
ដោយ វិជ័យ អានន្ទ
2012-08-21
វិទ្យុអាស៊ីសេរី
រោងចក្រកាត់ដេរឈ្មោះ លីសេអង់ ឬហៅ អូស៊ីន (Ocean Garment) ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ ទាមទារថៅកែរោងចក្របណ្ដេញប្រធានផ្នែកផលិតកម្មឈ្មោះ ហ្វារុក ដោយសារបុរសនេះមានអាកប្បកិរិយាមិនល្អ។ ចំណែកកម្មកររោងចក្រកាត់ស្បែកជើង ពូយាន (Poyean) ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ទាមទារឲ្យថៅកែរោងចក្របញ្ឈប់ការកាត់ប្រាក់ខែពួកគាត់។
កម្មកររោងចក្រកាត់ដេរឈ្មោះ លីសេអង់ ឬហៅថា អូស៊ីន ឲ្យដឹងនៅថ្ងៃទី២០ សីហា ថា លោក ហ្វារុក ជនជាតិបង់ក្លាដេស ជាប្រធានផ្នែកផលិតកម្ម បានប្រព្រឹត្តអំពើមិនគប្បីផ្សេងៗលើកម្មករ។
កម្មករទាំងនោះបញ្ជាក់ថា លោក ហ្វារុក ក្រៅពីក្រអឺតក្រទម និងកោងកាច សម្ដីអសុរោះដាក់កម្មករ បុរសនេះនៅបានមើលងាយមើលថោកកម្មការិនីថែមទៀត ព្រោះកន្លងមកលោក ហ្វារុក តែងប្រើតួនាទីគម្រាមកម្មការិនីមួយចំនួននៅក្នុងរោងចក្រ ឲ្យទៅគេងជាមួយខ្លួន។
នៅពេលកម្មការិនីណាមួយមិនព្រមតាមខ្លួន បុរសនោះតែងបញ្ឈប់កម្មការិនីនោះមិនឲ្យធ្វើការបន្ថែមម៉ោង៖ «វានិយាយថា ស្រីខ្មែរស្រួលៗ ១០ដុល្លារ ២០ដុល្លារ ដេកបាន១យប់។ តែស្រីខ្មែរ ខ្លះគេឈឺចាប់ហើយ ព្រោះស្រីខ្មែរខ្លះមិនចង់បានទេលុយអ៊ីចឹងនោះ។ ស្ត្រីពេលឮគេថាអ៊ីចឹង នរណាមិនឈឺចាប់ ពាក្យដែលប្រមាថជេរ១០ដុល្លារ ២០ដុល្លារ ដេកស្រួលបានមួយយប់។ ពេលដែលគេមិនព្រមវា វាមិនឲ្យគេថែមម៉ោង បើស្រីខ្លះគេឈប់បាត់ទៅ គេខ្លាច។ អ្នកធ្វើការជាមួយខ្ញុំ ដកពីទូរស័ព្ទគេ បញ្ចូលលុយឲ្យគេ ហើយបបួលគេដើរលេង គេខ្លាចគេក៏ឈប់ទៅ»។
កម្មការិនីម្នាក់បានរៀបរាប់ពីអំពើមិនគប្បីរបស់លោក ហ្វារុក ដែលបានប្រព្រឹត្តលើមិត្តរួមការងារនាងទាំងទឹកភ្នែកថា នាងមានការឈឺចាប់ខ្លាំងណាស់ នៅពេលនាងឃើញបុរសនេះស្ដីបន្ទោសខ្លាំងៗលើមិត្តភក្ដិ និងប្រើពាក្យសម្ដីមិនសមរម្យលើស្ត្រីខ្មែរ។ នាងអះអាងបន្តថា នាងនឹងមិនបញ្ឈប់នូវការធ្វើកូដកម្មនោះទេ ប្រសិនបើថៅកែរោងចក្រមិនព្រមដកលោក ហ្វារុក ចេញពីរោងចក្រទេនោះ៖ «ដូចជាពេលធ្វើការ ពេលពួកខ្ញុំធ្វើការអីមិនត្រូវចិត្តគាត់ គាត់យកខោមកបោះលើក្បាលពួកខ្ញុំតែម្ដង ហើយកន្ត្រៃកាត់ព្រុយកាត់អីហ្នឹង គាត់បោះមកលើពួកខ្ញុំ។ ខ្ញុំយំតើពូ ខ្ញុំទ្រាំអត់បានទេ គេមិនធ្វើចំពោះខ្ញុំទេ តែគេធ្វើចំពោះអ្នកដទៃ តែខ្ញុំឈឺចាប់ណាស់ពូ ខ្មែរដូចគ្នា។ បើមិនដកទេ ពួកខ្ញុំសុខចិត្តឈប់ អត់ធ្វើការក្នុងរោងចក្រហ្នឹងទេពូ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីលោក ហ្វារុក បានទេនៅថ្ងៃទី២០ សីហា នេះ ដោយលោកបញ្ជាក់ថា លោកស្ដាប់មិនយល់ ព្រោះលោកមិនចេះភាសាខ្មែរ។
ឆ្លើយតបនឹងការលើកឡើងរបស់លោក ហ្វារុក កម្មការិនីមួយចំនួនបញ្ជាក់ថា បុរសនេះចេះនិយាយភាសាខ្មែរបានច្បាស់លាស់ណាស់។ ហើយកន្លងមក កម្មការិនីមិនតិចទេដែលធ្លាក់ក្នុងកណ្ដាប់ដៃបុរសនេះ ប្រើភាសាខ្មែរប្រលោមបោកប្រាស់នោះ។
កម្មករប្រមាណ២.០០០នាក់ នៃរោងចក្រ អូសេអង់ ឬហៅថា អូស៊ីន ធ្វើកូដកម្មទាមទារថៅកែរោងចក្របណ្ដេញលោក ហ្វារុក ប្រធានផ្នែកផលិតកម្មចេញពីរោងចក្រ ចាប់តាំងពីថ្ងៃទី១១ សីហា។ បន្ទាប់ពីគ្មានដំណោះស្រាយ ពួកគេនាំគ្នាដង្ហែជាក្បួនប៉ុនប៉ងឆ្ពោះទៅកាន់ក្រសួងការងារ។ ប៉ុន្តែសកម្មភាពនេះ ត្រូវផ្អាកទៅវិញ ក្រោយពីកងកម្លាំងសមត្ថកិច្ចប្រមាណ១០០នាក់ចុះរារាំង និងសុំឲ្យកម្មករត្រឡប់ទៅចរចាជាមួយថៅកែរោងចក្រជាបន្ត។
ភ្ជាប់នឹងបញ្ហាកូដកម្មនេះ នៅឯរោងចក្រកាត់ស្បែកជើងឈ្មោះ ពូយាន ឯណោះវិញ មានកម្មករប្រមាណ៥.០០០នាក់ នាំគ្នាធ្វើកូដកម្មអស់ជាច្រើនថ្ងៃដែរ ដោយសារថៅកែរោងចក្រកាត់ប្រាក់ខែពួកគេ បន្ទាប់ពីពួកគេបានសុំឲ្យថៅកែរោងចក្រនោះកែកុនរោងចក្រឲ្យមានផាសុកភាពជាមុន ដើម្បីឲ្យពួកគេអាចធ្វើការងារបានស្រួល។
កម្មការិនីឈ្មោះ តឹក ប៊ុនថា ឲ្យដឹងនៅថ្ងៃទី២០ សីហា ថា កម្មករយ៉ាងហោចណាស់ ២ទៅ៣នាក់ ក្នុងមួយថ្ងៃបានសន្លប់ ដោយសារអគាររោងចក្រនោះមានសភាពក្ដៅខ្លាំង ហើយហប់។ កញ្ញា តឹក ប៊ុនថា បន្តថា បន្ទាប់ពីមានការពិបាកខ្លាំង កម្មករមិនអាចធ្វើការងារក្នុងស្ថានភាពក្ដៅ និងហប់ពិបាកដកដង្ហើមនេះបានជាបន្ត កម្មករក៏នាំគ្នាសុំឲ្យថៅកែរោងចក្រជួយធ្វើដំបូលរោងចក្រ។
ជាការឆ្លើយតប ថៅកែរោងចក្របានយល់ព្រមធ្វើដំបូលរោងចក្រនោះតាមសំណូមពររបស់កម្មករ ប៉ុន្តែថៅកែរោងចក្រទាមទារកាត់ប្រាក់ខែរបស់កម្មករទាំងនោះទៅវិញ។ ហេតុនេះ កម្មករមិនសុខចិត្តក៏នាំគ្នាដង្ហែក្បួនធ្វើកូដកម្ម៖ «ពួកខ្ញុំចេញមកក្រៅហ្នឹង គ្រាន់តែឲ្យដោះស្រាយរឿងកង្ហារហ្នឹង រឿងអី សន្លប់ច្រើនពេករាល់ថ្ងៃ កន្លែងរោងចក្រខ្ញុំអគារក្រោយ រហូតសន្លប់រាលថ្ងៃ។ ដល់ពេលហើយ ខ្ញុំហ្នឹងក៏ចេញមកក្រៅឲ្យគេដោះស្រាយឲ្យ គេចេញ ចេញទៅ គេទុកឲ្យរញ៉េរញ៉ៃ មិនព្រមជាមួយអ៊ីចឹង។ ហើយឥឡូវបីថ្ងៃកន្លះហើយ គេមិនដោះស្រាយឲ្យពួកខ្ញុំសោះ ហើយឥឡូវដឹងម៉េចទេ ចេញក្រៅនៅតែគេមិនដោះស្រាយ។ ហើយឥឡូវ កំពុងតែនៅហាលភ្លៀង មនុស្សរាប់ពាន់នាក់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងផ្នែករដ្ឋបាល នៃរោងចក្រ ពូយាន ដើម្បីសុំការបកស្រាយពីបញ្ហានេះបានទេ នៅថ្ងៃទី២០ សីហា នេះ។
កញ្ញា តឹក ប៊ុនថា ឲ្យដឹងថា កម្មកររោងចក្រ ពូយាន បានធ្វើកូដកម្មអស់ជាច្រើនថ្ងៃ គឺចាប់ពីថ្ងៃទី១៦ មក។ ហើយបច្ចុប្បន្ន ថៅកែរោងចក្រនៅមិនទាន់រកដំណោះស្រាយសមស្របណាមួយសម្រាប់កម្មករនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ចុម! មិចមិនឃើញអាឈុនវាទៅតវ៉ាដែរ?? អាហ្នឹងបែបកម្មដេញចេញហើយមើលទៅ!
ព្រោះគេស្អប់វាណាស់ ! ជ្រេញមុខអាមួយហ្នឹងទៀត! ប្រយ័ត្នដេកគុកទៅ អាឈុន!!