អ្នក​ភូមិ​នៅ​ក្រចេះ​ចោទ​ក្រុមហ៊ុន​សំណាង​អង្គរ​ថា​ប្លន់​យក​ដី

ជន​ជាតិ​ចាម ឬ​ខ្មែរ​អ៊ីស្លាម​ជាង ៣០​គ្រួសារ ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ តវ៉ា​ចំពោះ​តំណាង​ក្រុមហ៊ុន​សំណាង​អង្គរ ខណៈ​ដែល​ក្រុមហ៊ុន​នេះ​បាន​យក​ត្រាក់ទ័រ​មក​ឈូស​ឆាយ​ដី​ចំការ​អ្នក​ភូមិ។

ដោយ ទេព សុរ៉ាវី
2012-08-22
​វិទ្យុ​អាស៊ីសេរី

ជនជាតិ​ចាម ឬ​ខ្មែរ​អ៊ីស្លាម អ្នកស្រី រួន ឡាម៉ាស់ រស់​នៅ​ក្នុង​ឃុំ​២ធ្នូ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ថា តំណាង​ក្រុមហ៊ុន​សំណាង​អង្គរ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល បាន​ឈូស​ឆាយ​លើ​ដី​ចំការ​អ្នក​ភូមិ​ទំហំ ២​ហិកតារ និង​បាន​ដាំ​កូន​កៅស៊ូ​ភ្លាមៗ ដើម្បី​លុប​បំបាត់​ភស្តុតាង និង​ថា​ដី​ទាំង​នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន។

អ្នកស្រី​បន្ត​ថា ក្រុមហ៊ុន​បាន​យក​ត្រាក់ទ័រ​ចំនួន ២​គ្រឿង ទៅ​ឈូស​បំផ្លាញ​ចំការ​ដំឡូង​មី​របស់​គាត់​កាល​ពី​យប់​ថ្ងៃ​ទី​២០ ខែ​សីហា និង​បាន​ដាំ​កូន​កៅស៊ូ​ទាំង​យប់។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២១ ខែ​សីហា ក្រុមហ៊ុន​បាន​យក​ត្រាក់ទ័រ​មួយ​គ្រឿង និង​កម្មករ​ជា​ជនជាតិ​វៀតណាម ២០ ទៅ ៣០​នាក់ ទៅ​បន្ត​ដាំ​កូន​កៅស៊ូ​ដែល​នៅ​សេសសល់​កាល​ពី​យប់៖ «គេ​ភ្ជួរ​ភ្លាម​ហើយ​គេ​ខួង​ភ្លាម​ហើយ​គេ​ដាក់​អាចម៍​គោ ដាក់​អាចម៍​គោ​ហើយ​គេ​ដាក់​ដាំ​ទាំង​យប់​តែម្ដង។ គេ​មក​ប្លន់​តែម្ដង»

អ្នកស្រី​បន្ត​ថា អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​រារាំង​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា មិន​ឲ្យ​ដាំ​កូន​កៅស៊ូ​លើ​ដី​អ្នក​ភូមិ​ទេ ហើយ​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​រង់ចាំ​ក្រុម​និស្សិត​ចុះ​មក​វាស់​វែង​ដីធ្លី​តាម​បទបញ្ជា ០០១ របស់​រដ្ឋាភិបាល​សិន។

ជនជាតិ​ចាម​ម្នាក់​ទៀត លោក ម៉ាត់ សៀក ឲ្យ​ដឹង​ថា អ្នក​ភូមិ​ជន​ជាតិ​ចាម និង​ខ្មែរ​ជាង ៣០​គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារ​មាន​ដី ២ ទៅ ៣​ហិកតារ កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សំណាង​អង្គរ។

អ្នក​ភូមិ​បារម្ភ​ខ្លាច​ក្រុមហ៊ុន បន្ត​ឈូស​បំផ្លាញ​ដំណាំ​ដំឡូង​របស់​ពួក​គាត់ ដូច​ដែល​ក្រុមហ៊ុន​បាន​ធ្វើ​ទៅ​លើ​ដី​ចំការ​របស់​អ្នកស្រី រួន ឡាម៉ាស់ ទើប​ពួក​គាត់​រួម​គ្នា​ជួយ​ទប់​ស្កាត់​សកម្មភាព​របស់​ក្រុមហ៊ុន។ តែ​ការ​រារាំង​របស់​អ្នក​ភូមិ​មិន​បាន​ជោគជ័យ​នោះ​ទេ ហើយ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ដាំ​កូន​កៅស៊ូ​លើ​ដី​ចំការ​អ្នក​ភូមិ​ដដែល។

លោក ម៉ាត់ សៀក៖ «ប្រជាពលរដ្ឋ​យើង​បាន​ទៅ​ជួយ​ទប់​ស្កាត់​ខាង​គេ​ឈូស​ឆាយ ប៉ុន្តែ​ពេល​ប្រជាពលរដ្ឋ​ចេញ​ផុត គេ​នៅ​ដាំ​ដដែល។ និយាយ​ឲ្យ​ចំ​ខាង​អាជ្ញាធរ​គេ គេ​ត្រូវរ៉ូវ​តែ​ខាង​ក្រុមហ៊ុន ហើយ​ប្រជាពលរដ្ឋ​មិន​សូវ​ជួយ​ជ្រោមជ្រែង​ផង»

មេ​ឃុំ​២​ធ្នូ លោក ប៉ឹង វិន ឲ្យ​ដឹង​ថា ក្រុមហ៊ុន​សំណាង​អង្គរ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ជិត ១​ម៉ឺន​ហិកតារ។ លោក​បដិសេធ​ថា មិន​បាន​ដឹង​ពី​ការ​ឈូស​ឆាយ​ដី​ចំការ​របស់​អ្នក​ភូមិ​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា នេះ​ឡើយ តែ​លោក​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ថ្ងៃ​ស្អែក ព្រោះ​ថ្ងៃ​នេះ​លោក​ជាប់​រវល់។

ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ចាប់​ផ្ដើម​ឈូស​ឆាយ​ដី​អ្នក​ភូមិ​កាល​ពី​ឆ្នាំ​មុន​រហូត​មាន​ទំនាស់​ចាប់​តំណាង​អ្នក​ភូមិ និង​គំរាម​អ្នក​ភូមិ​ទៀត ប្រសិន​បើ​នៅ​តែ​តវ៉ា​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន។ ដោយ​ខ្លាច​ការ​គំរាម អ្នក​ភូមិ​និង​ក្រុមហ៊ុន​បាន​ព្រមព្រៀង​គ្នា​ផ្ទេរ​ដី​ដោយ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ។ក្រុមហ៊ុន​បាន​ផ្លាស់ប្ដូរ​ឲ្យ​អ្នក​ភូមិ​មក​រស់​នៅ​ដី​ខាង​មុខ​ជាប់​នឹង​ផ្លូវ​ជាតិ ដោយ​ប្ដូរ​យក​ដី​អ្នក​ភូមិ​នៅ​ប៉ែក​ខាង​ក្រោយ​ទំហំ ២ ទៅ ៣​ហិកតារ​ក្នុង​មួយ​គ្រួសារ យក​ទៅ​ដាំ​កៅស៊ូ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​វិញ។ ប៉ុន្តែ​ការ​ផ្ទេរ​ដី​ថ្មី​មិន​ទាន់​បាន ៣​ខែ​ផង ស្រាប់​តែ​ក្រុមហ៊ុន​បន្ត​មក​ឈូស​ឆាយ​ដី​ប៉ែក​ខាង​មុខ​ជាប់​ផ្លូវ​ជាតិ​ដែល​បាន​ផ្ទេរ​ឲ្យ​អ្នក​ភូមិ ដោយ​ថា ដី​នោះ​ជា​កម្មសិទ្ធិ​ក្រុមហ៊ុន។ អ្នក​ភូមិ​ចោទ​ថា អាជ្ញាធរ​មិន​បាន​ជួយ​រក​ដំណោះស្រាយ ឬ​ផ្អាក​សកម្មភាព​ឈូស​បំផ្លាញ​ដី​ចំការ​ពី​សំណាក់​ក្រុមហ៊ុន​នោះ​ឡើយ។

ប្រធាន​សហគមន៍​២​ធ្នូ លោក ម៉ម ហៃ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ពិត​ជា​បាន​ទៅ​ឈូស​បំពាន​ដី​អ្នក​ភូមិ​ចំនួន ៣​គ្រួសារ លើ​ផ្ទៃ​ដី​ជិត ២​ហិកតារ​ដោយ​ខុស​ច្បាប់។ លោក​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​រាល់​ការ​បំពាន​លើ​ដី​អ្នក​ភូមិ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​សំណាង​អង្គរ​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា។

អ្នក​ស៊ើប​អង្កេត​អង្គការ​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ក្រចេះ លោក សំរិទ្ធ វណ្ណា ឲ្យ​ដឹង​ថា លោក​មិន​ច្បាស់​ថា ដី​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​នោះ​ជា​ដី​ក្រុមហ៊ុន ឬ​ដី​អ្នក​ភូមិ​នោះ​ទេ។ តែ​ថា ការ​ដោះ​ដូរ​ដី​រវាង​អ្នក​ភូមិ និង​ក្រុមហ៊ុន មិន​មាន​ឯកសារ​ច្បាស់លាស់​នៅ​ឡើយ៖ «ក្នុង​ការ​ដោះ​ដូរ​នោះ​គ្មាន​លិខិត​ឯកសារ ឬ​អ្វីៗ​មួយ​យក​មក​សរសេរ​សំអាង​ទេ គ្រាន់​តែ​និយាយ​​ផ្ទាល់​មាត់»

តាម​ឯកសារ​របស់​អង្គការ​អាដហុក អ្នក​ភូមិ​រាប់​រយ​គ្រួសារ​នៅ​ភូមិ​ចំនួន ៧ ក្នុង​ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចំនួន ៩ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles