រដ្ឋមន្ត្រី​ព័ត៌មាន​អំពាវនាវអោ​យ​អ្នកកាសែត​បង្កើន​ចំណេះដឹង​ផ្នែក​អាស៊ាន

ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​រៀបចំ​តុ​មូល​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ស្តី​ពី​ដំណើរ​ឆ្ពោះទៅ​កាន់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥។ ជា​តុ​មូល​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជំរុញ​ការ​យល់​ដឹង​របស់​អ្នកកាសែត​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ និង​ការ​អប់រំ។ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​ស្នើ​អោយ​អ្នកសារព័ត៌មាន​បង្កើត​សមត្ថភាព​របស់​ខ្លួន​ ដើម្បី​ដើរ​តួនាទី​អោយ​រឹត​តែ​សំខាន់​នៅ​ពេល​ដែល​អាស៊ាន​បើក​ចំហ​ព្រំដែន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៥។

ថ្ងៃ ពុធ 22 សីហា 2012
ដោយ លាង ដឺលុច
RFI

តុមូលឧបត្តម​ដោយ​​​មូលនិធិ​ខុនរ៉ាដ ថ្ងៃពុធ​ទី​២២​សីហា ២០១២

តុមូលឧបត្តម​ដោយ​​​មូលនិធិ​ខុនរ៉ាដ ថ្ងៃពុធ​ទី​២២​សីហា ២០១២
© RFI-ចាន់ណា

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

(02:13)

បញ្ហា​ជាច្រើន​នឹង​លេច​ឡើង​បន្ទាប់​ពី​ព្រំដែន​សេដ្ឋកិច្ច​អាស៊ាន ឬ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៥។ នៅ​ពេល​នោះ​ហើយ​ដែល​អ្នកកាសែត​កម្ពុជា​ត្រូវ​មាន​សមត្ថភាព និង​ភាព​ចាស់ទុំ​គ្រប់គ្រាន់​ដើម្បី​ដើរ​តួនាទី​ក្នុង​ការ​ពន្យល់​ពលរដ្ឋ​កម្ពុជា​អំពី​បញ្ហា​នីមួយៗ​នោះ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​តុមូល​មួយ​ស្តី​ពី​ឱកាស និង​ភាព​ប្រឈម​របស់​កម្ពុជា​នៅ​​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥។

 
នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ពុធ​នេះ តំណាង​មូលនិធិ​ខុនរ៉ាដ​ដែល​ជា​អ្នក​ឧបត្ថម្ភ​កិច្ចប្រជុំ​តុមូលនេះ​ក៏​បាន​លើក​ឡើង​អំពី​បញ្ហា​នានា​ដែល​ធ្លាប់ និង​កំពុង​កើត​មាន​នៅ​ក្នុង​សហភាព​អឺរ៉ុប​ផងដែរ។ បញ្ហា​លំហូរ​កំលាំង​ពលកម្ម បញ្ហា​ជាតិ​និយម និងភាព​ខុសគ្នា​នៃ​កម្រិត​អប់រំ ទាំងនេះ​គឺ​ជា​អ្វី​​ដែល​សហភាព​អឺរ៉ុប​បាន និង​កំពុង​ជួប​ប្រទះ។
 
សម្រាប់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា បញ្ហា​ទាំងនេះ​នឹង​អាច​កើត​មាន​ដូចគ្នា​ដែរ​ចាប់​ពី​ឆ្នាំ​២០១៥​នៅ​ក្នុង​អាស៊ាន។ ជាពិសេស​គឺ​លំហូរ​នៃ​កំលាំង​ពលកម្ម​ដែល​ជំរុញ​អោយ​មាន​បញ្ហា​ជាតិ​និយម និង​បញ្ហា​អន្តោប្រវេសន៍​ដែល​នឹង​ក្លាយ​ទៅ​ជា​ប្រធានបទ​របស់​អ្នក​នយោបាយ។ បញ្ហា​ទាំងអស់​នេះ​ហើយ ចំពោះ​លោក​ខៀវ កាញារីទ្ធ ដែល​ត្រូវ​អោយ​អ្នក​កាសែត​មាន​សមត្ថភាព​ខ្ពស់​ដើម្បី​អាច​ស្វែងយល់​អំពី​បញ្ហា និង​អាច​ពន្យល់​បកស្រាយ​បញ្ហា​ទាំងនេះ​បាន។
 
លោក​ខៀវ កាញ្ញារីទ្ធ​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​បច្ចុប្បន្ន​ទាក់ទង​នឹង​ការ​មិន​អាច​ចេញ​សេចក្តីប្រកាស​រួម​នៃ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​នៅ​កម្ពុជា។ រដ្ឋមន្ត្រី​ព័ត៌មាន និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​កត់សម្គាល់​ថា នៅ​ពេល​ដែល​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មិន​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​បាន​ ដោយ​សារ​តែ​កម្ពុជា​មិន​ព្រម​ដាក់​បញ្ចូល​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ចូល​ទៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ សារព័ត៌មាន​ហ្វីលីពីនបាន​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា​ និង​ចោទ​កម្ពុជា​ថា រណប​នឹង​ចិន​ទៅ​វិញ។ ហើយ​ថា លោក​មិន​បាន​ឃើញ​សារព័ត៌មាន​របស់​កម្ពុជា​​និយាយ​​ច្រើន​អំពី​បញ្ហា​​នេះ ហើយ​ដែល​តាម​ការពិត​ ការ​មិន​ដាក់​បញ្ចូល​ចំនុច​ណា​មួយ​ចូលទៅ​ក្នុង​សេចក្តីថ្លែងការណ៍ ដោយសារ​គ្មាន​ការ​ព្រមព្រៀងគ្នានោះ គឺ​ជា​គោលការណ៍​របស់​អាស៊ាន។
 
ជា​ចុងក្រោយ ការ​ពង្រឹង​សមត្ថភាព​ភាសា​អង់គ្លេស និង​ការ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​អ្នក​កាសែត​នៃ​ប្រទេស​ក្នុង​តំបន់ ត្រូវ​បាន​លើក​ទឹកចិត្ត​និង​ជំរុញ​ដោយ​លោក​ខៀវ កាញារីទ្ធ៕

—————————————-

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles