លោក​ ជា​ មុនី ស្នើសុំ​រដ្ឋមន្ត្រី​ការងារ ជួយ​ដល់​កម្មករ​សន្លប់​នៅ​រោងចក្រ M & V

ភ្នំពេញ: លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេរ​លិខិត​មួយច្បាប់ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១២ ជូន​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ស្នើសុំ​លោក​រដ្ឋមន្ត្រី មេត្តា​ចាប់​វិធាន​ការ​លើ​ករណី​កម្មករ កម្មការិនី បម្រើ​ការងារ នៅ​រោងចក្រ អឹម វ៉េ អន្តរជាតិ (M &V International) ខេត្ត​កំពង់ឆ្នាំង ទទួលរង​ការដួលសន្លប់ ជា​បន្តបន្ទាប់ ពេល​កំពុង​បំពេញ​​ការងារ​។​

ថ្ងៃទី 27 សីហា 2012
ដោយ: សុខ ភក្តី
CEN

​ក្នុង​លិខិត លោក ជា​មុនី បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ថា កម្មករ​កម្មការិនី ប្រមាណ ៦៩ នាក់ បម្រើ​ការងារ​នៅ​រោងចក្រ អឹម វ៉េ អន្តរជាតិ ខេត្ត​កំពង់ឆ្នាំង បាន​ទទួលរង​ការ​ដួលសន្លប់​ជា​បន្តបន្ទាប់ ពេល​កំពុង​បំពេញ​ការងារ នា​ខែ​សីហា ឆ្នាំ​២០១២ ជាអាទិ៍​៖ លើក​ទី​១ នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១២ ចំនួន ៥ នាក់​, លើក​ទី​២ ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១២ ចំនួន ៣៤ នាក់​, លើក​ទី​៣ នា​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ ចំនួន ៧ នាក់ និង​លើក​ទី​៤ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១២ ចំនួន ២៣ នាក់​។ លើសពីនេះ​ទៀត កាលពី​អំឡុង​ឆ្នាំ​២០១១ កន្លងមក កម្មករ​កម្មការិនី បម្រើ​ការងារ​នៅ​រោងចក្រ អឹម​វ៉េ អន្តរជាតិ ខេត្ត​កំពង់ឆ្នាំង ក៏​ធ្លាប់​ទទួលរង​ការដួលសន្លប់ ពេល​កំពុង​បំពេញ​ការងារ ក្នុង​ចំនួន​ច្រើន​រយ​នាក់​ផងដែរ​។​

​ក្នុង​លិខិត​ដដែល លោក​ជា​មុនី បាន​លើកឡើង​ថា តាម​ការកត់សម្គាល់រ​បស់​សហជីព កត្តា​ចម្បង​ដែល​បណ្តាលឲ្យ​កម្មក​រកម្ម​ការិនី បម្រើ​ការងារ​នៅ​រោងចក្រ អឹម​វ៉េ អន្តរជាតិ ខេត្ត​កំពង់ឆ្នាំង ទទួលរង​ការដួលសន្លប់ ពេល​កំពុង​បំពេញ​ការងារ​ជា​បន្តបន្ទាប់​មក​នេះ គឺ​ដោយសារ​ថៅកែ ( និយោជក ) រោងចក្រ​បង្កើត​កិច្ចសន្យា​ការងារ​គាបសង្កត់ បង្គាប់​ឲ្យ​កម្មករ កម្មការិនី ធ្វើការ​ថែម​ម៉ោង​លើសលប់ និង​តម្រូវឲ្យ​កម្មករ កម្មការិនី បម្រើ​ការ​ងារ​ទាំង​ថ្ងៃ​ឈប់សម្រាក​ខុសពី​គោលការណ៍​ស្ម័គ្រចិត្ត​ថែម​ទៀត​។​

​នៅ​ចុងបញ្ចប់ លោក​ជា​មុនី បាន​គោរព​សំណូមពរ​ជូន​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ មេត្តា​ធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ និង​ចាត់វិធានការ​ឲ្យបាន​ម៉ឺងម៉ាត់ លើ​ករណី​កម្មករ កម្មការិនី បម្រើ​ការងារ​នៅ​រោងចក្រ អឹម វ៉េ អន្តរជាតិ ខេត្ត​កំពង់ឆ្នាំង ទទួលរង​ការដួលសន្លប់ ពេល​បំពេញការងារ ព្រោះ​ថៅកែ​រោងចក្រ​បង្កើត​កិច្ចសន្យា​ការងារ មិន​ស្រប​នឹង​ស្មារតី​នៃ​ច្បាប់​ស្តីពី​ការងារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងន័យ​គិតគូ​ដល់​សុខភាព​របស់​កម្មករ​កម្មការិនី ដោយ​អនុគ្រោះ​។​

​មិនទាន់​មាន​ប្រតិកម្ម​បែបណា​ពី​លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ជុំវិញ​លិខិត​របស់​លោក ជា​មុនី ខាងលើ​នៅ​ឡើយ​ទេ​៕​

What Next?

Recent Articles