ភ្នំពេញ: ទីភ្នាក់ងារ Peace Corps នៅប្រទេសកម្ពុជា នឹងស្វាគមន៍អ្នកស្ម័គ្រចិត្តក្រុមទី៦ ជនជាតិអាមេរិកថ្មីចំនួន ៥៨ នាក់ ដែលនឹងមកសច្ចាប្រណិធានចូលបំពេញការងាររបស់ខ្លួន ក្នុងខេត្តតាកែវ នៅតាមសហគមន៍ជនបទ ដោយបង្រៀនភាសាអង់គ្លេស និងជំរុញសុខភាពសាធារណៈ ក្នុងគម្រោងនានាក្នុងសហគមន៍ ទាក់ទងនឹងការអប់រំបរិស្ថាន ការការពារហិង្សាក្នុងគ្រួសារ ការអភិវឌ្ឍមុខជំនួញខ្នាតតូច និងកសាងជំនាញស្តីពីភាពជាអ្នកដឹកនាំសម្រាប់កុមារី។
ថ្ងៃទី 6 កញ្ញា 2012
ដោយ: កូឡាប
CEN
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ បានឲ្យដឹងថា ទីភ្នាក់ងារ Peace Corps នៅប្រទេសកម្ពុជា នឹងស្វាគមន៍អ្នកស្ម័គ្រចិត្តក្រុមទី៦ របស់ខ្លួន នៅថ្ងៃសុក្រ ទី៧ ខែកញ្ញា ឆ្នាំ ២០១២ នៅម៉ោង ១រសៀល នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ (ផ្លូវជាតិលេខ ២) ក្នុងខេត្តតាកែវ ក្រោមអធិបតីភាពលោក ស្រី បេន អភិបាលខេត្តតាកែវ និងលោកស្រី Penny Fields នាយកទីភ្នាក់ងារ Peace Corps ប្រចាំនៅប្រទេសកម្ពុជា នឹងធ្វើជាអធិបតីក្នុងពិធីសច្ចាប្រណិធាននោះ ដើម្បីស្វាគមន៍អ្នកស្ម័គ្រចិត្តជនជាតិអាមេរិកថ្មីចំនួន ៥៨ នាក់។
សេចក្តីប្រកាសព័ត៌មានដដែល បានលើកឡើងបន្តទៀតថា អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅប្រទេសកម្ពុជា រស់នៅ និងធ្វើការនៅតាមសហគមន៍ជនបទ ដោយបង្រៀនភាសាអង់គ្លេស និងជំរុញសុខភាពសាធារណៈ។ អ្នកស្ម័គ្រចិត្តទាំងនោះ ក៏ធ្វើការផងដែរជាមួយសមភាគីកម្ពុជារបស់គេ ក្នុងគម្រោងនានាក្នុងសហគមន៍ ទាក់ទងនឹងការអប់រំបរិស្ថាន ការការពារហិង្សាក្នុងគ្រួសារ ការអភិវឌ្ឍមុខជំនួញខ្នាតតូច និងកសាងជំនាញស្តីពីភាពជាអ្នកដឹកនាំសម្រាប់កុមារី។
សេចក្តីប្រកាសលើកឡើងថា ជាមួយនឹងក្រុមអ្នកស្ម័គ្រចិត្តថ្មីនេះ ទីភ្នាក់ងារ Peace Corps នៅពេលនេះមានអ្នកស្ម័គ្រចិត្តសរុបចំនួន ២៨៥ នាក់ កំពុងរស់នៅតាមខេត្តចំនួន ១៥ ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៦។
ប្រភពដដែលបានឲ្យដឹងទៀតថា ទីភ្នាក់ងារ Peace Corps ត្រូវបានបង្កើតឡើងដោយអតីតប្រធានាធិបតីអាមេរិក John F. Kennedy ក្នុងឆ្នាំ១៩៦១ ដើម្បីលើកកម្ពស់សន្តិភាពពិភពលោកនិងមិត្តភាព។ គោលដៅរបស់ទីភ្នាក់ងារ Peace Corps គឺផ្តល់ការបណ្តុះបណ្តាល និងការអប់រំដល់បុរសស្ត្រី នៅតាមបណ្តាប្រទេសដែលមានការចាប់អារម្មណ៍ និងដើម្បីលើកកម្ពស់ការយល់គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ កាលពីឆ្នាំទៅ ទីភ្នាក់ងារ Peace Corps បានប្រារព្ធខួបលើកទី៥០ របស់ខ្លួន។ ចាប់តាំងពីឆ្នាំ១៩៦១ មក មានអ្នកស្ម័គ្រចិត្តចំនួនជាង ២០០.០០០ នាក់ បានបម្រើការក្នុងទីភ្នាក់ងារនេះ នៅតាមប្រទេសចំនួន ១៣៩ ក្នុងពិភពលោក៕ S