ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងស្ថានភាពអាកាសធាតុនៃជ្រលងសម្ពាធទាប និងប្រព័ន្ធសម្ពាធទាប បានបន្តជះឥទ្ធិពលមកលើប្រទេសកម្ពុជា កាន់តែខ្លាំង និងទាមទារឲ្យប្រជាពលរដ្ឋត្រៀមលក្ខណៈពីគ្រោះជំនន់ទឹកភ្លៀង ដែលនឹងអាចកើតមានឡើងជាយថាហេតុ។
ដោយ ដែន អយុធ្យា
2012-09-06
វិទ្យុអាស៊ីសេរី

២២-កញ្ញា-២០១១៖ ក្រុមប្រជាពលរដ្ឋមួយចំនួននៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវជាប់ខ្លួនដោយសារទឹកជំនន់ ហើយនាំគ្នាឡើងទៅលើចុងឈើ។
RFA/Hang Savyouth
មន្ត្រីជំនាញឲ្យដឹងថា ទឹកភ្លៀងបានធ្លាក់ចុះឥតឈប់ឈរស្ទើរទូទាំងប្រទេស ហើយកម្ពស់ទឹកទន្លេក៏មានទំហំធំ ដែលទាមទារឲ្យពលរដ្ឋប្រុងប្រយ័ត្ន។
មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម កំពុងពិនិត្យពីស្ថានភាពអាកាសធាតុដែលកម្ពុជា រងឥទ្ធិពលជ្រលងសម្ពាធទាប និងប្រព័ន្ធសម្ពាធទាប បង្កឲ្យមានភ្លៀងធ្លាក់ច្រើន។
លោក ចាន់ យុត្ថា មន្ត្រីនាំពាក្យ និងជានាយកខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម។ លោកបានឲ្យដឹងនៅថ្ងៃទី៦ ខែកញ្ញា ថា ទឹកភ្លៀងបានធ្លាក់ចុះតាមខេត្តក្រុងភាគខាងច្រើនក្នុងប្រទេសកម្ពុជា។
លោកឲ្យដឹងថា ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តស្ទឹងត្រែង ជាដើមកំពុងមានភ្លៀងធ្លាក់ខ្លាំង៖ «ខេត្តសៀមរាប ជាខេត្តមួយដែលក្រសួងជូនដំណឹងឲ្យប្រុងប្រយ័ត្ន គឺភ្លៀងបានចាប់ផ្ដើមធ្លាក់ខ្លាំង ហើយគ្រប់ស្រុកទាំងអស់នៅក្នុងខេត្តសៀមរាប ចាប់តាំងពីម៉ោង ៧ និង ៤៥នាទីមកម្ល៉េះ។ ខេត្តដែលស្ថិតនៅក្នុងការជម្រាបឲ្យប្រុងប្រយ័ត្នខ្ពស់ គឺមានខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តកំពង់ធំ ជាដើម។ មកដល់ម៉ោង ៦ព្រឹកមិញនេះ កំពស់ទឹកស្ទឹងសែន គឺក្នុងខេត្តព្រះវិហារ ទឹកបានកើនដល់ ១០,៣៥ម៉ែត្រ ក្នុងកម្រិតដែលប្រកាសឲ្យប្រុងប្រយ័ត្ន គឺកម្រិត ១១ម៉ែត្រ»។
លោកបន្តថា បើភ្លៀងនៅបន្តធ្លាក់ អាចនាំឲ្យមានជំនន់ទឹកភ្លៀងតាមខេត្តមួយចំនួន ដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ក្រចេះ រតនគិរី មណ្ឌលគិរី តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ខេត្តកំពត ជាពិសេសខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តតាកែវ។
ក្រសួងធនធានទឹក កាលពីថ្ងៃទី៥ ខែកញ្ញា បានជូនដំណឹងពីស្ថានភាពអាកាសធាតុនៃឥទ្ធិពលជ្រលងសម្ពាធទាប និងប្រព័ន្ធសម្ពាធទាប បានបន្តមានឥទ្ធិពលមកលើប្រទេសកម្ពុជា រហូតដល់ថ្ងៃទី៩ ខែកញ្ញា។ ឥទ្ធិពលនេះនាំឲ្យតំបន់ខ្ពង់រាប និងតំបន់ទំនាប មានភ្លៀងធ្លាក់ច្រើន ហើយអាចបង្កឲ្យមានជំនន់ទឹកភ្លៀង។
បញ្ហានេះ លោក ហៀង ម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកែប បានឲ្យដឹងថា មូលដ្ឋានខេត្តកែប មានសភាពអាប់អួ និងមានទឹកភ្លៀងជាប់ជានិច្ចចាប់តាំងពីថ្ងៃទី៥ មកម្ល៉េះ៖ «ម្សិលមិញជួរភ្នំវល្លិ មានភ្លៀងធ្លាក់ខ្លាំងដល់នៅជួរមាត់សមុទ្រភ្លៀងតិច។ ប៉ុន្តែព្រឹកថ្ងៃនេះភ្លៀងគ្រប់កន្លែងទូទាំងខេត្តកែប តែខាងលិចភ្នំកែប ភ្លៀងខ្លាំងជាងខាងកើតភ្នំ»។
យ៉ាងនេះក្តី លោកថាជំនន់ទឹកភ្លៀងមិនមានសញ្ញាគួរឲ្យព្រួយបារម្ភនោះទេ ប៉ុន្តែប្រជានេសាទពួកគេមិនបានចេញទូកទៅនេសាទនៅសមុទ្រទៀតឡើយ ព្រោះមានខ្យល់ និងភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់។
ចំណែកលោក អាន ចន្ទតារា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ ក៏បានឲ្យដឹងដែរថា នៅថ្ងៃទី៦ ខែកញ្ញា មូលដ្ឋាននេះមានភ្លៀងធ្លាក់បន្តបន្ទាប់ ប៉ុន្តែមិនធ្ងន់ធ្ងរទេ។ លោកបន្តថា ទាំងភ្ញៀវទេសចរ និងអ្នកនេសាទមិនសូវឃើញចេញទៅកម្សាន្តតាមកោះ ឬចុះទូកនេសាទច្រើនទេ ព្រោះពួកគេព្រួយបារម្ភពីសុវត្ថិភាព។
លោក អាន ចន្ទតារា ឲ្យដឹងដូច្នេះ៖ «ភ្លៀងរាំងៗ និងមេឃស្រទំរហូត។ ខ្យល់មិនខ្លាំងពេកទេ តែមេឃងងឹតហើយភ្លៀងៗ ១០នាទី ឬ ២០នាទីក៏រាំងវិញ។ ភ្លៀងរាំងៗតែមេឃងងឹតរហូត»។
ទោះជាបែបនេះក្ដី លោក ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា ស្ថានភាពទឹកភ្លៀង ឬទំហំទឹកទន្លេមិនទាន់ដល់ប្រកាសអាសន្នទេ។ ប៉ុន្តែលោកស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ត្រូវប្រុងប្រយ័ត្នពីគ្រោះទឹកជំនន់ឆ្នាំនេះ។
លោក ញឹម វណ្ឌដា៖ «កំពុងត្រួតពិនិត្យបន្តទៀត តើទឹកជំនន់មានដែរ ឬអត់? យើងបានពិនិត្យត្រឹមថ្ងៃនេះ ព្រឹកមិញនេះ បើប្រៀបធៀបទៅពេលវេលាដូចគ្នាឆ្នាំមុន ទឹកជំនន់បានកើនយឺតជាងឆ្នាំមុន។ ប៉ុន្តែនៅថ្ងៃនេះ ទឹកនៅស្ទឹងត្រែង កើនជាងឆ្នាំទៅ ៣តឹកពេលដូចគ្នា តែនៅខេត្តក្រចេះ មិនទាន់ស្មើឆ្នាំទៅទេ»។
មន្ត្រីនាយកដ្ឋានជលសាស្ត្រនៃក្រសួងធនធានទឹកបានឲ្យថា ស្ថានភាពទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ទន្លេបាសាក់ ចតុមុខ និងស្ថានីយជលសាស្ត្របឹងទន្លេសាប ក្រគរ កំពង់លួង កំពស់ទឹកបានកើនខ្ពស់ពី ១ថ្ងៃទៅ១ថ្ងៃ។
ផ្ដើមពីបញ្ហានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានរំលឹកឲ្យប្រជាពលរដ្ឋ ឬអាជ្ញាធរ ត្រូវត្រៀមលក្ខណៈសង្គ្រោះ និងប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀងដែលអាចនឹងកើតមានឡើង។
ទោះយ៉ាងណា តាមរបាយការណ៍អង្កេតរបស់វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានបង្ហាញថា គ្រួសារដែលនៅមូលដ្ឋានរងផលប៉ះដោយសារគ្រោះរាំងស្ងួតខ្លាំងជាង ដោយសារគ្រោះទឹកជំនន់ ដែលក្នុងនោះគ្រួសារជាង ៣០% បាត់បង់ទ្រព្យសម្បត្តិដោយសារគ្រោះរាំងស្ងួត រីឯ ១២% នៃគ្រួសារនៅមូលដ្ឋានបាត់បង់ទ្រព្យសម្បត្តិដោយសារគ្រោះទឹកជំនន់។
កត្តានេះបញ្ជាក់ថា គ្រួសារទទួលរងឥទ្ធិពលដោយគ្រោះរាំងស្ងួត និងធ្លាក់ចូលក្នុងភាពក្រីក្រកាន់តែខ្លាំងឡើង។ ម៉្យាងវិញទៀត ទាំងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា បានផ្ដល់ជំនួយតែលើផ្នែក ដែលរងគ្រោះដោយទឹកជំនន់ច្រើនជាងលើផ្នែកគ្រោះដោយរាំងស្ងួត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។