កម្មករ​រោងចក្រ​ថបហ្វម​ចោទ​ថៅកែ​ថា​រឹតត្បិត​សេរីភាព

កម្មករ​ប្រមាណ ៦០០​នាក់​នៃ​រោងចក្រ​កាត់ដេរ ថប ហ្វម (Top Form) នាំ​គ្នា​ឈរ​កាន់​បដា​ធ្វើ​កូដកម្ម​នៅ​តាម​ដង​ផ្លូវជាតិ​លេខ​៥ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ កញ្ញា ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ ១៦​ចំណុច​ដែល​ថៅកែ​រោងចក្រ​ត្រូវ​គោរព​តាម​ច្បាប់ និង​ផ្ដល់​សិទ្ធិ​ដល់​កម្មករ។

ដោយ សេក បណ្ឌិត
2012-09-06
វិទ្យុ​អាស៊ីសេរី

កម្មករ​រោងចក្រ ថប ហ្វម (Top Form) ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​គោរព​សិទ្ធិ កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា ឆ្នាំ​២០១២។

កម្មករ​រោងចក្រ ថប ហ្វម (Top Form) ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​គោរព​សិទ្ធិ កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា ឆ្នាំ​២០១២។
RFA/Sek Bandith

ក្រុម​កម្មករ​នៃរោងចក្រ ថប ហ្វម បាន​ចោទ​ប្រកាន់​ទៅ​ថៅកែ​របស់​ខ្លួន​ថា បាន​រឹតត្បិត​សេរីភាព​ពួកគេ​ហួសហេតុ និង​រំលោភ​លើ​ច្បាប់​ការងារ​ជា​ច្រើន​ចំណុច។

ក្រុម​កម្មករ​បាន​សរសេរ​នូវ​ចំណុច​ដែល​ខ្លួន​ចាត់​ទុក​ថា ថៅកែ​រោងចក្រ​បាន​រំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ ហើយ​គេ​បាន​បង្ហាញ​ចំណុច​អាក្រក់​ទាំង​នោះ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​បាន​ដឹង​ពី​ទុក្ខ​លំបាក​របស់​ពួកគេ​សព្វថ្ងៃ។

កម្មការិនី​ជា​ច្រើន​ដែល​មក​តវ៉ា​នោះ បាន​ថ្លែង​ដោយ​ក្ដី​ឈឺ​ចាប់​ថា ថៅកែ​បាន​ដាក់​បទបញ្ជា​ផ្ទៃក្នុង​តឹងរ៉ឹង​ហួសហេតុ​ ដូចជា​ហាម​មិន​ឲ្យ​ប្រើ​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​ទាក់ទង​ទៅ​គ្រួសារ ពេល​ឈឺ​សុំ​ច្បាប់​ក៏​ត្រូវ​កាត់​លុយ ចូល​ធ្វើ​ការ​ចាំបាច់​ត្រូវ​ថត​ក្រយៅ​ដៃ កាត់​លុយ​កម្មករ​ដោយ​មិន​ប្រាប់​ពី​មូលហេតុ​ជាដើម៖ «គ្រួសារ​មាន​ទុក្ខធុរៈ​អី​ក៏ដោយ ឲ្យ​តេ​ចូល​រដ្ឋបាល មិន​ឲ្យ​តេ​ចូល​ពួក​ខ្ញុំ​ទេ។ បើ​ចង់​ដាក់​ច្បាប់​ឲ្យ​ដាក់​បី​ថ្ងៃ​មុន បើ​គ្រោះថ្នាក់​ថ្ងៃ​ហ្នឹង ចាំ​ដាក់​ច្បាប់ ៣​ថ្ងៃ ទៅ​ដាក់​ទាន់​អត់? ហើយ​លុយ​ព្រីម​ឈប់​តែ​មួយ​ម៉ោង​ក៏​ដាច់ ៧​ដុល្លារ​ដែរ ច្បាប់​សម្រាល​ផ្ទៃ​ពោះ​ឲ្យ​តែ​មួយ​ម៉ោង តើ​ទាន់​អត់​បើ​មន្ទីរពេទ្យ​នៅ​ឆ្ងាយ?»

ក្រុម​កម្មករ​ឲ្យ​ដឹង​ថា ថៅកែ​រោងចក្រ​បាន​គាប​សង្កត់​កេង​ប្រវ័ញ្ច​លើ​កម្មករ​បែប​នេះ​អស់​រយៈពេល​ប្រមាណ​ជា ១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​កម្មករ​ទើប​នឹង​នាំ​គ្នា​តវ៉ា​ប្រហែល​ជា​មួយ​សប្ដាហ៍​កន្លង​មក​នេះ​នៅ​ខាង​មុខ​រោងចក្រ នៅ​ភូមិ​ឃ្លាំសាំង សង្កាត់​ឫស្សីកែវ។ ការ​តវ៉ា​នៅ​ផ្លូវ​ខាង​ក្នុង​ពុំ​មាន​ដំណោះស្រាយ ពួកគេ​ក៏​នាំ​គ្នា​មក​ឈរ​តវ៉ា​នៅ​ផ្លូវ​ជាតិ​វិញ​ម្ដង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ កញ្ញា ហើយ​នៅ​ម៉ោង​ប្រមាណ​ជាង ១០​ព្រឹក​ថ្ងៃ​ដដែល ពួកគេ​បាន​ដើរ​ជា​ក្បួន​សំដៅ​ទៅ​សាលា​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​រារាំង​ឲ្យ​នៅ​មួយ​កន្លែង។

អនុ​ប្រធាន​នាយកដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ លោក ហួន សឿ បាន​ចុះ​ដោះស្រាយ​ជម្លោះ​រវាង​កម្មករ និង​ថៅកែ​រោងចក្រ ថប ហ្វម នេះ ប៉ុន្តែ​ពុំ​ទាន់​មាន​លទ្ធផល​នោះ​ទេ ដោយសារ​តំណាង​ខាង​រោងចក្រ និង​កម្មករ​នៅ​តែ​ប្រកាន់​ជំហរ​តឹងរ៉ឹង​រៀងៗ​ខ្លួន។

លោក ហួន សឿ៖ «ខាង​ក្រុមហ៊ុន​គាត់​នៅ​មាន​ទស្សនៈ​មួយ ដោយសារ​សហជីព​ខាង​ក្រៅ​ហ្នឹង​អត់​មាន​នៅ​ក្នុង​រោងចក្រ ដល់​អ៊ីចឹង​គាត់​អត់​ចរចា តែ​បើ​កម្មករ​ទាំង​អស់​គាត់​ជ្រើសរើស​តំណាង​ចេញ​ពី​កម្មករ និយោជិត អា​ហ្នឹង​គាត់​ចរចា។ កម្មករ​គាត់​ប្រកាន់​ថា បើ​អត់​សហជីព​គាត់​អត់​ចរចា​ទេ អ៊ីចឹង​យើង​បាន​ឲ្យ​ជម្រើស​គាត់​បី​បួន​ដែល​យើង​សម្របសម្រួល ដើម្បី​ឲ្យ​បាន​ចូល​តុ​ចរចា ប៉ុន្តែ​ជា​លទ្ធផល​ក៏​នៅ​តែ​អត់​ដដែល»

នៅ​ក្នុង​កូដកម្ម​របស់​កម្មករ​នោះ ពួកគាត់​បាន​ទាមទារ​នូវ​លក្ខខណ្ឌ​ចំនួន ១៦​ចំណុច ក្នុង​នោះ​រួម​មាន សុំ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​លុយ​បាយ ៤​ពាន់​រៀល​នៅ​ពេល​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​ដល់​ពេល​យប់។ សុំ​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ បាន​ទៅ​ពិនិត្យ​សុខភាព​ក្នុង​មួយ​ខែ​បាន​មួយ​ថ្ងៃ។ សុំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចេញ​ពី​រោងចក្រ​បាន​មុន​ពេល​កំណត់ ១៥​នាទី។ នៅ​ពេល​កម្មករ​គ្រោះថ្នាក់​ពេល​ធ្វើ​ការងារ​សុំ​ឲ្យ​ក្រុមហ៊ុន​ចេញ​សោហ៊ុយ​ព្យាបាល​ទាំង​អស់ ដោយ​រក្សា​ប្រាក់​ឈ្នួល ប្រាក់​រង្វាន់ និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត។

អនុ​ប្រធាន​នាយកដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ​ លោក ហួន សឿ មាន​ប្រសាសន៍​ថា លោក​បាន​អញ្ជើញ​ភាគី​ទាំង​ពីរ​ចូល​តុ​ចរចា​នៅ​នាយកដ្ឋាន​ដោះស្រាយ​វិវាទ​ការងារ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ កញ្ញា ប៉ុន្តែ​ខាង​កម្មករ​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​ដដែល លុះ​ត្រា​តែ​មាន​ដំណោះស្រាយ​ដែល​អាច​ឲ្យ​ពួកគេ​ទទួល​យក​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles