ក្រុមមន្រ្តីជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) នៅពេលនេះបានធ្វើការអំពាវនាវឲ្យពលរដ្ឋខ្មែរមានស្វ័យការពារ ដើម្បីបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម ខណៈដែលអ្នកសម្លាប់ដោយជម្ងឺនេះ បានកើនឡើងគួរឲ្យព្រួយបារម្ភ ក្នុងឆ្នាំ ២០១២នេះ។
ដោយ៖ ក .សំណាង
Monday 10 September 2012
សារព័ត៌មានសេរី
លោក សូនី គ្រីស្មាន (Sonny Krishman)មន្រ្តីព័ត៌មាន និង ជាអ្នកជំនាញសុខភាពនៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសកម្ពុជាបានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា ” វាជាការព្រួយបារម្ភសម្រាប់យើង ដោយសារតែករណីជំងឺគ្រុនឈាមកើនឡើងខ្លាំងនៅឆ្នាំនេះ ។ ខ្ញុំគិតថា អ្វីដែលយើងព្យាយាមកំពុងធ្វើ គឺឲ្យប្រជាជននៅក្នុងសហគមន៍ចូលរួមការពារដោយខ្លួនឯង ដោយមិនពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាល ដូចជាការចេញថ្នាំអាបេត ព្រោះនេះជាការ ការពាររយៈពេលខ្លី មិនមែនយូរអង្វែងទេ ដែលត្រូវការការចូលរួមពីសហគមន៍ ” ។
មជ្ឈមណ្ឌលជាតិនៃបារ៉ាសិតសាស្រ្ត បាណកសាស្រ្ត និង ជំងឺគ្រុនចាញ់ បានឲ្យដឹងតាមរយៈរបាយការណ៏មួយកាលពីចុងសប្ដាហ៏កន្លងទៅថា គ្រាន់តែរយៈពេល៨ខែប៉ុណ្ណោះក្នុងឆ្នាំ២០១២នេះ ជម្ងឺគ្រុនឈាមបានសម្លាប់កុមារកម្ពុជា១២៤នាក់ ជាចំនូនកើនឡើងជិតពាក់កណ្ដាលបើប្រៀបធៀបកាលពីឆ្នាំ២០១១កន្លងទៅ ដែលកុមារស្លាប់ដោយជម្ងឺនេះមានតែ៧៣នាក់៕
