ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​បាតុកម្ម​ប្រឆាំង​ក្រុម​អ្នក​បឹង​កក់

នៅ​ថ្ងៃ​ទី​១០ កញ្ញា នេះ នៅ​ទីក្រុង​ភ្នំពេញ មាន​បាតុកម្ម​ចំនួន ២ នៅ​ថ្ងៃ​តែ​មួយ ផ្ដោត​លើ​បញ្ហា​តែ​មួយ ប៉ុន្តែ​គោល​បំណង​ខុស​គ្នា​ស្រឡះ។

ដោយ សុខ សេរី
2012-09-10
វិទ្យុ​អាស៊ីសេរី

អ្នកស្រី ទេព វន្នី ដឹកនាំ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​អ្នក​បឹង​កក់ ឈ្មោះ យ៉ោម បុប្ផា ពី​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​តំបន់​បឹង​កក់។

អ្នកស្រី ទេព វន្នី ដឹកនាំ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​អ្នក​បឹង​កក់ ឈ្មោះ យ៉ោម បុប្ផា ពី​គុក​ព្រៃ​ស នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១២ នៅ​តំបន់​បឹង​កក់។
RFA/Sok Serey

បាតុកម្ម​របស់​អ្នក​បឹង​កក់ ទាមទារ​សុំ​ឲ្យ​តុលាការ និង​ក្រសួង​យុត្តិធម៌ ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​មាន​សេរីភាព​ចេញ​ពី​គុក​ព្រៃស។ ចំណែក​ឯ​បាតុកម្ម​មួយ​​ទៀត​ដែល​មាន​អ្នក​រត់​ម៉ូតូ​ឌុប​ចូល​រួម​ប្រមាណ ១០០​នាក់ បាន​ទាមទារ​សុំ​ឲ្យ​តុលាការ និង​ក្រសួង​យុត្តិធម៌ បន្ត​ឃុំ​ខ្លួន​អ្នកស្រី យ៉ោម បុប្ផា នោះ នៅ​ក្នុង​គុក​ព្រៃ​ស​បន្ត​ទៀត។

សកម្មជន​ទាមទារ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១២ បាន​ដឹកនាំ​បាតុកម្ម​អហិង្សា​មួយ​មាន​មនុស្ស​ចូល​រួម​ចំនួន​ជាង ១០០​នាក់ នៅ​តំបន់​បឹងកក់​នោះ ដើម្បី​ទាមទារ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ក្រសួង​យុត្តិធម៌ ដោះលែង​អ្នកស្រី យ៉ាម បុប្ផា អាយុ ៣១​ឆ្នាំ ឲ្យ​មាន​សេរីភាព​ពី​គុក​ព្រៃ​ស។

បាតុកម្ម​នោះ​ត្រូវ​បាន​រារាំង​ដោយ​កង​កំលាំង​ប្រដាប់​អាវុធ​រាប់​សិប​នាក់ មិន​ឲ្យ​ដើរ​ក្បួន​ដាក់​ញត្តិ​ទាមទារ​នោះ​ទៅ​តុលាការ និង​ក្រសួង​យុត្តិធម៌​ទេ។

ឯ សិភាស់ ៣០៥
ប្រធាន​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា លោក ឯ សិភាស់ ដឹកនាំ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ទាមទារ​ឲ្យ​បន្ត​ឃុំ​អ្នកស្រី យ៉ោម បុប្ផា។ RFA/Sok Serey

អ្នក​ភូមិ​បឹង​កក់ ឈ្មោះ​អ្នកស្រី យ៉ោម បុប្ផា ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ ហើយ​ក្រោយ​មក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​ក្រោម​បទ​ព្រហ្មទណ្ឌ បង្ក​ហិង្សា​ដោយ​ចេតនា​តាម​មាត្រា​ទី​២១៨ នៃ​ក្រមព្រហ្មទណ្ឌ។

អ្នកស្រី ទេព វន្នី បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ដែល​កំពុង​ហ៊ុមព័ទ្ធ​ដោយ​កង​កំលាំង​ប្រដាប់​អាវុធ​ថា អ្នកស្រី យ៉ោម បុប្ផា មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ប៉ុន្តែ​មន្ត្រី​ខិលខូច​មួយ​ចំនួន​បាន​ប្រើប្រាស់​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ប្រឆាំង​ការ​ទាមទារ​ដោះ​លែង​នោះ។

អ្នកស្រី ទេព វន្នី៖ «ផ្ដល់​ភាព​យុត្តិធម៌​ដល់​អ្នក​ស្រី យ៉ោម បុប្ផា ឲ្យ​គាត់​មក​នៅ​ក្រៅ​ឃុំ ដើម្បី​មក​ជួប​ជុំ​ក្រុម​គ្រួសារ​គាត់​សិន ព្រោះ​អី​គាត់​មិន​ទាន់​ក្លាយ​ជា​ជន​ល្មើស ដូច​តុលាការ​យក​ទៅ​ដាក់​ឃុំ​ខ្លួន ឬ​មួយ​ថា គាត់​ប្រព្រឹត្ត​បទល្មើស​ហ្នឹង​ទេ»

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ អ្នក​ភូមិ​បឹងកក់​ទាំង​នោះ​បាន​ដាក់​ញត្តិ​ជូន​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន ជា​ឧបនាយករដ្ឋមន្ត្រី សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា នោះ។

ផ្ទុយ​ពី​ការ​ទាមទារ​នេះ ប្រធាន​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា លោក ឯ សុភាស់ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា នេះ​ដែរ ក៏​បាន​ដឹកនាំ​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​ចំនួន ១០០​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​តុលាការ និង​ក្រសួង​យុត្តិធម៌​បន្ត​ឃុំ​ខ្លួន​អ្នកស្រី យ៉ោម បុប្ផា នោះ​បន្ត​ទៀត ដោយ​បាន​ចោទ​ថា អ្នកស្រី យ៉ោម បុប្ផា និង​ស្វាមី បាន​បង្ក​ហិង្សា និង​របួស​ស្នាម​មក​លើ​ឈ្មោះ វ៉ាត ថៃសេង អាយុ ២៤​ឆ្នាំ និង​ឈ្មោះ ង៉ែត ចិត្ត អាយុ ២៨​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា កន្លង​ទៅ​នេះ។

លោក ឯ សុភាស់ បាន​ដាក់​ញត្តិ​នោះ​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជោគជ័យ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា។ លោក​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​តុលាការ​ថា លោក​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​បាន​ឆាប់៖ «តុលាការ​នឹង​វិនិច្ឆ័យ​រឿង​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ ដោះស្រាយ​ពាក់ព័ន្ធ​ករណី​រឿង​សមាជិក​យើង​ខ្ញុំ​ដែល​រង​គ្រោះ​ពិត​ប្រាកដ ដែល​មាន​អំពើ​ហិង្សា​ដោយ​ស្ថាន​ទម្ងន់​ធ្ងន់។ …អ៊ីចឹង​ជន​ដែល​ប្រព្រឹត្ត​គឺ​ត្រូវ​តែ​ទទួល​ទោស គឺ​ត្រូវ​តែ​សង​ជំងឺ​ចិត្ត និង​ការ​ព្យាបាល»

ទាក់ទង​នឹង​សំណុំ​រឿង អ្នកស្រី យ៉ោម បុប្ផា នេះ​ដែរ ស្វាមី​របស់​អ្នកស្រី គឺ​លោក លួស សាខន អាយុ ៥៦​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា ភរិយា​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «ថ្ងៃ​កើត​ហេតុ​ប្រពន្ធ​ខ្ញុំ​គ្មាន​នៅ​កន្លែង​បង្ក​ហេតុ​ដោយ​ចេតនា និង​ជាក់ស្ដែង​ទេ ហើយ​បើ​មាន​អ្នក​ឃើញ​ប្រពន្ធ​ខ្ញុំ​វាយ​គេ​ពិត​ប្រាកដ​មែន ប្រពន្ធ​ខ្ញុំ​នឹង​ហ្នឹង​ទទួល​ទោស​តាម​ច្បាប់។ …នេះ​គឺ​ជា​ការ​លាប​ពណ៌ ព្រោះ​ជន​រងគ្រោះ​ក៏​ខ្ញុំ​មិន​ដឹង​នៅ​ទី​ណា​ដែរ ហើយ​ក៏​គេ​មិន​ស្គាល់​ខ្ញុំ​ដែរ ហើយ​ចំណែក​ឯ​ពួក​ម៉ូតូ​ឌុប​ទាំង​អស់​នេះ ក៏​មិន​ដឹង​នៅ​ទី​ណា​ដែរ»

ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ដែល​បាន​តាម​ដាន​បាតុកម្ម​របស់​អ្នក​ភូមិ​បឹងកក់ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​គប្បី​ស្រាវជ្រាវ និង​ពិនិត្យ​មើល​អង្គហេតុ​នៃ​ករណី​នេះ​ឲ្យ​បាន​ជាក់លាក់៖ «ថា​តើ​ការ​ចាប់​អ្នកស្រី យ៉ោម បុប្ផា ហ្នឹង​វា​ត្រឹមត្រូវ​តាម​លក្ខណៈ​ច្បាប់​ដែរ ឬ​ទេ ហើយ​តើ​មាន​ការ​ស៊ើប​អង្កេត​ហ្នឹង​បាន​ត្រឹមត្រូវ ឬ​មួយ​យ៉ាង​ម៉េច​នៅ​ឡើយ?»

អ្នក​តាម​ដាន​ស្ថានការណ៍ និង​សំណុំ​រឿង​នេះ កំពុង​តែ​រង់ចាំ​មើល​ចំណាត់​ការ​របស់​តុលាការ​ថា តើ​អ្នកស្រី យ៉ោម បុប្ផា នោះ នឹង​ត្រូវ​បាន​ដោះលែង ឬ​បន្ត​ឃុំ​ខ្លួន​បន្ត​ទៀត​នៅ​គុក​ព្រៃ​ស​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles