អ្នក​វិភាគ៖ ទិញ​ផ្ទះ​បង់​រំលោះ​ជា​ការ​វិនិយោគ​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព

អ្នក​វិភាគ​សេដ្ឋកិច្ច បាន​អះអាង​ថា ការ​ទិញ​ផ្ទះ​ដោយ​បង់​រំលោះ គឺ​ជា​ការ​វិនិយោគ​មួយ​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព​គ្រួសារ និង​សង្គម ដែល​ប្រទេស​ជឿនលឿន​លើ​សកលលោក​កំពុង​អនុវត្ត។

ដោយ អាន ស៊ីថាវ
2012-09-21
​វិទ្យុ​អាស៊ីសេរី

១៨-មករា-២០១២៖ ផ្ទះល្វែង​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ

១៨-មករា-២០១២៖ ផ្ទះល្វែង​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ (RFA/Vohar Cheath)

យ៉ាង​ណា​ក៏​ដោយ ស្ថាប័ន​ផ្ដល់​ឥណទាន​ផ្ទះ​សម្បែង​យល់​ឃើញ​ថា អ្នក​យល់​ដឹង​អំពី​ការ​ទទួល​ឥណទាន​ផ្ទះ​បង់​រំលោះ គឺ​មាន​តិច​តួច​នៅ​ឡើយ បើ​ធៀប​នឹង​ចំនួន​ផ្ទះ​ល្វែង​ដែល​បាន​សាងសង់។ ប៉ុន្តែ អ្នក​វិភាគ​អចលនទ្រព្យ​យល់​ថា អត្រា​ការប្រាក់​នៅ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចង់​ទទួល​ឥណទាន​ទិញ​ផ្ទះ​សម្បែង​មាន​តិច ឬ​ពួក​គាត់​ជ្រើស​រើស​ការ​ជួល​ផ្ទះ​ស្នាក់​នៅ​វិញ ជា​ការ​ប្រសើរ​ជាង។

ការ​អះអាង​របស់​អ្នក​ជំនាញ​អចលនទ្រព្យ បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​មាន​លុយ​ទិញ​ផ្ទះ​សម្បែង ឬ​ផ្ទះ​ល្វែង​សម្រាប់​ស្នាក់​នៅ​មាន​តិច​ជាង​ចំនួន​ផ្ទះ​ដែល​បាន​សាង​សង់​រួច ហើយ​បើ​ទោះ​ជា​គម្រោង​សាង​សង់​ផ្ទះ​ល្វែង សម្រាប់​ស្នាក់​នៅ​កើន​ឡើង ប៉ុន្តែ​ការ​សង់​ជាក់​ស្ដែង​មាន​តិច​តួច​ប៉ុណ្ណោះ។

អ្នក​វិភាគ​អចលនទ្រព្យ និង​ជា​ប្រធាន​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​កម្ពុជា លោក សឹង ប៊ុណ្ណា បាន​អះអាង​ថា សកម្មភាព​ជាក់​ស្ដែង​នៃ​ការ​សាង​សង់​មាន​ប្រមាណ​តែ ៣០% ហើយ​អ្នក​ដែល​មាន​លទ្ធភាព​ទិញ​ផ្ទះ​បាន មាន​ប្រមាណ​តែ​ជាង ២០% ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ លោក ស៊ឹង ប៊ុណ្ណា យល់​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ដែល​មាន​លទ្ធភាព​ទិញ​ផ្ទះ​បាន ប៉ុន្តែ​ក្នុង​ចំនួន​នេះ ក៏​មាន​អ្នក​ដែល​មាន​លុយ​ច្រើន​ទិញ​ផ្ទះ​ទុក សម្រាប់​លក់​យក​ចំណេញ​ផង​ដែរ ដែល​តាម​ការ​ប៉ាន់ស្មាន​មាន​ចំនួន​ប្រមាណ ១០% នៃ​ចំនួន​ផ្ទះ​ដែល​បាន​លក់​នា​ពេល​បច្ចុប្បន្ន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រៀងរាល់​ឆ្នាំ មាន​ចំនួន​គ្រួសារ​ជាច្រើន​បាន​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​មាន​ការ​កើន​ឡើង ប៉ុន្តែ​ការ​អះអាង​នានា​យល់​ឃើញ​ថា ស្ថាប័ន​ផ្ដល់​ឥណទាន ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​ផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ្នក​ខ្វះ​លទ្ធភាព​ទិញ​ផ្ទះ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ដែល​ទិញ​ផ្ទះ​កើន​ឡើង។

អគ្គនាយក​ប្រតិបត្តិ​ឥណទាន​នៃ​ធនាគារ​អេស៊ីលីដា (Acleda Bank) លោក អ៊ិន ស៊ីផាន់ មាន​ប្រសាសន៍​ថា ចំនួន​សរុប​អ្នក​ដែល​ខ្ចី​លុយ​ទិញ​ផ្ទះ​សម្បែង​របស់​ធនាគារ​អេស៊ីលីដា រហូត​ដល់​ពេល​នេះ​មាន​ជាង ៩ម៉ឺន​នាក់ ដែល​មាន​ទំហំ​សាច់ប្រាក់ ១២០​លាន​ដុល្លារ​អាមេរិក ហើយ​ទំហំ​ប្រាក់​កម្ចី​ដែល​មាន​អតិថិជន​ច្រើន​ជាង​គេ គឺ​ចន្លោះ​ពី ៣ម៉ឺន ទៅ ៧ម៉ឺន​នាក់។

អ្នក​វិភាគ​សេដ្ឋកិច្ច លោក ហេង ឌីណា មាន​ប្រសាសន៍​ថា ការ​ទិញ​ផ្ទះ​ដោយ​ប្រើ​មធ្យោបាយ​បង់​រំលោះ គឺ​ជា​ការ​វិនិយោគ​មួយ​ដ៏​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច ឬ​សុខុមាលភាព​ក្នុង​សង្គម​ដែល​ប្រទេស​ជាច្រើន​លើ​សកលលោក កំពុង​អនុវត្តន៍ ដោយ​លោក​បញ្ជាក់​ថា កត្តា​នេះ​ធ្វើ​ឲ្យ​មាន​លំហូរ ឬ​ចរាចរ​ធនធាន​ហិរញ្ញវត្ថុ ដែល​ជា​ប្រភព​មួយ​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

លោក ហេង ឌីណា មាន​ប្រសាសន៍​បន្ត​ថា អតិថិជន​ដែល​ទិញ​ផ្ទះ​រំលោះ​អាច​នឹង​ចំណេញ​ច្រើន​នៅ​ពេល​ដែល​តម្លៃ​ផ្ទះ​ឡើង​ថ្លៃ ហើយ​សម្រាប់​អ្នក​ដែល​សន្សំ​លុយ​គ្រប់​ក្នុង​ការ​ទិញ​ផ្ទះ អាច​ប្រើ​រយៈពេល​ច្រើន​ទៀត នៅ​ពេល​ដែល​តម្លៃ​ផ្ទះ​មាន​កំណើន​ខ្ពស់​ជាង​ប្រាក់​ចំណូល​របស់​បុគ្គល​នោះ។

លោក ហេង ឌីណា បញ្ជាក់​ថា ហានិភ័យ​ក្នុង​ការ​ខ្ទី​លុយ​ធនាគារ​ទិញ​ផ្ទះ គឺ​ទាក់​ទង​នឹង​ស្ថិរភាព​ការងារ ហើយ​កត្តា​នេះ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់ ក្នុង​ការ​ធានា​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​រៀងរាល់​ឆ្នាំ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ចំណោម​អ្នក​ដែល​មាន​លទ្ធភាព​ទិញ​ផ្ទះ ឬ​មាន​ចំណូល​ប្រមាណ ១ពាន់​ដុល្លារ មាន​ជាង ១៥% ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​លោក ស៊ឹង ប៊ុណ្ណា បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ដែល​មាន​លទ្ធភាព​ទាំង​នោះ នៅ​តែ​មិន​ចេះ​ប្រើ​ប្រព័ន្ធ​ធនាគារ​នៅ​ឡើយ។

លោក ស៊ឹង ប៊ុណ្ណា មាន​ប្រសាសន៍​ថា ការ​ទិញ​ផ្ទះ គឺ​ជា​ការ​វិនិយោគ​មួយ​សម្រាប់​អ្នក​ដែល​មាន​ចំណូល​ទៀត​ទាត់ ដើម្បី​ទទួល​បាន​ទ្រព្យ​ជា​ផ្ទះ​សម្បែង​នៅ​ពេល​អនាគត ប៉ុន្តែ​ការ​ទិញ​ផ្ទះ​បង់​រំលោះ មាន​កត្តា​អវិជ្ជមាន​ប្រមាណ ៣០% ដែល​ពួក​គាត់​គិត​ថា អាច​នឹង​ខ្វះ​លទ្ធភាព​សង​ទៅ​ធនាគារ​វិញ ដែល​ភាគ​ច្រើន​គាត់​បារម្ភ​ទាក់ទង​ហានិភ័យ​ការងារ​ជាដើម នៅ​ពេល​ដែល​គាត់​ទិញ​ផ្ទះ​សង​រំលោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អគ្គនាយក​ប្រតិបត្តិ​ឥណទាន​នៃ​ធនាគារ​អេស៊ីលីដា លោក អ៊ិន ស៊ីផាន់ បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ខ្ចី​លុយ​ទិញ​ផ្ទះ​តាម​រយៈ​ធនាគារ​អេស៊ីលីដា គឺ​មាន​លទ្ធភាព​សង​ទៅ​តាម​ការ​ព្រមព្រៀង​នៃ​ការ​បង់​រំលោះ ប៉ុន្តែ​លោក​បញ្ជាក់​ថា អតិថិជន​មួយ​ចំនួន​មាន​ការ​បង់​យឺត​ដែរ។

យ៉ាង​ណា​ក៏​ដោយ ការ​សាង​សង់​ផ្ទះ​ល្វែង​សម្រាប់​លក់ បាន​កើន​ឡើង​នៅ​ពេល​បច្ចុប្បន្ន។

របាយការណ៍​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​កម្ពុជា បង្ហាញ​ការ​ស្នើសុំ​គម្រោង​សាង​សង់​នៅ​រាជធានី​ភ្នំពេញ នៅ​ខែ​មិថុនា ឆ្នាំ​២០១២ បាន​កើន​ឡើង ដែល​តម្លៃ​គម្រោង​សាង​សង់​ផ្ទះ​ល្វែង​កើន​ដល់ ២៦លាន​ដុល្លារ និង​គម្រោង​សាង​សង់​ផ្សេង​ទៀត កើន​ឡើង​មាន​តម្លៃ​ជាង ១២២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles