១​ខែ គ​.​ជ​.​ប​. ចុះឈ្មោះ​អ្នកបោះឆ្នោត​បាន​ជិត ៦ សែន​នាក់​

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បានប្រកាសថា រយៈពេល ១ ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២ គ​.​ជ​.​ប​. បាន​ចុះឈ្មោះ​អ្នកបោះឆ្នោត​ជិត ៦​សែន​នាក់ ដែល​ស្មើនឹង​ជាង ៩៤% នៃ​ផែនការ ដែល​មាន​ចំនួន​ប៉ាន់ស្មាន អ្នក​ត្រូវ​ចុះឈ្មោះ ចំនួន ៦១៩.៦៣០ នាក់​។​

ថ្ងៃទី 2 តុលា 2012
ដោយ: លី សិលា
CEN

​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​សភាពការណ៍​ទូទៅ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះ​ឆ្នោត កាលពី​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១២ គ​.​ជ​.​ប​. បានប្រកាសថា រយៈពេល ១​ខែ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត មាន​អ្នក​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន ៥៨៦.៧៧២ នាក់ ស្មើនឹង ៩៤,៧០ ភាគរយ នៃ​ចំនួន​ប៉ាន់ស្មាន​អ្នក​ត្រូវ​ចុះឈ្មោះ ៦១៩.៦៣០ នាក់​។ ក្នុងនោះ គ​.​ជ​.​ប​. បាន​លុបឈ្មោះ​អ្នកបោះឆ្នោត ចេញ​ពី​បញ្ជី​បោះឆ្នោត បាន​ចំនួន ២០៣.៦៨៤ នាក់ និង​កែតម្រូវ​ទិន្នន័យ​អ្នកបោះឆ្នោត បាន​ចំនួន ៥៦.៦៧៦ នាក់​។​

​ក្នុង​កិច្ចប្រជុំ​នោះ គ​.​ជ​.​ប បានប្រកាសថា លោកស្រី​បណ្ឌិត ស៊ីន ជុំ​បូ អនុប្រធាន គ​.​ជ​.​ប​. បាន​មានប្រសាសន៍ថា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ បាន​ប្រព្រឹត្តទៅ​ជា​ធម្មតា តាម​ប្រតិទិន ដែល​បាន​គ្រោងទុក ហើយ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ស្មៀន​ឃុំ​សង្កាត់ ដែល​ជា​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត បាន​អនុវត្ត​តាម​នីតិវិធី និង​តាម​សេចក្តីណែនាំ​រួម​របស់ គ​.​ជ​.​ប​. និង​ក្រសួង​មហាផ្ទៃ​យ៉ាង​ត្រឹមត្រូវ​។​

​សេចក្តីប្រកាស បាន​លើកឡើង​ថា នៅក្នុង​កិច្ចប្រជុំ​រវាង​គ​.​ជ​.​ប​. ជាមួយ​តំណាង​គណបក្ស​នយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ព្រឹក​មិញ លោកស្រី​អនុប្រធាន គ​.​ជ​.​ប​. ក៏​បាន​ស្រាយ​បំភ្លឺ​អំ​ពិ​អនុសាសន៍ ដែល​លើកឡើង​ដោយ​អង្គការ​ខុមហ្វ្រែល ហើយ គ​.​ជ​.​ប​. ក៏​បាន​ធ្វើ​លិខិត​ឆ្លើយបំភ្លឺ​ទៅ​ខុមហ្វ្រែល​វិញ​ហើយ ចំពោះ​ករណី ដែល​បាន​លើកឡើង​នោះ​។​

​ជាទូទៅ គ​.​ជ​.​ប​. បានប្រកាសថា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះ​ឆ្នោត រហូតមកដល់​ពេលនេះ ពុំទាន់​មាន​បណ្តឹង​ណាមួយ ត្រូវបាន​ដាក់​ប្តឹងទៅ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឡើយ​។​

​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ បានចាប់ផ្តើម តាំងពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២ ហើយ​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២​។ បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ នឹងត្រូវ​ប្រើប្រាស់ សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕​

What Next?

Recent Articles