រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងព័ត៌មាននឹងរៀបចំឲ្យក្រុមហ៊ុនស្រាបៀទាំងអស់ រៀបចំស្ពតផ្សាយពាណិជ្ជកម្មជាថ្មីឡើងវិញ យ៉ាងយូរចំនួនពីរខែទៀត មិនអនុញ្ញាតឲ្យទូរទស្សន៍នានាផ្សាយពាណិជ្ជកម្មដូចពេលបច្ចុប្បន្ននេះទេ។
ដោយ ទីន ហ្សាការីយ៉ា
2012-10-02
វិទ្យុអាស៊ីសេរី

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក្នុងពិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក នារាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២។ RFA/Sok Serey
ការលើកឡើងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងគ្រោះថ្នាក់ចរាចរណ៍ ដែលគេរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ (Sunway) នៅថ្ងៃទី១ តុលា ឆ្នាំ២០១២។
លោក ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននោះថា ក្រសួងព័ត៌មានសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមមាន វិទ្យុ ទូរទស្សន៍ កាសែត ត្រូវអនុវត្តសារសុវត្ថិភាពចរាចរណ៍ពីរចំណុចសំខាន់ៗគឺ ទី១ រាល់ការផ្សាយពាណិជ្ជកម្មស្រាបៀតាមទូរទស្សន៍ ត្រូវឲ្យមានផ្សាយជាអក្សរ និងសំឡេង ឲ្យមានរយៈពេលយ៉ាងតិចបំផុតពីរវិនាទី។
អក្សរ និងសំឡេង នៅពេលចុងបញ្ចប់នៃការផ្សាយពាណិជ្ជកម្មស្រាបៀ ត្រូវមានបញ្ចាំងអក្សរ និងបន្លឺសំឡេងព្រមៗគ្នា គឺ “បើពិសារគ្រឿងស្រវឹង កុំបើកបរ”។ ទី២ ហាមការផ្សាយពាណិជ្ជកម្មបែបអូសទាញលើកទឹកចិត្តយុវជនវ័យជំទង់ និងមនុស្សពេញវ័យ ឲ្យពិសារគ្រឿងស្រវឹង តាមរយៈការផ្ដល់រង្វាន់ជាសាច់ប្រាក់ ឬវត្ថុប្រើប្រាស់ផ្សេងៗជាដើម។ លោក ខៀវ កាញារីទ្ធ បានព្រមានចំពោះប្រព័ន្ធផ្សព្វផ្សាយណាដែលមិនគោរពការណែនាំរបស់ក្រសួងនោះ ក្រសួងនឹងបិទកម្មវិធីផ្សព្វផ្សាយ ឬអាចបិទស្ថានីយនោះតែម្ដង ប្រសិនបើគេនៅតែបំពានការជូនដំណឹងនោះម្ដងជាពីរដង។
លោក ខៀវ កាញារីទ្ធ បានអះអាងទៀតថា ក្រសួងព័ត៌មាន ក៏នឹងមានផែនការបន្ទាប់ទៀត គឺតម្រូវឲ្យការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់នៅតាមកញ្ចក់ទូរទស្សន៍នានា ឃើញតែរូបភាព ដោយមិនឲ្យឮសំឡេងនោះទេ។
អនុប្រធានការិយាល័យចរាចរណ៍ផ្លូវគោក លោកវរសេនីយ៍ត្រី ចេវ ហាក់ បានបង្ហាញរបាយការណ៍ចំនួន ៨ខែ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០១២ បើប្រៀបធៀបទៅនឹងឆ្នាំ២០១១ មានការថយចុះ ១៣ករណី។ ប៉ុន្តែ ចំនួនមនុស្សស្លាប់កើនឡើងចំនួន ១៩នាក់ទៅវិញ។
គ្រោះថ្នាក់ចរាចរណ៍បានក្លាយទៅជាបញ្ហាប្រឈមរបស់ពិភពលោក។ របាយការណ៍របស់អង្គការសុខភាពពិភពលោក កាលពីឆ្នាំ២០១០ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឲ្យមនុស្សស្លាប់ប្រមាណ ១លាន ៣សែននាក់ និងរបួសប្រមាណពី ២០ទៅ ៥០លាននាក់ ដែលភាគច្រើនកើតមាននៅក្នុងប្រទេសកំពុងអភិវឌ្ឍ ក្នុងនោះក៏មានកម្ពុជា ដែរ។
ដោយឡែក របាយការណ៍ប្រចាំឆ្នាំ២០១១ របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា បានសរសេរថា មានជនរងគ្រោះជាង ១ម៉ឺន ៦ពាន់នាក់ ក្នុងនោះស្លាប់ជាង ១.៩០០នាក់ និងរបួសធ្ងន់ជាង ៥ពាន់ ៨រយនាក់ គិតជាមធ្យម ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាង ៥នាក់ និងរបួសធ្ងន់ជាង ១៦នាក់ក្នុងមួយថ្ងៃ។
ទាក់ទងនឹងបញ្ហានេះ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តូច ចាន់កុសល មានប្រសាសន៍ថា ចំនួនអ្នកស្លាប់ដោយសារសេពគ្រឿងស្រវឹង មានចំនួន ១៤% នៃអ្នកស្លាប់សរុប ដែលក្នុងនោះ ៦៦% មានអាយុពី ១៥ឆ្នាំ ទៅ ៣៤ឆ្នាំ។ លោកបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណ ៤៤លានដុល្លារអាមេរិក នៅឆ្នាំ២០១១។
ម្យ៉ាងវិញទៀត ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាកត្តាមួយធ្វើឲ្យទាក់ទាញអតិថិជន ពិសេស ទៅលើក្រុមយុវជន។ ការសេពគ្រឿងស្រវឹងនេះ ជាមូលហេតុមួយក្នុងចំណោមមូលហេតុដទៃទៀត ដែលធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍កើតមាន។ សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យខាតបង់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ជនរងគ្រោះ គ្រួសារ ព្រមទាំងសង្គមជាតិទាំងមូល គឺចន្លោះពី ១ទៅ ៣%នៃផលទុនជាតិសរុប។
ការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក បានសរសេរថា ការពិសារគ្រឿងស្រវឹង ជាការបង្កឲ្យគ្រោះថ្នាក់ចម្បងមួយនៃគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងប្រទេសមានប្រាក់ចំណូលខ្ពស់ អ្នកបើកបរយានយន្តដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណ ២០% មានកម្រិតជាតិអាល់កុលខ្ពស់នៅក្នុងឈាម។ ចំណែកនៅក្នុងប្រទេសមានប្រាក់ចំណូលទាប អ្នកបើកបរយានយន្តដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចន្លោះពី ៣៣% ទៅ ៦៩% មានកម្រិតជាតិអាល់កុលខ្ពស់នៅក្នុងឈាម។
ការសិក្សាពីគ្រឿងស្រវឹង ជាកត្តាបង្កឲ្យមានហានិភ័យនៅលើសាកលលោក ដែលបង្កឲ្យមនុស្សស្លាប់កើតជំងឺ និងការរងរបួស ជាពិសេស ពិសារគ្រឿងស្រវឹងអាចញៀន អាចកើតជំងឺក្រិនថ្លើម ជំងឺមហារីក ជំងឺបេះដូង ជំងឺសរសៃឈាម បង្កអំពើហិង្សា ឬក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាពទារកក្នុងផ្ទៃ និងការរីកលូតលាស់របស់ទារកចំពោះស្ត្រីមានផ្ទៃពោះ។
តំណាងអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត ភីតធើ វ៉ាន់ម៉ារិន (Pieter JM Van Maaren) បានពន្យល់ថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនផលិតគ្រឿងស្រវឹង បានចំណាយថវិការាប់លានដុល្លារ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ជាការអូសទាញយុវជនវ័យជំទង់ មនុស្សពេញវ័យ តាមកញ្ចក់ទូរទស្សន៍ វិទ្យុ ផ្ទាំងប៉ាណូ និងតាមការឧបត្ថម្ភនៅក្នុងកម្មវិធីកម្សាន្ត ឬក៏ព្រឹត្តិការណ៍សំខាន់ៗនានា ដែលជាទូទៅ ការផ្សាយនោះ ច្រើនតែបំផ្លើសការពិត និងបំភ័ន្តការយល់ដឹងរបស់សាធារណជន ដើម្បីឲ្យពួកគេជឿជាក់ថា ការពិសារគ្រឿងស្រវឹង គឺគ្មានគ្រោះថ្នាក់អ្វីឡើយ ហើយថា ការពិសារគ្រឿងស្រវឹង ជួយបង្កើនការរាប់អាន សាមគ្គីភាព មិត្តភាព និងភាពជាមនុស្សប្រុសពិតជាដើម។
លោកបញ្ជាក់ថា ការផ្សព្វផ្សាយទាំងនោះ មិនបានលើកឡើងពីផលអវិជ្ជមាន នៃគ្រឿងស្រវឹងនោះទេ។ ផ្ទុយទៅវិញ ផលប៉ះពាល់ដ៏គ្រោះថ្នាក់ ដោយសារការពិសារគ្រឿងស្រវឹង បានចាក់ឬសយ៉ាងជ្រៅនៅក្នុងសង្គមជាតិ។
បន្ថែមពីលើនេះទៀត ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល សង្កត់ធ្ងន់ថា ដើម្បីកាត់បន្ថយអ្នកពិសារគ្រឿងស្រវឹងបានមួយកម្រិតទៀតនោះ រដ្ឋាភិបាលត្រូវតែបង្កើនពន្ធលើគ្រឿងស្រវឹងទាំងនោះ។
ឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានឆ្លើយតបថា រដ្ឋាភិបាលកំពុងតែគិតគូរអំពីបញ្ហានេះជាបន្តបន្ទាប់ទៀត ប៉ុន្តែលោកព្រួយបារម្ភថា នៅពេលដំឡើងពន្ធគ្រឿងស្រវឹងថែមទៀត លោកព្រួយបារម្ភពីការប្រើប្រាស់ស្រាក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែខ្លាំងទៀត។
តំណាងអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត ភីតធើ វ៉ាន់ម៉ារិន បានជំរុញឲ្យរដ្ឋាភិបាល ចេញច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងត្រូវអនុម័តនៅពេលឆាប់ៗខាងមុខ ពីព្រោះថា សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាគោលបំណងអភិវឌ្ឍន៍ដ៏សំខាន់។
គ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈចម្បង ហើយជាមូលហេតុឈានមុខនៃការស្លាប់ និងរបួសចំពោះមនុស្សអាយុ ១៥ឆ្នាំ ទៅ ២៥ឆ្នាំ នៅលើសាកលលោក។ លើសពីនេះទៀត នៅលើសាកលលោក មានប្រជាពលរដ្ឋប្រមាណ ១លាន ៣សែននាក់ មានបុរស ស្ត្រី និងកុមារ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ និងប្រមាណ ៥០លាននាក់ បានរងរបួស ដែលអ្នកខ្លះត្រូវពិការអស់មួយជីវិត ដោយបន្សល់នូវសោកនាដកម្មដល់ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ខ្មែរខ្វះនាក់ចេះដឹងណាស់ មែនទេ បានជាអោយ អាយួនកាទប នេះមកកាន់ការងារ ដ៏សំខាន់ ក្នុងប្រទេស ចឹង? ដូចនេះហើយ បានមិនដែលឃើញផ្សាយថា មានយួនចូលស្រុកសោះ ។