គ.ជ.ប ឆ្លើយ​តប​អនុ​សាសន៍​ Comfrel​ ពី​តម្លា​ភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បាន​ចេញ​លិខិត​មួយ​ឆ្លើយ​បំភ្លឺ​ទៅនឹងអនុសាសន៍របស់អង្គការសង្កេតការបោះឆ្នោត Comfrel ស្តីពីតម្លាភាពការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត។

Wednesday, 03 October 2012
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

ប្រជាពលរដ្ឋកំពុងពិនិត្យឈ្មោះបោះឆ្នោតរបស់ខ្លួន។ រូបថត Derek Stout

ប្រជាពលរដ្ឋកំពុងពិនិត្យឈ្មោះបោះឆ្នោតរបស់ខ្លួន ។ រូបថត Derek Stout

លិខិតដែល គ.ជ.ប បានផ្ញើរទៅ Comfrel និង​បណ្តេញ​សារ​ព័ត៌មានក្នុង​ស្រុក​បាន​លើក​ឡើង​ថា៖
– ករណី​ស្នើសុំ​ថតចម្លង​បញ្ជី​ឈ្មោះ ដែល​មេឃុំ ចៅសង្កាត់ បានចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​។ មេឃុំ ចៅសង្កាត់ ពុំបាន​ធ្វើបញ្ជី​ឈ្មោះ​អ្នក​សុំ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ដែល​មេឃុំ ចៅសង្កាត់ បាន​ចេញ​​លិខិតបញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ជូន​ប្រជា​ពលរដ្ឋ​ទេ មេឃុំ ចៅសង្កាត់ បានចេញ​តែ​របាយការណ៍ ចំនួន​លិខិតបញ្ជាក់​អត្តសញ្ញាណ ដែល​បាន​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។ របាយការណ៍​នេះ ត្រូវ​ចេញ​ជា​ពីរលើក នៅ​ឆ្នាំ​ដែលមាន​ការបោះឆ្នោត​៖
​ ​-លើក​ទី​១ ក្រោយពី​បញ្ចប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​
​ ​-​លើក​ទី​២ មុន​ថ្ងៃ​បោះឆ្នោត​មួយថ្ងៃ​

​-​ករណី​ពិនិត្យ​គល់បញ្ជី​លិខិតបញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត អង្គការ​សង្កេតការណ៍​បោះឆ្នោត គណបក្សនយោបាយ​អាច​ទំនាក់​ទំនងជា​មេឃុំ ចៅសង្កាត់​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​សុំ​ពិនិត្យ​គល់បញ្ជី​លិខិតបញ្ជាក់​អត្តសញ្ញាណ សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត នៅ​សាលាឃុំ សង្កាត់​។ ទម្រង់​លិខិតបញ្ជាក់​អត្តសញ្ញាណ​នេះ ត្រូវ​បាន​​បោះពុម្ព​ជា​សៀវភៅ ដែលមាន​គល់បញ្ជី និង​ចុងសន្លឹក ដែល​គល់បញ្ជី​នេះ មិនអាច​ថតចម្លង​បាន ហើយ​ម្យ៉ាងទៀត​ការថត​ចម្លង​ឯកសារ​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​។​

– ករណី​ស្នើសុំ​អនុញ្ញាត​ថតចម្លង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​លុប និង​ថតចម្លង​នូវ​បញ្ជី​ឈ្មោះ ដែល​ស្មៀនឃុំ សង្កាត់ បាន​ចុះឈ្មោះ​រួចហើយ ជា​រៀងរាល់​សប្ដាហ៍​។ នីតិវិធី គ​.​ជ​.​ប តម្រូវ​ឲ្យ​ស្មៀនឃុំ សង្កាត់ បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ជា​សាធារណៈ នៅតាម​សាលាឃុំ សង្កាត់ និង​នៅ​ទីប្រជុំជន ដែលមាន​ឈ្មោះ​អ្នកបោះឆ្នោត ដែល​បាន​ចុះឈ្មោះ​ថ្មី ឈ្មោះ​អ្នកបោះឆ្នោត ដែល​ត្រូវ​លុប និង​ឈ្មោះ​ដែល​បានកែតម្រូវ​។

សេចក្តីប្រកាស​ដដែល រប​ស់គ​.​ជ​.​ប​. បាន​បង្ហាញថា គណបក្សនយោបាយ ត្រូវ​ទំនាក់ទំនង​ជាមួយ​ស្មៀនឃុំ សង្កាត់​ដោយផ្ទាល់​មាត់ នៅពេល​បញ្ចប់​ការចុះឈ្មោះ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ ដើម្បី​សុំ​ទិញ​បញ្ជី​បោះឆ្នោត​ដំបូង នៃ​ឃុំ​សង្កាត់ តាម​តម្លៃ​ផលិត ដោយ​ត្រូវ​បង់ប្រាក់​ជាមុន ១០០ ភាគរយ​។ ការស្នើសុំ​ទិញ​បញ្ជី​បោះឆ្នោត​ដំបូង ត្រូវ​ជូនដំណឹង​ទៅ​ក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យ​បាន​មុន​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២​។​

– ករណី​បង្កើត​យន្ដការ​សម្រាប់ធ្វើ​អន្តរាគមន៍ ចំពោះ​អ្នក​ដែល​ត្រូវ​ស្មៀន​បដិសេធ មិន​ចុះឈ្មោះ​បោះឆ្នោត ព្រោះ​ខ្វះ​ឯកសារ​បញ្ជាក់​ទីលំនៅ បញ្ហា​នេះ អ្នក​សុំ​ចុះឈ្មោះ​ត្រូវ​ទៅ​ជួប​មេឃុំ ចៅសង្កាត់ ដើម្បី​សុំ​លិខិតបញ្ជាក់​ទីលំនៅ​ក្នុង​ឃុំ សង្កាត់ (​ទម្រង់ ១០១៩) ដែល​ការងារ​នេះ ត្រូវអនុវត្ត​តាម​នីតិ​វិធី និង​បែបបទ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​។

សូមបញ្ជាក់ថា អនុសាសន៍​របស់​អង្គការ Comfrel ដែលមាន​ចំនួន ៦​ចំណុច ហើយ​ត្រូវបាន​បញ្ជូនមក គ​.​ជ​.​ប នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១២ ក្នុង​គោលបំណង ដើម្បី​បង្កើន​តម្លាភាព​ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បានប្រកាសថា រយៈពេល ១ ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២ គ​.​ជ​.​ប​. បាន​ចុះឈ្មោះ​អ្នកបោះឆ្នោត​ជិត ៦​សែន​នាក់ ដែល​ស្មើនឹង​ជាង ៩៤% នៃ​ផែនការ ដែល​មាន​ចំនួន​ប៉ាន់ស្មាន អ្នក​ត្រូវ​ចុះឈ្មោះ ចំនួន ៦១៩.៦៣០ នាក់​។​ ក្នុងនោះ គ​.​ជ​.​ប​. បាន​លុបឈ្មោះ​អ្នកបោះឆ្នោត ចេញ​ពី​បញ្ជី​បោះឆ្នោត បាន​ចំនួន ២០៣.៦៨៤ នាក់ និង​កែតម្រូវ​ទិន្នន័យ​អ្នកបោះឆ្នោត បាន​ចំនួន ៥៦.៦៧៦ នាក់​។​ដំណើរការ ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ បានចាប់ផ្តើម តាំងពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២ ហើយ​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២​។

What Next?

Recent Articles