ព្យុះ ហ្គា​អេ​មី រលាយ​អស់​ទៅវិញ​ហើយ តែ​ព្យុះ​ទី​២១ ឈ្មោះ ព្រះ​ភិ​រុណ បានកើត​មាន​បន្ត​

ភ្នំពេញ: ព្យុះ​ទី​២០ ឈ្មោះ​ហ្គា​អេ​មី វា​បាន​រលាយ​អស់​ទៅវិញ​ហើយ បន្ទាប់ពី​ឆ្លងកាត់​ប្រទេស​វៀតណាម ចូលដល់​ប្រទេស​កម្ពុជា និង​ឥទ្ធិពល​ទឹកភ្លៀង​យ៉ាងខ្លាំង ដល់​ប្រទេស​ថៃ​រួចមក តែ​ព្យុះ​នេះ មិន​បង្ក​ឲ្យ​មានការ​ខូចខាត​ផ្ទះសម្បែង និង​គ្រោះថ្នាក់​ប្រជាពលរដ្ឋ នៅក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​គ្រាន់តែ​បង្ក​ឲ្យ​មាន​ទឹកជំនន់​បាក់​ដាច់​ប្រព័ន្ធធារាសាស្ត្រ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​ទូទាំងប្រទេស​រួចមក​។​

ថ្ងៃទី 8 តុលា 2012
ដោយ: ខេមា
CEN

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង ជានា​យក​ខុ​ទ្ធ​កាល​យ័ ក្រសួង​ធនធានទឹក និង​ឧតុនិយម និយាយ​ឲ្យ​ដឹង នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១២ ថា ព្យុះ​ហ្គា​អេ​មី បាន​រលាយ​អស់ហើយ បន្ទាប់ពី​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន នៅ​ទូទាំងប្រទេស​ធ្វើ​ឲ្យ​មាន​ទឹកជំនន់ បាក់​ដាច់​ផ្លូវថ្នល់ និង​ប្រព័ន្ធធារាសាស្ត្រ នៅក្នុង​ខេត្ត​មួយចំនួន​រួចមក​។ តែ​ព្យុះ​នេះ មិន​បង្ក​ឲ្យ​មាន​ដួលរលំ​ផ្ទះ និង​បង្ក​គ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋ​ទេ​។​

​ប្រភព​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា ប្រព័ន្ធធារាសាស្ត្រ​មួយចំនួន បាន​បាក់​ដាច់ និង​មួយចំនួនទៀត កំពុង​រង​ការគំរាមកំហែង ទោះបីជា​មន្ត្រី​ជំនាញ មាន​វិធានការ ( បើកទ្វារ​ទឹក​ចោល​ទាំងអស់ ) ជាមុន​យ៉ាងណា​ហើយ ក៏ដោយ​ព្រោះ​ភ្លៀង​ធ្លាក់​ភាគច្រើន មាន​កម្រិត​លើសពី​មួយរយ​មី​លី​ម៉ែត្រ ដូចជា នៅក្នុង​ខេត្តពោធិ៍សាត់ បាត់ដំបង ឧ​ត្ត​រ​មានជ័យ កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​។ ប្រព័ន្ធធារាសាស្ត្រ ដែល​បាក់​ដាច់ ដោយសារ​ទឹកជំនន់​នេះ ត្រូវធ្វើ​ការជួសជុល​ឡើងវិញ បន្ទាប់ពី​ទឹក​ស្រក​។​

​ចំណែកឯ​ទឹកទន្លេ​មេគង្គ​វិញ ប្រភព​ដដែល​បញ្ជាក់ថា គឺ​មិន​មានការ​ជន់​ឡើង ក្នុងពេល​ព្យុះ​ហ្គា​អេ​មី បាន​ចូល​មកដល់​ប្រទេស​កម្ពុជា​នេះ​ទេ​។ ព្យុះ ហ្គា​អេ​មី មិនបាន​នាំមក​នូវ​ខ្យល់​ខ្លាំង​ទេ តែ​វា​បាន​នាំមក​នូវ​ទឹកភ្លៀង​ច្រើន​។

​មន្ត្រី​ក្រសួង​ជំនាញ​រូបនេះ បានបញ្ជាក់​ទៀតថា នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក ពេលនេះ មាន​ព្យុះ​ទី​២១ ឈ្មោះ ព្រះ​ភិ​រុណ បានកើត​ឡើង​មួយ​ទៀតហើយ តែ​វា​មានដំណើរ​ទៅ​ភាគ​ខាងជើង ផ្នែក​ជំនាញ កំពុងតែធ្វើការ​តាមដាន វា​យ៉ាង​យកចិត្តទុកដាក់​។​

​ព្យុះ​ហ្គា​អេ​មី ដែលជា​ព្យុះ​ទី​២០ កើតមាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​បានធ្វើ​ដំណើរ​កាត់​ប្រទេស​វៀតណាម និង​ភាគ​ខាងជើង ប្រទេស​កម្ពុជា រហូតដល់​ប្រទេស​ថៃ បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់ និង​ទឹកជំនន់ ក្នុង​ខេត្ត​មួយចំនួន​របស់​ប្រទេស​ថៃ​ផងដែរ​។​

​ព្យុះ ហ្គា​អេ​មី ដែល​បាន​រលាយ​ទៅវិញ​ហើយ​នេះ ត្រូវបាន​ស្ថាប័ន​ព្យាករ​ធាតុអាកាស តំបន់​អាស៊ី​ព្យាករណ៍​ថា វា​មាន​ឥទ្ធិពល​ខ្លាំងណាស់ ដល់​ប្រទេស​កម្ពុជា និង​ថៃ បន្ទាប់ពី​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម ដែល​នៅ​ចំ​ពីមុខ​ព្យុះ​នេះ​។ ប្រទេស​ទាំងបី សុទ្ធតែ​បានចេញ​សេចក្តី​ព្រមាន​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដូចគ្នា តែ​ជាក់ស្តែង​ព្យុះ​មួយ​នេះ វា​បាន​ថយឥទ្ធិពល​ទៅវិញ​នៅ​ពាក់កណ្តាល​ទី បន្ទាប់ពី​មាន​ព្យុះ​ទី​២១ បានកើត​មាន​បន្ត​៕​

What Next?

Recent Articles

One Response to "ព្យុះ ហ្គា​អេ​មី រលាយ​អស់​ទៅវិញ​ហើយ តែ​ព្យុះ​ទី​២១ ឈ្មោះ ព្រះ​ភិ​រុណ បានកើត​មាន​បន្ត​"

  1. We can stupid man like (HUN SEN)) He always refuse what international critical him, or his government, What they want to raise is to correct what he does, He look similar with (north Korea and suddenly die by strock or depression by war of word between democratic and Communist as he is