ឧបសគ្គ និង​សុបិន​នៃ​នារី​រត់​ម៉ូតូ​ឌុប

ភ្នំពេញ : ស្ថិត​ក្នុង​វ័យ​៤២​ឆ្នាំ អ្នក​ស្រី និន វី គឺជា​នារី​ម្នាក់​ដែល​មាន​មុខ​របរ​ដ៏​ចម្លែក​មួយ។ ជា​រៀង​រាល់​ថ្ងៃ អ្នក​ស្រី​តែង​តែ​ជិះ​ម៉ូតូ​ពី​ភូមិ​កំណើត​នៅ​ខេត្ត​កណ្ដាល ជូន​កូនៗ​មក​សាលា មុន​នឹង​បន្ត​អាជីព​ប្រចាំ​ថ្ងៃ​ជា​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ភ្នំពេញ។

Monday, 08 October 2012
Julius Thiemann
ភ្នំពេញ ប៉ុស្តិ៍

អ្នកស្រី និន វី ដែល​បាន​ប្រកប​មុខ​របរ​ជា​នារី​រត់​ម៉ូតូឌុប ដើម្បី​ផ្គត់​ផ្គង់​កូន​ស្រី​២​នាក់​ឲ្យ​រៀន​សូត្រ​បាន​ខ្ពស់​ខ្ពស់​​។ រូបថត សហ​ការី

អ្នកស្រី និន វី ដែល​បាន​ប្រកប​មុខ​របរ​ជា​នារី​រត់​ម៉ូតូឌុប ដើម្បី​ផ្គត់​ផ្គង់​កូន​ស្រី​២​នាក់​ឲ្យ​រៀន​សូត្រ​បាន​ខ្ពស់​ខ្ពស់​​។ រូបថត សហ​ការី

តើ​អ្នក​ស្រី​យល់​ថា​ខ្លួន​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ដ៏​ល្អ​ដែរ​ឬ​ទេ?

ចាស ព្រោះ​ខ្ញុំ​ស្គាល់​ផ្លូវ​គ្រប់​ច្រក​ល្ហក​នៅ​ភ្នំពេញ​តាំង​ពី​ឆ្នាំ​១៩៨៥ មក​ម្ល៉េះ។ អ្នក​រត់​ម៉ូតូ​ឌុប​ខ្លះ​គាត់​មិន​សូវ​ជា​ស្គាល់​ផ្លូវ​អ្វី​ទេ ហើយ​ពួក​គេ​ចេះ​តែ​សួរ​គ្នា​រក​ផ្លូវ។ ក្រៅពី​ស្គាល់​ផ្លូវ​ច្បាស់ ខ្ញុំ​ក៏​ចេះ​ជួសជុល​ម៉ូតូ​ដោយ​ខ្លួន​ឯង​ដែរ ដូច​ជា​ ប្ដូរ​ប្រេង​ម៉ាស៊ីន និង​ធ្វើ​ម៉ូតូ​ពេល​បញ្ឆេះ​មិន​ឆេះ។

តើ​ជា​អ្នក​រត់​ម៉ូតូ​ឌុប អ្នក​ស្រី​តែង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដូច​ម្ដេច​ដែរ​?

ខ្ញុំ​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង ជា​ពិសេស​គឺ​អ្នក​ជិះ​ជា​បុរស​ដែល​ស្រវឹង​ស្រា​តែ​ម្ដង។ដូច្នេះ​ហើយ​ទើប​ខ្ញុំ​រត់​ម៉ូតូ​ឌុប​តែ​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៧​យប់​ប៉ុណ្ណោះ។ អ្នក​ស្រវឹង​ស្រា​និយាយ​ពិបាក​ស្ដាប់​គ្នា​ណាស់។ ពួក​គេ​មិន​ដឹង​ថា​ចង់​ឲ្យ​ខ្ញុំ​ដឹក​ទៅ​ដាក់​កន្លែង​ណា ហើយ​ពេល​ខ្លះ​មិន​ព្រម​​បង់​លុយ​ឲ្យ​ខ្ញុំ​ទៀត។ ខ្ញុំ​សុខចិត្ត​ដឹក​ភ្ញៀវ​ស្រីៗ បើ​ទោះ​ជា​ពួក​គេ​តថ្លៃ​ច្រើន ហើយ​ដឹក​មួយ​ជើងៗ​បាន​តែ​២-៣​ពាន់​រៀល​ក្ដី។

តើ​អ្នក​ស្រី​មាន​ធ្លាប់​សាកល្បង​ស្វែង​រក​ការងារ​អ្វី​ផ្សេង​ពី​នេះ​ទេ?

ខ្ញុំ ក៏​ធ្លាប់​ធ្វើ​ការងារ​ច្រើន​មុខ​ណាស់​។​ការងារ​អ្វី​ក៏​ខ្ញុំ​ធ្វើ​ដែរ​ឲ្យ​ តែ​បាន​លុយ លើក​លែង​តែ​សម្លាប់​មនុស្ស។ ឥឡូវ​ខ្ញុំ​បម្រើ​ការ​ឲ្យ​គ្រួសារ​មក​ពី​ប្រទេស​ស៊ីមបាវ៉េ។ ខ្ញុំ​ធ្វើ​ជា​ចុងភៅ បោក​គក់ បោស​សម្អាត​ និង​ជួយ​ជូន​កូនៗ​របស់​ពួក​គេ​ទៅ​សាលារៀន។ មួយ​អាទិត្យ​ខ្ញុំ​ធ្វើ​ការ​តែ​៤​ថ្ងៃ​ទេ តែ​ខ្ញុំ​អាច​រក​បាន​៦០​ដុល្លារ។ តែ​ដោយ​សារ​វា​មិន​គ្រប់​គ្រាន់​នឹង​ចិញ្ចឹម​គ្រួសារ ទើប​ខ្ញុំ​ត្រូវ​រត់​ម៉ូតូឌុប​រក​កម្រៃ​បន្ថែម។ ជួន​កាល​១​ថ្ងៃ​ខ្ញុំ​រក​បាន​១០​ទៅ​១៥​ដុល្លារ តែ​ថ្ងៃ​នេះ​រក​មិន​បាន​សូម្បី​តែ​១​រៀល។ ប៉ុន្តែ​រត់​ម៉ូតូ​ឌុប​ពិត​ជា​រក​បាន​ច្រើន​គ្រាន់​បើ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​បន្ត​ធ្វើ​រហូត​ជាង​៤​ឆ្នាំ​នេះ។

ហេតុ​អ្វី​បាន​ជា​អ្នក​ស្រី​ខំប្រឹង​រក​ប្រាក់​ឲ្យ​បាន​ច្រើន​ដូច្នេះ?

ខ្ញុំ​រ៉ាប់រង​បន្ទុក​គ្រួសារ​ទាំង​មូល​។ ខ្ញុំ​ធ្លាប់​រៀបការ​ជាមួយ​បុរស​នីហ្សេរីយ៉ា​ម្នាក់ ប៉ុន្តែ​គាត់​ក៏​វិល​ទៅ​ស្រុក និង​ប្រាប់​ឲ្យ​ខ្ញុំ​រក​ប្រុស​ផ្សេង​រៀបការ​ចុះ។ នៅ​ឆ្នាំ​១៩៩៨ ខាង​អង្គការ​សហប្រជាជាតិ​ប្រាប់​ខ្ញុំ​ថា ប្ដី​ខ្ញុំ​បាន​ស្លាប់​ហើយ​នៅ​ក្រុង​ញូវយ៉ក។ ខ្ញុំ​មាន​កូន​ស្រី​២​នាក់​អាយុ​១៤ និង​១៨​ឆ្នាំ សុទ្ធ​តែ​នៅ​រៀន​។ ខ្ញុំ​ត្រូវ​ការ​ប្រាក់​ច្រើន​ឲ្យ​ពួក​គេ​រៀន​បាន​ចប់ចុង​ចប់ដើម កុំ​ឲ្យ​ល្ងិតល្ងង់​ដូច​ខ្ញុំ​ដែល​ធំ​ក្នុង​សម័យ​ខ្មែរ​ក្រហម​មិន​បាន​ រៀន​សូត្រ​អ្វី​នឹង​គេ។

តើ​ជា​ស្ត្រី​អ្នក​រត់​ម៉ូតូ​ឌុប​ដូច្នេះ​ អ្នក​ស្រី​ជួប​ប្រទះ​នឹង​បញ្ហា​អ្វីខ្លះ?

ពួក ម៉ូតូ​ឌុប​ប្រុសៗ​ភាគ​ច្រើន​រើសអើង​មិន​ចង់​ឲ្យ​ខ្ញុំ​ចត​ម៉ូតូ​ចាំ​ម៉ូយ​ ក្បែរ​ពួក​គេ​ទេ ហើយ​ខ្ញុំ​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​ម្នាក់​មក​បញ្ជា​ខ្ញុំ​ឡើយ ដូច្នេះ​ខ្ញុំ​សុខចិត្ត​ទៅ​ចត​ចាំ​ម៉ូយ​នៅ​កែង​ផ្លូវ​ម្ខាង​ទៀត។

តើ​អ្នក​ស្រី​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ​ពេល​ប្រកប​មុខ​របរ​នេះ?

ជួន កាល​ខ្ញុំ​មាន​អារម្មណ៍​ថា​ឯកា​ខ្លាំង​ណាស់ ព្រោះ​គ្មាន​នារី​ណា​ផ្សេង​ដែល​ប្រកប​មុខ​របរ​រត់​ម៉ូតូ​ឌុប​ឬ​តុកតុក​ដូច​ ខ្ញុំ។ ម៉្យាង​ខ្ញុំ​មាន​អារម្មណ៍​កណ្ដោច​កណ្ដែង​ព្រោះ​តែ​ពួក​ម៉ាក​គេ​ចេញ​ទៅ​ ធ្វើ​ការ​នៅ​ម៉ាឡេស៊ី ចិន និង​អាមេរិក​អស់​ទៅ។ ពេល​ខ្ញុំ​អង្គុយ​ចាំ​ម៉ូយ​កាន់​តែ​យូរ កាន់​តែ​គិត​វែង​ឆ្ងាយ កាន់​តែ​ពិបាក​ចិត្ត។

តើ​អ្នក​ស្រី​មាន​បំណង​ប្រាថ្នា​អ្វី​ដែរ​សម្រាប់​ថ្ងៃ​អនាគត?

ខ្ញុំ ចង់​មាន​ក្រុម​គ្រួសារ​ដ៏​ល្អ​មួយ និង​ចង់​ឲ្យ​កូនៗ​ទាំង​២​បាន​រៀន​ចប់ចុង​ចប់​ដើម។ កូន​ស្រី​ច្បង​ខ្ញុំ​រៀន​ចប់​វិទ្យាល័យ​ទាំង​ខ្មែរ និង​អង់គ្លេស។ ខ្ញុំ​ចង់​ឲ្យ​នាង​ធ្វើ​ជា​មេធាវី។ ចំណែក​ឯ​កូន​ស្រី​ពៅ​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​នាង​ក្លាយ​ជា​មន្ត្រី​ស្ថាន​ទូត​នៅ​ថ្ងៃ​អនាគត។ ចំពោះ​រូប​ខ្ញុំ ខ្ញុំ​ចង់​រក​ប្រាក់​ឲ្យ​បាន​ច្រើន​ដើម្បី​បើក​ហាង ដោយសារ​តែ​ខ្ញុំ​ពូកែ​ធ្វើ​ម្ហូប​ណាស់។ ខ្ញុំ​ទៅ​វិហារ​រាល់​ថ្ងៃ​សៅរ៍ និង​បន់​ស្រន់​រាល់ថ្ងៃ​ដើម្បី​ឲ្យ​សុបិន​នេះ​ក្លាយ​ជា​ការ​ពិត៕ PR

What Next?

Recent Articles