អង្គជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម បានបញ្ចប់ការស្ដាប់សាក្សីឈ្មោះ មាស វឿន ហើយ នៅថ្ងៃអង្គារ ទី ៩ តុលា ឆ្នាំ ២០១២។
ដោយ ឡេង ម៉ាលី
2012-10-09
វិទ្យុអាស៊ីសេរី
ក្នុងសវនាការ សាក្សី មាស វឿន ដែលជាអតីតមេបញ្ជាការកងទ័ពខ្មែរក្រហម ក្នុងទសវត្សឆ្នាំ ១៩៧០ ត្រូវបានភាគីមេធាវីការពារក្ដីឱ្យជនជាប់ចោទ អៀង សារី នួន ជា និង ខៀវ សំផន សួរបញ្ជាក់បន្ថែមអំពីចំណុចខ្វះចន្លោះមួយចំនួន ដែលគាត់បានឆ្លើយចំពោះសហព្រះរាជអាជ្ញា និងសហចៅក្រម ចាប់តាំងពីថ្ងៃទី ៣ តុលាមក។
បន្ទាប់ពីសក្ខីកម្មរបស់លោក មាស វឿន ក្រឡាបញ្ជីអង្គជំនុំជម្រះសាលាដំបូង បានអានខ្លឹមសារដីកាដំណោះស្រាយ ដែលជាការបន្ថែមអង្គហេតុមួយទៀត សម្រាប់ចោទប្រកាន់លើជនជាប់ចោទបច្ចុប្បន្ន ស្នើសុំដោយសហព្រះរាជអាជ្ញា។ អង្គហេតុបន្ថែមនេះ គឺការសម្លាប់ទាហាន និងអតីតមន្ត្រីរដ្ឋការនៃរបប លន់ នល់ នៅទួលពោធិ៍ជ្រៃ នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ កន្លែងសម្លាប់នៅទួលពោធិ៍ជ្រៃ ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ២ ពាន់ ទៅ ៣ ពាន់នាក់។
នៅក្នុងតួនាទីជាសមាជិកគណៈមជ្ឈិមនៃបក្សកុម្មុយនិស្តកម្ពុជា ជនជាប់ចោទ នួន ជា ខៀវ សំផន និង អៀង សារី ត្រូវបានកំណត់នៅក្នុងដីកាដំណោះស្រាយថា ជាប់ពាក់ព័ន្ធនឹងការបង្កើតឯកសារកំណត់មុខសញ្ញានៃក្រុមជាក់លាក់ ដែលត្រូវសម្លាប់។ ប់។ នៅថ្ងៃពុធ ទី ១០ តុលា អង្គជំនុំជម្រះនឹងអនុញ្ញាតឱ្យជនជាប់ចោទ នួន ជា ឡើងឆ្លើយតបនឹងអង្គហេតុទាំងនេះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ទាក់ទងនឹងជនជាប់ចោទ នួន ជា ដែរ គឺមេធាវីអន្តរជាតិរបស់គាត់ឈ្មោះ អានឌ្រូ អ៊ីអានូហ្ស៊ី (Andrew Ianuzzi)ត្រូវបានអង្គជំនុំជម្រះប្ដឹងទៅគណៈមេធាវីកម្ពុជា ដោយហេតុថាមេធាវីរូបនេះ និយាយដដែលៗ និងមានអាកប្បកិរិយាមិនគោរពសេចក្ដីសម្រេចរបស់អង្គជំនុំជម្រះ ហើយសួរដេញដោលសេចក្ដីសម្រេចនោះ។ ប្រធានចៅក្រមជំនុំជម្រះ លោក និល ណុន បានចាត់ទុកអាកប្បកិរិយារបស់មេធាវី អានឌ្រូ អ៊ីអានូហ្ស៊ី ថា ជាការប្រមាថអង្គជំនុំជម្រះ។ យើងនៅមិនទាន់ដឹងថា គណៈមេធាវីកម្ពុជានឹងសម្រេចយ៉ាងណាទេ លើករណីនេះ៕
ឳពុកខ្ញុំត្រូវបានទាហានខ្មែរក្រហមយកទៅសម្លាប់នៅទួលពោធិជ្រៃនេះដែរ ពេលដែលគាត់ (ទាហានលន់ណុល) និងមិត្តភ័ក្រគាត់ជាច្រើននាក់ទៀតប្រជុំចប់នៅសាលាខេត្តពោធិសាត់ វេលាម៉ោង ១០និង៣០នាទីព្រឹក នាខែមេសា ឆ្នាំ១៩៧៥។ គើឲ្យពួកគាត់ឡើងឡានសេម់ាសេ (ឡានទាហានអាមេរិចកាំង) រួចបើកតម្រង់ទៅទិសខាងជើងតាមដងស្ទឹងពោធិសាត់។ នេះបើតាមបងប្រុសខ្ញុំនិយាយប្រាប់ ដែលគាត់បានទៅតាមឪពុកខ្ញុំ តែប្រជុំចប់គាត់ឲ្យបងប្រុសខ្ញុំវិលត្រឡប់មកផ្ទះវិញ ដោយគាត់ប្រាប់បងប្រុសខ្ញុំថា ទៅផ្ទះយកសម្លៀកបំពាក់ឲ្យគាត់ តែពេលបងប្រុសខ្ញុំចាកជើងចេញពីសាលាខេត្ត បានឃើញឪពុកខ្ញុំឈរតម្រង់ជួររួចគេបញ្ជារឲ្យឡើងឡានតែម្តង។