នី មុន្នីនាថ : ចំណូលពីសិល្បៈ ជួយផ្គត់ផ្គង់គ្រួសារ

ដោយសារតែ ការងារសិល្បៈ ចេះតែដើរ ទៅមុខ ជាលំដាប់ នោះ បានធ្វើឱ្យ អ្នកសម្តែង នី មុន្នីនាថ បញ្ចោញ ក្តីរីករាយ របស់ខ្លួន ពីព្រោះវាក៏ ធ្វើឱ្យចំណូល របស់នាង កើនឡើង ជួយផ្គត់ផ្គង់ ជីវភាព ក្រុមគ្រួសារ ។

Written by ភ្នំពេញដេលីញូវ
Wednesday, 10 October 2012

ទោះជាមិនច្រើន ដល់ថ្នាក់ រាប់ម៉ឺនដុល្លារ ក្នុងមួយខែៗ ក៏ដោយ ប៉ុន្តែចំណូល ទាំងនោះ គឺនាងបាន យកទៅ ផ្គត់ផ្គង់ដល់ ជីវភាពគ្រួសារ រហូតដល់ទៅ ៨០ ភាគរយ ។

កញ្ញា នី មុន្នីនាថ នឹងថតរឿងភាគ ឱ្យស្ថានីយ ទូរទស្សន៍ បាយ័ន ចាប់ពីដើម ខែតុលា ឆ្នាំ ២០១២ នេះតទៅ ហើយ ដែលក្នុង នោះ សារាយ សក្ខណា ក៏សម្តែងជា តួឯក ជាមួយគ្នា ផងដែរ គឺរឿង “ក្រមុំស្រុកស្រែ” ។

នៅក្នុងឆ្នាំ ២០១២ នេះ អ្នកសម្តែង នី មុន្នីនាថ អះអាងថា នាង មមាញឹក ការងារ សិល្បៈច្រើន ហើយឆ្នាំនេះ ផងដែរនាង ថែមទាំង បានសម្តែង រឿងចំនួន ៤ រឿង រួចមកហើយ ដែលក្នុងនោះ មានរឿង ប្រភេទអប់រំ ខ្លីៗ ចំនួន ពីររឿង និងភាគ ទូរទស្សន៍ បាយ័ន គឺរឿង “ គ្រោះ កម្ម ប្រចាំស្នេហ៍” និង រឿងដុំ មួយរឿងទៀត គឺរឿង “លងម៉ាឆ្ងាញ់” ជារឿងខ្មោច ដែលទើប តែថតចប់ កាលពីថ្ងៃទី ២១ ខែកញ្ញា កន្លងមកនេះ ហើយ គេគ្រោង នឹងដាក់បញ្ចាំង ក្នុងពេល ឆាប់ៗ ខាងមុខ នេះផងដែរ ។ ចំពោះរឿងទី ៥ ដែលចាប់ផ្តើម ថតក្នុងខែ តុលានេះ គឺរឿង “ក្រមុំស្រុកស្រែ” ។

ដោយសារតែ ឆ្នាំនេះ ការងារ ស្អេកស្កះ អ្នកសម្តែង ទឹកភ្នែក នី មុន្នីនាថ បានប្រាប់ ឱ្យដឹងថា “ខ្ញុំសប្បាយចិត្ត ណាស់ នៅពេលដែល ខ្ញុំមាន ការងារច្រើន ហើយឆ្នាំនេះ ការងារសិល្បៈ របស់ខ្ញុំ មានការកាក់កប ជាងរាល់ឆ្នាំ” ។ នាងបន្ត ឱ្យដឹងទៀត ថា “ចំណូល របស់ខ្ញុំ មិនច្រើន ណាស់ណាទេ គឺស្ថិតក្នុង រង្វង់ទឹក ប្រាក់តែជាង ២.០០០ ដុល្លារ ប៉ុណ្ណោះ ក្នុងមួយខែៗ” ។ នី មុន្នីនាថ បញ្ជាក់ ទៀតថា “ចំណូលដែលខ្ញុំ រកបានពី ការងារសិល្បៈ សព្វថ្ងៃ គឺខ្ញុំបាន ផ្គត់ផ្គង់ ជីវភាពគ្រួសារ ដល់ទៅ ៨០ ភាគរយ ហើយនៅ សល់ ២០ ភាគរយ ទៀតជា បន្ទុករបស់ប៉ាខ្ញុំ” ។

ដោយសារតែ ចំណូល គ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ ជីវភាព គ្រួសារ និង នៅ មានសេស សល់ទៀតនោះ ទើប អ្នកសម្តែង នី មុន្នីនាថ ទិញផ្ទះ ល្វែងថ្មីនៅ ម្តុំក្រោយវត្ត សំរោងអណ្តែត ក្នុងតម្លៃ ៣៧.០០០ ដុល្លារ ដោយបង់ រំលស់រយៈ ពេល ១០ ឆ្នាំ ។ បន្ទាប់ពី ទិញផ្ទះថ្មី បានហើយនោះ នី មុន្នីនាថ ក៏បាន ប្រកាស លក់ផ្ទះចាស់ ដែលមាន ផ្លូវតូចចង្អៀត ។

ទោះជាយ៉ាងណា ក៏ដោយ ម្តាយរបស់ នី មុន្នីនាថ បានប្រាប់ ឱ្យដឹងដែរថា យើងជាតារា សម្តែង អ៊ីចឹងមិន សូវរកចំណូល បានច្រើន ដូចតារា ចម្រៀង នោះទេ តែចំណូល របស់កូនស្រី គាត់អាច ទប់ទល់ ក្នុងការបង់ រំលស់ ថ្លៃផ្ទះក្នុង មួយខែៗ ។

ដំបូងឡើយ អ្នកសម្តែង នី មុន្នីនាថ ជិះរថយន្តកូរ៉ូឡា ហើយ សព្វថ្ងៃនេះ បានប្តូរមក ជិះរថយន្ត កាមរីឆ្លាមវិញ ។ ការប្តូរផ្ទះថ្មី ជាការធ្វើឱ្យ ការរស់នៅ មានលក្ខណៈ ងាយស្រួល ប៉ុន្តែចំពោះ ការប្តូររថយន្ត ដើម្បីឱ្យ ជិះស្រួលនោះ មិន ទាន់ស្ថិត នៅក្នុងចំណង់ របស់នាង នា ពេលបច្ចុប្បន្ន នេះទេ ដោយអ្នក សម្តែង នី មុន្នីនាថ និយាយថា “ដូររថយន្ត …! អូយ…! អត់ទេបងអើយ ផ្ទះមិនទាន់ បង់រំលស់ ផុតផង …! ទៅប្តូររថយន្ត ទៀត ចប់បណ្តោយ ខ្ញុំ…!” ។ នាងបញ្ជាក់ថា “ធម្មតា មនុស្សម្នាក់ៗ ចេះតែចង់ផ្លាស់ ប្តូរសម្ភារៈ ទំនើបៗ ហើយ តែ យើងក៏មើល ពីសមត្ថភាព របស់យើងដែរ” ។

អ្នកសម្តែង នី មុន្នីនាថ បានសម្តែងនូវ ការសប្បាយ ចិត្ត ដោយសារតែ ខ្លួននៅវ័យក្មេង ហើយមាន សមត្ថភាព ផ្គត់ផ្គង់ ជីវភាព គ្រួសារ បានស្ទើរតែ ទាំងស្រុង ហើយអ្វីដែល នាងរឹតតែ រីករាយ ខ្លាំងទៀតនោះ គឺនាងមាន ឱកាស សងគុណ ឪពុកម្តាយ តាំងពីខ្លួន នៅក្មេង ទៀតផង ។

ឆ្នាំនេះក្រៅពី រវល់ក្នុងស្រុក ហើយ នោះ នី មុន្នីនាថ ក៏ត្រូវបាន គេអញ្ជើញ ឱ្យទៅសម្តែង នៅអាមេរិក និង កាណាដា ក្នុងខែធ្នូខាង មុខនេះផងដែរ ប៉ុន្តែដោយ សារតែនាង ជាប់រវល់ក្នុង ស្រុកច្រើន មិន អាចចេញទៅ សម្តែងបាន ដោយសុំលើក ពេលទៅ សម្តែងក្នុងខែ កុម្ភៈ ឬ ខែមេសា ឆ្នាំ ក្រោយវិញ ។

នី មុន្នីនាថ ក៏បានឱ្យដឹង បន្ថែមទៀតថា ថ្ងៃ អនាគត ការងារសិល្បៈ នាងមានចេតនា ចង់សម្តែងជា តួកាចឆ្នាស ឆ្នើមដើម្បី ឱ្យប្លែក តែរហូតមក ដល់ពេលនេះ មិនទាន់មាន ផលិតករណា តម្រូវឱ្យនាង សម្តែងបែបនេះ នៅឡើយទេ ។

ទោះជាមិនទាន់ បានសម្តែងជា តួកាចឆ្នាស និង សិចស៊ី នៅឡើយ ក៏ដោយ ប៉ុន្តែចាប់តាំង ពីពាក់កណ្តាល ឆ្នាំ ២០១១ មក គេបានឃើញ អ្នកសម្តែង រូបនេះ តុបតែងខ្លួន និង ស្លៀកពាក់ បែបទាន់សម័យ វាលៗ ហើយក៏មាន ពេលខ្លះ នាងបញ្ចោញ ឱ្យឃើញ ភាពសិចស៊ី មិនចាញ់ តារាសម្តែង សិចស៊ី មួយចំនួននោះ ឡើយ តែនាង និយាយថា “ខ្ញុំមិនសិចស៊ី ខ្លាំងទេ …! គ្រាន់តែយើង សម្តែង រឿងសម័យ គឺយើង ស្លៀកពាក់ តាមបែប យុវវ័យ” ។

ដោយឡែក រឿងរ៉ាវ ស្នេហាវិញ ត្រូវបាន អ្នកសម្តែង មនោសញ្ចោតនា រូបនេះ និយាយថា “រង់ចាំឱ្យជីវភាព គ្រួសាររបស់ខ្ញុំ រឹងមាំ ជាងនេះសិន ទើបខ្ញុំគិត គូរពីខ្លួនឯង” តែនាងបញ្ជាក់ថា “រឿងគូស្រករ ប្រហែលជា មិនយូរទេ …! ហើយក៏ មិនឆាប់ដែរ …! ណាមួយ ប្រហែលជា មិនទាន់ដល់ គូក៏ថាបាន ព្រោះ បើដល់ គូហើយនោះ យើងប្រកែក ក៏ប្រកែក មិនកើតដែរ” ៕

What Next?

Recent Articles

3 Responses to "នី មុន្នីនាថ : ចំណូលពីសិល្បៈ ជួយផ្គត់ផ្គង់គ្រួសារ"

  1. sok says:

    ខ្ញុំជួយគំាទ្រនាង! បើនាងមានបញ្ហាដោះស្រាយមិនចេញសូមមmail មកខ្ញុំណា!