ថ្ងៃទី​១៣​តុលា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស ស្លាប់ ៥ នាក់ របួស ២៩ នាក់​

ភ្នំពេញ: នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១២ មាន​មនុស្ស​ស្លាប់ និង​រងរបួស ៣៤ នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ១៨ លើក កើតឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​របាយការណ៍​របស់​ប៉ូលិស​។​

ថ្ងៃទី 14 តុលា 2012
ដោយ: លី សិលា
CEN

នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា មាន​មនុស្ស ៥​នាក់ បាន​ស្លាប់ រងរបួស​ធ្ងន់ ១៧​នា ក់ (​ស្រី​៥​នាក់​) និង​របួសស្រាល​១២ នាក់ (​ស្រី​៣​នាក់​) ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ១៨ លើក នៅ​ទូទាំង​ប្រទេស នា​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១២​។

​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១២ ជា​ពេលវេលា​មមាញឹក ដែល​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ផ្លូវ ពិសេស​អ្នក​ចាក​ចេញពី​ភ្នំពេញ ដើម្បី​ជួបជុំ​ក្រុមគ្រួសារ សាច់ញាតិ នៅ​ស្រុកកំណើត ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​

​របាយការណ៍​ប៉ូលិស បង្ហាញថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៨ លើក នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១២ បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ៣៨​គ្រឿង ក្នុង​នោះ​ម៉ូតូ​២២​គ្រឿង រថយន្ត​ធុន​ស្រាល ១០​គ្រឿង រថយន្ត​ធុន​ធ្ងន់ ១​គ្រឿង យាន​ផ្សេងៗ ១​គ្រឿង​។

​ប៉ូលិស​បានឲ្យដឹងថា មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​មកពី​ល្មើស​ល្បឿន ៥​លើក មិន​គោរព​សិទ្ធិ ៥​លើក មិន​ប្រកាន់​ស្តាំ ៥​លើក បត់​គ្រោះថ្នាក់ ៣​លើក​។ ក្នុងនោះ​គ្រោះថ្នាក់​មិន​ពាក់​មួកសុវត្ថិភាព ១៨ នាក់​។​

​ប៉ូលិស​ក៏​បានឲ្យដឹងថា ចំពោះ​រថយន្ត ដែល​ទទួលរង​ការផាកពិន័យ នៅ​អង្គភាព នៅ​ថ្ងៃ​ទី​១៣​តុលា មាន​រថយន្ត​សរុប ២៤​គ្រឿង គឺ​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ២២​គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច ១​គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​ធំ ១​គ្រឿង​។ រថយន្ត​ទាំងអស់​ខាងលើ បាន​បង់​ប្រាក់​ពិន័យ​រួចរាល់ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​/​ស្រុក ១​គ្រឿង និង​នៅ​ស្នងការដ្ឋាន​នគរបាល រាជា​ធានី​/​ខេត្ត ២៣​គ្រឿង​៕

What Next?

Recent Articles