ភ្នំពេញ: រាជរដ្ឋាភិបាល នឹងរៀបចំព្រះរាជពិធីកាន់ទុក្ខជាផ្លូវការថ្វាយសម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ រយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ តែមិនមានការប្រកាសឲ្យឈប់សម្រាកពីការងារទេ។ នេះបើតាមលោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល។
ថ្ងៃទី 15 តុលា 2012
ដោយ: លី សិលា
CEN
លោក ខៀវ កាញារីទ្ធ បានសរសេរក្នុងបណ្ថាញទំនាក់ទំនងសង្គម Facebook របស់លោកថា រដ្ឋាភិបាល សម្រេចរៀបចំពិធីបុណ្យកាន់ទុក្ខជាផ្លូវការ ថ្វាយព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២។ ព្រះរាជពិធីនោះ នឹងចាប់ផ្តើមនៅពេលព្រះសពសម្តេចឪ ត្រូវបានដង្ហែមកដល់ព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។
តាមលោក ខៀវ កាញារីទ្ធ ព្រះរាជពិធីបុណ្យកាន់ទុក្ខជាផ្លូវការ ថ្វាយសម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ មានការប៉ាន់ប្រមាណថា មានមនុស្សជិត ១០ ម៉ឺននាក់ ចូលរួម។ តែមិនមានការឈប់សម្រាកពីការងារទេ ព្រោះនៅកម្ពុជា ទើបតែឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ រយៈពេល ៥ ថ្ងៃ ហើយម្យ៉ាងទៀត នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែតុលា គឺចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាកពីការងារ។
សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា បានកោះប្រជុំបន្ទាន់មួយ កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ មុននឹងចេញសារាចរណែនាំ ស្តីពី ការរៀបចំព្រះរាជពិធីបុណ្យសព ថ្វាយសម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ដែលបានយាងចូលទិវង្គត ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា កាលពីយប់ម៉ោង ១ និង ២០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះជរាពាធ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន។
បន្ទាប់ពីទទួលដំណឹងពីការសោយទិវង្គតរបស់សម្តេចឪ នៅកម្ពុជា បានចេញបញ្ជាអោយមានការបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាលដង ដើម្បីជាការកាន់ទុក្ខដល់សម្តេចឪ នរោត្តម សីហនុ។
ប្រសូត្រ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានឡើងគ្រងរាជសម្បត្តិ ក្នុងព្រះជន្ម ១៨ ព្រះវស្សា គឺនៅឆ្នាំ១៩៤១។ ព្រះអង្គ បានទាមទារឯករាជ្យពេញលេញ ពីបារាំង សម្រាប់កម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ជាមួយគ្នានោះ ព្រះវីរភាពរបស់សម្តេចឪ សម្តេចព្រះ នរោត្តម សីហនុ ក៏បានដឹកនាំប្រទេសកម្ពុជា ស្គាល់ភាពរីកចម្រើនខាងឧស្សាហកម្ម ក្នុងសម័យសង្គមរាស្ត្រនិយម ( ចន្លោះពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ ) ព្រមទាំងព្រះអង្គ ចូលរួមនឹងសម្តេច ហ៊ុន សែន ដើម្បីស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា ដែលនាំដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតជាតិ ក្នុងសម័យព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣៕
នៅគ្រប់វត្តទាំងអស់ក្នុងរាជាណាចក្រកម្ពុជាទាំងមូលគួរតែនាំគ្នាសូត្រធម៌ជូនព្រះមហាវីរៈក្សត្រយើង។
យើងខ្ញុំជាប្រជារាស្ត្រខ្មែរទូទាំងប្រទេសសូមបួងសួងឧទិសសូមឱ្យព្រះវិញ្ញាណខ័ន្តព្រះអង្គយាងទៅកាន់ព្រះបរមសុខ,….!
ព្រះអង្គគឺជាក្សត្រដ៏ឆ្នើម ព្រអង្គគឺជាស្តេចដែលលះបង់អ្វីៗទាំងអស់ដឿម្បីប្រទេសជាតិប្រជារាស្ត្រ ព្រះអង្គគឺជាក្សត្រប្រកបដោយទស្សពិទរាជធម៌,..!
អ្នកដែលមិនគោរពស្តេច ព្រះមហាវិរៈក្សត្រ អ្នកនោះនឹងធ្លាក់ចុះនរក១៨ជាន់ គ្មានថ្ងៃចេញ,….!
អ្នកដែលមិនគោរពស្តេច ប្រៀបដូចអ្នកនោះមិនគោរពព្រះពុទ្ឋអញ្ចឹង, ព្រោះប្រទេសខ្មែរគោរពព្រះពុទ្ឋសាសនា,…!