ភ្នំពេញ: តាមគម្រោង នាយករដ្ឋមន្ត្រីថៃ វៀតណាម និងឡាវ នឹងមកកាន់រាជធានីភ្នំពេញ ជាបន្តបន្ទាប់ នារសៀលថ្ងៃសុក្រ ទី១៩តុលា ឆ្នាំ២០១២ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដោយផ្ទាល់នៅក្នុងព្រះបរមរាជវាំង។
ថ្ងៃទី 19 តុលា 2012
ដោយ: លី សិលា
CEN
សេចក្តីជូនព័ត៌មានជាផ្លូវការរបស់ក្រសួងការបរទេស នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ បង្ហាញថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ នាវេលាម៉ោង ៣ និង ៣០ នាទី លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត់ ( Yingluck Shinawatra ) នាយករដ្ឋមន្ត្រីថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។
សេចក្តីជូនព័ត៌មានដដែល បានលើកឡើងថា បន្ទាប់ពីពិធីគោរពព្រះវិញ្ញាណក្ខន្ធ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នឹងជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព។
ចំណែកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀង តាន់ យុង (NGUYEN TAN DUNG) នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៅព្រះបរមរាជវាំង នៅវេលាម៉ោង ៣ រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២។
បន្ទាប់ពីពិធីគោរពព្រះវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀង តាន់ យុង នឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រះបរមរាជវាំង។
ដោយឡែក នៅរសៀលថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ៣ និង ១៥ នាទី លោក ថងស៊ីង ថាំម៉ាវង់ (Thongsing Thammavong) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ ក៏នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធ របស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ នៅព្រះបរមរាជវាំងផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។
សូមរម្លឹកថា កម្មវិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានចាប់ផ្តើមជាផ្លូវការ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១២។
ផ្តើមដំបូង គឺស្ថាប័ន រដ្ឋាភិបាល រដ្ឋសភា និងស្ថាប័នកាកបាទក្រហមកម្ពុជា ជាដើម បានដង្ហែកម្រងផ្កា ចូលគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅក្នុងព្រះបរមរាជវាំង។
ព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ ត្រូវបានដង្ហែពីទីក្រុងប៉េកាំង ប្រទេសចិន មកដល់ព្រះបរមរាជវាំង កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។ រដ្ឋាភិបាល បានប្រកាសដាក់ប្រទេសកម្ពុជា ក្នុងការកាន់ទុក្ខថ្វាយព្រះបរមសពព្រះមហាវីរក្សត្រ រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៧តុលា។
នៅក្រោយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ នឹងមានការបើកឱកាសឲ្យមហាជន ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ដោយផ្ទាល់ នៅក្នុងប្រាសាទព្រះទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។
ចាប់តាំងពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ មហាជន បានប្រមូលផ្តុំ អុជទៀនធូប និងថ្វាយផ្កាឈូក គោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ នៅមុខព្រះបរមរាជវាំង ដោយមានសម្រែកយំទួញសោក ដោយក្តីអាឡោះអាល័យក្រៃលែង៕ S