សិល្បករនៅក្រៅប្រទេសរន្ធត់ចិត្តការសោយទិវង្គតព្រះមហាវីរក្សត្រ
Posted about
14 years ago |
ទោះបីជាស្ថិតនៅឆ្ងាយឯនាយសមុទ្រក្តី ក៏តារាចម្រៀង តារាសម្តែងកម្ពុជា ជាច្រើនរូបដែលកំពុងជាប់ភារកិច្ចនៅឯក្រៅប្រទេសបានសម្តែង អារម្មណ៍សោកសង្វេគ កើតទុក្ខក្រៀមក្រំស្ទើរថ្លែងមិនចេញ ខណៈពេលដែលនៅក្នុងមាតុប្រទេសរបស់ពួកគេ បានបាត់បង់ព្រះមហាវីរក្សត្រដ៏អស្ចារ្យមួយព្រះអង្គ គឺព្រះបាទនរោត្តម សីហនុ ។
Friday, 19 October 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
តារាចម្រៀងនាង សុគន្ធ និសា ចូលរួមពិធីកាន់ទុក្ខនៅប្រទេសកូរ៉េ។ រូបថត សហការី
ភ្នំពេញៈ ទោះបីជាស្ថិតនៅឆ្ងាយឯនាយសមុទ្រក្តី ក៏តារាចម្រៀង តារាសម្តែងកម្ពុជា ជាច្រើនរូបដែលកំពុងជាប់ភារកិច្ចនៅឯក្រៅប្រទេសបានសម្តែង អារម្មណ៍សោកសង្វេគ កើតទុក្ខក្រៀមក្រំស្ទើរថ្លែងមិនចេញ ខណៈពេលដែលនៅក្នុងមាតុប្រទេសរបស់ពួកគេ បានបាត់បង់ព្រះមហាវីរក្សត្រដ៏អស្ចារ្យមួយព្រះអង្គ គឺព្រះបាទនរោត្តម សីហនុ ។
ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ ព្រះវរបិតាឯករាជ្យជាតិ ទ្រង់បានសោយព្រះទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយព្រះជរាពាធ។ ព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែពីទីក្រុងប៉េកាំងមកកាន់ រាជធានីភ្នំពេញ អមដំណើរដោយព្រះករុណាព្រះបាទសីហមុនី និង លោកនាយករដ្ឋមន្ត្រីហ៊ុនសែន នៅថ្ងៃទី១៧ ខែតុលា វេលាម៉ោង ២និង៣០ រសៀល។ ការដង្ហែព្រះបរមសពពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកព្រះបរមរាជវាំងត្រូវធ្វើឡើងនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី បន្តមកមហាវិថីព្រះនរោត្តម កាត់តាមវិមានឯករាជ្យ ដោយបានបញ្ចប់នៅម៉ោង ៥ និង ៣០នាទី ល្ងាច ដោយមានប្រជានុរាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គចូលរួមប្រមាណជា១លាននាក់មកចាំដង្ហែដែលមានទាំងបព្វជិត និងគ្រហស្ថ។ ព្រះបរមសពរបស់ទ្រង់ត្រូវបានតម្កល់ទុកនៅព្រះបរមរាជវាំងយ៉ាងតិច ៣ ខែ។
មរណទុក្ខ ដ៏ក្រៀមក្រំនេះ កំពុងស្ថិតនៅងំក្នុងក្រអៅបេះដួងរបស់ប្រជាជនកម្ពុជាគ្រប់រូប ទាំងអ្នករស់នៅប្រទេសកម្ពុជា និងអ្នករស់នៅក្រៅប្រទេស។ ដោយឡែកអ្នកសិល្បៈកម្ពុជាក៏ទទួលកើតទុក្ខក្រៀមក្រំស្ទើររកពាក្យ ប្រៀបគ្មានផងដែរ។ ពួកគេបានចូលរួមនៅក្នុងពិធីដង្ហែព្រះបរមសពរបស់ទ្រង់ស្ទើរ គ្រប់គ្នា រីឯសិល្បករដែលនៅក្រៅប្រទេសវិញក៏មិនព្រងើយកន្តើយដែរ ពួកគេបានបង្ហូរទឹកភ្នែក និងស្មិងស្មាធិ៍អុជធូបថ្វាយព្រះពរព្រះអង្គគ្រប់ៗគ្នា ទោះជានៅទីណាកន្លែងណាក៏ដោយ។
តារាចម្រៀង សុខ រក្សា
កំពុង ស្ថិតនៅឯប្រទេសអូស្ត្រាលី ក្នុងការសម្តែងច្រៀងរយៈពេល២ខែ តារាចម្រៀង សុខ រក្សា បានឲ្យដឹងថា ភាពទុក្ខសោក ភាពឈឺចាប់ នឹងការបាត់បង់អតីតព្រះមហាក្សត្រ ពិតជាធ្វើឲ្យរំជើបរំជួល ដល់កូនខ្មែរគ្រប់រូប។ តែសម្រាប់ ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្ដម សីហមុនី ដែលជាបុត្របង្កើត រួមជាមួយនឹងមាតាជាតិគឺ មហាក្សត្រិយ៍ នរោត្ដម មុនីនាថ សីហនុ កំពុងទទួលភាពឈឺចាប់ និង ទុក្ខធ្ងន់ជាងប្រជាពលរដ្ឋកម្ពុជាថែមទៀត ដោយសារតែការបាត់បង់ អង្គក្សត្រជាទីស្រឡាញ់។ តែទោះជាយ៉ាងណាភាពឈឺចាប់នេះ បានកើតមានឡើង គ្រប់ប្រជាពលរដ្ឋខ្មែរ។
តារាសម្តែង អេឡិច ចាន់ត្រា
ជាមួយ នឹងការងារដ៏មមាញឹកក្នុងការសម្តែងច្រៀងនៅប្រទេសកាណាដា តារាចម្រៀង និងសម្តែង អេឡិច ចាន់ត្រា បាននិយាយថា ខ្ញុំមិនដឹងថា ហេតុអ្វីបានជាខ្ញុំមិនអាចគេងលក់ឡើយ តាំងពីរូបខ្ញុំបានដឹងថា ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទនរោត្តម សីហនុ សោយទិវង្គតមក។ ខ្ញុំពិតជាមានអារម្មណ៍សោកសៅ និងសោកស្តាយយ៉ាងខ្លាំង។
តារាចម្រៀង ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា កំពុងចាប់ដៃគ្នាជាមួយ អេឡិច ចាន់ត្រា ច្រៀងនៅប្រទេសកាណាដា ។ ក្នុងបរិយាកាសដ៏សោកសៅនេះ នាងបាននិយាយថា ក្នុងនាមជាកុលធីតាខ្មែរមួយរូប ខ្ញុំពិតជាមានការសោកស្តាយជាពន់ពេក នូវការបាត់បង់ដ៏ធំធេងគឺការសោយទិវង្គតនៃសម្តេចតា ព្រះបាទនរោត្តម សីហនុ ដែលជាព្រះមហាវីរក្សត្រដ៏អង់អាច។
តារាចម្រៀង អឿន ស្រីមុំ
កំពុង ត្រៀមខ្លួនចូលសញ្ជាតិកាណាដា អឿន ស្រីមុំ បាននិយាយថា ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំមានការសោកស្តាយ និងក្រៀមក្រំយ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខចំពោះការសោយទិវង្គតរបស់សម្តេចតាទួត គឺព្រះនរោត្តម សីហនុ ជាអម្ចាស់ជីវិតតម្កល់លើត្បូងនៃប្រជាពលរដ្ឋខ្មែរយើងគ្រប់រូប ។
តារាចម្រៀង សុគន្ធ និសា
សុគន្ធ និសា បានចេញទៅថតស្ប៉តពាណិជ្ជកម្មនៅប្រទេសកូរ៉េ មុនពេលនាងចេញទៅសម្តែងច្រៀងនៅសហរដ្ឋអាមេរិក ។ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) របស់តារាចម្រៀង សុគន្ធ នីសា បានបង្ហោះរូបភាពមួយចំនួនដែលនាងបានចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំនៅក្នុងប្រទេសកូរ៉េ និងបានសរសេរពាក្យពេចន៍ បន្ថែមថា បើទោះនាងខ្ញុំមិននៅកម្ពុជា តែនាងខ្ញុំសូមគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ពីសាធារណរដ្ឋកូរ៉េ។
តារាចម្រៀង មាស សុខសោភា
មាស សុខសោភា បានចេញទៅសម្តែងច្រៀងនៅសហរដ្ឋអាមេរិករយៈពេល៣ខែ តែនាងបានសម្តែងអារម្មណ៍ក្តុកក្តួលអួលដើមកនៅពេលបានទទួលដំណឹង ពីស្រុកខ្មែរថា សម្តេចឪលោកបានយាងចូលទិវង្គតនោះ។ តាមរយៈលោក មាស សុខរតនៈ បានឲ្យដឹងថា ក្នុងនាមជាពលរដ្ឋខ្មែរ កូនខ្មែរ យើងពិតជាមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំងគ្មានអ្វីផ្ទឹមបានឡើយ ហើយឥឡូវនេះ ខ្ញុំ និងនាងកំពុងកាន់ទុក្ខនៅឡើយ។
អតីតតារាចម្រៀង ពៅ បញ្ញាពេជ្រ
ដោយ ឡែកអតីតតារាចម្រៀងសំឡេងរៃកណ្តឹងដែលធ្លាក់ខ្លួនពិការដោយសារ ការបាញ់ប្រហារពីខ្មាន់កាំភ្លើងមិនស្គាល់មុខ នាង ពៅ បញ្ញាពេជ្រ បានសម្តែងក្តីរន្ធត់របស់នាងពីជម្រកគេចខ្លួននៅប្រទេសថៃ ថា ក្នុងនាមជាកូនខ្មែរនាងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀម ក្រំក្នុងការបាត់បង់ព្រះមហាវីរក្សត្រដ៏ធំធេងនេះ៕