ភ្នំពេញ: ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅលើនាវាអាមេរិកឈ្មោះថា USS Vandegrift និងនាវា USNS Salvor នឹងចូលរួមជាមួយកងទ័ពជើងទឹកកម្ពុជា ក្នុងលំហាត់សមយុទ្ធ និងប្រតិបត្តិការត្រៀមជាស្រេច នៅលើលំហសមុទ្រ (CARAT) លើកទី៣ នៅទីក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា។
ថ្ងៃទី 20 តុលា 2012
ដោយ: CEN
សេចក្តីប្រកាស ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ បង្ហាញថា លំហាត់សមយុទ្ធនេះ នឹងផ្តោតលើការលើកកំពស់ជំនាញរក្សាសន្តិសុខដែនសមុទ្រ តាមរយៈសកម្មភាពនានា ដូចជាការទប់ស្កាត់នៅលើលំហសមុទ្រ ការមុជទឹក និងប្រតិបត្តិការជួយសង្គ្រោះ ការបំលាស់ទី និងការឆ្លើយតបនឹងគ្រោះមហន្តរាយ ជាដើម។
បន្ថែមលើនេះទៀត សេចក្តីប្រកាស បានកត់សម្គាល់ថា លំហាត់សមយុទ្ធ CARAT នៅប្រទេសកម្ពុជា ឆ្នាំ២០១២ មានបំណងបង្កើនកិច្ចសហប្រតិបត្តិការ លើកកំពស់ការយល់ដឹង និងបង្កើនការទុកចិត្តគ្នារវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា តាមរយៈការលេងកីឡា និងកម្មវិធីសង្គមនានា។
សេចក្តីប្រកាសដដែល បានលើកឡើងថា លំហាត់សមយុទ្ធ CARAT ឆ្នាំ២០១២ ក៏នឹងធ្វើអោយប្រសើរផងដែរនូវទំនាក់ទំនងជាមួយសហគមន៍ស៊ីវិល តាមរយៈ គំរោងផ្តល់សេវាដល់សហគមន៍។ ក្រុមតន្ត្រីនៃកងនាវា ទី៧ ក្នុងកងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងធ្វើការប្រគំតន្ត្រីជូនទស្សនាដោយឥតគិតថ្លៃ នៅរង្វង់មូលក្នុងទីរួមខេត្តកំពត ជិតពហុកីឡាដ្ឋាន នៅថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង៧ យប់។
សេចក្តីប្រកាស បានលើកឡើងថា នៅឆ្នាំ២០១០ ប្រទេសកម្ពុជាបានចូលរួមក្នុងសមយុទ្ធ CARAT ជាលើកដំបូង។ ប្រទេសដ៏ទៃទៀតដែលបានចូលរួមក្នុងសមយុទ្ធ CARAT រួមមានប្រទេសបង់ក្លាដែស ប្រ៊ុយណេ ឥណ្តូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ និងប្រទេសទីម័រខាងកើត។ ចាប់តាំងពីឆ្នាំ ១៩៩៥ មក សមយុទ្ធ CARAT ប្រព្រឹត្ត ទៅជារៀងរាល់ឆ្នាំ នៅតំបន់អាស៊ីអាគ្នេយ៍៕