ក្រចេះ: ស្នងការនគរបាលខេត្តក្រចេះ បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ ដោយមានការចូលរួមពីមន្ត្រីនគរបាល នៅទូទាំងខេត្តប្រមាណជាង ៦០០ នាក់។
ថ្ងៃទី 21 តុលា 2012
ដោយ: ចិត្របុរី
CEN
ក្នុងពិធីប្រារព្ធព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នេះ មានការដាក់ផ្កាភ្ញី ពីគ្រប់អធិការដ្ឋាន និងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ។
ជាមួយគ្នានេះដែរ ក្នុងពិធីនេះក៏មានធ្វើពិធីបង្សុកូល ប្រគេនទេយ្យវត្ថុ និងរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ដែលត្រូវជាសម្តេចឳ សម្តេចតា សម្តេចតាទួត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បានយាងចូលទិវង្គតនៅថ្ងៃទី១៥ រោជ ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១ និង២០នាទី រំលងអធ្រាត ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធនៅ មន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
សូមបញ្ជាក់ថា អាជ្ញាធរខេត្តក្រចេះ ក៏គ្រោងនឹងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ខាងមុខសម្រាប់ប្រជាពលរដ្ឋទូទាំងខេត្ត៕


