ភ្នំពេញ: កាលពីព្រឹកថ្ងៃអាទិត្យ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី៩ ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ។
ថ្ងៃទី 4 វិច្ឆិកា 2012
ដោយ: លី សិលា
CEN
ដំណើររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំនៅឡាវ ដែលសម្តេច ហ៊ុន សែន បានឡើងយន្តហោះ នៅថ្ងៃអាទិត្យនេះ ធ្វើឡើង តាមការអញ្ជើញរបស់លោក ថងស៊ីង ថាំម៉ាវង់ ( Thongsing Thammavong ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ បង្ហាញថា គណៈប្រតិភូអមដំណើរសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅទីក្រុងវៀងច័ន្ទ រួមមាន លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីជូនព័ត៌មានដដែល បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប បានពិភាក្សា និងអនុម័តលើសេចក្តីថ្លែងការណ៍ក្រុងវៀងច័ន្ទ ស្តីពី ការពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ បន្ទាប់មកនឹងចេញសេចក្តីប្រកាសរបស់ប្រធាន នៃកិច្ចប្រជុំកំពូលនេះ។
សេចក្តីជូនព័ត៌មាន ក៏បានបង្ហាញថា ក្រៅពីកិច្ចប្រជុំកំពូលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី ជូលា ហ្គៀលឡាត ( Julia Gillard ) នាយករដ្ឋមន្ត្រី អូស្ត្រាលី និងជាមួយលោក យ៉ូស៊ីហ៊ីកូ ណូដា ( Yoshihiko Noda ) នាយករដ្ឋមន្ត្រី ជប៉ុន។
មុនពេលឡើងយន្តហោះ អមដំណើរសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់កិច្ចប្រជុំនៅប្រទេសឡាវ លោក ស្រ៊ឺ ថាមរ៉ុង្គ ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន និងជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់អ្នកកាសែត នៅព្រលានយន្តហោះ នៅព្រឹកថ្ងៃអាទិត្យនេះថា កិច្ចប្រជុំនាឆ្នាំនេះ ជាខួបលើកទី១៦ នៃការបង្កើតវេទិកាអាស៊ី-អឺរ៉ុប ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៩៦ នៅទីក្រុងបាងកក ប្រទេសថៃ ពេលនោះ មានសមាជិកតែ ២៦ ប្រទេសប៉ុណ្ណោះ តែឥឡូវនេះ សមាជិកថ្មីនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឡើងដល់ ៤៨ ប្រទេស ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជំរៅនៃតំបន់ទាំងពីរ នៅអាស៊ី និងអឺរ៉ុប ដែលបានរួមចំណែកយ៉ាងសំខាន់ ចំពោះការលើកទឹកចិត្ត ឲ្យមានការយល់ដឹងរវាងគ្នាទៅវិញទៅមក កាន់តែប្រសើរឡើង រួមចំណែកឲ្យមានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាព នៃតំបន់ទាំងពីរ។
លោក ស្រ៊ឺ ថាមរ៉ុង្គ បានបន្ថែមថា ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី៩ នាថ្ងៃចន្ទស្អែកនេះ ក៏នឹងមានការស្វាគមន៍សមាជិកថ្មី ចំនួន ៣ ទៀត គឺប្រទេសបង់ក្លាដេស ន័រវ៉េ និងប្រទេសស្វីស។ វេទិកាអាស៊ី-អឺរ៉ុប នេះ បានធ្វើដំណើរឆ្លងកាត់ដំណាក់កាល ដែលមានទាំងភាពស្មុគស្មាញ និងទាំងការផ្លាស់ប្តូរលឿន ហើយប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការផ្លាស់ប្តូរអាកាសធាតុ វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការឡើងថ្លៃនៃម្ហូបអាហារ និងថាមពល គ្រោះធម្មជាតិ ការកើនឡើងនៃជំងឺឆ្លងផ្សេងៗ ដែលទាំងអស់នេះ បានធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមាន ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៃតំបន់ទាំងពីរ។
លោក ស្រ៊ឺ ថាមរ៉ុង្គ ក៏បានបន្ថែមថា បើទោះបីជាជួបប្រទះនូវភាពប្រឈមយ៉ាងនេះក្តី អាស៊ី-អឺរ៉ុប នៅតែបន្តវេទិកាដ៏មានសារៈសំខាន់មួយ សម្រាប់ឲ្យដៃគូនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ធ្វើការផ្លាស់ប្តូរគំនិត ទស្សនៈ និងរិះរកមធ្យោបាយ និងវិធី ដើម្បីជំរុញឲ្យមានការយល់ដឹងគ្នា កាន់តែប្រសើរឡើង និងលើកកំពស់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ី និងអឺរ៉ុប ក្នុងការដោះស្រាយភាពប្រឈមនានា។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ប្រព្រឹត្តទៅរៀងរាល់ ២ ឆ្នាំម្តង ដែលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី៨ បានប្រព្រឹត្តទៅ កាលពីខែតុលា ឆ្នាំ២០១០ នៅទីក្រុងប្រ៊ូសែល ប្រទេសប៊ែលហ្សិក ដែលជាទីស្នាក់ការធំរបស់សហភាពអឺរ៉ុប។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM លើកទី៩ នៅឡាវ នាថ្ងៃចន្ទ និងថ្ងៃអង្គារ ទី៥ និងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ នឹងប្រារព្ធឡើងក្រោមប្រធានបទ “មិត្តភាព ដើម្បីសន្តិភាព, ដៃគូ ដើម្បីវិបុលភាព ( ភាពចម្រើនរុងរឿងថ្កុំថ្កើង) Friends for Peace, Partners for Prosperity”។
នៅឆ្នាំ២០១២នេះ ក៏ជាខួបគម្រប់ ១៦ ឆ្នាំ នៃការបង្កើតឡើងនូវកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៩៦។ នៅពេលបង្កើតដំបូង នៅឆ្នាំ១៩៩៦ អាស៊ី-អឺរ៉ុប មានសមាជិកតែ ២៦ ប្រទេសប៉ុណ្ណោះ។ តែមកដល់ពេលបច្ចុប្បន្ននេះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប មាន ៤៨ ប្រទេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជំរៅ នៅទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ដែលក្នុងនោះ រួមមាន៖ ប្រទេសសមាជិកអាស៊ាន ប្រទេសសហភាពអឺរ៉ុប បូករួមទាំងមហាអំណាចសេដ្ឋកិច្ចអាស៊ី ដូចជា ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី ជាដើម។ ក្នុងនោះ ក៏មានប្រទេសមហាអំណាចមួយចំនួនទៀត ដូចជា រុស្ស៊ី បារាំង និងចក្រភពអង់គ្លេស ជាដើម។ ប៉ុន្តែមិនមានវត្តមានរបស់សហរដ្ឋអាមេរិក ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនេះឡើយ។
តាមសេចក្តីប្រកាស កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី៩ នាថ្ងៃទី៥ និងថ្ងៃទី៦ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នឹងជាវេទិកាសម្រាប់មេដឹកនាំបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប ពិភាក្សានូវបញ្ហាតំបន់ និងពិភពលោក ដែលកំពុងកើតឡើងដ៏ក្តៅគគុក រួមមាន បញ្ហាសន្តិសុខស្បៀង និងថាមពល ការអភិវឌ្ឍន៍ដោយនិរន្ត វិបត្តិហិរញ្ញវត្ថុ និងវិបត្តិសេដ្ឋកិច្ច ការផ្លាស់ប្តូរអាកាសធាតុ ដំណោះស្រាយសម្រាប់គ្រោះមហន្តរាយ កិច្ចសហប្រតិបត្តិការខាងសង្គមវប្បធម៌ និងទិសដៅទៅអនាគតរបស់អាស៊ី-អឺរ៉ុប។
ក្រៅពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី៩ នាដើមសប្តាហ៍ក្រោយ ប្រទេសឡាវ ក៏នឹងរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់ផ្សេងទៀត នៅទីក្រុងវៀងច័ន្ទ ក្នុងឆ្នាំ២០១២ រួមមាន វេទិកាប្រជាជនអាស៊ី-អឺរ៉ុប ( Asia-Europe People’s Forum AEPF ) កិច្ចប្រជុំភាពជាដៃគូនៃសភាអាស៊ី-អឺរ៉ុប ( Asia-Europe Parliamentary Partnership Meeting ASEP ) ព្រមទាំងវេទិកាពាណិជ្ជកម្មអាស៊ី-អឺរ៉ុប ( Asia-Europe Business Forum AEBF )៕
អាខ្លើហ៊ុន-សែន គ្នាចាំឯងយូរហើយ, ឆាប់មកយើងនឹងអាលបានផឹកស្រា លេងស្រីជាមួយគ្នា អាពួកម៉ាក,..!