​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម : អំពី​សីលធម៌​១២​ប្រការ របស់​ជន​ប​ដិ​វត្ដ​ន៍​ខ្មែរក្រហម​

ភ្នំពេញ: ​សីលធម៌​១២ ប្រការ​របស់​ជន​ប​ដិ​វត្ដ​ន៍ ជា​ក្រិ​ត្យ​វិន័យ​របស់​បក្ស ដែល​ជន​គ្រប់រូប​ត្រូវតែ​គោរព អនុវត្ដ​ន៍​តាម​គ្រប់ ខ ដោយ​ជ្រួតជ្រាប និង​ភ្ញាក់រឭក ដើម្បី​កសាង​ខ្លួន ឱ្យទៅជា​ជន​ប​ដិ​វត្ដ​ន៍ ល្អ បរិសុទ្ធ​ផូរផង់​អាច​វាយ​សម្រុក​សម្រេច​ភារកិច្ច​ប​ដិ​វត្ដ​ន៍ តូចធំ ជា​ផលប្រយោជន៍​ដល់​ប្រទេសជាតិ ប្រជាជន បក្ស និង​វណ្ណៈ​ក្រីក្រ យើង​។​

ថ្ងៃទី 4 វិច្ឆិកា 2012
ដោយ: មជ្ឈមណ្ឌលឯកសារកម្ពុជា
CEN

សីលធម៌​១២​ប្រការ​របស់​ជន​ប​ដិ​វត្ដ​ន៍​នេះ បានកកើតឡើង​នៅក្នុង​ឆ្នាំ​១៩៦៨​។ ឆ្នាំ​១៩៦៨ ជា ផ្លូវបត់​ធំ​មួយ​ក្នុង​ប​ដិ​វត្ដ​ន៍​កម្ពុជា​យើង​។ គឺជា​ឆ្នាំ​ដែល​ប្រជាជន កម្មករ កសិករ​ក្រីក្រ ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ​និង​ភ្លឺស្វាង​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា​ចាប់ផ្ដើម​ផ្ទុះអាវុធ វាយកម្ទេច​ខ្មាំងសត្រូវ​ជា​ខ្មាំង​ប្រជាជាតិ និង​ខ្មាំង​វណ្ណៈ ដោយ​រួមផ្សំ​នឹង​ការតស៊ូ​នយោបាយ​ផង​។ ឆ្នាំ​១៩៦៨ ក៏​ជា​ឆ្នាំ លំបាក​ស្មុគស្មាញ​បំផុត តែ​ក៏​ជា​ឆ្នាំ ដែល​បើក​ទំព័រ​ប្រ​វ​ត្ដិ​សាស្ដ្រ​ថ្មី នៃ​ចលនា​តស៊ូ​ប​ដិ​វត្ដ​ន៍ របស់​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ និង​ភ្លឺស្វាង​នៃ​បក្ស​កុ​ម្មុនី​ស្ដ​កម្ពុជា​យើង​។ ជា​ឆ្នាំ​ភ្លឺស្វាង ដែល​ប្រជាជន​និង​កងទ័ព​ប​ដិ​វត្ដ​ន៍ កម្ពុជា​យើង​ផ្អែកលើ​ហឹ​ង្សា​អាវុធ វាយកម្ទេច​រដ្ឋអំណាច ជិះជាន់​ឃោរឃៅ​ហ្វា​ស៊ី​ស​របស់​ពួកក្បត់ជាតិ​និង​វណ្ណៈ​សក្ដិភូមិ នាយទុន ឱ្យ​រង្គោះរង្គើ​រលំរលាយ​ជា​បន្ដ បន្ទាប់ រហូតដល់​រលំរលាយ ទាំងស្រុង​អស់ពី​លើទឹក​ដី​កម្ពុជា​យើង នៅ​ថ្ងៃ​១៧ មេសា ឆ្នាំ​១៩៧៥​។​

ក្នុង​ឆ្នាំ​១៩៦៨​នេះ ខ្មាំង​ក៏បាន​បង្កើន​ការបង្ក្រាប​រាតត្បាត ចាប់ចង កាប់សម្លាប់​ជន​ប​ដិ​វត្ដ​ន៍ ជន​ស្នេហា​ជាតិ និង​ចម្រើន ហើយ​ជាពិសេស គឺ​ប្រជាជន​ក្រីក្រ​យើង​នៅតាម​ជនបទ​ចុង​កាត់ មាត់​ញក យ៉ាង​ព្រៃផ្សៃ​ហ្វា​ស៊ី​ស​បំផុត​។ ខ្មាំង​អនុវត្ដ​យ៉ាង​ពេញ ទំហឹង និងដោយ​ឥត​ញញើត​ដៃ​ឡើយ នូវ​នយោបាយ​ទុគ​ត៌​ភាវូបនីយកម្ម នយោបាយ​ពាលា​ភាវូបនីយកម្ម​និង​នយោបាយ​ហ្វា​ស៊ី​ស ភាវូបនីយកម្ម នៅ​គ្រប់ទិសទី តាំងពី​ទីក្រុង​រហូតដល់​ជនបទ​ចុងកាត់មាត់ញក​ហើយ​ពិសេស​គឺ​នៅតាម​ជន បទ​មាត់​ញក​។​
​ដើម្បី​ទប់ទល់​នឹង​វាយ​កម្ចាត់​នូវ​នយោបាយ​ហ្វា​ស៊ី​សទាំង​៣ ខាងលើនេះ​របស់​ខ្មាំង ការពារ និង​កសាង​ពង្រឹងពង្រីក​កម្លាំង​ប​ដិ​វត្ដ​ន៍ ឱ្យ​រីកចម្រើន​ខ្លាំងក្លា យ៉ាង​ឆាប់រហ័ស​និង​ដើម្បី​សម្រេច​ភារកិច្ច ប​ដិ​វត្ដ​ន៍​ប្រជាជាតិ ប្រជាធិបតេយ្យ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ថែមទៀត បក្ស​កុម្មុយនីស្ដ​កម្ពុជា​យើង ដោយ​ឈរលើ​មាគ៌ា​ជា យុទ្ធសាស្ដ្រ និង​មាគ៌ា​ជា​យុទ្ធវិធី​របស់​បក្ស និង​ដោយ​ឈរលើ សភាពការណ៍​ជាក់ស្ដែង​នៃ​ចលនា​ប​ដិ​វត្ដ​ន៍​របស់​យើង​ក្នុង​រយៈកាល​នោះបាន​រៀបចំ​ចងក្រង​ឡើង​នូវ​ឯកសារ​សីលធម៌​១២​ប្រការ របស់ជន​ប​ដិ​វត្ដ​ន៍​នេះ​។ ដូច្នេះ ឯកសារ​១២​ប្រការ​របស់​ជន​ប​ដិ​វត្ដ​ន៍ នេះ មិនមែនជា​គម្ពីរ ឬ​ជា​ទ្រឹស្ដី ដែល​តាក់តែងឡើង​ដោយ​បុគ្គល ណា​ម្នាក់ ឬ​ក្រុម​ជន​ណាមួយ​ក្រុម​ឡើយ​។ តែ​គឺ​ចេញ​មកពី​សាច់​ស្រស់ ឈាម​ស្រស់​របស់​បុព្វបុរស​ប​ដិ​វត្ដ​ន៍​យើង និង​ប្រជាជន យើង​ក្នុង​គ្រប់​កាល សម័យ​តស៊ូ​ប​ដិ​វត្ដ​ន៍​។ គឺ​ពិតជា​ចេញ​មកពី ចលនា​ប​ដិ​វត្ដ​ន៍​ជាក់ស្ដែង របស់​ប្រជាជន​កម្មករ កសិករ​យើង ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ភ្លឺស្វាង​នៃ​បក្ស​កុម្មុយនីស្ដ​កម្ពុជា ជា​បន្ដ​បន្ទាប់មក​។ ដូច្នេះ ឯកសារ​សីលធម៌​១២​ប្រការនេះ គឺ​ពិត ជា​ក្រិ​ត្យ​វិន័យ ជា​ទស្សនៈ គោលជំហរ និង​ជា​សីលធម៌​របស់​បក្ស កុម្មុយនីស្ដ​កម្ពុជា​យើង របស់​ជន​កុម្មុយនីស្ដ និង​របស់​ប្រជាជន ប​ដិ​វត្ដ​ន៍កម្ពុជា​យើង​។​

​ដូច្នេះហើយ បានជា​ឯកសារ​នេះ ត្រូវបាន​ផ្សព្វផ្សាយ​នៅ ក្នុងចំណោម​យុទ្ធជន យុទ្ធ​នារី និង​កម្មាភិបាល​ប​ដិ​វត្ដ​ន៍​យើង​នៅ ទូទាំងប្រទេស និង​នៅក្នុង​ចំណោម​ប្រជាជន មហាជន​ប​ដិ​វត្ដ​ន៍​នៅ គ្រប់ទិសទី​តាំងពី​ឆ្នាំ​១៩៦៨​មកម្ល៉េះ​។ ប្រជាជន មហាជន​ប​ដិ​វត្ដ​ន៍នៅ​ទូទាំងប្រទេស អបអរសាទរ រីករាយ ពេញចិត្ដ​ពេញ​ថ្លើម ទទួលយក​សីលធម៌​ប​ដិ​វត្ដ​ន៍​១២​ប្រការនេះ ទៅ​រៀនសូត្រ​បំពាក់ បំប៉ន​ឱ្យ​ខ្លួន​ជាប់​ជានិច្ច​ប្រែក្លាយ​ទៅជា​ទស្សនៈ​គោលជំហរ និង សីលធម៌​ប​ដិ​វត្ដ​ន៍​ប្រចាំជីវិត​របស់ខ្លួន ក្នុងការ​អនុវត្ដ​ភារកិច្ច​ប្រចាំ ថ្ងៃជា​បន្ដបន្ទាប់មក​។ ដោយ​យុទ្ធជន យុទ្ធ​នារី និង​កម្មាភិបាល ប​ដិ​វត្ដ​ន៍​គ្រប់​ជាន់ថ្នាក់​ជ្រួតជ្រាប និង​អនុវត្ដ​ន៍ នូវ​សីលធម៌​១២ ប្រការនេះ​របស់​បក្ស​បានល្អ​ត្រឹមត្រង់​ជានិច្ច បានជា​ប្រជាជន ស្រឡាញ់ ពេញចិត្ដ​ពេញ​ថ្លើម យុទ្ធជន យុទ្ធ​នារី និង​កម្មាភិបាល ប​ដិ​វត្ដ​ន៍​ហើយ​ចាត់ទុកជន​ប​ដិ​វត្ដ​ន៍​ជា​សាច់​ជា​ឈាម​របស់គេ​ផ្ទាល់​។​ដូច្នេះហើយ​បាន​ជាប​ដិ​វត្ដ​ន៍​យើង​អាច​ចលនា​ប្រមូល​គៀងគរ​កម្លាំង​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​បាន​ច្រើន​កុះករ​ហើយ​ប្រយុទ្ធ​វាយកម្ទេច​ខ្មាំងសត្រូវ​គ្រប់​ប្រភេទ ក៏បាន​ខ្លាំងក្លា ជាប់ ជានិច្ច ទោះបី​ពេលនោះ យើង​ឋិត​ក្នុង​សភាព​ក្រខ្សត់ អត់ឃ្លាន ខ្វះសព្វខ្វះ គ្រប់ យ៉ាងណាក្ដី ហើយ ទោះបី​ខ្មាំងសត្រូវ វា​ឃោរឃៅ កាច​សាហាវ និង​ហ្វា​ស៊ី​ស​កម្រិត​ខ្ពស់​យ៉ាងណាក្ដី​។​

​ក្នុង​រយៈកាល​ថ្មី​នៃបដិ​វត្ដ​ន៍​កម្ពុជា​យើង​បច្ចុប្បន្ននេះ សីលធម៌​១២​ប្រការ​របស់​ជន​ប​ដិ​វត្ដ​ន៍​នៅតែ មាន​សារសំខាន់ និង​មាន​អត្ថន័យ ជ្រាលជ្រៅ ចំពោះ​យើង​ជា​ជន​ប​ដិ​វត្ដ​ន៍​ដដែល​។ បើ​យើង​ដណ្ដើម បាន​ជ័យជម្នះ​ហើយ យើង​ត្រឡប់​ទៅជា​បោះបង់ ឬ​បំភ្លេចចោល នូវ​គោលជំហរ​សីលធម៌​១២​ប្រការនេះ នោះ ចលនា​ប​ដិ​វត្ដ​ន៍​សង្គមនិយម​រប​ស់​យើង និង​ជួបប្រទះ​នូវ​ការលំបាក រហូតដល់​អាច​ទទួល បរាជ័យ​វិញ​ក៏មានដែរ​។​ព្រោះ​យើង​ប្រាស់ចាក​សីលធម៌​ប​ដិ​វត្ដ​ន៍​១២ ប្រការ យុទ្ធជន យុទ្ធ​នារី និង​កម្មាភិបាល យើង​គ្រប់​ជាន់ថ្នាក់ អាច ប្រែធាតុ​ប​ដិ​វត្ដ​ន៍​បន្ដិច​ម្ដងៗ ឬក៏​ប្រែប្រួល​លឿន​ឆាប់រហ័ស​ជាង នេះ​ទៀត ទៅជា​សើរើ​និយម នាម៉ឺន​និយម អាជ្ញានិយម​ ហើយ ទោះ​ចង់​ឬ​មិន​ចង់ វា​នឹង​ប្រែធាតុ​ពី​ប​ដិ​វត្ដ​ន៍ វណ្ណៈ​អធន​ទៅជា អនុ​ធន​ភាវូបនីយកម្ម នាយទុន​ភាវូបនីយកម្ម​ពុំខាន​ឡើយ​។​

​បើ​យុទ្ធជន យុទ្ធ​នារី និង​កម្មាភិបាល​ប​ដិ​វត្ដ​ន៍​គ្រប់​ថ្នាក់ ប្រែធាតុ​ប​ដិ​វត្ដ​ន៍​ទៅជា​យ៉ាង​នេះហើយ នោះ​ប​ដិ​វត្ដ​ន៍​សង្គម និយម​របស់​យើង ពុំមែន​ឋិត​នៅជាប​ដិ​វត្ដ​ន៍​សង្គមនិយម​រប​ស់វ​ណ្ណៈ​អធន ដែល​បម្រើ ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជ កម្ពុជា​ជាទូទៅ​ឡើយ​។ តែ​វា​ជាប​ដិ​វត្ដ​ន៍​សង្គម និយម​តែ​សម្បក តែ​ផ្លាក ឯ​ខ្លឹមសារ​គឺ​ប​ដិ​វត្ដ​ន៍​នាយទុន ជាប​ដិ​វត្ដ​ន៍​សើរើ ដែល បម្រើ​តែ​ផលប្រយោជន៍ របស់វណ្ណៈ​កាន់ អំណាច​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ ដូច្នេះ​ពលី​កម្ម​ច្រើន​ឥត​គណនា របស់​បុព្វបុរស​ប​ដិ​វត្ដ​ន៍​យើង របស់​យុទ្ធ​មិ​ត្ដ យើង និង​ប្រជាជន​កម្មករ កសិករ​ក្រីក្រ​យើង រាប់​ជំនាន់​មកហើយ នោះ​នឹង​ទៅជា​អាសារ​ឥត​ការ​។​

បើ​ប​ដិ​វត្ដ​ន៍​សង្គមនិយម​យើង ប្រែ​ធាតុពិត​យ៉ាងនេះ ទៅជា​ខ្ញុំកញ្ជះ​គេ​វិញ អាប់ឱន​ទាប ថោក​រក​ទីបំផុត​គ្មាន​។ ប្រជាជន យើង ពិតជា​នឹង​ធ្លាក់ខ្លួន​ទៅជា​ខ្ញុំគេ​ហើយ រងទុក្ខ វេទនា ឈឺចាប់ ខ្លោចផ្សា ពុំ​ដឹង​ពេលណា​រើខ្លួន​រួច​វិញ​ឡើយ ហើយ​ខ្ញុំគេ​លើក​នេះ គឺ​ខ្ញុំ​យួន​ឈ្លានពាន វាតទី​លេប​ទឹកដី បំបាត់​ពូជសាសន៍​នេះឯង​។ ដូច្នេះ មហា​ថោកទាប មហា​រហេមរហាម​យ៉ាង​ពិតប្រាកដ​។ នេះ ជា​គ្រោះថ្នាក់​ធំ​ណាស់ ចំពោះ​រូបយើង​ម្នាក់ៗ​ដែលជា​ជន​ប​ដិ​វត្ដ​ន៍ ក៏ដូចជា​ចំពោះ​ប្រទេសជាតិ ប្រជាជន និង​ចលនា​ប​ដិ​វត្ដ​ន៍​យើង ដែរ​។​​ឃើញ​យ៉ាងនេះ យើង​ជា​យុវជន យុវនារី​ប​ដិ​វត្ដ​ន៍​គ្រប់ រូប ក៏ដូចជា​ប្រជាជន​កម្ពុជា​ទូទៅ​ដែរ ចាំបាច់​យក​ចិ​ត្ដ​ទុកដាក់ បំពាក់ បំប៉នបន្ថែម បន្ថែម​ហើយ​បន្ថែមទៀត​ជាប់​ជានិច្ច អំពី​សីលធម៌ ១២​ប្រការ​របស់​ជន​ប​ដិ​វត្ដ​ន៍​នេះ ជា​រៀងរហូត​ទៅ​។ យក​សីលធម៌១២​ប្រការ​របស់​ជន​ប​ដិ​វត្ដ​ន៍​នេះ មកជា​ក្រិ​ត្យ​វិន័យ សម្រាប់ អនុវត្ដ​ន៍​ជាប់​ជាប្រចាំ​ក្នុង​ជីវិត​របស់ខ្លួន មកជា​កញ្ចក់​សម្រាប់​ឆ្លុះ បញ្ចាំង​មើល​នូវ​ការខុស និង​ការ​ត្រូវ​របស់ខ្លួន​ក្នុងការ​ប្រ​ព្រឹ​ត្ដ​ជាក់ ស្ដែង​ប្រចាំថ្ងៃ ដើម្បី​កែលម្អ និង​កសាង​ខ្លួន​យើង ម្នាក់ៗ​ក៏​ដូច​ក្នុង ការជួយ​កសាង​សម​មិត្ដដ​ទៃ ឱ្យបាន​រីកចម្រើន​ទៅជា​ជន​ប​ដិ​វត្ដ​ន៍​ល្អ បរិ​ស​ទ្ធ រឹងប៉ឹង​ខ្លាំងក្លា ជា​បន្ដបន្ទាប់ និង​ជា​រៀងរហូត​។​
​តទៅ​នេះ ជា​សីលធម៌​១២​ប្រការ​របស់​ជន​ប​ដិ​វត្ដ​ន៍ ៖
១) ស្រឡាញ់ គោរព ហើយ​ប​ម្រី​ប្រជាជន កម្មករ កសិករ​ជាប់​ជា​និ​ច្ចៈ​

​បើ​ស្រឡាញ់ គោរព​ប្រជាជន​ហើយ យុវជន យុវនារី ប​ដិ​វត្ដ​ន៍​យើង​គ្មាន​ហេតុផល​អ្វី ទៅធ្វើ ឱ្យ​ប៉ះពាល់​ប្រជាជន​ទេ ទោះបីជា​ពាក្យ សម្ដី​ក្ដី​ប៉ះពាល់​ជា​ផលប្រយោជន៍​របស់​ប្រជាជន​ក្ដី​។​ហើយ​បើ​ស្រឡាញ់​គោរព​ប្រជាជន​ហើយ​មុខជា​នឹង​បម្រើប្រជាជន​ដោយ​ការ​ប្រ​ព្រឹ​ត្ដ​ជាក់ស្ដែង ឱយចេញ​ទៅ ជា​សាច់​ការ ជា​បន្ដបន្ទាប់​។ បម្រើប្រជាជន​នេះ គឺ​បំពេញភារកិច្ច​ប​ដិ​វត្ដ​ន៍​របស់ ខ្លួន ឱន​បានល្អ ដោយ ខ្នះខ្នែង ដោះស្រាយ​គ្រប់​បញ្ហា​ជួយ​ប្រជាជន ឱ្យបាន​ល្អ ហើយ​យក​ចិ​ត្ដ​ទុកដាក់​អប់រំ កសាង​ប្រជាជន ក៏​ឱ្យបាន ល្អ​ធ្វើយ៉ាងណា​ឱ្យ កម្លាំង​ប្រជាជន​ទាំងអស់​ទៅជា​កម្លាំង​ប​ដិ​វត្ដ​ន៍ រឹងប៉ឹង​។ បើ​ស្រឡាញ់ គោរព ហើយ​ម​ប្រើ​ប្រជាជន​យ៉ាងនេះ ហើយ ឃើញ​ប្រជាជន មហាជន​ខុសឆ្គង​អ្វីខ្លះៗ យើង​មិន ខឹងសម្បារ មិន​ប្រើ​អាជ្ញា ឬ​មិន​ប្រើ​វិធានការ​ចាត់តាំង​ទៅលើ ប្រជាជន មហាជន​ទេ​តែ​ផ្ទុយទៅវិញ យើង​ឈឺឆ្អាល​ខិតខំ​អប់រំ ណែនាំ និង​ពន្យល់​ប្រជាជន មហាជន ឱ្យគេ​កាន់តែ​ភ្ញាក់រឭក ហើយ បន្ថយ​ការ ខុសឆ្គង​របស់គេ​ជា​អតិបរមារហូតដល់​ប្រជាជន​ភ្ញាក់ រឭក​ប​ដិ​វត្ដ​ន៍​ខ្ពស់ លែង​ធ្វើ​អ្វី​ខុសឆ្គង​ទៀត​។
​នៅតាម​មន្ទីរ​ក្រសួង យុវជន យុវនារី និង​កម្មាភិបាល ប​ដិ​វត្ដ​ន៍​យើង មិនបាន​នៅជាប់ និង​ប្រជាជន​ក៏ពិតមែន តែ​ក៏ត្រូវ មាន​ទស្សនៈ គោលជំហរ គោរព​ស្រឡាញ់​ប្រជាជន ដោយ​អស់ពី ចិ​ត្ដ​ពី​ថ្លើម​ដែរ ហើយ​ខិតខំ​បម្រើប្រជាជន តាមរយៈ​នៃ​ការបំពេញ ភារកិច្ច​ស្នូល​របស់ខ្លួន​ឱ្យបាន​ល្អ ដោយ​ឈ្មុសឈ្មុល ច្នៃប្រឌិត គំនិត ផ្ដើម​រស់​រវើក និង​សន្សំសំចៃ​ខ្ពស់​ជាប់​ជានិច្ច​។

២) នៅ​កន្លែង​ណា បម្រើប្រជាជន​នៅ​កន្លែង​នោះ​ឱ្យ អស់ពី​ចិ​ត្ដ​ពី​ថ្លើមៈ​

​យើង​ជា​ជ​នប​ដិ​វត្ដ​ន៍ ដូច្នេះ ជា​អ្នកបម្រើ​ប្រជាជន ក្នុង គ្រប់​ទេសៈកាលៈ​។ នៅ​កន្លែង​ណា ក៏ត្រូវ​បម្រើប្រជាជន​នៅ​កន្លែង នោះ​ឱយបានល្អ ដោយ​ខិតខំ​បំពេញភារកិច្ច​ប​ដិ​វត្ដ​ន៍​របស់ខ្លួន​ឱយ បានល្អ ឱ្យអស់​ពី​ចិ​ត្ដ​ពី​ថ្លើម​។ ព្រោះ​នៅ​កន្លែង​ណាក៏ដោយ ការងារ អ្វី​ក៏ដោយ សុទ្ធតែ​បម្រើប្រជាជន​ទាំងអស់​។ គ្មាន​ការងារ​ណា ថោកទាប គ្មាន​ភារកិច្ច​កន្លែង​ណា​វា​កិ​ត្ដិ​យស ជាង​កន្លែង​ណា​ទេ​។ ចំពោះ​យើង ជា​ជន​ប​ដិ​វត្ដ​ន៍ បញ្ហា​ចោទ​តែ​ត្រង់​ថា បំពេញ ភារកិច្ច​បម្រើប្រជាជន​បានល្អ​ឬ​មិនល្អ​តែប៉ុណ្ណោះ​។ ដូច្នេះ សូម្បី តែ​យើង​ទៅ​កន្លែង​ណា​ម្ដងៗ ទោះជា​រយៈពេល​ខ្លី​ក៏ដោយ ក៏ត្រូវ តែ​ឆ្លៀតឱកាស​រួម​ធ្វើ ការងារ​ជាមួយ​ប្រជាជន​កន្លែង​នោះ ដើម្បី ជា​ផលប្រយោជន៍​ដល់ប្រជាជន​គ្រប់ពេល វេលា រួម​ជំរុញ​ការងារ នៅ​កន្លែង​នោះ​ឱ្យបាន​ខ្លាំងក្លា​។​

៣) មិន​ធ្វើ​អ្វីដែល​ប៉ះពាល់​ដល់​ប្រជា​ជា​ជន​ឱ្យសោះ ទោះជា​ម្ទេស​មួយ​ផ្លែ ឬ​សម្ដី​មួយ​ម៉ាត់​ក្ដីៈ

​នៅក្នុង​ប្រជាជន​យើង ច្រើន​ចាត់ទុក​ម្ទេស​មួយ​ផ្លែ ពីរ​ផ្លែ ជា​របស់​តូចតាច​បំផុត​។ ប្រជាជន យើង​និយម​ដាំ​តាម​ភូមិ តាម​ចម្ការ តាមក្បែរ​របង ក្បែរផ្លូវ​សម្រាប់​ចែក​ញាតិសន្ដាន​ក្នុងភូមិ​ហូប​។ ដូច្នេះ អ្នកណា​ក៏​អាចមក​បេះ​ហូប​បានដែរ​។ ប៉ុន្ដែ ចំពោះ​យើង ជា​ជន​ប​ដិ​វត្ដ​ន៍ សូម្បីតែ​ម្ទេស​មួយ​ផ្លែ ដែល​ប្រជាជន​យើង​មិន ចាប់អារម្មណ៍​ផង​ក៏ដោយ ក៏​យើង​មិនត្រូវ​ប៉ះពាល់ បេះបោច​របស់ ប្រជាជន ជាដាច់ខាត ដោយ​គ្មាន​សុំ​អនុញ្ញាត​អំពី​ម្ចាស់​អ្នក​ដាំ​ជាមុន ឡើយ​។ ដូច្នេះ ជា​ន័យ​អនុវត្ដ​ជាក់ស្ដែង បើ​ម្ទេស​មួយ​ផ្លែ​នេះ​ទៅ ទៀត គឺតាំងពី​ពាក្យសម្ដី មនោសញ្ចេតនា រហូតដល់​ផលប្រយោជន៍ ធំៗ របស់​ប្រជាជន​ទៀត នោះ​យើង​ជា​ជន​ប​ដិ​វត្ដ​ន៍ រឹតតែ​មិនត្រូវ ធ្វើ និងមិន​ប្រ​ព្រឹ​ត្ដ​ធ្វើឱ្យប៉ះពាល់​ទៅលើ ប្រជាជន​ណាស់​ទៅ ទៀត​។ ជា​ន័យ​អនុវត្ដ​ជាក់ស្ដែង ម្យ៉ាងទៀត គឺថា យុវជន យុវនារី​ប​ដិ​វត្ដ​ន៍​យើង ត្រូវ​ប្រុងប្រយ័ត្ន តាំងពី​ពាក្យសម្ដី អាកប្ប កិរិយា របៀបរបប​ធ្វើ​ការងារ រហូតដល់​ទស្សនៈ គោលជំហរ ធ្វើ យ៉ាងណា​កុំឱ្យ​ទើសភ្នែកទើស​ចិ​ត្ដ​ប្រជាជន រហូត​កុំឱ្យ​មានអី​ប៉ះ​ដល់ មនោសញ្ចេតនា​របស់​ប្រជាជន​។

៤) បើ​មានការ​ខុសឆ្គង​អី​ពី​ប្រជាជន ត្រូវ​សុំទោស ប្រជាជន បើ​មាន​ធ្វើ​អ្វី​ឱ្យ​ខូចខាត​ដល់​ប្រជាជន ត្រូវ​សង​ប្រជាជន វិញៈ

​ឥឡូវនេះ មិនមែន​ចោទ​បញ្ហា​សង​ទេ​។ សំណូមពរ​សំខាន់ របស់​បក្ស គឺ​កុំ​ឱ្យធ្វើ​អី​ខុស​ទៅលើ ប្រជាជន​ ហើយ​បើ​ឃើញថា មាន​ខុស​អី​ទោះ​តិចតួច​ក្ដី​ជា​សរសៃ​ញាក់​គឺ​ត្រូវ​កែប្រែ​ភ្លាម​។​បើ​នៅ​ជាមួយ​ប្រជាជន​ត្រូវធ្វើ​ទិតៀន​ចំពោះ​ប្រជាជន​។​បើ​មិន​នៅ​ជាមួយ​ទេ​ក៏ត្រូវ​រក​វិធី​ទាក់ទង​ជាមួយ​ប្រជាជន​ដើម្បី​រក​វិធី​ដោះស្រាយ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​ជ្រះស្រឡះ​ខាង​សតិអារម្មណ៍​។​ជារួម​ប្រជាជន​យើង​អត់ទាមទារ​អ្វី​ពី​យើង​ទេ ទាមទារ​តែ​កាយ វិការ និង​សីលធម៌​ប​ដិ​វត្ដ​ន៍​ត្រឹមត្រូវ​របស់​យើង​ប៉ុណ្ណោះ​។ ទោះបី មានការ​លើសលោះ ធំក្ដី តូចក្ដី ឱ្យតែ​យើង​បង្ហាញ​នូវ​សីលធម៌ ប​ដិ​វត្ដ​ន៍​ត្រឹមត្រូវ ប្រជាជន​អត់​មានអី​ប្រកែប្រកាន់​នឹង យើង​ទៀត ទេ​។​

៥) និយាយស្ដី ដេក​ដើរ ឈរ​អង្គុយ ស៊ីចុក ស្លៀកពាក់ លេងសើច តាម​សភាព​ប្រជាជនៈ

​កាលពី​ឆ្នាំ​១៩៦៨ ដែល​បក្ស​ធ្វើឯកសារ​នេះ គឺ​យើង​ត្រូវការ​ប្រជាជន​ណាស់ ព្រោះ​ប្រជាជន ទូទៅ​ឋិត​ក្នុង កណ្ដាប់ ដៃ​ខ្មាំង​នៅឡើយ​។ ឯ​យើង​ពេលនោះ អត់​ទាន់​មាន​ប្រជាជន​ទេ​។ យើង​ត្រូវការ​ប្រាស្រ័យ ទាក់ទង​ជាមួយ​ប្រជាជន​ណាស់​។ ដូច្នេះ ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​ក្នុង​ការធ្វើការងារ យុទ្ធជន យុទ្ធ​នារី​និង​កម្មាភិបាល​ប​ដិ​វត្ដ​ន៍​យើង​គ្រប់​ថ្នាក់ តែង​សម្រប​ខ្លួន​តាម​សភាព ប្រជាជន​។ ទាំងក្នុងការ និយាយស្ដី ទាំង​ក្នុងការ​ឈរ​អង្គុយ ស៊ីចុក ស្លៀកពាក់ រហូតដល់​លេងសើច​ទៀត យើង​ប្រយ័ត្នប្រយែង ណាស់ មិន​ធ្វើ​អ្វី​ឱ្យ​ខុសពី​សភាព​ប្រជាជន ពោលគឺ​មិន​ធ្វើ​អ្វី​ឱ្យ​ទាស់ភ្នែក ឬ​ប៉ះ​អារម្មណ៍​ប្រជាជន​ឡើយ​។ ម្យ៉ាង​ដើម្បី​បង្កប់ខ្លួន​នៅក្នុង ប្រជាជន លាក់បំពួន​ខ្លួន​ពី​ភ្នែក​ខ្មាំងសត្រូវ​។ តែ​ម្យ៉ាងទៀត ក៏ ដើម្បីឱ្យ​ប្រជាជន​ស្រឡាញ់​ពេញចិត្ដ ពេញ​ថ្លើម ជឿ​ទុក​ចិ​ត្ដ​លើ បុគ្គល​យើង​ ហើយ​តាមរយៈ​នេះ ក៏​ប្រជាជន​ស្រឡាញ់ ជឿជាក់ ហើយ​ឧ​ត្ថ​ម្ភ​គាំទ្រ​ចលនា​ប​ដិ​វត្ដ​ន៍ និង​ចូលរួម​ប្រាស្រ័យ​ធ្វើ​ប​ដិ​វត្ដ​ន៍ ដោយ​មោះមុត​ដាច់ខាត​។ ចុះ​ឥឡូវ យើង​កាន់កាប់​រដ្ឋអំណាច​ទូទាំងប្រទេស​ហើយ ប្រជាជន​នៅ​ជាមួយ​យើង​ទាំងអស់ ហើយ​តើ​យើង​ត្រូវ​កែប្រែ ទស្សនៈ គោលជំហរ អាកប្បកិរិយា​របស់​យើង​ខាងលើនេះ​ទេ​?
ប្រជាជន​នៅ​ជាមួយ​ប​ដិ​វត្ដ​ន៍ ក៏​ព្រោះតែ​ស្រឡាញ់ ហើយ​ជឿ​ទុក​ចិ​ត្ដ និង​កក់ក្ដៅ​លើ ប​ដិ​វត្ដ​ន៍ យល់ឃើញថា ប​ដិ​វត្ដ​ន៍ ត្រឹមត្រូវ ប​ដិ​វត្ដ​ន៍​បម្រើ និង​គាំពារ​ផលប្រយោជន៍​គេ​។ តែបើ ពេលណា​យុទ្ធជន យុទ្ធ​នារី និង​កម្មាភិបាល​ប​ដិ​វត្ដ​ន៍​យើង​គ្រប់​ថ្នាក់ កែប្រែ​នូវ​អាកប្បកិរិយា ឬ ទស្សនៈ​គោលជំហរ ដែលជា​សីលធម៌ ប​ដិ​វត្ដ​ន៍​របស់​យើង​ខាង លើនេះ ហើយ​នោះ​ប្រជាជន​មុខជា​មិន ពេញចិត្ដ​នឹងយើង​ទេ ហើយ​រហូតដល់​ខឹងសម្បារ ហើយ​ស្អប់​យើង មិន​ចង់​ឱ្យចូល​ភូមិ​ទៀតផង​។ ដូច្នេះ យើង​ដាច់​ពី​ប្រជាជន តាមរយៈ ប​ដិ​វត្ដ​ន៍​នេះ និង​ដាច់​ពី​ប្រជាជន គ្មាន​កម្លាំង​ប្រជាជន​ឧបត្ថម្ភ​គាំទ្រ​។ ដូច្នេះ ធ្វើ​អ្វី​ក៏​មិន​ខ្លាំង​ដែរ ការពារ​ប្រទេស​ក៏​មិន​ខ្លាំង កសាង​ប្រទេស​ក៏មិនលឿន​។​ការ​នេះ​បញ្ជាក់​ឱ្យ​យើង​ឃើញច្បាស់​ថា​នៅក្នុង​រយៈកាល​ថ្មី​នៃបដិ​វត្ដ​ន៍​កម្ពុជា​បច្ចុប្បន្ននេះ​យើង​រឹតតែ​ត្រូវការ​កម្លាំង​ប្រជាជនណាស់​ទៅទៀត​ដើម្បី​ការពារ​ប្រទេស​ឱ្យបាន ខ្លាំងក្លា និង​កសាង​ប្រទេស​ឱ្យបាន​ខ្លាំងក្លា និង​លោត​ផ្លោះ​។​

៦) កុំ​ប្រ​ព្រឹ​ត្ដ​អ្វីដែល​ល្មើ​សនឹង​ស្ដ្រីភេទ​ឱ្យសោះ :

​និយាយ​រួម គឺ​កុំ​ប៉ះពាល់​សីលធម៌​នារី បុរស​ឱ្យសោះ​។ ព្រោះ​បញ្ហា​នេះ​វា​នាំឱ្យ​ប៉ះពាល់​កិ​ត្ដិ​យស​យើង ឥទ្ធិពល​យើង​ជា ជ​នប​ដិ​វត្ដ​ន៍ នាំឱ្យ​ប៉ះពាល់​ដល់​ប្រពៃណី​ស្អាតស្អំ ថ្លៃថ្នូរ​របស់ ប្រជាជន​យើង​។ ដូច្នេះ ប៉ះពាល់​ដល់​ប្រជាជន​យើង​។ នេះ​ម្យ៉ាង​។ តែ​សំខាន់​ម្យ៉ាងទៀត​គឺ​បើ​យើង​ប៉ះពាល់​សីលធម៌​នារី​បុរស​ដែលជា​ធាតុពិត​ពុករលួយ​ស្អុយគគ្រុក​របស់​ខ្មាំងសត្រូវ​គ្រប់​ប្រភេទ​នោះ​និង​នាំឱ្យ​ខ្មាំង​អូសទាញ​យើង​បាន​។ ដូច្នេះ គ្រោះថ្នាក់​ដល់​ខ្លួន គ្រោះថ្នាក់​ដល់​ចលនា​ប​ដិ​វត្ដ​ន៍​។​ចំពោះ​បញ្ហា​រៀបចំ​គ្រួសារ​បច្ចុប្បន្ននេះ គ្មានអ្វី​ជា ឧបសគ្គ ទេ ឱ្យតែ​ឈរលើ​គោលការណ៍​របស់ បក្ស​ទាំងពីរ​យ៉ាង​គឺៈ
​ ​ទី​១) សា​ម៉ី​ខ្លួន​ទាំងសងខាង យល់ព្រម​
​ ​ទី​២)​សមូហភាព​យល់ព្រម​ក៏​ជាការ​ស្រេច​ទៅហើយ​។ តើ​មាន​ហេតុផល​អី​នាំឱ្យ​យើង​ប៉ះ ពាល់​សីលធម៌ នារី​បុរស​។​

៧) កុំ​ផឹកស៊ី​អ្វី​ដែលមាន​លក្ខណៈ​មិន​ប​ដិ​វត្ដ​ន៍​ឱ្យសោះ​

​កាលពី​សម័យមុន​រំដោះ បញ្ហា​នេះ​វា​មាន​ពាសពេញ​សង្គមជាតិ​យើង​។ ដូច្នេះ ជ​នប​ដិ​វត្ដ​ន៍​គ្រប់រូប​ត្រូវ បង្ការ​លើ​បញ្ហា នេះ​។តែ​ឥឡូវនេះ​អត់​មាន​បញ្ហា​នេះ​ទេ តែ​ក៏ត្រូវ​អប់រំ កុំឱ្យ​ផឹកស៊ី អ្វីដែល​ខុសពី​ជីវភាព រស់នៅ​របស់​ប្រជាជន​។ ពោលគឺ​យើង​ត្រូវរស់នៅ​ឱ្យសមរម្យ​តាម​មាគ៌ា តាម​លក្ខណៈ និង​តាម​របប​បក្ស កំណត់​។ ហើយ​បើ​ឃើញ​ជន​ណា ទោះជា​កម្មាភិបាល​ថ្នាក់​ណា​ក្ដី ឬ​យុទ្ធជន យុទ្ធនារី​ក្ដី ឬ​ក្នុង​ប្រជាជន​ក្ដី មាន​សភាព​ស៊ីផឹក​នេះ យើង​ត្រូវ​ចាប់អារម្មណ៍ អប់រំ​កសាង ឬ​ពិនិត្យ​តាមដាន​ក្រែងលោ មាន​សភាព ខ្មាំងបង្កប់ វា​បំផុស​បញ្ហា​នេះ​ឡើង​។​

៨) កុំ​លេង​ល្បែងស៊ីសង​ឱ្យសោះ :

​ឥឡូវនេះ​គ្មាន​ល្បែងស៊ីសង​អី​ទៀត​ទេ​។​តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ​ក៏ត្រូវ​អប់រំ​ជាប់​ដើម្បី​ផ្ដាច់​ឫសគល់​វា​ឱ្យ​អស់ពី សង្គមជាតិ​យើង​។​

៩) កុំ​ប៉ះពាល់​លុយកាក់​រួម ទ្រព្យសម្បត្ដិ​រួម ទោះជា ប្រាក់​១​រៀល​ក្ដី អង្ករ​១​កំប៉ុង ឬ​ថ្នាំ​មួយ​គ្រាប់​ក្ដីៈ​

​ឥឡូវ​យើង​កាន់កាប់​ទ្រព្យសម្បត្ដិ​រដ្ឋ​ជា​សមូហភាព​ហើយ​។​តែ​ក៏ត្រូវ​អប់រំ​បំពាក់បំប៉ន​សីលធម៌​ប​ដិ​វត្ដ​ន៍ទី​៩​នេះ​ឱ្យបាន​ជាប់​ជាប្រចាំ​ដែរ​។ កុំ​ប៉ះពាល់​ក្នុងនេះ គឺ​កុំ​យក​ប្រើប្រាស់ ខ្ជះខ្ជាយ រាយមាយ​។ គឺ​ត្រូវ​ថែទាំ ទុកដាក់​ហ្មត់ចត់ សម្រាប់​ប្រើ ប្រាស់ កសាង​ប្រទេស ការពារ​ប្រទេស ឱ្យបាន​យូរអង្វែង​។ គឺ សន្សំសំចៃ នូវ​របស់របរ​សព្វ​សារពើ ឱ្យ​បានជា​អតិបរមា កុំឱ្យ​ខូច ខាត​ចោល​អាសារ​ឥត​ការ​។ ជា​ន័យ​អនុវត្ដ​មួយ ទៀត កុំ​ប៉ះពាល់ ទ្រព្យសម្បត្ដិ​រួម គឺ​បើ​ទុកដាក់​សម្ភារ​រួម ត្រូវ​ថែទាំ​ឱ្យ​គត់មត់ កុំឱ្យ ខូចខាត ទោះបី​បន្ដិចបន្ដួច​ក្ដី​ ហើយ​បើ​ធ្វើ​ការងារ ត្រូវ​បន្ថយ​ការ ខូចខាត ការបាក់​បែក ការបាត់បង់ ឱ្យ​បានជា​អតិបរិមា​។ ដូច្នេះ ក្នុងការ​ប្រជុំ​ជីវភាព​ត្រូវ​កសាង អំពី​បញ្ហា​នេះ​ឱ្យ ជាប់​។​

១០) សុភាពរាបសារ​ដាច់ខាត​ចំពោះ​ប្រជាជន តែមាន កំហឹង ឆាបឆេះ​ជានិច្ច​ចំពោះ​ខ្មាំងៈ

​សីលធម៌​របស់​យើង គឺ​សុភាពរាបសារ ចំពោះ​ប្រជាជន តែ​ឆាបឆេះ​ចំពោះ​ខ្មាំង​។ បើ​ឆាបឆេះ ចំពោះ​ខ្មាំង​ហើយ យើង សកម្មប្រយុទ្ធ​ហើយ​។ សកម្មប្រយុទ្ធ ទាំង​នៅ​សមរភូមិ​មុខ សកម្ម ប្រយុទ្ធ​ទាំង​នៅ​សមរភូមិ​ក្រោយ​។ ដូច្នេះ ត្រូវ​អប់រំ​រៀនសូត្រ ជាប់​។ អប់រំ​ហើយ ត្រូវ​ចាត់តាំង ព្រោះ​បើ​ធ្វើ​តែ​ការងារ នយោបាយ សតិអារម្មណ៍ មិន​ចាត់តាំង​នោះ មិនអាច​សកម្ម ប្រយុទ្ធ​ទៅបាន​ទេ​។​

១១) ស្រឡាញ់ ហើយ​ធ្វើ​ពលកម្ម​ជា​និ​ច្ចៈ​

​ន័យ​ពលកម្ម​នេះ គឺ​ការងារ​គ្រប់ផ្នែក ដែល​ទទួលបន្ទុក ចំពោះ​បក្ស​។ ត្រូវខិតខំ​បំពេញភារកិច្ច ដែលជា​ការងារ​ស្នូល​របស់ ខ្លួន ដោយ​ពេញចិត្ដ ពេញ​ថ្លើម និង​ហ្មត់ចត់​។ ត្រូវ​ចៀសវាង​យ៉ាង ណា​កុំឱ្យ ខុស គឺ​ឱ្យ​ចេះ​ចម្រើន​ទៅមុខ​ជានិច្ច​។​ស្រឡាញ់​ពលកម្ម ក្នុងន័យ​ទី​២​គឺ​ពលកម្ម​បង្កបង្កើនផល​។​ក្រៅពី​ការងារ​ស្នូល​ត្រូវ​ស្រឡាញ់​ពេញ ចិត្ដ​ពេញ​ថ្លើម​រួម​កម្លាំង​ក្នុង​កិច្ចការ​ពលកម្ម​បង្កបង្កើនផល​ឱ្យចេញ​ជា​បន្លែបង្ការ​ជា​ឈើ​ហូប​ផ្លែ​និង​ជា​ដំណាំ​ដាំ​ដុះ​សព្វ​មុខ​។​មួយថ្ងៃ​កើន​បន្ដិច​មួយថ្ងៃ​កើន​បន្ដិច​មន្ទីរ​ក្រសួង​មួយ​ភូមិដ្ឋាន​មួយៗ​ក្លាយទៅជា​សួន​ដំណាំ​។​ម្យ៉ាង​យើង​ចាត់ចែង​ធ្វើ​ម្យ៉ាងទៀត​ត្រូវ​ឆ្លៀតពេល​រួម​ធ្វើ​ជាមួយ​មហាជន​ដោយ​ស្រឡាញ់​ពេញចិត្ដ ពេញ​ថ្លើម​។​

១២)​ប្រយុទ្ធ​នឹង​ខ្មាំង​ប្រយុទ្ធ​នឹង​ឧបសគ្គ​ដោយ​អង់អាច​ហើយ​ហ៊ាន​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង​ជូន​ប្រជាជន​កម្មករ កសិករ ជូន​បក្ស ជូនប​ដិ​វត្ដ​ន៍ ដោយ​ឥត​លក្ខខណ្ឌ​ក្នុង​គ្រប់​កាលៈទេសៈ ៖

​នេះ​ជា​សីលធម៌​របស់​ជន​កុ​ម្មុនី​ស្ដ​របស់​ជន​ប​ដិ​វត្ដ​ន៍​ដែល​ចេញ​មកពី​ធាតុពិត​របស់​វណ្ណៈ​អធន​ដែល​ឈានមុខ​លះបង់​អ្វីៗ ទាំងអស់​។ ក្នុងការ​ប្រយុទ្ធ​នឹង​ខ្មាំង ក៏​ដូច​ប្រយុទ្ធ​នឹង​ឧបសគ្គ​នានា បច្ចុប្បន្ននេះ យើង​មាន លក្ខណៈ​ងាយស្រួល​ច្រើនជាង​មុន​ឆ្ងាយ ណាស់​។ មិន​ដូច​ពី​ជំនាន់​មុន​ទេ ដែល​ស្អី​ក៏​ខ្វះ ស្អី​ក៏​ខ្វះ ខ្វះ​សព្វ ខ្វះ​គ្រប់​។ បញ្ហា​វា​ចោទ​តែ​លើ​សីលធម៌​ប្រយុទ្ធ​ធ្វើ​។ បើ​យើង​មាន សីលធម៌ ប្រយុទ្ធស្រួចស្រាល់​ពុះពារ​គ្រប់​ឧបសគ្គ​បាន​ហើយ ហើយ មាន​ការចាត់​តាំងធ្វើ ឬ​ប្រយុទ្ធ​ជា​សមូហភាព​ទៀត នោះ​គ្មាន​ខ្មាំង សត្រូវ​ណា​មក​ធ្វើ​អីយើ​ង​បានទេ គ្មាន​ឧបសគ្គ​ណា​មក​រាំងស្ទះ ដំណើរ​លោត​ផ្លោះ របស់​យើង​បានទេ​។ ប៉ុន្ដែ​ផ្ទុយទៅវិញ ទោះបី មាន​លក្ខណៈ​សម្បត្ដិ​ល្អ​យ៉ាងណា មាន​មធ្យោបាយ​ច្រើន​យ៉ាងណា តែបើ​គ្មាន សីលធម៌​ប្រយុទ្ធ​ស្រួចស្រាវ មោះមុត​ពុះពារ​ឧបសគ្គ និង​ជម្នះ​ការលំបាក​សព្វបែបយ៉ាង​ទេ ក៏​ពុំ​អាចធ្វើ​អ្វី​កើត​ដែរ ឬ បើទោះជា​ធ្វើបាន ក៏​យឺតយ៉ាវ មិន​ខ្លាំងក្លា មិន​លោត​ផ្លោះ តាម សំណូមពរ​របស់​ចលនា​ប​ដិវត្ដ​ន៍​ឡើយ​។ –
​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​(​ដកស្រង់​ចេញពី​ឯកសារ ឌ​២១៤០៨)

What Next?

Recent Articles

5 Responses to "​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម : អំពី​សីលធម៌​១២​ប្រការ របស់​ជន​ប​ដិ​វត្ដ​ន៍​ខ្មែរក្រហម​"

  1. CT says:

    How about today Gov-officials in all ranks…………..did not some of them joined with this Organization since 1968…..why now don’t used this 12 disciplines of roles ( duties and obligates ) //////////>>>>>>>>>>>>><<<<<<<<<<<<<<<<???????????????????

    I mean and focus only for the kind or dangerous person in Khmer society now……………many of high ranks had had at least 2-3 wives and not count with others paid to love just for vacation or temporary tools..or ..SOME ONE WIFE ……..Many houses and lands fancy cars lots money in the bank also abroad bank………………….stayed to long on the same chair over 20 years…………………SOME FOR MAFIA ……………………AND ………………AND ……………..AND …….WHEN THEY GET ENOUGH WHILE REAL KHMER CITIZENS ARE IN TEARS AND LIVING UNDER POVERTY LINE……………………….

  2. ថ្មបីដុំភ្នំត្បែងមានជ័យ says:

    ពួកចោរបង្តើតច្បាប់ក្រម្ឲ្យស្មោះត្រង់និងខ្លួន​សំរាប់ការពារខ្ឡននិងខិតខំភូតភរបោកប្រាស់អ្នកជឿឲ្យជឿងប់លែងស្គាល់
    អ្វីខុសហើយអ្វីត្រូវ អ្នកមិនទាន់ជឿឲ្យជឿដូចរបប ស៊ិហនុ(ណុនលន់)ប៉ុលពតនិងហ៊ុនសែនជាដើម។

  3. chakrey says:

    មនុស្សសំដីផ្អែមរមែងពឹងពុល អ្នកបង្កើតច្បាប់តឹងរ៉ឹង រមែងរំលោភច្បាប់ ព្រោះគាត់គិតថាទោះបីជាតឹងយ៉ាងណា ក៏ច្បាប់នោះមិនបានប៉ះពាល់អ្វីដល់ពួកគាត់ដែរ។

  4. អ្នកជាតិនិយមស្លាប់គរជើងដោយសារទ្រឺស្តីប្រជាពិថុតរបស់អ្នកនយោបាយ មួយម៉ាត់ណាក៏បំរើ
    ប្រជាជនតូចតាច////////////// ទ្រឹស្តីឆ្នាំ១៩៦៨កំពុងតែមានឥទ្ធិពលសំរាប់អ្នកនយោបាយប្រើសព្វថ្ងៃ។